ប្អូនស្រី​បង្កើត​លោក ហ៊ុន សែន រង​ការ​រិះគន់​ដែល​យក​កូន​ក្រពើ​លែង​ក្នុង​កសិណ​អង្គរ

ដោយ ម៉ៅ សុធានី
2019-11-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
​ប្អូនស្រី​បង្កើត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ស៊ីណាត។
​ប្អូនស្រី​បង្កើត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ស៊ីណាត។
Photo courtesy

ក្រុម​មគ្គុទ្ទេសក៍​អង្គរ និង​ពលរដ្ឋ​រស់នៅ​ក្រុង​សៀមរាប ហួសចិត្ត​នៅ​គ្រា​ដែល​ប្អូនស្រី​បង្កើត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ស៊ីណាត ដែល​លែង​កូន​សត្វ​ក្រពើ ចូល​ក្នុង​ទឹក​កសិណ​អង្គរវត្ត កាលពីដើម​សប្ដាហ៍​នេះ​។ ពួកគេ​បារម្ភ​ថា ទង្វើ​នេះ​មិន​ផ្ដល់​ផល​ចម្រើន​ដល់​សង្គម​នោះ​ទេ ផ្ទុយទៅវិញ​នឹង​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​នៅ​ថ្ងៃ​អនាគត។

ក្រុម​មគ្គុទ្ទេសក៍​អង្គរ និង​ពលរដ្ឋ​សម្ដែង​ការ​មិន​សប្បាយ​ចិត្ត​ទេ ចំពោះ​ករណី​លែង​កូន​ក្រពើ ចូល​ក្នុង​កសិណ​អង្គរវត្ត ដែល​ជា​តំបន់​រមណីដ្ឋាន​ទេសចរ​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ​លើ​ពិភពលោក​នោះ​។ ប្រតិកម្ម​នេះ គឺ​បន្ទាប់ពី​អ្នកស្រី ហ៊ុន ស៊ីណាត បង្ហោះ​សារ​តាម​ហ្វេសប៊ុក បង្ហាញ​ពី​សកម្មភាព​លែង​កូន​ក្រពើ​ចូល​ទឹក​កសិណ​ទឹក ខាងមុខ​ប្រាសាទ​អង្គរវត្ត។

ប្រធាន​សមាគម​មគ្គុទ្ទេសក៍​អង្គរ​ខេត្ត​សៀមរាប លោក ខៀវ ធី ថ្លែង​ថា ការ​លែង​កូន​ក្រពើ​ចូល​ក្នុង​ទឹក​កសិណ​អង្គរ​បែបនេះ ជា​រឿង​មិន​អាច​ទទួល​យក​បាន​នោះ​ទេ​។ លោក​ព្យាករ​ថា ៣​ឆ្នាំក្រោយ កូន​ក្រពើ​នឹង​ធំ​ឡើង នឹង​បង្ក​គ្រោះថ្នាក់​ដល់​ភ្ញៀវ​ទេសចរ និង​ពលរដ្ឋ​រស់នៅ​តំបន់​នោះ ដែល​តែង​ចុះ​មុជទឹក និង​លាង​ដៃជើង​មាត់ច្រាំង​កសិណ​អង្គរ៖ «មិន​អាច​ទទួល​យក​បាន​ទេ ប្អូន! ក្រពើ​វា​គ្រោះថ្នាក់ ពេល​អនាគត​ទៅ​។ ក្រពើ​វា​ធំ​ទៅ​អ្នកណា​ច្រឡំ​ចុះ​លាងដៃ ជើង ក្រពើ​អាច​ខាំ​គ្រោះថ្នាក់​។ មិន​គួរ​ណា យក​ក្រពើ​នៅ​តំបន់​កសិណ​អង្គរ​ទេ​ប្អូន។ បើ​អ្នក​ទេសចរ​មក​តែ​ខ្លួនឯង ចុះ​លាង​ដៃជើង ក្រពើ​អាច​ខាំ គ្រោះថ្នាក់»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង អភិបាលខេត្ត​សៀមរាប លោក ទៀ សីហា និង​អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​ទី​៨ វិច្ឆិកា។

តែ​ទោះ​យ៉ាងណា អភិបាលខេត្ត​សៀមរាប លោក ទៀ សីហា បាន​ថ្លែង​​ថា អាជ្ញាធរ​ខេត្ត​ជំរុញ​អាជ្ញាធរ​ពាក់ព័ន្ធ ឱ្យ​សហការ​ជាមួយ អាជ្ញាធរ​អប្សរា រក​មធ្យោបាយ​ស្វែងរក ចាប់​កូន​ក្រពើ​នោះ​មក​វិញ។ លោក​ថា កូន​ក្រពើ​នោះ ប្រវែង​បណ្ដោយ​ប្រហែល ៤០​សង់ទីម៉ែត្រ និង​មិន​ទាន់​ចល័ត​ចេញពី​កសិណ​អង្គរ​នៅឡើយ​ទេ ហើយ​វា​អាច​នឹង​រក​ចំណី​នៅ​ពេល​យប់​តាម​មាត់ច្រាំង​កសិណ​អង្គរ​។ លោក​បញ្ជាក់​ថា មន្ត្រី​ជំនាញ​នឹង​រក​មធ្យោបាយ​ចាប់​វា​មកវិញ ដោយ​ការ​ដាក់​សន្ទូច អូស​មង និង​ឆ្លុះ​នៅ​ពេល​យប់​ជាដើម។

ពលរដ្ឋ​រស់នៅ​ក្រុង​សៀមរាប លោក វិន ភារម្យ គិតថា ផ្ទៃ​ទឹក​កសិណ​អង្គរ​ធំធេង មន្ត្រី​ជំនាញ​មិន​ងាយ​ចាប់​កូន​ក្រពើ​នោះ​បាន​មកវិញ​ទេ​។ លោក​បារម្ភ​ថា បើ​អាជ្ញាធរ​រក​កូន​ក្រពើ​នេះ​មិន​ឃើញ រយៈពេល ៣​ឆ្នាំក្រោយ វា​នឹង​ធំ​ឡើង នឹង​បង្ក​គ្រោះ​ដល់​អាយុជីវិត​ក្មេងៗ ដែល​តែង​ចុះ​មុជទឹក ក្នុង​កសិណ​អង្គរ​។ លោក​ថា មាន​ប្រជាជន​ជាច្រើន​ប្រតិកម្ម​រឿង​នេះ និង​ស្នើសុំ​អាជ្ញាធរ​ឱ្យ​អប្សរា​រក​វិធានការ​ចាប់​កូន​ក្រពើ​នោះ​មក​វិញ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​នៅ​ថ្ងៃ​អនាគត​៖ «ក្រពើ​ប្រលែង ២ ទៅ​៣ ឆ្នាំ វា​ធំ វា​ធំ​វា​អាច​ប៉ះពាល់​ដល់​កូនក្មេង វា​អត់​ដឹង​ចុះ​មុជទឹក​។ ប្រជាជន​គេ​ប្រតិកម្ម​គ្រប់គ្នា គេ​ធ្លាប់តែ​ប្រលែង​ត្រី ហើយ​ណាមួយ​ទៀត ក្មេងៗ​តែ​មុជ​ទឹក​នៅ​កសិណ​អង្គរ»

ពលរដ្ឋ និង​ក្រុម​មគ្គុទ្ទេសក៍​អង្គរ ស្នើ​ឱ្យ​អាជ្ញាធរ​អប្សរា គួរតែ​ដាក់​ស្លាក​សញ្ញា ហាមឃាត់​មិន​ឱ្យ​មាន​ករណី​នេះ ក្រោយៗ​ទៀត​។ រហូតមកដល់​នៅ​ល្ងាច​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា នេះ អាជ្ញាធរ​ពាក់ព័ន្ធ នៅ​មិនទាន់​ចាប់​កូន​ក្រពើ​នេះ​បាន​មកវិញ​នៅឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល