សហគមន៍​ខេត្ត​ក្រចេះ​ស្នើ​អាជ្ញាធរ​លុប​បំបាត់​សកម្មភាព​ឆក់​ត្រី​ខុសច្បាប់​ធ្វើ​​ឱ្យ​ផ្សោត​ងាប់

ដោយ វ៉ែន សុមេធ
2020-08-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ភូមិ​នេសាទ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​រកាកណ្ដាល ក្រុង​ក្រចេះ ខេត្ត​ក្រចេះ។ រូបថត​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៥
ភូមិ​នេសាទ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​រកាកណ្ដាល ក្រុង​ក្រចេះ ខេត្ត​ក្រចេះ។ រូបថត​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៥
Photo: RFA

ប្រជា​សហគមន៍​អភិរក្ស​ផ្សោត​ព្រែក​កាំពី ខេត្ត​ក្រចេះ ស្ដាយ​ស្រណោះ​ចំពោះ​ការបាត់បង់​ត្រី​ផ្សោត ដែល​ជា​ប្រភព​ចំណូល​សេដ្ឋកិច្ច​សហគមន៍ ជា​បន្តបន្ទាប់ ដោយសារ​បទល្មើស​នេសាទ និង​ពង្រាយ​មង នៅ​តំបន់​សំខាន់ៗ ដែល​ផ្សោត​ឆ្លងកាត់​។ សហគមន៍​ព្រែក​កាំ​ពី អំពាវនាវ​ជា​ថ្មី​ទៀត ឱ្យ​អាជ្ញាធរ​ខេត្ត​ក្រចេះ ពង្រឹង​ការអនុវត្ត​ច្បាប់​នេសាទ ដើម្បី​សង្គ្រោះ​ត្រី​ផ្សោត និង​ត្រី​មេ​ពូជ​ក្នុង​តំបន់។

ប្រជា​សហគមន៍​អភិរក្ស​ផ្សោត​ព្រែក​កាំ​ពី នៅ​ឃុំ​សំបុក ស្រុក​ចិត្រ​បូរី ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២៣ សីហា ថា ការ​ប្រើ​ឧបករណ៍​ឆក់ និង ការ​ពង្រាយ​មង ចាប់​ត្រី​ក្នុង​អន្លង់​ផ្សោត នៅតែ​កើតមាន​ច្រើន​គួរ​ឲ្យ​ព្រួយ​បារម្ភ ដែល​បង្ក​គ្រោះថ្នាក់​ដល់​ការ​ចិញ្ចឹម​ជីវិត​របស់​ត្រី និង​សត្វ​ផ្សោត នៅ​រដូវ​បិទ​នេសាទ​នេះ។

សហគមន៍​អភិរក្ស​ផ្សោត​ព្រែក​កាំពី ថ្លែង​សុំ​លាក់​ឈ្មោះ អះអាង​ថា ក្រុម​ជនល្មើស​ជាច្រើន​ក្រុម នៅតែ​លួច​ឆក់​ត្រី និង​ពង្រាយ​មង​នៅ​អន្លង់​អភិរក្ស​ផ្សោត​ព្រែក​កាំ​ពី និង​តំបន់​ប្រជុំ​កោះ តាម​បណ្ដោយ​ទន្លេ​មេគង្គ រាំង​ខ្ទប់​ដំណើរ​សត្វ​ផ្សោត និង​ត្រី​មេ​ពូជ​ឡើង​ចុះ​។ លោក​ថា រយៈពេល ៦ ខែ​ដើម​ឆ្នាំ ២០២០ មាន​ផ្សោត ៣​ក្បាល​ហើយ បាន​ងាប់ ដោយសារ​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ដូចជា ឆក់​ក្ដៅ ឬ​ត្រជាក់ និង​ពង្រាយ​មង​នៅ​តំបន់​សំខាន់ៗ​ដែល​ផ្សោត​ឆ្លងកាត់ ។ លោក​បន្ថែម​ថា ត្រី​ដែល​គេ​តាំង​លក់ នៅ​លើ​ទីផ្សារ​ខេត្ត​ក្រចេះ ភាគច្រើន បាន​មក​ពី​ការ​នេសាទ​ខុសច្បាប់​នៅ​អន្លង់​អភិរក្ស​៖ «សោកស្ដាយ​ពេក​ហើយ ពួក​ឆក់​នៅ​កាន់តែ​ខ្លាំង​អត់​ចេះ​បាត់​ទេ ទឹក​ឡើង​ដូច្នោះ​វា​ស្រួល​ឆក់​។ វា​ឆក់​យក​លុយ អ៊ីចឹង​បាន​ថា អត់​ចេះ​អស់​ទេ នៅ​ប្រចាំថ្ងៃ​ហ្នឹង ខ្លាំង​ហ្នឹង​ពួក​ឆក់​ហ្នឹង ដល់​ឆក់​អ៊ីចឹង​ហិនហោច​ខ្ទេចខ្ទី អស់ ស្អី​ក៏​អស់»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង ប្រធាន​ឆ្មាំ​ទន្លេ និង​ជា​អនុប្រធាន​រដ្ឋបាល​ជល​ផល​ខែត្រ​ក្រចេះ លោក ម៉ុក ពន្លក ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង គ្មាន​អ្នកទទួល នៅ​ថ្ងៃ​ទី ២៣ សីហា។

មេឃុំ​សំបុក លោក ទុយ សុវណ្ណា ទទួលស្គាល់​ថា មានការ​លួច​ឆក់​ត្រី និង​ពង្រាយ​មង​ក្នុង​អន្លង់​ផ្សោត ក៏ប៉ុន្តែ​ករណី​នេះ​កើតមាន​តិចតួច​ប៉ុណ្ណោះ​។ លោក​ថា ថ្មីៗ​នេះ សមត្ថកិច្ច​បាន​ឃាត់​ចាប់ ឧបករណ៍​នេសាទ​ខុសច្បាប់​រួច​ដុត​បំផ្លាញ​ចោល​មួយ​ចំនួន​។ ចំណែក​ជនសង្ស័យ​ជិត ២០​នាក់ ដែល​អាជ្ញាធរ​បញ្ជូន​ឈ្មោះ​ទៅ​តុលាការ ក្នុង​នោះ​មួយ​ចំនួន​ធំ បាន​បោះបង់​មុខរបរ​នេសាទ​ខុសច្បាប់​ចោល​។ រីឯ អាជ្ញាធរ​ឃុំ​បាន​បញ្ជូន​ប្រជា​ការពារ​ភូមិ​ជិត ១០​នាក់ ដាក់​វេន​គ្នា​ចុះ​ល្បាត​ជាប្រចាំ ដើម្បី​ទប់ស្កាត់​បទល្មើស​នេសាទ​៖ «អ្នក​ដែល​ប្រព្រឹត្ត​វា​នៅតែ​ប្រព្រឹត្ត​អ៊ីចឹង តែ​វា​អត់​មាន​ទ្រង់ទ្រាយ​ធំ​ដូច​មុន កាល​មុន​ចំហ​ហ្មង ទាំង​ថ្ងៃ​ទាំង​យប់ តែ​ឥលូវ​វា​មាន​ដែរ តែ​មាន​របៀប​លួចលាក់ មែនទែន​។ បើ​វា​ទ្រង់ទ្រាយ​ធំ ៣​ទៅ ៤​ទូក ចុះ​ទាំង​ហ្វូងៗ អត់​មាន​ទេ ឥលូវ​អត់​មាន​ទេ»

មក​ទល់​ពេល​នេះ ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ មាន​សត្វ​ផ្សោត​រស់នៅ ចន្លោះ​ពី ៥៥ ទៅ ៦០​ក្បាល​។ សត្វ​ផ្សោត​ទាំងអស់​នោះ កំពុងតែ​រស់នៅ​ក្នុង​អន្លង់​អភិរក្ស ៥​ទីតាំង​ផ្សេងគ្នា រួមមាន អន្លង់​ខ្សាច់​ម្កាក់ អន្លង់​កោះ​ដំបង អន្លង់​កោះ​ផ្ដៅ អន្លង់​កន្ទុយ​កោះ​រងាវ និង​អន្លង់​ផ្សោត​កាំ​ពី​ក្នុង​អាង​ទន្លេ​មេគង្គ​។ សហគមន៍​ថា សត្វ​ផ្សោត​ថយ​ចុះ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដោយសារ​បទល្មើស​នេសាទ និង​អំពើពុករលួយ។

នាយក​ប្រតិបត្តិ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក លាង ប៊ុនលាភ យល់​ថា អាជ្ញាធរ​គួរតែ​លុប​បំបាត់​អំពើពុករលួយ ព្រោះ​អំពើពុករលួយ បាន​អនុញ្ញាត​ឱ្យ​ជនល្មើស ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់ ក្នុង​តំបន់​ផ្សោត​រស់នៅ និង​នៅ​កន្លែង​សត្វ​ផ្សោត​ស្វែងរក​ចំណី ធ្វើ​ឲ្យ​ប៉ះពាល់​ជីវិត​ផ្សោត​។ លោក​កត់​សម្គាល់​ថា អន្លង់​ត្រី​មេ​ពូជ​ជាច្រើន​កន្លែង បាន​វិនាស​អន្តរាយ​ដោយសារ​ឧបករណ៍​ឆក់ និង​ការ​នេសាទ​ខុសច្បាប់៖ «សំណូមពរ​ឱ្យ​មន្ត្រី​ជំនាញ អាជ្ញាធរ​ដែនដី​ហ្នឹង រួមគ្នា​ពង្រឹង​តាមដាន ឱ្យ​បាន​ច្បាស់លាស់ នូវ​អំពើពុករលួយ ដើម្បី​អនុវត្ត​តាម​មុតមាំ ទៅលើ​ច្បាប់​ស្ដីពី​ជលផល»

អង្ក​ការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ ( WWF ) បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ដោយ​បាន​ចាត់​ទុក ការ​បណ្ដែត​មង ក្នុង​តំបន់​ផ្សោត​រស់នៅ និង​ឆ្លងកាត់ គឺជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ ដល់​ជីវិត​សត្វ​ផ្សោត​ក្នុង​អាង​ទន្លេ​មេគង្គ​។ អង្គការ​នេះ ស្នើ​ឱ្យ​ឆ្មាំ​ទន្លេ អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង សហការ​គ្នា​តាមដាន និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទ ជាពិសេស ត្រូវ​បង្ក្រាប​ការ​ពង្រាយ​មង ក្នុង​តំបន់​ការពារ​សត្វ​ផ្សោត​ក្នុង​អាង​ទន្លេ​មេគង្គ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល