ពលរដ្ឋ​ខេត្ត​បាត់ដំបង​ចោទ​អាជ្ញាធរ​ថា​មិន​ទប់ស្កាត់​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប

ដោយ ហ៊ុំ ចំរើន
2015-10-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មង​ក្រឡា​ញឹក​នៅ​ក្នុង​ដែន​អភិរក្ស​តំបន់​បឹង​ទន្លេសាប នៃ​ឃុំ​កោះជីវាំង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៥
មង​ក្រឡា​ញឹក​នៅ​ក្នុង​ដែន​អភិរក្ស​តំបន់​បឹង​ទន្លេសាប នៃ​ឃុំ​កោះជីវាំង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៥
Photo Provided

ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​ទន្លេសាប ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង ចោទ​ប្រកាន់​មន្ត្រី​រដ្ឋបាល​ជលផល និង​អាជ្ញាធរ​មូលដ្ឋាន ថា​មិន​អើពើ​ទប់ស្កាត់​ការ​នេសាទ​ត្រី​ខុស​ច្បាប់​នោះ​ទេ ហើយ​បណ្ដោយ​អ្នក​មាន​លុយ​មាន​កាក់ ធ្វើ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​មង​ក្រឡា​ញឹក​ទ្រង់ទ្រាយ​ធំ ចាប់​ត្រី​ទាំង​តូច​ធំ​ដោយ​សេរី។

ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​ទន្លេសាប ស្រុក​មោងឫស្សី អំពាវនាវ​ឲ្យ​ប្រធាន​រដ្ឋបាល​ជលផល​ខេត្ត​បាត់ដំបង និង​មន្ត្រី​ពាក់ព័ន្ធ មាន​វិធានការ​ទប់ស្កាត់​ការ​ធ្វើ​នេសាទ​ត្រី​ខុស​ច្បាប់​នៅ​បឹង​ទន្លេសាប​ជា​បន្ទាន់ ដើម្បី​ការពារ​សម្បត្តិ​ធនធាន​មច្ឆជាតិ​ឲ្យ​បាន​គង់វង្ស និង​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​តំបន់​បឹង​ទន្លេសាប នៃ​ឃុំ​ជ្រៃ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង ថ្លែង​នៅ​ថ្ងៃ​ទី​២៩ តុលា ថា ការ​ធ្វើ​នេសាទ​ទ្រង់ទ្រាយ​ធំ​ពី​សំណាក់​អ្នក​មាន​លុយ​មាន​កាក់ ដោយ​ប្រើ​ឧបករណ៍​មង​ក្រឡា​ញឹក ដែល​មាន​ប្រវែង​ពី ១.៥០០​ម៉ែត្រ​ទៅ ៣​ពាន់​ម៉ែត្រ នៅ​ចំណុច​ភូមិ​ដូនទ្រី បាក់ស្ន និង​ភូមិ​ពាមព្នង នៃ​ឃុំ​ជ្រៃ ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ​ប្រមាណ ៣​ខែ​មក​ហើយ ពុំ​មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​នៅ​ឡើយ​ទេ។

អ្នក​ភូមិ​អះអាង​ថា សមត្ថកិច្ច​ធ្វើ​ការ​បង្ក្រាប​ចំពោះ​តែ​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ទេ ហើយ​បើក​ដៃ​ឲ្យ​អ្នក​ធ្វើ​នេសាទ​ទ្រង់ទ្រាយ​ធំ​ដោយ​សេរី៖ «ខ្ញុំ​បាទ​សំណូមពរ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​វិធានការ​ទប់ស្កាត់​ការ​ធ្វើ​នេសាទ​ត្រី​នៅ​តំបន់​បឹង​ទន្លេសាប​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ផង ព្រោះ​សមត្ថកិច្ច​ដែល​ប្រចាំ​រាល់​ថ្ងៃ​នេះ ប្រព្រឹត្ត​អំពើ​ពុក​រលួយ ហើយ​ពុំ​បាន​បង្ក្រាប​បទល្មើស​នេសាទ​នោះ​ទេ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ នាយ​សង្កាត់​រដ្ឋបាល​ជលផល​ប្រចាំ​នៅ​ចំណុច​ពាមព្នង ស្រុក​មោងឫស្សី គឺ​លោក នឹម សោម មាន​ប្រសាសន៍​ថា ការ​ធ្វើ​នេសាទ​ខុស​ច្បាប់​បន្តិចបន្តួច​កើត​មាន​ខ្លះ​មែន ប៉ុន្តែ​ពុំ​មាន​ការ​ធ្វើ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​ទ្រង់ទ្រាយ​ធំ កើត​ឡើង​នៅ​ឃុំ​ជ្រៃ នោះ​ទេ។ លោក​បដិសេធ​ថា មន្ត្រី​ជលផល និង​សមត្ថកិច្ច​មូលដ្ឋាន ពុំ​បាន​យក​លុយ​យក​កាក់​ពី​ប្រជាពលរដ្ឋ ដើម្បី​ជា​ថ្នូរ​ឲ្យ​ពួក​គាត់​ធ្វើ​នេសាទ​ដោយ​ខុស​ច្បាប់​ឡើយ៖ «អត់​មាន​ទេ​បង! ប្រជាពលរដ្ឋ​គាត់​និយាយ​មួលបង្កាច់​ទេ ព្រោះ​សព្វថ្ងៃ​នេះ កម្លាំង​សមត្ថកិច្ច​ចុះ​ធ្វើ​ការ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ឃុំ​ជ្រៃ ដូច​ភ្លៀង​រលឹម»

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា ការ​ធ្វើ​នេសាទ​ត្រី​ទ្រង់ទ្រាយ​ធំ​ខុស​ច្បាប់​នៅ​តំបន់​បឹង​ទន្លេសាប ខេត្ត​បាត់ដំបង តែង​កើត​មាន​ជា​ញឹកញាប់ ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ពុំ​ទាន់​ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព តាម​ការ​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​នៅ​ឡើយ។ លោក​ពន្យល់​ថា មូលហេតុ​ដែល​សមត្ថកិច្ច​ទប់ស្កាត់​ការ​ធ្វើ​នេសាទ​ពុំ​ទទួល​បាន​លទ្ធផល ដោយសារ​ខ្វះ​ការ​សហការ​គ្នា​ល្អ​រវាង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ៖ «កន្លង​មក​យើង​តែង​តែ​ឮ​សមត្ថកិច្ច​និយាយ​ថា ធ្វើ​ការ​បង្ក្រាប​បទល្មើស​នេសាទ​ដូច​ភ្លៀង​រលឹម ហើយ​សហគមន៍​តែង​លើក​ឡើង​ថា គ្មាន​ការ​បង្ក្រាប។ បញ្ហា​នេះ​ហើយ​ដែល​បញ្ជាក់​ឲ្យ​ឃើញ​ថា សមត្ថកិច្ច​មាន​ការ​ខ្វែង​គំនិត​គ្នា​ជាមួយ​ប្រជាពលរដ្ឋ»

ប្រជាពលរដ្ឋ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​អំពី​ការ​ធ្វើ​នេសាទ​ដោយ​ខុស​ច្បាប់​នេះ។ បញ្ហា​នេះ ប្រសិន​បើ​សមត្ថកិច្ច​ពាក់ព័ន្ធ​ពុំ​មាន​វិធានការ​ទប់ស្កាត់​ទាន់​ពេល​ទេ​នោះ ធនធាន​មច្ឆជាតិ​នៅ​តំបន់​បឹង​ទន្លេសាប នឹង​ហិនហោច​អស់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល