អាជ្ញាធរ​ខេត្ត​កំពង់ចាម​ព្រមាន​​ចាត់​វិធានការ​ចំពោះ​ក្រុម​ជញ្ជីង​ចល័ត

ដោយ សូត សុខប្រាថ្នា
2015-03-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គំនរ​ស្រូវ​ជិត​រថយន្ត​បន្ទាប់​ពី​ដាក់​ចុះ​ដើម្បី​ពិនិត្យ នា​អធិការ​ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៣។
គំនរ​ស្រូវ​ជិត​រថយន្ត​បន្ទាប់​ពី​ដាក់​ចុះ​ដើម្បី​ពិនិត្យ នា​អធិការ​ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៣។
RFA/Saut Sokprathna

អាជ្ញាធរ​ខេត្ត​កំពង់ចាម បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​មូលដ្ឋាន សហការ​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​រាយការណ៍​ពី​សកម្មភាព​ក្រុម​ជញ្ជីង​ចល័ត​ទាំង​ឡាយ​ណា ដែល​ធ្វើ​សកម្មភាព​ដោយ​ខុស​ច្បាប់ និង​ហាម​ប្រាម​មិន​ឲ្យ​សមត្ថកិច្ច​ចូលរួម​សកម្មភាព​ជាមួយ​ក្រុម​ជញ្ជីង​ចល័ត​ទេ។

អាជ្ញាធរ​ព្រមាន​ថា នឹង​ចាត់​វិធានការ​ចំពោះ​ក្រុម​ជញ្ជីង​ចល័ត​ទៅ​តាម​ផ្លូវ​ច្បាប់ ប្រសិន​បើ​សកម្មភាព​ទាំង​នោះ​នៅ​តែ​កើត​មាន​ទៀត។

ក្រោយ​ពេល​មាន​ការ​បាញ់​បោះ និង​ធ្វើ​ទារុណកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ពី​សំណាក់​ក្រុម​ជញ្ជីង​ចល័ត លើ​ពលរដ្ឋ​ម្ចាស់​រថយន្ត​ដឹក​ស្រូវ​កាល​ពី​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​ខេត្ត​កំពង់ចាម ក៏​ចាប់​ផ្ដើម​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​បញ្ហា​កើត​ឡើង​ដោយសារ​តែ​ក្រុម​ជញ្ជីង​ចល័ត គ្មាន​ការ​អនុញ្ញាត។

ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម លោក ប៉ែន រ័ត្ន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៧ មីនា ថា កន្លង​មក​នៅ​ខេត្ត​កំពង់ចាម តែង​លេច​ឮ​ព័ត៌មាន​ពី​ពលរដ្ឋ ថា​មាន​ក្រុម​ជញ្ជីង​ចល័ត​ដាក់​យក​ប្រាក់​ពី​អាជីវករ​ជា​ម្ចាស់​រថយន្ត​ដោយ​ខុស​ច្បាប់។ ទន្ទឹម​មាន​ការ​លេច​ឮ លោក​ថា អភិបាល​ខេត្ត​ក៏​បាន​បញ្ជា​ឲ្យ​គ្រប់​អង្គភាព​មាន​សមត្ថកិច្ច គប្បី​ចូលរួម​ទប់ស្កាត់​លើ​បញ្ហា​នេះ។ លោក​មាន​ប្រសាសន៍​ទៀត​ថា នៅ​ខេត្ត​កំពង់ចាម មាន​ស្ថានីយ​ជញ្ជីង​ស្រប​ច្បាប់​តែ​មួយ​កន្លែង​ប៉ុណ្ណោះ ដែល​ពុំ​មែន​ជា​ជញ្ជីង​ចល័ត គឺ​នៅ​ថ្នល់​កែង​ឋិត​នៅ​ក្នុង​ស្រុក​បាធាយ។ ចំណែក​ជញ្ជីង​ថ្លឹង​រថយន្ត​ណា​មួយ​ខុស​ពី​នេះ គឺ​ជា​ជញ្ជីង​ខុស​ច្បាប់៖ «ឥឡូវ​នេះ​ឯកឧត្តម​អភិបាល​ខេត្ត​គាត់​បាន​ដាក់​បញ្ជា​មក​យើង​ខ្ញុំ​ហើយ បន្ទាប់​ពី​យើង​ខ្ញុំ​បាន​រាយការណ៍​ពី​បាតុភាព​ពី​បងប្អូន​ប្រជាពលរដ្ឋ​ហ្នឹង»

លោក​បន្ថែម​ថា យុទ្ធនាការ​បង្ក្រាប​ជញ្ជីង​ចល័ត គឺ​ដើម្បី​ឆ្លើយ​តប​ការ​ត្អូញត្អែរ​របស់​ពលរដ្ឋ ហើយ​អាច​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុង​ខេត្ត និង​ជៀសវាង​ផ្ដល់​ឱកាស​សម្រាប់​ជន​ខិលខូច​បង្ក​បញ្ហា។ ជាង​នេះ​ទៀត លោក​ថា ប្រសិន​បើ​មាន​ក្រុម​ជញ្ជីង​ចល័ត​នៅ​តំបន់​ណា​មួយ គប្បី​ពលរដ្ឋ​រាយការណ៍​ប្រាប់​សមត្ថកិច្ច ឬ​អាជ្ញាធរ ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់៖ «អ៊ីចឹង​ទៅ​យើង​ក៏​មាន​វិធានការ​ឲ្យ​បង​ប្អូន​ដើរ​រវាំង​មើល ក៏ដូចជា​ឲ្យ​ប្រជាពលរដ្ឋ​គាត់​ជួយ​ផ្តល់​ព័ត៌មាន​ប្រសិន​បើ​មាន»

លោក​បន្ថែម​ថា មន្ត្រី​មាន​សមត្ថកិច្ច​នឹង​ផ្សព្វផ្សាយ​បញ្ហា​នេះ​ដល់​ពលរដ្ឋ​តាម​មូលដ្ឋាន និង​ទៅ​ដល់​ម្ចាស់​រថយន្ត​ទាំងអស់​ឲ្យ​បាន​ដឹង​គ្រប់​គ្នា ដើម្បី​ងាយ​ស្រួល​ធ្វើ​ការ។

ក្រៅ​ពី​បញ្ហា​ជញ្ជីង​ចល័ត ក៏​មាន​បញ្ហា​ផ្សេងៗ​ទៀត​ដែល​នាំ​ឲ្យ​ពលរដ្ឋ​ជា​អាជីវករ ឬ​ម្ចាស់​រថយន្ត​ធុញ​ទ្រាន់ ដូចជា​ករណី​កុងត្រូល​ជជុះ ដែល​កើត​មាន​នៅ​ស្រុក​កំពង់សៀម ស្រុក​ចម្ការលើ និង​បញ្ហា​បេន​ចល័ត​កើត​មាន​ក្នុង​ក្រុង​កំពង់ចាម ស្រុក​កងមាស និង​ស្រុក​ផ្សេងៗ​មួយ​ចំនួន​ទៀត។

ការ​ប្រកាស​ចាត់​វិធានការ​ចំពោះ​ក្រុម​ជញ្ជីង​ចល័ត​របស់​អាជ្ញាធរ​ខេត្ត​កំពង់ចាម ពេល​នេះ បន្ទាប់​ពី​មាន​ករណី​បាញ់​ម្ចាស់​រថយន្ត​ដឹក​ស្រូវ​ជាច្រើន​គ្រាប់ និង​បាន​ធ្វើ​ទារុណកម្ម​ដល់​ម្ចាស់​រថយន្ត​នោះ​យ៉ាង​ដំណំ កាល​ពី​យប់​ថ្ងៃ​ទី​១៩ មីនា ពី​សំណាក់​ក្រុម​កង​រាជ​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​ព្រៃវែង ដែល​បោះ​ទីតាំង​ដាក់​ជញ្ជីង​ចល័ត។ ក្រោយ​ពេល​កើត​ហេតុ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា ក៏​បាន​បង្កើត​គណៈកម្មការ​មួយ ចុះ​ស៊ើប​អង្កេត​លើ​បញ្ហា​នេះ រហូត​ឈាន​ទៅ​ឃាត់​ខ្លួន​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រៃវែង ចំនួន ៤​នាក់។ តែ​យ៉ាង​ណា លោក សៅ សុខា បាន​អះអាង​ប្រាប់​សារព័ត៌មាន​នៅ​ក្នុង​ស្រុក​ថា មិន​មែន​មាន​តែ​មន្ត្រី​កង​រាជ​អាវុធហត្ថ​នៅ​ខេត្ត​ព្រៃវែង ៤​នាក់​ប៉ុណ្ណោះ​ទេ​ដែល​ជាប់​ពាក់ព័ន្ធ​រឿង​នេះ ក៏ប៉ុន្តែ​មាន​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ទាំង​អ្នក​បញ្ជា និង​អ្នក​អនុវត្ត​ផ្ទាល់ ពិសេស គឺ​កម្លាំង​កង​រាជ​អាវុធហត្ថ​នៅ​ខេត្ត​ត្បូងឃ្មុំ ជាដើម។

ទាក់ទង​ការ​ចាត់​វិធានការ​ចំពោះ​ក្រុម​ជញ្ជីង​ចល័ត​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ខេត្ត​កំពង់ចាម លោក ប៊ូ វីរៈ មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​បទបញ្ជា​របស់​អាជ្ញាធរ​មាន​ប្រសិទ្ធភាព គប្បី​មាន​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ និង​ឲ្យ​បាន​ញឹកញាប់​ដល់​មន្ត្រី​ខ្លួន ដោយ​មិន​សម្រាប់​តែ​ធ្វើ​នៅ​ពេល​ដែល​មាន​បញ្ហា​កើត​ឡើង​នោះ​ទេ៖ «បញ្ហា​កើត​ឡើង​បាន​គាត់​ប្រកាស។ អ៊ីចឹង​យល់​ល្អ ៦​ខែ ឬ​មួយ​ឆ្នាំ យើង​ប្រកាស​ម្តង​ទៅ​ថា​រាល់​កុងត្រូល​ជជុះ ឬ​កន្លែង​ថ្លឹង​ឡាន អាច​ធ្វើ​ទៅ​បាន​ទាល់​តែ​មាន​សមត្ថកិច្ច​ចម្រុះ ឬ​លិខិត​បញ្ជាក់​អី​ច្បាស់លាស់»

លោក​បន្ថែម​ថា រីឯ​បញ្ហា​កុងត្រូល​ជជុះ​វិញ គឺ​មិន​គួរ​ឲ្យ​មាន​ទៀត​នោះ​ឡើយ ពីព្រោះ​ប្រមុខ​រាជ​រដ្ឋាភិបាល​ក៏​ធ្លាប់​បាន​ប្រកាស​មិន​ឲ្យ​មាន​សកម្មភាព​ទាំង​នោះ​ដែរ។ លោក​បញ្ជាក់​ថា កន្លង​មក​បញ្ហា​ជញ្ជីង​ចល័ត​ក្តី កុងត្រូល​ជជុះ​ក្តី គឺ​សុទ្ធតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ និង​ធ្វើ​ឲ្យ​ពួក​គាត់​អស់​ជំនឿ​លើ​អាជ្ញាធរ នៅ​ពេល​ពួក​គេ​មិន​អាច​ចាត់​វិធានការ​លើ​បញ្ហា​ទាំង​នេះ​បាន និង​ម្យ៉ាង​ទៀត គឺ​ធ្វើ​ឲ្យ​បទបញ្ជា ឬ​ប្រសាសន៍​របស់​អ្នក​ដឹក​នាំ​គ្មាន​ប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

មាលា

នេះជាជ្រុង១នៃអំពើពុករលួយ វាធ្វើបែបនេះក៏ដើម្បីបាន​លុយបង់​​ទឹកតែ​កាក​តែ​ ដែលជាលុយក្រៅផ្លូវការ។ អ្នកបើកបរដឹក​ឥវ៉ាន់​និយាយថាខ្លួនរង់ចាំយប់ទើបឆ្លងកាត់ នោះលុយទឹកតែចុះថោកខ្លះ
ប៉ុន្តែវាជាគ្រោះថ្នាក់ ដោយសារងងឹតពេក អត់ងងុយ​នៅពេលដឹកទំនិញនៅពេលយប់ទៅកាន់ព្រំដែនម្តង។ តើកសិផល
របស់កសិករទៅជាយ៉ាងណា? ដឹកជព្ជាូនថ្លៃ បង់សេវាកម្ម និង​ទឹក
តែទៀតកើនឡើង។ ដូច្នេះត្រូវតែមានការកែទម្រង់ មិនមែនព្រមាន
នោះទេ បើមិនដូច្នោះទេនៅពេលសេដ្ឋកិច្ចអ៌ាសានរួមគ្នា ជួបផល
វិបាកមិនខាន ហើយក៏ជាមុខមាត់របស់អ្នកដឹកនាំដែរ។

Mar 28, 2015 10:52 AM

Baay Kdaing

ពី Montreal

ព្រមាន?????តើមាននរណាគោរពច្បាប់បើគ្រាន់តែព្រមាន????

Mar 28, 2015 01:31 AM

គេហទំព័រ​ទាំងមូល