សហភាពសហជីពកម្ពុជា របស់លោក រ៉ុង ឈុន ដាក់លិខិតដែលមានស្នាមមេដៃកម្មករ-កម្ម ការិនីជាង ១ពាន់ ជូនប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន ដើម្បីស្នើសុំឱ្យលោកអនុវត្តតាមសំណើ របស់សហភាពអឺរ៉ុប ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ» ឬហៅកាត់ថា EBA ។ ការស្នើសុំនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពី ''យុទ្ធនាការដើម្បីរក្សា EBA'' នៅទីស្នាក់ការសមាគម ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមករា។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន សម្ដែងក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហាប្រឈមបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធEBA របស់សហភាពអឺរ៉ុប ស្របពេលឱសានវាទដក EBA នឹងចូលមកដល់នៅខែក្រោយនេះ។ លោក រ៉ុង ឈុន លើកឡើងថា បើរដ្ឋាភិបាលបណ្ដោយឱ្យបាត់បង់ EBAនោះ ប្រព័ន្ធអនុគ្រោះពន្ធGSP របស់អាមេរិក ក៏នឹងបាត់បង់ដែរ ហើយទណ្ឌកម្មផ្សេងៗទៀត ក៏នឹងធ្លាក់លើរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់។ លោកថាករណីនេះ នឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជានៅលើឆាក អន្តរជាតិ ព្រមទាំងធ្វើឱ្យកើតមានវិបត្តិសង្គម និងវិបត្តិសេដ្ឋកិច្ច ក្នុងនោះមានដូចជា ផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសកម្មករ-កម្មការិនី និងក្រុមគ្រួសាររបស់ពួកគេ។
ប្រធានសហភាពសហជីពកម្ពុជារូបនេះឱ្យដឹងទៀតថា ដោយសារតែការព្រួយបារម្ភនេះ លោកបានធ្វើយុទ្ធនាការប្រមូលស្នាមមេដៃពីកម្មករ-កម្មការិនីជាង ១ពាន់នាក់ (១.៣៧៩) តាំងពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីដាក់ជូន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។ ការដាក់លិខិតអមដោយស្នាមមេដៃនេះ ក្នុងបំណងស្នើសុំឱ្យលោក ហ៊ុន សែន បើកចំហប្រព័ន្ធនយោបាយនៅប្រទេសកម្ពុជាឱ្យមានលក្ខណៈទូលំទូលាយឡើងវិញ ដូចពីពេលមុនថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧ ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងធានាការគោរពសិទ្ធិសេរីភាព សម្រាប់ប្រជាពលរដ្ឋគ្រប់វិស័យ ជាពិសេសវិស័យការងារ និងសិទ្ធិសេរីភាពសហជីព៖ «ការទទួលយកនូវសំណើរបស់សហភាពអឺរ៉ុបមិនមែនជារឿងធ្ងន់ធ្ងរទេ គ្រាន់តែធ្វើឱ្យស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យល្អប្រសើរឡើងវិញ បើកសិទ្ធិសេរីភាពឱ្យអ្នកនយោបាយមានសិទ្ធិធ្វើនយោបាយ ដោះលែងលោក កឹម សុខា លើកលែងការចោទប្រកាន់ដល់លោក សម រង្ស៊ី ឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បើកដំណើរការ ផ្សព្វផ្សាយឡើងវិញ ធ្វើវិសោធនកម្មច្បាប់សហជីព ច្បាប់NGO ច្បាប់គណបក្សនយោបាយ និងច្បាប់បោះឆ្នោតឡើងវិញ គឺពេលនោះ ស្ថានភាព នឹងវិលត្រឡប់ទៅល្អប្រសើរ ហើយគេនឹងផ្ដល់EBA បន្តទៀត»។
ក្នុងលិខិតដាក់ជូនដាក់រដ្ឋាភិបាលនោះបង្ហាញថា កម្មករទាំងអស់ ចង់រក្សាការងារធ្វើសម្រាប់ជីវភាពរស់នៅ មិនចង់ឱ្យមានការបាត់បង់ណាមួយ ដោយសារតែរដ្ឋាភិបាលបដិសេធសំណើ ដ៏ត្រឹមត្រូវរបស់សហភាពអឺរ៉ុប ដែលស្របនឹងឆន្ទៈប្រជារាស្ត្រខ្មែរនោះទេ ។ កម្មករទាំងនោះបន្តថា បើពួកគេបាត់បង់ការងារធ្វើដោយសារតែការដកហូត EBA គឺពួកកាត់នឹងចាត់ទុកថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាថា ជាអ្នកទទួលខុសត្រូវចំពោះការនាំទុក្ខលំបាកដល់ពួកគេជាកម្មករ និងក្រុមគ្រួសាររបស់ពួកគាត់។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នោះទេ ដោយទូរស័ព្ទចូល តែពុំមានអ្នកទទួល។ ប៉ុន្តែលោក សុខ ឥសាន ធ្លាប់ចោទអ្នកដែលព្រួយបារម្ភពីរឿងបាត់បង់EBA ថា កំពុងបំភិតបំភ័យពលរដ្ឋ និងចង់បំផ្លាញសន្តិភាពនៅកម្ពុជា។
ទោះយ៉ាងណាក្តី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែប្រកាសជាញឹកញយថា លោកមិនខ្វល់ ចំពោះការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធEBA នោះទេ។ លោក ហ៊ុន សែន បញ្ជាក់ថា ចំពោះសំណើរបស់សហភាពអឺរ៉ុប គឺរដ្ឋាភិបាលលោកធ្វើបានតែចំណុចណា ដែលធ្វើបានប៉ុណ្ណោះ ហើយលោកថែមទាំងព្រមានទៅសហភាព អឺរ៉ុបវិញថា ប្រសិនបើហ៊ានដកប្រព័ន្ធអនុគ្រោះពន្ធ ពីកម្ពុជាមែននោះ គឺមិនមែនប៉ះពាល់តែកម្ពុជាទេ សហភាពអឺរ៉ុប ក៏មានផលប៉ះពាល់ដែរ។
កម្មករ-កម្មការិនីមួយចំនួនទៀត គាំទ្រសហភាពសហជីពកម្ពុជារបស់លោក រ៉ុង ឈុន ដែលបានដាក់សំណើជូនរដ្ឋាភិបាលពិនិត្យដោះស្រាយ ទោះបីជាពួកគេ មិនទាន់បានចូលរួមផ្តិតមេដៃក្តី។
កម្មការិនីម្នាក់ធ្វើការក្នុងរោងចក្រផលិតស្បែកជើងក្នុងក្រុងភ្នំពេញ កញ្ញា ឃុន ស្រីពៅ និយាយថា រដ្ឋាភិបាល គួរតែខិតខំដោះស្រាយតាមសំណើរបស់កម្មករនិងសហជីព ដើម្បីរក្សា EBA។ កញ្ញាបន្តថា កម្មករទាំងអស់ សុទ្ធតែព្រួយបារម្ភបាត់បង់ EBA ធ្វើឱ្យពួកគាត់បាត់បង់ការងារ ធ្វើក្នុងពេលខាងមុខ៖ «ខ្ញុំគិតថា បើគេព្យួរEBAពិតមែន គឺកម្មករភាគច្រើនប្រឈមមុខបាត់បង់ការងារធ្វើ ដោយសារតែថៅកែរោងចក្រអត់មានអ្នកបញ្ជាទិញ ឬបញ្ជាទិញតិចពេក ដែលធ្វើឱ្យថៅកែរោងចក្ររត់មិនរួច ដូច្នេះគាត់ត្រូវតែបង្ខំចិត្តបិទរោងចក្រ ឬប្ដូរទីតាំងទៅប្រទេសដៃទៃទៀត»។
មានបទពិសោធន៍ជាកម្មការិនីរោងចក្រកាត់ដេរប្រមាណ ១០ឆ្នាំ ស្រីពៅ បន្តថា ស្ថានភាពការងារនៅ តាមរោងចក្រក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ គឺមានការផ្លាស់ប្តូរច្រើន នៅពេលសហភាពអឺរ៉ុប ចាប់ផ្ដើមគំរាមដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយសារតែរឿងរដ្ឋាភិបាលកម្ពុជា បំផ្លាញប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ កម្មការិនីរូបនេះ កត់សម្គាល់ឃើញថា កាលពីមុន គឺនៅតាមរោងចក្រមានការបញ្ជាទិញច្រើន ធ្វើឱ្យកម្មករសម្បូរការងារធ្វើ អាចធ្វើការថែមម៉ោង រកប្រាក់កម្រៃបានច្រើនថែមពីលើប្រាក់ខែគោល ហើយមានរោងចក្រខ្លះ ដោយសារតែសម្បូរការងារពេក បង្ខំឱ្យកម្មករថែមម៉ោង និងជ្រើសរើសកម្មករចូលធ្វើការស្ទើររាល់ខែ។ ដោយឡែករយៈពេលពីរឆ្នាំចុងក្រោយនេះ តាមរោងចក្រនីមួយៗ ខ្វះអ្នកបញ្ជាទិញ ធ្វើឱ្យកម្មករខ្សត់ការងារធ្វើ មិនអាចថែមម៉ោងបាន រហូតដល់រោងចក្រខ្លះបិទទ្វារ និងរោងចក្រខ្លះទៀតបញ្ឈរជើងកម្មករចោល ឬឈានដល់បញ្ឈប់កម្មករតែម្ដង៖ «ខ្ញុំឃើញស្ថានភាពការងារកន្លែងខ្ញុំនៅពេលនេះ មានសកម្មភាពថយចុះច្រើន ស្បើយការងារ អត់មានអ្នកបញ្ជាទិញ។ កម្មករខាងខ្ញុំចេញពីធ្វើការតែម៉ោង៤ ហើយថែមម៉ោង៦ គឺភាគតិចណាស់។ ជាទូទៅប្រាក់ខែរបស់ពួកខ្ញុំជាកម្មករនេះអាស្រ័យលើកម្រៃថែមម៉ោងនេះហើយ ទើបអាចចំណាយលើការហូបចុកបានប្រសើរខ្លះ ប៉ុន្តែនៅពេលអត់បានថែមម៉ោង អត់សូវមានប្រាក់បន្ថែមពីលើប្រាក់ខែគោល ធ្វើឱ្យពួកខ្ញុំខ្វះខាតចំណាយអត់គ្រប់ និងបង្ខំចិត្តចាយវាយត្បិតត្បៀត»។
សហភាពអឺរ៉ុប បានព្រមានដកហូតប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ» ឬហៅកាត់ថា EBA ពីកម្ពុជា ប្រសិនបើរដ្ឋាភិបាល លោក ហ៊ុន សែន នៅតែមិនព្រមស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនោះទេ។ ការសម្រេចជាចុងក្រោយរបស់សហភាពអឺរ៉ុបថាត្រូវព្យួរ EBA ឬយ៉ាងណានោះ នឹងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០២០។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ធ្លាប់អះអាងថា ការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងប៉ះពាល់ដល់កម្មករប្រមាណ ៧៥ម៉ឺននាក់ រួមនឹងគ្រួសាររបស់ពួកគេប្រមាណ ៣លាននាក់ទៀត ដែលកំពុងរស់នៅពឹងផ្អែកលើឧស្សាហកម្មកាត់ដេរ។ ចំណែកសហព័ន្ធស្រូវអង្ករកម្ពុជា ក៏ព្រមានដែរថា បើសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងធ្វើឱ្យប៉ះពាល់ដល់ធ្ងន់ធ្ងរដល់ប្រជាកសិករខ្មែរជាងកន្លះលានគ្រួសារ ព្រមទាំងធ្វើឱ្យឧស្សាហកម្មស្រូវអង្ករនឹងត្រូវបំផ្លាញខ្ទេចខ្ចី។
ជាមួយគ្នានេះ ស្ថាប័នហិរញ្ញវត្ថុធំៗ របស់ពិភពលោក បានព្រមានថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងត្រូវធ្លាក់ចុះពី ៧ភាគរយ ក្នុងឆ្នាំ២០១៩ មកនៅត្រឹម ៦,៥% ក្នុងឆ្នាំ២០២០ ដោយសារភាពមិនប្រាកដប្រជានៃបញ្ហាព្យួរប្រព័ន្ធអនុគ្រោះពន្ធ។ ក្នុងន័យនេះ កម្ពុជានឹងត្រូវខាតបង់យ៉ាងហោចណាស់ជិត ៧០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ឬស្នើជិត ២លានដុល្លារអាមេរិកក្នុងមួយថ្ងៃ ប្រសិនបើសហភាពអឺរ៉ុបសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះមែន។ នេះមិនទាន់រាប់ដល់ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិកនៅឡើយទេ៕