ក្រសួង​ផែនការ​បង្ហាញ​ថា​កម្ពុជា​មាន​សហគ្រាស​ជាង​៥១​ម៉ឺន​សហគ្រាស

ដោយ អ៊ុក សាវបូរី
2015-02-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ផែនការ លោក ឆាយ ថន (ស្ដាំ) និង​តំណាង​ជាន់​ខ្ពស់​អង្គការ​ចៃកា (Jica) ប្រចាំ​កម្ពុជា លោក តាកេហារុ កូជីម៉ា (Takeharu Kojima) ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​លទ្ធផល​ចុង​ក្រោយ​នៃ​អង្កេត​ចន្លោះ​ជំរឿន​សហគ្រាស​កម្ពុជា ឆ្នាំ​២០១៤ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ផែនការ លោក ឆាយ ថន (ស្ដាំ) និង​តំណាង​ជាន់​ខ្ពស់​អង្គការ​ចៃកា (Jica) ប្រចាំ​កម្ពុជា លោក តាកេហារុ កូជីម៉ា (Takeharu Kojima) ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​លទ្ធផល​ចុង​ក្រោយ​នៃ​អង្កេត​ចន្លោះ​ជំរឿន​សហគ្រាស​កម្ពុជា ឆ្នាំ​២០១៤ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
RFA/Ouk Savborey

រដ្ឋមន្ត្រី​ក្រសួង​ផែនការ អះអាង​ថា នៅ​ឆ្នាំ​២០១៤ សហគ្រាស​កើន​ជិត ១១% និង​សេវាកម្ម​កើន​ឡើង ប៉ុន្តែ​វិស័យ​កសិកម្ម​បាន​ថយ​ចុះ​បន្តិចបន្តួច ដោយសារ​គ្រោះ​ធម្មជាតិ។

ការ​ធ្វើ​ជំរឿន​សហគ្រាស​កម្ពុជា ឆ្នាំ​២០១៤ នេះ មាន​គោលដៅ​ចងក្រង​ស្ថិតិ​សេដ្ឋកិច្ច និង​សង្គមកិច្ច​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​ក្នុង​ការ​ធ្វើ​គោល​នយោបាយ​របស់​រដ្ឋាភិបាល និង​អ្នក​ប្រើប្រាស់​នានា។

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ផែនការ លោក ឆាយ ថន អះអាង​នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ថា លទ្ធផល​អង្កេត​ចន្លោះ​ជំរឿន​សហគ្រាស​ឆ្នាំ​២០១៤ កន្លង​ទៅ បង្ហាញ​ថា កម្ពុជា មាន​សហគ្រាស​ជាង ៥១​ម៉ឺន​សហគ្រាស។ ចំនួន​នេះ គឺ​កើន​ឡើង​ជិត ១១% បើ​ធៀប​នឹង​ឆ្នាំ​២០១១។ លោក ឆាយ ថន ថ្លែង​យ៉ាង​ដូច្នេះ​នៅ​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​លទ្ធផល​ចុង​ក្រោយ នៃ​អង្កេត​ចន្លោះ​ជំរឿន​សហគ្រាស​កម្ពុជា ឆ្នាំ​២០១៤ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន។

លោក​បន្ត​ថា ចំណែក​វិស័យ​កសិកម្ម​វិញ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មិន​អាច​ប្រកួត​ជាមួយ​វិស័យ​ឧស្សាហកម្ម សហគ្រាស និង​សេវាកម្ម​បាន​ទេ ដោយសារ​ការ​ដាំ​ដុះ​ជួប​គ្រោះ​ធម្មជាតិ រាំង​ស្ងួត និង​ជំនន់ ហើយ​វិស័យ​សហគ្រាស សេវាកម្ម ឧស្សាហកម្ម បាន​បំពេញ​ទៅ​ក្នុង​ចំណូល​ផល​ទុន​ក្នុង​ស្រុក​សរុប (GDP) លើស​វិស័យ​កសិកម្ម​វិញ៖ «អ៊ីចឹង​ទេ​ដើម្បី​ទប់ទល់​អំពី​ការ​ថយ​ចុះ​ពី​វិស័យ​កសិកម្ម នៅ​ក្នុង​កំណើន​សេដ្ឋកិច្ច​នេះ យើង​មាន​ជន្ទល់​ពីរ​ខាង​ផ្នែក​ឧស្សាហកម្ម និង​សេវាកម្ម ថា​មាន​កំណើន​ដល់ ១០,៩% និង ៨,៨% ដែល​អាច​ទប់ទល់​ទៅ​នឹង​ការ​ធ្លាក់​ចុះ​នៃ​កំណើន​ពី​វិស័យ​ឧស្សាហកម្ម។ អាស្រ័យ​ដោយ​កំណើន​នេះ យើង​បាន​គិត​ទៅ​នឹង​ចំណូល​ប្រជាពលរដ្ឋ​របស់​យើង​ម្នាក់ៗ គឺ​បាន​កើន​ឡើង»

តំណាង​ជាន់​ខ្ពស់​អង្គការ​ចៃកា (Jica) ប្រចាំ​កម្ពុជា លោក តាកេហារុ កូជីម៉ា ថ្លែង​ថា អង្គការ​ចៃកា បាន​ផ្តល់​ថវិកា​ក្នុង​ការ​ធ្វើ​អង្កេត​ចន្លោះ​ជំរឿន​សហគ្រាស​នេះ​ជិត ២០​ម៉ឺន​ដុល្លារ និង​ថវិកា​ជំនួយ​ឥត​សំណង​រដ្ឋាភិបាល​ជប៉ុន ជាង ៣​ម៉ឺន​ដុល្លារ​ទៀត ដើម្បី​បាន​លទ្ធផល​ចុង​ក្រោយ​នៃ​ការ​អង្កេត​ចន្លោះ​ជំរឿន​សហគ្រាស​ឆ្នាំ​២០១៤ មក​ប្រកាស​ផ្សព្វផ្សាយ​លទ្ធផល​នៅ​ពេល​នេះ។

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ផែនការ លោក ឆាយ ថន ឲ្យ​ដឹង​ថា នៅ​ពេល​ខ្លី​ខាង​មុខ រដ្ឋាភិបាល​នឹង​ចេញ​គោល​នយោបាយ​ឧស្សាហកម្ម ដែល​សម្លឹង​មើល​សហគ្រាស​មធ្យម និង​សហគ្រាស​ធន់​តូច។ ប៉ុន្តែ សហគ្រាស​តាម​ចិញ្ចើម​ថ្នល់​មិន​រាប់​បញ្ចូល​ទេ គឺ​រាប់​តែ​សហគ្រាស​ដែល​មាន​ទីតាំង​ជាក់លាក់ ហើយ​មាន​សកម្មភាព​សេដ្ឋកិច្ច និង​មាន​អ្នក​ធ្វើ​ការ​ពី​ម្នាក់​ទៅ​ច្រើន​នាក់៖ «ដោយ​ប្រើប្រាស់​ទិន្នន័យ​ទាំងអស់​នេះ​ធ្វើ​ជា​មូលដ្ឋាន អាច​មើល​ឃើញ​ស្ថានភាព​អំពី​បញ្ហា​សហគ្រាស​នៅ​ស្រុក​ខ្មែរ​យ៉ាង​ម៉េចៗ។ អ៊ីចឹង​ទេ ផ្អែក​តាម​ហ្នឹង គឺ​ថា បាន​រៀបចំ​នូវ​គោល​នយោបាយ​ឧស្សាហកម្ម​មួយ។ រួច​ហើយ​ផ្អែក​តាម​គោល​នយោបាយ​ឧស្សាហកម្ម​ហ្នឹង គឺ​អាច​នឹង​មាន​លិខិត​បទដ្ឋាន​ជា​បន្តបន្ទាប់។ អ៊ីចឹង​ទេ​វា​ជា​មូលដ្ឋាន​មួយ​សម្រាប់​ឲ្យ​អ្នក​វិនិយោគទុន​គេ​មើល​ឃើញ ហើយ​គេ​នឹង​ធ្វើ​ការ​ជ្រើសរើស ថា​តើ​គេ​ធ្វើ​ការ​វិនិយោគ​អំពី​បញ្ហា​អី? រួច​ហើយ​ធ្វើ​នៅ​កន្លែង​ណា?»

លទ្ធផល​អង្កេត​ចន្លោះ​ជំរឿន​សហគ្រាស​ចុង​ក្រោយ​ឆ្នាំ​២០១៤ ប្រទេស​កម្ពុជា មាន ៥១៣.៧៥៩​សហគ្រាស។ ក្នុង​នោះ រាជធានី​ភ្នំពេញ​មាន​ជាង ៩​ម៉ឺន ៧​ពាន់​សហគ្រាស ខេត្ត​កំពង់ចាម ជាង ៥​ម៉ឺន ៤​ពាន់​សហគ្រាស ខេត្ត​កណ្ដាល ជាង ៣​ម៉ឺន ៨​ពាន់​សហគ្រាស ខេត្ត​សៀមរាប ជាង ៣​ម៉ឺន ៧​ពាន់​សហគ្រាស និង​ខេត្ត​តាកែវ ជាង ៣​ម៉ឺន ២​ពាន់​សហគ្រាស។ ដោយ​ឡែក​សហគ្រាស​ផ្នែក​អប់រំ មាន​ជិត ១​ម៉ឺន ២​ពាន់​សហគ្រាស។ ឯ​សហគ្រាស​កម្មន្តសាល​កើន​ឡើង​តិចតួច គឺ ០,៨% ស្មើ​នឹង ៥៩៦​សហគ្រាស បើ​ធៀប​នឹង​ឆ្នាំ​២០១១ ដោយ​មិន​រាប់​បញ្ចូល​សហគ្រាស​តាម​ចិញ្ចើម​ផ្លូវ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល