សម្ភាស​អតីត​អគ្គលេខាធិការ​អាស៊ាន​អំពី​អាស៊ាន​និង​ការ​លូត​លាស់​នៃ​ខឿន​សេដ្ឋកិច្ច (ភាគ​១)

ដោយ សាន សែល
2015-11-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​អគ្គលេខាធិការ​អាស៊ាន លោក​បណ្ឌិត សុរិន ពិតសុវ៉ាន់ [ស្ដាំ] (Surin Pitsuwan) ផ្ដល់​បទសម្ភាសន៍​ផ្ទាល់​ផ្ដាច់​មុខ​ជាមួយ​អ្នក​យក​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ីសេរី នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ក្នុង​បន្ទប់​សណ្ឋាគារ​ដែល​លោក​បណ្ឌិត​ស្នាក់នៅ កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
អតីត​អគ្គលេខាធិការ​អាស៊ាន លោក​បណ្ឌិត សុរិន ពិតសុវ៉ាន់ [ស្ដាំ] (Surin Pitsuwan) ផ្ដល់​បទសម្ភាសន៍​ផ្ទាល់​ផ្ដាច់​មុខ​ជាមួយ​អ្នក​យក​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ីសេរី នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ក្នុង​បន្ទប់​សណ្ឋាគារ​ដែល​លោក​បណ្ឌិត​ស្នាក់នៅ កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA/San Sel

មិន​យូរ​ទៀត​ទេ នៅ​ចុង​ឆ្នាំ​២០១៥ នេះ បណ្ដា​ប្រទេស​ទាំង​១០ នៃ​សមាគម​អាស៊ាន នឹង​ធ្វើ​សមាហរណកម្ម​ដោយ​រួម​ច្របាច់​បញ្ចូល​ជា​សហគមន៍​សេដ្ឋកិច្ច​តែ​មួយ។ អតីត​អគ្គលេខាធិការ​អាស៊ាន លោក​បណ្ឌិត សុរិន ពិតសុវ៉ាន់ (Surin Pitsuwan) បាន​ផ្ដល់​បទសម្ភាសន៍​ផ្ទាល់​ផ្ដាច់​មុខ​មួយ​ជាមួយ​អ្នក​យក​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ីសេរី នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ក្នុង​បន្ទប់​សណ្ឋាគារ​ដែល​លោក​បណ្ឌិត​ស្នាក់នៅ។

នៅ​ក្នុង​បទសម្ភាសន៍​នេះ លោក សុរិន ពិតសុវ៉ាន់ បាន​លើក​ឡើង​ថា សហគមន៍​សេដ្ឋកិច្ច​អាស៊ាន នឹង​ទាក់ទាញ​គម្រោង​វិនិយោគ​បរទេស​ជាច្រើន មក​ឲ្យ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន។ លោក​បញ្ជាក់​ថា គ្មាន​ការ​ធានា​ណា​មួយ​ដែល​ថា ប្រទេស​ទាំង​១០ នឹង​ទទួល​បាន​អត្ថប្រយោជន៍​ស្មើៗ​គ្នា​ពី​ការ​រួម​ច្របាច់​បញ្ចូល​គ្នា​នៃ​សហគមន៍​សេដ្ឋកិច្ច​នេះ​ទេ។

លោក សាន សែល៖ អរគុណ​លោក​បណ្ឌិត សុរិន ពិតសុវ៉ាន់ ចំពោះ​ការ​យល់ព្រម​ផ្ដល់​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី។

លោក​បណ្ឌិត សុរិន ពិតសុវ៉ាន់៖ ខ្ញុំ​រីករាយ​ក្នុង​ការ​ចែក​រំលែក​នេះ!

លោក សាន សែល៖ លោក​បណ្ឌិត សំណួរ​ដំបូង​របស់​ខ្ញុំ តើ​អ្វី​ជា​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន (AEC)?

លោក​បណ្ឌិត សុរិន ពិតសុវ៉ាន់៖ សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ឬ​ហៅ​កាត់​ថា អេ.អ៊ី.ស៊ី (AEC) ជា​ការងារ​ដែល​ត្រូវ​បន្ត​ធ្វើ​ជានិច្ច។ កាល​កំណត់ និង​កាលបរិច្ឆេទ​ចាប់​ផ្ដើម​នៃ​សមាហរណកម្ម​នេះ នឹង​ជំរុញ​ឲ្យ​យើង​ទាំងអស់​គ្នា​ខំ​ធ្វើ​ការ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​រួម​ក្នុង​តំបន់។ វា​ជា​ខ្សែ​ផ្ដាច់​ព្រ័ត្រ។ នៅ​ពេល​ដែល​ខ្ញុំ​ហៅ​វា​ថា​ជា​ខ្សែ​ផ្ដាច់​ព្រ័ត្រ គឺ​ជា​ខ្សែ​កំណត់​មួយ ដែល​ពួក​យើង​បាន​ព្រមព្រៀង​គ្នា ដើម្បី​ចាប់​ផ្ដើម​រួម​ច្របាច់​ចូល​ជា​សហគមន៍​តែ​មួយ។ យើង​នឹង​ដើរ​ចូល​ទៅ​ក្នុង​សហគមន៍​មួយ​ជាមួយ​គ្នា​នៅ​ចុង​ឆ្នាំ​នេះ ប៉ុន្តែ​វា​នឹង​នៅ​តែ​ជា​ការងារ​មួយ​ដែល​មិន​បញ្ចប់​នោះ​ទេ។

លោក សាន សែល៖ តើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នេះ នឹង​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ​ដល់​ប្រជាជន​ទាំងអស់​នៅ​ក្នុង​តំបន់?

លោក​បណ្ឌិត សុរិន ពិតសុវ៉ាន់៖ ហ្នឹង​ហើយ! ខ្ញុំ​សង្ឃឹម​ថា នឹង​មាន​គម្រោង​វិនិយោគ​ច្រើន​ជាង​មុន​ហូរ​ចូល​មក​ក្នុង​តំបន់​អាស៊ាន។ ហិរញ្ញវត្ថុ​នៃ​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស ឬ FDI ប្រមាណ ១៤០​ពាន់​លាន​ដុល្លារ នឹង​នាំ​មក​ឲ្យ​អាស៊ាន​ជា​រៀង​រាល់​ឆ្នាំ ក៏ប៉ុន្តែ​ហិរញ្ញវត្ថុ​វិនិយោគ​ទាំង​នេះ​នឹង​មិន​ត្រូវ​បាន​បែង​ចែក​ឲ្យ​ស្មើ​គ្នា​នោះ​ទេ ពីព្រោះ​ថា រាល់​សមាជិក​អាស៊ាន​ទាំងអស់​មិន​ទាន់​មាន​សមត្ថភាព​ស្មើ​គ្នា ដើម្បី​ទទួល​យក​ហិរញ្ញវត្ថុ​វិនិយោគ​នេះ។ ប្រទេស​ខ្លះ​អាច​ទាញ​ការ​ចាប់​អារម្មណ៍​ពី​វិនិយោគិន​បាន​ច្រើន​ជាង​ប្រទេស​ផ្សេង​ទៀត។ ឧទាហរណ៍ ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ថៃ នឹង​ទាក់ទាញ​បាន​ច្រើន ពីព្រោះ​សេដ្ឋកិច្ច​ប្រទេស​ទាំង​នេះ​មាន​ទំហំ​ធំ និង​មាន​ភាព​ចម្រុះ ដើម្បី​ស្វាគមន៍​វិនិយោគិន​បរទេស។

វិស័យ​ផលិតកម្ម សេវាកម្ម ការ​ដឹក​ជញ្ជូន ផ្លូវ​ថ្នល់ សុខាភិបាល និង​ការ​អប់រំ សុទ្ធសឹងតែ​ជា​វិស័យ​ដែល​មាន​សក្ដានុពល​សម្រាប់​ការ​វិនិយោគ។ ប្រទេស​ណា​ដែល​មាន​សមត្ថភាព និង​លទ្ធភាព​ខ្ពស់ នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​បាន​ច្រើន​ពី​វិនិយោគិន។ នេះ​ជា​អត្ថប្រយោជន៍​ទី​មួយ។ ទី​ពីរ​នោះ គឺ​ឱកាស​សម្រាប់​ប្រជាជន​អាស៊ាន នឹង​មាន​ការងារ ធនធាន ការ​ត​ភ្ជាប់ និង​ការ​ចល័ត​កើន​ឡើង ក៏ប៉ុន្តែ​ដរាប​ណា​ប្រជាជន​ទាំង​នេះ​មាន​គុណ​សម្បត្តិ ជំនាញ​គ្រប់គ្រាន់ ទើប​ពួក​គេ​អាច​ចាប់​យក​ឱកាស​ទាំង​នេះ​បាន។ វា​ទាមទារ​ឲ្យ​ប្រជាជន​យើង ខិតខំ​ធ្វើ​ការ និង​ខំ​ប្រឹងប្រែង​ឲ្យ​ខ្លាំង ត្រូវ​ការ​អប់រំ​បណ្ដុះបណ្ដាល​ជំនាញ​ដល់​ប្រជាជន​យើង ទើប​ធានា​ឲ្យ​ប្រជាជន​យើង​អាច​ចូលរួម​ក្នុង​សមាហរណកម្ម ដែល​ពួក​យើង​កំពុង​ធ្វើ និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់។

បន្ទាប់​មក​ទៀត គុណភាព​នៃ​ការ​រស់នៅ​ភាព​ប្រសើរ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ មិន​ថា​តែ​គុណភាព​ផ្នែក​សុខភាព ការ​អប់រំ ឬ​ក៏​ការងារ កីឡា វប្បធម៌ នឹង​មាន​ភាព​ប្រសើរ​ឡើង​នៅ​ពេល​យើង​រួម​ជា​សហគមន៍​តែ​មួយ។ យើង​បាន​ចាប់​ផ្ដើម​ការងារ​ធ្វើ​សមាហរណកម្ម​នេះ​ជា​បណ្ដើរៗ​ហើយ។ វា​ត្រូវ​ការ​ពេលវេលា​ច្រើន។ តែ​វា​មាន​ប្រយោជន៍​សម្រាប់​ក្មេង​ជំនាន់​ក្រោយ។ ប្រជាជន​ជាច្រើន​នៅ​ក្នុង​តំបន់ នឹង​រួម​ដំណើរ​ជាមួយ​យើង។ វា​នៅ​តែ​មាន​ផ្នែក​មួយ​ចំនួន​មិន​ទាន់​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ដែល​ត្រូវ​ការ​កែប្រែ និង​អភិវឌ្ឍ​បន្ថែម​ទៀត។ គ្មាន​អ្វី​ដែល​ឥត​ខ្ចោះ​នោះ​ទេ​ប៉ុន្តែ​យើង​សម្លឹង​មើល​ទៅ​អនាគត​ជាមួយ​គ្នា។ វា​ជា​ដំណើរ​មួយ​គួរ​ឲ្យ​រំភើប។

លោក សាន សែល៖ ស្ដាប់​ទៅ​សមាហរណកម្ម​នេះ នឹង​ផ្ដល់​ក្ដី​សង្ឃឹម​ជាច្រើន​សម្រាប់​សហគមន៍​ទាំង​មូល។ យ៉ាង​ណា​ក៏ដោយ ដូច​លោក​បណ្ឌិត​ឃើញ​ស្រាប់​ហើយ​ថា កម្រិត​នៃ​ខឿន​សេដ្ឋកិច្ច​នៃ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន មិន​ទាន់​ដើរ​ស្មើ​គ្នា​នៅ​ឡើយ​ទេ។ ជាក់ស្ដែង បើ​យើង​មើល​ទៅ​ប្រទេស​សិង្ហបុរី និង​ប្រទេស​កម្ពុជា ឃើញ​ថា​មាន​គម្លាត​គ្នា​ច្រើន។

អតីត​អគ្គលេខាធិការ​អាស៊ាន លោក​បណ្ឌិត សុរិន ពិតសុវ៉ាន់ [ស្ដាំ] (Surin Pitsuwan) ផ្ដល់​បទសម្ភាសន៍​ផ្ទាល់​ផ្ដាច់​មុខ​ជាមួយ​អ្នក​យក​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ីសេរី នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ក្នុង​បន្ទប់​សណ្ឋាគារ​ដែល​លោក​បណ្ឌិត​ស្នាក់នៅ កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ RFA/San Sel
អតីត​អគ្គលេខាធិការ​អាស៊ាន លោក​បណ្ឌិត សុរិន ពិតសុវ៉ាន់ [ស្ដាំ] (Surin Pitsuwan) ផ្ដល់​បទសម្ភាសន៍​ផ្ទាល់​ផ្ដាច់​មុខ​ជាមួយ​អ្នក​យក​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ីសេរី នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ក្នុង​បន្ទប់​សណ្ឋាគារ​ដែល​លោក​បណ្ឌិត​ស្នាក់នៅ កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ RFA/San Sel

លោក​បណ្ឌិត សុរិន ពិតសុវ៉ាន់៖ ដោយសារ​ប្រទេស​កំពុង​អភិវឌ្ឍ​ទាំង​នេះ នឹង​ដើរ​មក​តាម​ក្រោយ។ ដូច​កម្ពុជា ទើប​ចូល​អាស៊ាន​ក្រោយ​គេ ពីព្រោះ​ប្រទេស​នេះ​ខក​ខាន​មិន​បាន​ចូលរួម​ពី​ដើម​ដំបូង ដោយសារ​មាន​ឧបសគ្គ​មួយ​ចំនួន ដូចជា​អសន្តិសុខ គ្មាន​ស្ថិរភាព និង​ជម្លោះ​ផ្ទៃ​ក្នុង ក៏ប៉ុន្តែ​ប្រទេស​ស្ថាបនិក​ទាំង​៥-៦ ដូចជា​ប្រទេស​ប្រ៊ុយណេ ជាដើម គេ​មិន​បាន​ជួប​ប្រទះ​នឹង​បញ្ហា​ទាំង​នេះ​ទេ។ ពួក​គេ​បាន​ដើរ​លើ​ផ្លូវ​នេះ​មុន។ ដូច្នេះ គេ​មាន​ឱកាស​ដើម្បី​ទទួល​បាន​គម្រោង​វិនិយោគ​បរទេស​បាន​ច្រើន​ជាង។ ប្រទេស​ទាំង​នេះ បាន​ពង្រឹង​អភិបាលកិច្ច ស្ថាប័ន​រដ្ឋាភិបាល និង​ប្រព័ន្ធ​តុលាការ ដើម្បី​ផ្ដល់​ទំនុក​ចិត្ត​ដល់​វិនិយោគិន​បរទេស​មក​រក​ស៊ី​នៅ​ក្នុង​ប្រទេស​គេ​រៀង​ខ្លួន។ វិនិយោគិន​ទាំង​នោះ នឹង​មាន​ភាព​កក់ក្ដៅ ដែល​ការ​វិនិយោគ​របស់​គេ​ត្រូវ​បាន​ការពារ មិន​បាត់បង់ និង​អាច​ឲ្យ​ពួក​គេ​ហៅ​វិនិយោគិន​បរទេស​ផ្សេង​ទៀត​មក​រក​ស៊ី​ដែរ។

ស្តង់ដារ​នៃ​គុណភាព​ទំនិញ និង​សេវាកម្ម ប្រទេស​ស្ថាបនិក​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​លើ​រឿង​នេះ​មុន​ប្រទេស​ជា​សមាជិក​ថ្មីៗ ប៉ុន្តែ​ប្រទេស​ថ្មីៗ​ទាំង​នេះ អាច​ដើរ​ទាន់​តាម​ប្រទេស​រីក​ចម្រើន​ផ្សេង​បាន បើ​ពួក​គេ​ធ្វើ​វា​ដោយ​ត្រឹមត្រូវ។ ប្រទេស​ទាំង​នេះ ត្រូវ​ការ «ភាសា​ទីផ្សារ (language of the market)» ដើម្បី​ដឹង​ពី​តម្រូវ​ការ​របស់​វិនិយោគិន ថា​តើ​ពួក​គេ​ត្រូវ​ការ​អ្វី? ដើម្បី​ឲ្យ​ពួក​គេ​ចូល​មក​វិនិយោគ។

អ្វី​ដែល​ទេសចរ​ចង់​បាន? ដើម្បី​ឲ្យ​ពួក​គេ​លង់​ចិត្ត​ស្រឡាញ់ និង​កោត​សរសើរ​វប្បធម៌ អរិយធម៌ និង​ទីតាំង​បេតិកភណ្ឌ​ប្រទេស​របស់​អ្នក។

អ្នក​ត្រូវ​ការ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ សន្តិភាព ស្ថិរភាព និង​ការ​ការពារ​ពួក​គេ។ ទាំង​នេះ​ជា​អ្វី​ដែល​ត្រូវ​ក្រឡេក​មើល។ និយាយ​ដោយ​ខ្លី នេះ​ជា​ភាសា​ទីផ្សារ។

លោក សាន សែល៖ លោក​បណ្ឌិត​ធ្លាប់​ធ្វើ​ជា​អគ្គលេខាធិការ​នៃ​អាស៊ាន។ បើ​តាម​ការ​អង្កេត​តាម​រយៈ​ការងារ​ដែល​លោក​បណ្ឌិត​បាន​ធ្វើ​ជាមួយ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ តើ​អ្វី​ជា​ឧបសគ្គ​សម្រាប់​ប្រទេស​ទាំង​នេះ ដើម្បី​ធ្វើ​សមាហរណកម្ម​ជា​សហគមន៍​តែ​មួយ​នៅ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ?

លោក​បណ្ឌិត សុរិន ពិតសុវ៉ាន់៖ ឧបសគ្គ​នោះ គឺ​ភាព​ចម្រុះ​គ្នា​នៃ​អាស៊ាន។ ភាព​ខុស​គ្នា​នៃ​ល្បឿន និង​ស្ថានភាព​ការ​អភិវឌ្ឍ ល្បឿន​នៃ​វិស័យ​ដែល​ប្រទេស​មួយៗ​កំណត់​ជា​អាទិភាព។ ថា​តើ​ប្រទេស​មួយ​នឹង​ផ្ដោត​ជា​សំខាន់​លើ​វិស័យ​កសិកម្ម ឬ​ឧស្សាហកម្ម ឬ​សេវាកម្ម? ថា​តើ​វិនិយោគិន​ប្រភេទ​ណា​ដែល​អ្នក​ចង់​ទាក់ទាញ​មក​ឲ្យ​វិនិយោគ​នៅ​ស្រុក​របស់​អ្នក?

តែ​អ្នក​ត្រូវ​ប្រាកដ​ថា ប្រជាជន​របស់​អ្នក​បាន​ត្រៀម​ខ្លួន​ដើម្បី​ជម្នះ​នឹង​ឧបសគ្គ​នេះ។ ការ​អនុវត្ត​ច្បាប់ អភិបាលកិច្ច និង​ស្ថាប័ន​រដ្ឋ រួម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ ត្រូវ​ប្រាកដ​ថា​មាន​គុណភាព និង​ប្រសិទ្ធភាព​គ្រប់គ្រាន់ ដើម្បី​ស្រូប​យក​ការ​វិនិយោគ​ពី​ក្រៅ​ប្រទេស។ ការ​បែង​ចែក​ផ្លែផ្កា​នៃ​ការ​អភិវឌ្ឍ​នៃ​ឧស្សាហូបនីយកម្ម ពី​ការ​ភ្ជាប់​ជាមួយ​វិនិយោគិន​បរទេស។

ដោយសារ​តែ​ភាព​ចម្រុះ​គ្នា បន្ទាប់​មក​យើង​និយាយ​ពី​ការ​បើក​ទីផ្សារ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ការ​បន្ថយ​របាំង​ពន្ធ​គយ​នៃ​ការ​នាំ​ទំនិញ​ចេញ ការ​បើក​ទូលាយ​ផ្នែក​សេវាកម្ម។ យ៉ាង​ណា​ក៏ដោយ យើង​ទាំងអស់​គ្នា​នៅ​មាន​របាំង​ពន្ធ​គយ​ក្នុង​ទម្រង់​ការ​កំណត់​ស្តង់ដារ ទម្រង់​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ ទម្រង់​នៃ​ការ​ដឹក​ជញ្ជូន​អីវ៉ាន់ ទម្រង់​នៃ​ការ​វេច​ខ្ចប់ ទម្រង់​នៃ​គុណភាព​ទំនិញ និង​ទម្រង់​នៃ​កូតា​ដែល​យើង​នៅ​មិន​ទាន់​បាន​បើក​ទូលាយ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ឡើយ។

នៅ​លើ​ក្រដាស និង​របាំង​ពន្ធ​គយ យើង​បាន​បើក​ទូលាយ​ខ្លះ​ហើយ តែ​នៅ​តែ​មាន​របាំង​ពន្ធ​គយ​ដដែល ដោយសារ​កត្តា​សេដ្ឋកិច្ច​ប្រទេស​នីមួយៗ។ នៅ​ពេល​អ្នក​បើក​វា​ឲ្យ​ទូលាយ វា​នឹង​មាន​ការ​ប៉ះពាល់។ ទោះ​យ៉ាង​ណា ខ្ញុំ​យល់​ថា វិធីសាស្ត្រ​ដ៏​ប្រសើរ​បំផុត​សម្រាប់​ពេល​ខាង​មុខ គឺ​រដ្ឋាភិបាល​ត្រូវ​មាន​យុទ្ធសាស្ត្រ​ជួយ​ជំរុញ​ដល់​ដំណើរ​ការ​ប្រកួត​ប្រជែង​របស់​ប្រជាជន​ខ្លួន ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន​ផ្សេង​ទៀត ពិសេស​បើក​ឲ្យ​ទូលាយ​ដល់​វិនិយោគិន​បរទេស ដើម្បី​បណ្ដាក់​ទុន​នៅ​ក្នុង​ប្រទេស​គេ​រៀងៗ​ខ្លួន។

ប្រទេស​ណា​ក៏ដោយ​ដែល​មាន​ឯកទេស និង​ជំនាញ​ក្នុង​វិស័យ​ណា​ក៏ដោយ មិន​ថា​តែ​វិស័យ​ផលិតកម្ម ឬ​សេវាកម្ម​នោះ​ទេ ឲ្យ​ប្រទេស​ទាំង​នោះ​ធ្វើ​អ្វី​ដែល​គេ​មាន​ជំនាញ​ទៅ​តាម​សមត្ថភាព​របស់​គេ។

យើង​ប្រកួត​ប្រជែង​គ្នា តែ​យើង​ក៏​សហការ​គ្នា។ យើង​លើក​ទឹក​ចិត្ត​ដល់​គ្នា ក្នុង​ដំណើរ​ការ​ប្រកួត​ប្រជែង។ វា​នឹង​ផ្តល់​ប្រយោជន៍​ដល់​អ្នក​ប្រើប្រាស់ និង​ទីផ្សារ​ទាំង​មូល ហើយ​ប្រាកដ​ណាស់ វា​នឹង​ល្អ​សម្រាប់​ការ​ប្រើប្រាស់​ធនធាន ពីព្រោះ​យើង​អាច​ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព។

យើង​ប្រកួត​គ្នា។ យើង​នឹង​បង្ហាញ​វា​តាម​រយៈ​វិធី​ដែល​យើង​ផលិត និង​វិធី​ដែល​យើង​ប្រើប្រាស់​វា។ អ្នក​ប្រើប្រាស់ និង​ទីផ្សារ នឹង​ទទួល​បាន​ប្រយោជន៍​ពី​ការងារ​នេះ ហើយ​ប្រទេស និង​ប្រជាជន​ទាំង​មូល ក៏​នឹង​បាន​អត្ថប្រយោជន៍​ពី​នេះ​ដែរ៕

ចុច​ត្រង់​នេះ​ដើម្បី​អាន និង​ស្ដាប់​បទសម្ភាសន៍​ភាគ​២

ចុច​ត្រង់​នេះ​ដើម្បី​អាន និង​ស្ដាប់​បទសម្ភាសន៍​ភាគ​បញ្ចប់


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

So Cambodia is under my cousin Hun nal will be the same don't get better don't be dreaming more investing in Cambodia.

Nov 25, 2015 01:22 AM

គេហទំព័រ​ទាំងមូល