ពលរដ្ឋ​ខេត្ត​ស្វាយរៀង​ជាង​១​ពាន់​គ្រួសារ​តវ៉ា​រឿង​កុងទ័រ​ភ្លើង​ឡើង​ខ្ពស់

ដោយ ម៉ែន សុធីរ
2015-05-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រជាពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ​នៅ​ខេត្ត​ស្វាយរៀង បាន​ផ្ដិត​មេដៃ​តវ៉ា​ទៅ​អាជ្ញាធរ​ឃុំ​ក្រោលគ្រោ ពី​ភាព​មិន​ប្រក្រតី​នៃ​កុងទ័រ​ភ្លើង​អគ្គិសនី។ បញ្ហា​នេះ មេ​ឃុំ​ក្រោលគោ ទទួល​ស្គាល់​ថា កុងទ័រ​អគ្គិសនី​ពិត​ជា​ដើរ​លឿន​ខុស​ប្រក្រតី​មែន ហើយ​លោក​នឹង​ធ្វើ​របាយការណ៍​ទៅ​អភិបាល​ស្រុក​ស្វាយជ្រំ ដើម្បី​ដោះស្រាយ។

​ពលរដ្ឋ​ជាង ២០០​នាក់​ក្នុង​ចំណោម​ជាង ១​ពាន់​គ្រួសារ ក្នុង​ឃុំ​ក្រោលគោ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​ឧសភា បាន​ចូលរួម​ប្រជុំ​ស្ដីពី​បញ្ហា​អគ្គិសនី​ដែល​គ្រប់គ្រង​ដោយ​ឯកជន។ កិច្ច​ប្រជុំ​នេះ​មាន​ការ​ចូល​រួម​ពី​ប្រធាន​អគ្គិសនី​ឯកជន និង​មេឃុំ​ក្រោលគោ បាន​ប្រើ​រយៈពេល​ជាង ២​ម៉ោង។ តំណាង​ពលរដ្ឋ​បាន​លើក​បញ្ហា​ធំៗ​ចំនួន ៣​ចំណុច រួម​មាន​ទី​១ អគ្គិសនី​ច្រើន​ដាច់​ញឹកញាប់ ទី​២ ភាព​មិន​ប្រក្រតី​នៃ​កុងទ័រ​អគ្គិសនី​ដើរ​លឿន និង​ទី​៣ បញ្ហា​តម្លៃ​ថ្លៃ។ ពលរដ្ឋ​ចាត់​ទុក​ថា អគ្គិសនី​ដាច់​ញឹកញាប់​នឹង​ងាយ​ឲ្យ​កុងទ័រ​អគ្គិសនី​កើន​ឡើង​ខ្លាំង​ទ្វេ​ដង។

តំណាង​ពលរដ្ឋ​ដែល​បាន​ចូលរួម​ប្រជុំ​នេះ រស់​នៅ​ភូមិ​ធ្លក ឃុំ​ក្រោលគោ គឺ​លោក ជា ឆាយ។ លោក​ថ្លែង​ថា ពលរដ្ឋ​គ្រោង​ផ្អាក​ការ​បង់​ថ្លៃ​សេវា​ភ្លើង​នៅ​ខែ​ឧសភា នេះ បើ​ការ​តវ៉ា​របស់​ពលរដ្ឋ​នៅ​តែ​មិន​មាន​ដំណោះស្រាយ​ទេ។ លោក​បន្ត​ថា កិច្ចប្រជុំ​ដែល​មាន​ការ​ប្រកែក​គ្នា​ខ្លាំងៗ​រវាង​ពលរដ្ឋ និង​ប្រធាន​អគ្គិសនី​ឯកជន​នៅ​ឃុំ​ក្រោលគោ រហូត​មាន​ការ​ព្រមាន​ពី​ម្ចាស់​អគ្គិសនី​នៅ​ក្នុង​អង្គប្រជុំ​នោះ ថា​អាច​នឹង​មាន​ការ​ផ្អាក​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​អគ្គិសនី​ជា​បណ្ដោះអាសន្ន ប្រសិន​ពលរដ្ឋ​មិន​បង់ថ្លៃ​អគ្គិសនី។

លោក​ថា គ្រួសារ​លោក​ធ្លាប់​ប្រើ​អគ្គិសនី​ជា​ទូទៅ​អស់​ចំនួន ៨០​គីឡូវ៉ាត់ម៉ោង គិត​ជា​ប្រាក់​ប្រហែល ១០​ម៉ឺន​រៀល តែ​ប៉ុន្មាន​ខែ​ចុង​ឆ្នាំ​២០១៤ និង​ដើម​ឆ្នាំ​២០១៥ រហូត​បច្ចុប្បន្ន គីឡូវ៉ាត់ម៉ោង​អគ្គិសនី​កើន​ឡើង​ដល់​ទៅ ២៤០​គីឡូវ៉ាត់ម៉ោង គិត​ជា​ប្រាក់​អស់​ជាង ២០​ម៉ឺន​រៀល។ លោក​ថា នៅ​មាន​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ផ្សេង​ទៀត​មិន​ខុស​ពី​គ្រួសារ​លោក​ឡើយ៖ «ខ្ពស់​បំផុត​អស់​ត្រឹម ១៤០​គីឡូ​ដែល​យើង​ធ្លាប់​ប្រើ ហើយ​ខែ​នេះ​ផ្ទះ​ខ្ញុំ​ឡើង​ដល់​ទៅ ២៣៦​គីឡូ  ២៣៦​គីឡូ វា​ចូល ២៤​ម៉ឺន​ជាង​ហើយ​បង»

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​ប្រធាន​អគ្គិសនី​ក្រោលគោ លោក ស៊ន ស៊ីផាត បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​១៩ ខែ​ឧសភា។

ចំណែក​មន្ត្រី​អគ្គិសនី​ឃុំ​ក្រោលគោ លោក ឌី ផល្លី ថ្លែង​ថា ពេល​ខ្លះ​បុគ្គលិក​អគ្គិសនី​ស្រង់​បរិមាណ​ភ្លើង​អគ្គិសនី​ខ្វះ​នៅ​ខែ​មុន នឹង​កើន​គីឡូ​ភ្លើង​នៅ​ក្នុង​ខែ​នេះ។ លោក​ថា គីឡូ​ភ្លើង​កើន​ឡើង​អាស្រ័យ​លើ​ពលរដ្ឋ​ប្រើ​តិច ឬ​ច្រើន​ប៉ុណ្ណោះ មិន​មាន​ចេតនា​អ្វី​ផ្សេងៗ ដូច​ដែល​ពលរដ្ឋ​ចោទ​ប្រកាន់​ឡើយ៖ «ភ្លើង​ហ្នឹង​វា​ខ្សោយ​ទៅ​ហើយ គាត់​ថា អត់​អ៊ីចឹង​ទេ គាត់​ទៅ​ថា ពួក​ខ្ញុំ​អ្នក​បិទ​ឲ្យ​ឡើង​គីឡូ​ទៅ​វិញ?»

​តំណាង​ប្រជាពលរដ្ឋ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​យក​តម្លៃ​អគ្គិសនី​ទៅ​តាម​តម្លៃ​របស់​រដ្ឋាភិបាល​គ្រប់គ្រង​ត្រឹម ៦៥០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ដូច​នៅ​ស្រុក​ស្វាយជ្រំ និង​ក្រុង​ស្វាយរៀង ដែរ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​នៃ​កុងទ័រ​អគ្គិសនី​សព្វថ្ងៃ។

មេ​ឃុំ​ក្រោលគោ លោក ម៉ែន លន់ ទទួល​ស្គាល់​ថា គីឡូវ៉ាត់ម៉ោង​អគ្គិសនី​ពិត​ជា​កើន​ឡើង​ខុស​ពី​ធម្មតា​មែន ប៉ុន្តែ​ចាំបាច់​ត្រូវ​ប្រើ​ពេល​វេលា​ស៊ើបអង្កេត​ជា​មុន​សិន មុន​នឹង​សម្រេច​ថា ការ​ចោទ​របស់​ពលរដ្ឋ​ត្រឹមត្រូវ ឬ​យ៉ាង​ណា?

លោក​ថា ដំណោះស្រាយ​សមស្រប​នឹង​មាន​ស្ដីពី​បញ្ហា​នេះ តែ​ត្រូវ​ប្រើ​ពេល​វេលា​ស៊ើប​អង្កេត​ជាមុន៖ «ខ្ញុំ​សរសេរ​បាន​ហើយ ប្រជាពលរដ្ឋ​ទាំង​អស់​គាត់​ឯកភាព​ទាំង​ពលរដ្ឋ​ទាំង​អស់​ដែល​បាន​មក​ហ្នឹង»

​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​ស៊ើប​អង្កេត​តាមដាន និង​ដោះស្រាយ​នូវ​ទុក្ខ​កង្វល់​ពលរដ្ឋ​ដើម្បី​ធានា​ឲ្យ​បាន​ចំពោះ​ការ​រស់​នៅ​របស់​ពលរដ្ឋ។

លោក​បន្ត​ថា រដ្ឋាភិបាល​គួរ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​សេវា​ឯកជន​ដែល​មាន​ចេតនា​កេង​ចំណេញ​ប្រាក់​ពី​ពលរដ្ឋ​តាម​រយៈ​កុងទ័រ​អគ្គិសនី​នេះ។ លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចាត់​មន្ត្រី​ជំនាញ​ចុះ​ស៊ើប​អង្កេត​ករណី​នេះ​ដោយ​សុក្រឹត និង​យុត្តិធម៌៖ «រដ្ឋាភិបាល​ហាក់​ដូច​ជា​មិន​បាន​អើពើ​យក​ចិត្ត​ទុក​ដាក់​សោះ​ចំពោះ​បញ្ហា​ហ្នឹង ដោះស្រាយ​ធ្វើ​ម៉េច​កុំ​ឲ្យ​មាន​អ៊ីចឹង បើ​មាន​អ៊ីចឹង​ត្រូវ​ចាប់​ពួក​ហ្នឹង​ដាក់​ទោស»

​អគ្គិសនី​ក្រោលគោ គឺ​ជា​អគ្គិសនី​ឯកជន​ដែល​វិនិយោគ​បន្ត​ពី​អគ្គិសនី​ខែត្រ​ព្រៃវែង ក្នុង​តម្លៃ ១.០៥០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ដែល​តម្លៃ​នេះ​រង​ការ​រិះគន់​ថា ជា​ការ​វិនិយោគ​ក្នុង​តម្លៃ​ខ្ពស់​អស់​រយៈពេល​ជិត ១០​ឆ្នាំ​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល