អភិបាល​ខេត្ត​ព្រះសីហនុ​ត្រៀម​បញ្ជូន​ឯកសារ​ពាក់ព័ន្ធ​នឹង​ចៅ​អធិការ​វត្ត​លើ​ទៅ​ក្រសួង​ធម្មការ

ដោយ ដែន អយុធ្យា
2015-04-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះតេជព្រះគុណ គៀត ច័ន្ទធុច ព្រះចៅ​អធិការ​វត្ត​លើ ខេត្ត​ព្រះសីហនុ។
ព្រះតេជព្រះគុណ គៀត ច័ន្ទធុច ព្រះចៅ​អធិការ​វត្ត​លើ ខេត្ត​ព្រះសីហនុ។
Photo: Provided

អភិបាល​ខេត្ត​ព្រះសីហនុ ត្រៀម​បញ្ជូន​ឯកសារ​ពាក់ព័ន្ធ​នឹង​លទ្ធផល​ប្រជុំ​ករណី​ប្រជា​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ជោតិញាណ ហៅ​វត្ត​លើ និង​ព្រះសង្ឃ​អង្គ​ខ្លះ​គង់​ក្នុង​វត្ត​នេះ ចោទ​ព្រះចៅ​អធិការ​វត្ត​លើ ព្រះនាម គៀត ច័ន្ទធុច ប្រព្រឹត្ត​ខុស​វិន័យ​សង្ឃ ដាក់​ជូន លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ ព្រម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យ​សម្រេច។

ព្រះចៅ​អធិការ​វត្ត​លើ និង​ជា​ព្រះ​មេគណ​ខេត្ត​ព្រះសីហនុ ត្រូវ​ព្រះសង្ឃ និង​ប្រជា​ពុទ្ធបរិស័ទ​វត្ត​នេះ​ចោទ​ថា ជា​រឿយៗ​បាន​ឆាន់​ស្រា ឬ​គ្រឿង​ស្រវឹង ហើយ​បាន​រក​រឿង​ព្រះសង្ឃ​គង់​ក្នុង​វត្ត​នេះ​ជា​បន្តបន្ទាប់ ពេល​ស្រវឹង​ស្រា​ម្តងៗ។

អភិបាល​ខេត្ត​ព្រះសីហនុ លោក ឈិត សុខុន មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ថា សប្ដាហ៍​នេះ​លោក​បាន​ប្រជុំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដោយ​បាន​លើក​យក​ករណី​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​មួយ​ចំនួន ចោទ​ព្រះចៅ​អធិការ​វត្ត​លើ ព្រះនាម គៀត ច័ន្ទធុច ថា​បាន​ប្រព្រឹត្ត​ខុស​វិន័យ​សាសនា។ លោក​បន្ត​ថា បញ្ហា​នេះ មន្ត្រី​សាលា​ខេត្ត​ក៏​កំពុង​រៀបចំ​ឯកសារ​ដាក់​ជូន លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ដើម្បី​ពិនិត្យ​សម្រេច។ លោក​បញ្ជាក់​ថា ចៅ​អធិការ​វត្ត​លើ ព្រះនាម គៀត ច័ន្ទធុច ត្រូវ​ប្រជា​ពុទ្ធបរិស័ទ និង​ព្រះសង្ឃ​អង្គ​ខ្លះ​គង់​ក្នុង​វត្ត​នេះ ចោទ​ថា​បាន​ឆាន់​ស្រា ឬ​គ្រឿង​ស្រវឹង និង​មាន​ប្រើប្រាស់​អាវុធ​ខ្លី ជាដើម។

លោក ឈិត សុខុន បាន​សង្កត់​ធ្ងន់​ថា បើ​រក​ឃើញ​កំហុស​ឆ្គង​ដូច​ការ​ចោទ​មែន​នោះ ព្រះចៅ​អធិការ​វត្ត​លើ និង​ជា​ព្រះ​មេគណ​ខេត្ត​ព្រះសីហនុ គៀត ច័ន្ទធុច នឹង​អាច​តម្រូវ​ឲ្យ​និមន្ត​ចេញ​ពី​វត្ត​ជោតិញាណ ក៏​ថា​បាន។ ជាង​នេះ បើ​សិន​ជា​រក​ឃើញ​មាន​លាក់​អាវុធ ឬ​ប្រើប្រាស់​អាវុធ​ដូច​ការ​ចោទ​ទៀត​នោះ ព្រះសង្ឃ​អង្គ​នេះ​ក៏​ទំនង​ជា​ត្រូវ​ប្រឈម​មុខ​ច្បាប់។

យ៉ាង​ណា​ក៏ដោយ អភិបាល​ខេត្ត​រូប​នេះ​បញ្ជាក់​ថា បញ្ហា​កើត​មាន​នៅ​វត្ត​លើ​នេះ សេចក្តី​សម្រេច​ផ្សេងៗ​ត្រូវ​រង់ចាំ​ចម្លើយ​ពី លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ឬ​ប្រជាពលរដ្ឋ​ចំណុះ​ជើង​វត្ត ថា​តើ​គាំទ្រ​ឲ្យ​ព្រះសង្ឃ គៀត ច័ន្ទធុច បន្ត​គង់​ក្នុង​វត្ត​ជោតិញាណ ឬ​វត្ត​លើ ជា​បន្ត​ទៀត ឬ​បែប​ណា​នា​ថ្ងៃ​អនាគត?៖ «នឹង​ត្រៀម​បញ្ជូន​ឯកសារ​លើ​ករណី​ចោទ​ប្រកាន់​ព្រះចៅ​អធិការ ឬ​ព្រះសង្ឃ គៀត ច័ន្ទធុច ដាក់​ជូន​លោក​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ ពិនិត្យ និង​មាន​វិធានការ​ទៅ​លើ​បញ្ហា​កើត​មាន​នៅ​វត្ត​លើ ព្រោះ​ជា​សមត្ថកិច្ច​ក្រសួង​ត្រូវ​ដោះស្រាយ​ទៅ​តាម​វិន័យ​សាសនា។ ខាង​យើង​ថ្នាក់​ខេត្ត បាន​ត្រឹម​បញ្ជូន​របាយការណ៍​ជូន​ក្រសួង​ធម្មការ ដើម្បី​អង្កេត ឬ​ពិនិត្យ​សម្រេច។ ហើយ​ចំពោះ​បញ្ហា​ការ​ចោទ​ព្រះចៅ​អធិការ​វត្ត​លើ ថា​មាន​អាវុធ​ជាដើម​នោះ បើ​សិន​ជា​រក​ឃើញ​កំហុស​ឆ្គង សមត្ថកិច្ច​នឹង​មាន​វិធានការ​ផ្លូវ​ច្បាប់​ភ្លាមៗ។ ចំណែក​ព្រះសង្ឃ គៀត ច័ន្ទធុច នឹង​អាច​បន្ត​ឲ្យ​គង់​នៅ​វត្ត​លើ ជា​បន្ត​ទៀត ឬ​បែប​ណា​ទៅ​ថ្ងៃ​អនាគត គឺ​អាស្រ័យ​ទៅ​លើ​ការ​ចង់​បាន ឬ​ការ​គាំទ្រ​របស់​ប្រជា​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​លើ ឬ​ខេត្ត​ព្រះសីហនុ ជា​អ្នក​សម្រេច​ទេ?»

ទាក់ទិន​បញ្ហា​នេះ ព្រះសង្ឃ​គង់​នៅ​វត្ត​លើ និង​ប្រជា​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​នេះ​មួយ​ចំនួន បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​ថា នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ​ប៉ុន្មាន​ថ្ងៃ ព្រះចៅ​អធិការ គៀត ច័ន្ទធុច បាន​ណែនាំ​ឲ្យ​ព្រះសង្ឃ​រៀបចំ​ចាក់​តន្ត្រី ឬ​ធុងបាស​បទ​ញាក់​ក្នុង​សំឡេង​ខ្លាំងៗ ឮ​ខ្ទរខ្ទារ​កង​រំពង​ពេញ​បរិវេណ​វត្ត។ អំឡុង​ពេល​នេះ ព្រះ​មេគណ គៀត ច័ន្ទធុច ត្រូវ​ប្រជា​ពុទ្ធបរិស័ទ និង​ព្រះសង្ឃ​អង្គ​ខ្លះ​គង់​ក្នុង​វត្ត​នេះ​ចោទ​ថា ព្រះអង្គ​បាន​ឆាន់​ស្រា​ស្រវឹង និង​បាន​បណ្ដេញ​ព្រះ​ភិក្ខុ​នាម ជួន វុទ្ធី ចេញ​ពី​ទី​អារាម​មួយ​នេះ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

ព្រះ​ភិក្ខុ​នាម ជួន វុទ្ធី ដែល​ត្រូវ​ចៅ​អធិការ​វត្ត​លើ គៀត ច័ន្ទធុច បណ្ដេញ​ពី​វត្ត​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​មាន​ថេរ​ដីកា​ថា នៅ​ពេល​ត្រូវ​ថ្នាក់​ដឹក​នាំ​បណ្ដេញ​ចេញ​ពី​វត្ត គឺ​ព្រះសង្ឃ គៀត ច័ន្ទធុច ឋិត​ក្នុង​អាការៈ​ស្រវឹង និង​បាន​ប្រើ​ពាក្យ​មិន​សមរម្យ​មក​លើ​ព្រះអង្គ។ ហើយ​ពេល​នោះ ព្រះអង្គ​មិន​បាន​តបត​ទេ ព្រោះ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព ដោយសារ​កន្លង​មក​ធ្លាប់​ឃើញ​ចៅ​អធិការ​អង្គ​នេះ​មាន​អាវុធ​ជាប់​ខ្លួន។

ត្រង់​ចំណុច​នេះ ព្រះ​ភិក្ខុ ជួន វុទ្ធី ដែល​ប្រជា​ពុទ្ធបរិស័ទ​ខេត្ត​ព្រះសីហនុ ស្គាល់​ថា ជា​សង្ឃ​មួយ​អង្គ​ចេះ​ព្រះ​ធម៌​ទេសនា​ជ្រៅជ្រះ និង​តែង​ផ្តល់​ព្រះ​ធម៌​ផ្សព្វផ្សាយ​តាម​វិទ្យុ​ផង​នោះ បាន​សំណូមពរ​ដល់​ក្រសួង​ធម្មការ ឬ​ស្ថាប័ន​ពាក់ព័ន្ធ មាន​អភិបាល​ខេត្ត​ព្រះសីហនុ ជាដើម ជួយ​ដោះស្រាយ ឬ​ជ្រោមជ្រែង​វិស័យ​ព្រះពុទ្ធ​សាសនា ជាពិសេស​បញ្ហា​កំពុង​កើត​មាន​នៅ​វត្ត​ជោតិញាណ នៅ​វត្ត​លើ ឲ្យ​បាន​ប្រសើរ​ឡើង​វិញ៖ «កន្លង​មក​អាត្មា​មិន​ធ្លាប់​មាន​ទំនាស់​ជាមួយ​ព្រះចៅ​អធិការ​វត្ត​របស់​អាត្មា ព្រះនាម គៀត ច័ន្ទធុច ម្តង​ណា​ទេ។ ប៉ុន្តែ​បន្ទាប់​ពី​ព្រះអង្គ​បាន​និមន្ត​មក​ពី​អ្នក​លឿង​វិញ ហើយ​ឃើញ​ស្រវឹង​ស្រា​ជាប់​គ្នា ៣​ថ្ងៃ នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​រួច​មក ព្រះចៅ​អធិការ​ក៏​បាន​បណ្ដេញ​អាត្មា​ភាព​ចេញ​ពី​វត្ត និង​បាន​ប្រើ​ពាក្យ​មិន​សមរម្យ​មក​លើ​អាត្មា មាន​ដូចជា​អា​ក្បត់ ឬ​អា​រមិលគុណ ជាដើម ហើយ​អាត្មា​ក៏​មិន​ដឹង​ថា​បាន​ធ្វើ​អ្វី​ខុស​ដែរ។ ហើយ​នៅ​ពេល​នោះ អាត្មា​មិន​បាន​តបត​ជាមួយ​ព្រះចៅ​អធិការ​វិញ​ទេ ហើយ​ម្យ៉ាង​ដោយ​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព ព្រោះ​ធ្លាប់​ឃើញ​ព្រះអង្គ​មាន​អាវុធ​ផង និង​ស្រវឹង​ស្រា​ជោគជាំ​ផង រួច​ក៏​អាត្មា​បាន​ចាកចេញ​ដោយ​ស្ងាត់ៗ​ទៅ​គង់​នៅ​វត្ត​ផ្សេង​ជា​បណ្ដោះអាសន្ន​រហូត​មក​ដល់​ពេល​នេះ»

មាន​ថេរ​ដីកា​ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ ព្រះចៅ​អធិការ​វត្ត​ជោតិញាណ ហៅ​វត្ត​លើ ព្រះនាម គៀត ច័ន្ទធុច មាន​ថេរ​ដីកា​បដិសេធ​ថា ព្រះអង្គ​មិន​បាន​ប្រព្រឹត្ត​ខុស​ធម៌​វិន័យ​ព្រះពុទ្ធ​សាសនា ឬ​ព្រះសង្ឃ​ដូច​ការ​ចោទ​ប្រកាន់​ទេ។ មាន​តួនាទី​ជា​ព្រះ​មេគណ​ខេត្ត​ព្រះសីហនុ និង​ជា​ទីប្រឹក្សា​សម្ដេច​ព្រះ​សង្ឃរាជ ទេព វង្ស ផង​នោះ ព្រះចៅ​អធិការ គៀត ច័ន្ទធុច បាន​ចាត់​ទុក​ក្រុម​អ្នក​ចោទ​ព្រះអង្គ ថា​បាន​ឆាន់​ស្រា ឬ​មាន​ប្រើប្រាស់​អាវុធ​នោះ គឺ​ជា​ការ​មួលបង្កាច់ បង្ខូច​កិត្តិនាម​ព្រះអង្គ។

ព្រះសង្ឃ គៀត ច័ន្ទធុច មាន​ថេរ​ដីកា​បង្ហាញ​ភាព​ស្អាតស្អំ​ថា ក្នុង​នាម​ជា​មេ​ដឹក​នាំ​សង្ឃ គឺ​ព្រះអង្គ​ត្រូវ​ធ្វើ​ជា​គំរូ និង​មិន​អាច​ទៅ​ប្រព្រឹត្ត​កំហុស​ឆ្គង​ឲ្យ​ប្រាសចាក​ខុស​ធម៌​វិន័យ​សាសនា​ដូច​ការ​ចោទ​ទេ។ ជាង​នេះ នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំៗ​នេះ ព្រះអង្គ​ក៏​បាន​រៀបចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ និង​មាន​ប្រជា​ពុទ្ធបរិស័ទ​ចេញ ឬ​ចូល​មក​ធ្វើ​បុណ្យ​ជា​ធម្មតា​ដូច​បណ្ដា​ឆ្នាំ​មុនៗ​ដែរ ហើយ​ព្រះអង្គ​មិន​បាន​និមន្ត​ចេញ​ពី​វត្ត​នេះ​ទេ៖ «ជា​ពាក្យ​ចចាមអារ៉ាម ឬ​ក៏​ជា​ការ​ចោទ​ប្រកាន់​បង្ខូច​ព្រះនាម​របស់​អាត្មា​ភាព​ទេ។ អាត្មា​ភាព​ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​សង្ឃ​នៅ​ខេត្ត​ព្រះសីហនុ មិន​បាន​ទៅ​ប្រព្រឹត្ត​ខុស​ធម៌​វិន័យ​ព្រះសង្ឃ ឬ​ព្រះពុទ្ធ​សាសនា​ដូច​ការ​ចោទ​ទេ។ សូម​ឲ្យ​ក្មួយ​វិទ្យុ​អាស៊ីសេរី ដែល​ជា​វិទ្យុ​មាន​ការ​គាំទ្រ​ជា​អន្តរជាតិ និង​មាន​ប្រជាប្រិយភាព​ខ្លាំង ជួយ​ផ្សាយ​រឿង​ពិត​របស់​អាត្មា​ភាព​ឲ្យ​បាន​ត្រឹមត្រូវ​ផង គឺ​អាត្មា​មិន​បាន​ប្រព្រឹត្ត​ខុស​ធម៌​វិន័យ​របស់​ព្រះពុទ្ធ​សាសនា ឬ​ព្រះសង្ឃ​ដូច​ការ​ចោទ​ទេ»

ទោះ​ជា​បែប​នេះ​ក្តី ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ចំណុះ​ជើង​វត្ត​លើ មួយ​ចំនួន បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​ថា នៅ​មុន​ប៉ុន្មាន​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ចូល​មក​ដល់ ព្រះចៅ​អធិការ គៀត ច័ន្ទធុច បាន​ឆាន់​ស្រា​ស្រវឹង​ធ្លាក់​ព្រះនេត្រ​ពីរ​បី​ថ្ងៃ​ជាប់​គ្នា និង​ថែម​ទាំង​បាន​ចាក់​ធុងបាស​បទ​ញាក់​ឮ​កង​រំពង​ពេញ​វត្ត ហើយ​បាន​បណ្ដេញ​ព្រះសង្ឃ​មួយ​អង្គ​ចេញ​ពី​វត្ត​នេះ​ពិត​មែន។

ផ្ដើម​ពី​បញ្ហា​នេះ លោក ឃុន សាវឿន មន្ត្រី​អង្កេត​នៃ​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ព្រះសីហនុ ដែល​ធ្លាប់​បួស​ជា​ព្រះសង្ឃ​ជាង ១០​ឆ្នាំ ក៏​បាន​សំណូមពរ​ដល់​ថ្នាក់​ដឹក​នាំ​ក្រសួង​ធម្មការ និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ចុះ​ស៊ើប​អង្កេត​ចំពោះ​សកម្មភាព​របស់​ព្រះចៅ​អធិការ​វត្ត​លើ ព្រះនាម គៀត ច័ន្ទធុច ដើម្បី​ឲ្យ​ប្រាកដ​ថា ព្រះសង្ឃ​អង្គ​នេះ​ពិត​ជា​បាន​ប្រព្រឹត្ត​ខុស​ធម៌​វិន័យ​ព្រះពុទ្ធ​សាសនា​ដូច​ការ​ចោទ ឬ​យ៉ាង​ណា? ការ​ធ្វើ​បែប​នេះ ប្រយោជន៍​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ព្រះពុទ្ធ​សាសនា​ធ្ងន់ធ្ងរ​នា​ថ្ងៃ​អនាគត៖ «សូម​ឲ្យ​មន្ត្រី​ស្ថាប័ន​រដ្ឋសភា ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​មាន​វិធានការ ឬ​ចុះ​អង្កេត​ទៅ​លើ​សកម្មភាព​មិន​ប្រក្រតី​របស់​ព្រះ​ចៅ​អធិការ​វត្ត​ជោតិញាណ ឬ​វត្ត​លើ ព្រះនាម គៀត ច័ន្ទធុច ដែល​ត្រូវ​ពលរដ្ឋ និង​ព្រះសង្ឃ​គង់​នៅ​វត្ត​នេះ​មួយ​ចំនួន ចោទ​ប្រព្រឹត្ត​ខុស​ធម៌​វិន័យ​ព្រះពុទ្ធ​សាសនា​ឲ្យ​បាន​ឆាប់ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ»

មិន​មែន​តែ​ប្រជា​ពុទ្ធបរិស័ទ និង​ព្រះសង្ឃ​អង្គ​ខ្លះ​គង់​ក្នុង​វត្ត​ជោតិញាណ ហៅ​វត្ត​លើ នោះ​ទេ ដែល​បាន​ចោទ ឬ​ដឹង​ឮ​លើ​ករណី​ព្រះចៅ​អធិការ គៀត ច័ន្ទធុច ប្រព្រឹត្ត​ខុស​ធម៌​វិន័យ​ព្រះពុទ្ធ​សាសនា ឬ​វិន័យ​សង្ឃ សូម្បី​មន្ត្រី​រាជការ​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​សាលា​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​នៅ​តាម​មន្ទីរ​មួយ​ចំនួន​នា​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ ក៏​បាន​ដឹង​ឮ​រឿង​នេះ​ដែរ ប៉ុន្តែ​កន្លង​មក​មិន​មាន​ស្ថាប័ន​ណា​មួយ​ហ៊ាន​ចេញ​មុខ​ទប់ស្កាត់​សកម្មភាព​ព្រះចៅ​អធិការ​អង្គ​នេះ​ទេ។

ផ្ដើម​ពី​បញ្ហា​នេះ មន្ត្រី​នៅ​តាម​មន្ទីរ​ខ្លះ​នា​ខេត្ត​ព្រះសីហនុ ក៏​ចង់​ឃើញ​ថ្នាក់​ដឹក​នាំ​ក្រសួង​ធម្មការ និង​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់​ជាតិ ចុះ​អង្កេត និង​មាន​វិធានការ​ទប់ស្កាត់​បញ្ហា​កើត​មាន​នៅ​វត្ត​ជោតិញាណ ហៅ​វត្ត​លើ របស់​ព្រះចៅ​អធិការ គៀត ច័ន្ទធុច ឲ្យ​បាន​ជា​ស្ថាពរ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ។

បញ្ហា​នេះ​ដែរ ប្រជា​ពុទ្ធបរិស័ទ​ខេត្ត​ព្រះសីហនុ ដែល​ធ្លាប់​អញ្ជើញ​ទៅ​ស្រោច​ទឹក ឬ​និមន្ត​ព្រះចៅ​អធិការ​វត្ត​លើ ព្រះនាម គៀត ច័ន្ទធុច ស្រោច​ទឹក ឬ​ធ្វើ​មន្ត​គាថា​ផ្សេងៗ បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​២២ ខែ​មេសា ថា នៅ​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​បាន​បញ្ចប់ មិន​ឃើញ​វត្តមាន​ព្រះចៅ​អធិការ​វត្ត​នេះ​គង់​ក្នុង​វត្ត​ទេ ព្រោះ​ពួក​គេ​បាន​ព្យាយាម​ជួប​ព្រះសង្ឃ​អង្គ​នេះ​ប៉ុន្មាន​ថ្ងៃ​មក​នេះ ប៉ុន្តែ​កុដិ​របស់​ព្រះអង្គ​បាន​ចាក់​សោ​ជាប់​រហូត​មក​ដល់​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

នៅតាមវត្តគួរតែមានក្រុមប្រឹក្សាវិន័យធម៍

Apr 23, 2015 01:26 PM

អ្នក​អាន​អនាមិក

គាត់ចង់ ផឹកស្រា អោយគាត់ ផ្សឹកទៅ !

Apr 22, 2015 07:19 AM

គេហទំព័រ​ទាំងមូល