ស្ត្រី​កម្មករ​រោងចក្រ ចាកា ស៊ូ JACKA SHOES ត្រូវ​ថៅកែ​បញ្ឈប់​ពី​ការងារ​ក្រោយ​ចូលរួម​ជាមួយ​សហជីព

ដោយ ទីន ហ្សាការីយ៉ា
2020-05-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ស្ត្រី​ជា​កម្មករ​រោងចក្រ​ដេរ​ស្បែក​ជើង ចាកាស៊ូ (JACKA SHOES) ពីរ​នាក់​​ត្រូវ​ថៅកែ​រោងចក្រ​បញ្ឈប់​ការងារ​បន្ទាប់​ពី​ ពួក​គេ​ ចូលរួម​សកម្មភាព​ជាមួយ​សហជីព​។ មន្រ្តី​សហជីព​ថា​ ទង្វើ​បែប​នេះ​របស់​ភាគី​ថៅកែ​រោងចក្រ​ជា​ការ​រំលោភ​ច្បាប់​ការងារ​ និង​ស្នើ​ទៅ​កម្មករ​ដែល​បាត់បង់​ការងារ​នោះ​រក​អន្តរាគមន៍​ពី​សហជីព​​ ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ​។

កម្មការិនី​រោងចក្រ ចាកា ស៊ូ (Jacka shoes factory) ម្នាក់ គឺ​លោកស្រី​ ឈន​ សម្ផស្ស​ ដែល​ត្រូវ​ថៅកែ​បញ្ឈប់​ពី​ការងារ​ថា​ មិន​ទទួល​យក​ការ​សម្រេច​របស់​ថៅកែ​រោងចក្រ​ទេ​និង​កំពុង​រៀប​ចំ​ដាក់​ពាក្យ​ប្ដឹង​​ថៅកែ​រោងចក្រ​។ លោក​ស្រី​ ចាត់​ទុក​ថា​ ករណី​នេះ​ជា​រឿង​អយុត្តិធម៌​និង​ស្នើ​ទៅ​ក្រសួង​ការងារ​ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​​​ដល់​រូប​នាង​។ កម្មការិនី​ដដែល​បន្ត​ថា​ ភាគី​ថៅកែ​មិន​បាន​ជូន​ដំណឹង​ឲ្យ​ដឹង​មុន​ និង​មិន​បាន​ប្រាប់​ពី​ហេតុផល​អ្វី​នោះ​ទេ​គ្រាន់​តែ​ប្រាប់​ថា​ រោងចក្រ​នេះ​អស់​និស្ស័យ​និង​នាង​ហើយ៖ «ធ្វើ​ម៉េច សម្ផស្ស​ធ្វើ​ម៉េច​បើ​រោងចក្រ​អស់​និស្ស័យ​ជាមួយ​សម្ផស្ស​ឯង​គេ​និយាយ​អ៊ីចឹង ព្រោះ​អី​ខាង​រោងចក្រ​ហ្នឹង​ដូច​ជា​កុម្មុយនិស្ត​ដល់​ម៉ុង​គាត់​ចង់​បញ្ឈប់​អ្នកណា​គាត់​បញ្ឈប់​អ្នក​ហ្នឹង​ហ្មង​អ៊ីចឹង»

លោក​ស្រី ឈន សម្ផស្ស​ ឲ្យ​ដឹង​ថា​ នាង​បាន​ធ្វើ​ការ​ងារ​នៅ​រោង​ចក្រ​នេះ​ជិត​៦​ឆ្នាំ​ហើយ​ ហើយ​ការ​បញ្ឈប់​នេះ​គឺ​ធ្វើ​ឡើង​មុន​កិច្ចសន្យា​។ លោក​ស្រី​ រម្លឹក​ថា​ កាល​ពី​ខែ​មីនា​កន្លង​មក​ លោក​ស្រី​ធ្លាប់​បាន​ចូលរួម​ទាមទារ​តវ៉ា​ឲ្យ​ថៅកែ​ផ្ដល់​ប្រាក់​អត្ថប្រយោជន៍​មួយ​ចំនួន​ដល់​កម្មករ។

កម្មករ​ម្នាក់​ទៀត​កញ្ញា ស្រី មុំ ប្រាប់​ថា ថៅកែ​រោងចក្រ​បាន​ហាម​មិន​ឱ្យ​កម្មករ​ បង្កើត​សហជីព​នៅ​ក្នុង​រោង​ចក្រ​នេះ​ទេ​ ហើយ​បើ​គេ​ដឹង​ថា​មាន​អ្នក​ណា​ចង់​ធ្វើ​តំណាង​កម្មករ ថៅកែ​នឹង​បញ្ឈប់​កម្មករ​នោះ​ចោល​។​ កញ្ញា​បន្ត​ថា​ ថៅកែ​រោងចក្រ​បញ្ឈប់​កម្មករ​ស្ទើរ​រាល់​ថ្ងៃ​ដោយ​មិន​បាន​ជូន​ដំណឹង​ជា​មុន​ ឬ​ផ្ដល់​​សំណង​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់​ការងារ​ឡើយ៖ «ទាក់​គេ​ប្រាប់​ថា ​គេ​នឹង​បញ្ឈប់​ចោល​ទាំង​អស់​អត់​ឥវ៉ាន់​ធ្វើ​ប៉ុន្តែ​ឥវ៉ាន់​មាន​ធ្វើ​កម្មករ​នៅ​ធ្វើ​រាល់​ថ្ងៃ»

ទាក់​ទង​ការ​ចោទ​ប្រកាន់​នេះ​ អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​បុគ្គលិក​ផ្នែក​រដ្ឋបាល​នៃ​រោងចក្រ​ចាកា ស៊ូ នៅ​ថ្ងៃ​ទី១០ ខែ​ឧសភា ប៉ុន្តែ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​គ្មាន​អ្នក​ទទួល។ ចំណែក​ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ ក៏​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ដែរ​ដោយ​លោក​ មិន​ទទួល​ទូរស័ព្ទ។

ប្រធាន​​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា តាម​ច្បាប់​ការងារ​មិន​បាន​ហាម​ឃាត់​កម្មករ​មិន​ឲ្យ​ចូល​រួម​សកម្មភាព​ជាមួយ​សហជីព​ទេ​ ហើយ​បើ​ថៃ​កែ​បញ្ឈប់​កម្មករ​ព្រោះ​មាន​ការ​ចូល​រួម​ជាមួយ​សហជីព​ជា​ការ​រំលោភ​សិទ្ធិ​កម្មករ​យ៉ាង​ធ្ងន់ធ្ងរ​។​ លោក​បន្ត​ថា​ កម្មករ​ដែល​ត្រូវ​ថៅកែ​បញ្ឈប់​អាច​បន្ត​​ជជែក​ជាមួយ​ថៅកែ​និង​រក​អន្តរាគមន៍​ទៅ​តំណាង​សហជីព​ ក្រសួង​ការងារ​និង​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល៖ «ក្រុម​ច្បាប់​ការងារ​អនុសញ្ញា​អន្តរជាតិ​គេ​ហាម​ឃាត់​ចំពោះ​សកម្មភាព​រាំងស្ទះ​ឬ​ក៏​ជ្រៀតជ្រែក ឬ​រើស​អើង​សហជីព​ហ្នឹង​ខ្លាំង​ណាស់​ហើយ​ច្បាប់​សហជីព​ថ្មី​នេះ​ត្បិត​តែ​តឹង​តែង​លើ​សហជីព ប៉ុន្តែ​គេ​ក៏​បាន​ផ្ដល់​កម្មករ​ក្នុង​ការ​ជ្រើសរើស​ឬ​ចូលរួម​នឹង​សហជីព​ដែរ​ហើយ​បើ​គេ​រក​ឃើញ​ថា​ និយោជក​ណា​រើសអើង​ឬ​ក៏​ជ្រៀតជ្រែក​ការងារ​សហជីព​កម្មករ​អាច​ប្ដឹង​និយោជក​ហ្នឹង​បាន​ទៀត»

ក្រុម​កម្មករ​ឲ្យ​ដឹង​ថា​ រហូត​មក​ដល់​ពេល​នេះ​ ថៅកែ​រោងចក្រ ចាកា ស៊ូ បាន​បញ្ឈប់​កម្មករ​ប្រមាណ​២០០នាក់​ហើយ។

ច្បាប់​ការងារ​ចែង​ថា​ ការ​បញ្ឈប់​កម្មករ​ដែល​មាន​អតីតភាព​ការងារ​ចាប់​ពី ២ឆ្នាំ​ទៅ ៥ឆ្នាំ ត្រូវ​ជូន​ដំណឹង​មុន​យ៉ាង​តិច ១ខែ អតីតភាព​ការងារ​ពី ៥ឆ្នាំ​ទៅ ១០ឆ្នាំ ត្រូវ​ជូន​ដំណឹង​មុន​យ៉ាង​តិច ២ខែ។ និយោជក​ត្រូវ​ផ្ដល់​ទៅ​ឲ្យ​កម្មករ​និយោជិត​នូវ​ប្រាក់បំណាច់​បណ្ដេញ​ចេញ​ពី​ការងារ ហើយ​ប្រាក់​បំណាច់​បណ្ដេញ​ចេញ​នេះ​ទៀត​សោត ក៏​ត្រូវ​គិត​ទៅតាម​អតីតភាព​ការងារ​របស់​និយោជិត​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល