ជប៉ុន​ផ្តល់​សម្ភារៈ​សិក្សា​ដល់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ជិត​២​លាន​ដុល្លារ

រាជ​រដ្ឋាភិបាល​ជប៉ុន ផ្តល់​ជំនួយ​ឥត​សំណង​ជា​សម្ភារៈ​បច្ចេកទេស មាន​ទឹក​ប្រាក់​ជិត ២​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បី​កែលំអ​សម្ភារៈ​សិក្សា ដល់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។ រដ្ឋមន្ត្រី​ក្រសួង​អប់រំ និង​និស្សិត បាន​សាទរ និង​ចាត់​ទុក​ការ​ផ្តល់​សម្ភារៈ​បច្ចេកទេស​របស់​ជប៉ុន ថា​បាន​ឆ្លើយ​តប​ទាន់​ពេល​វេលា​ទៅ​នឹង​ជំនាញ​​ពួក​គេ។
ដោយ ដែន អយុធ្យា
2013-10-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
និស្សិត​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នៅ​ក្នុង​បន្ទប់​ពិសោធន៍ នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៣។
និស្សិត​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នៅ​ក្នុង​បន្ទប់​ពិសោធន៍ នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៣។
RFA/Den Ayuthyea

សម្ភារៈ​បច្ចេកទេស​ដែល​រាជ​រដ្ឋាភិបាល​ជប៉ុន ផ្តល់​ជូន​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា មាន ២​ផ្នែក គឺ​មាន​គម្រោង​កែលំអ​សម្ភារៈ​សិក្សា​របស់​ដេប៉ាតឺម៉ង់​ទេពកោសល្យ​ធនធាន​រ៉ែ និង​ភូគព្ភសាស្ត្រ និង​គម្រោង​អភិវឌ្ឍន៍​សមត្ថភាព​​អប់រំ នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។

លោក ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក គូម៉ាម៉ារ៉ុ យូជិ (Kumamaru Yuji) ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា បាន​ចូល​រួម​ជា​អធិបតី​ក្នុង​ពិធី​ផ្តល់​ជំនួយ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែ​តុលា។

លោក គូម៉ាម៉ារ៉ុ យូជិ ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ថា សម្ភារៈ​ផ្តល់​ជូន​វិទ្យាស្ថាន​បច្ចេកវិទ្យា​​កម្ពុជា ពេល​នេះ គឺ​ជា​សម្ភារៈ​បច្ចេកទេស​សម្រាប់​ផ្នែក​កិច្ចការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​មន្ទីរ​ពិសោធន៍ ដែល​ត្រូវ​ដំណើរ​ដោយ​ដេប៉ាតឺម៉ង់​ចំនួន​៣ នៅ​វិទ្យាស្ថាន​នេះ។ ក្នុង​នោះ មាន​ដេប៉ាតឺម៉ង់​ទេពកោសល្យ​ធនធាន​រ៉ែ និង​ភូគព្ភសាស្ត្រ ដេប៉ាតឺម៉ង់​ទេពកោសល្យ​ឧស្សាហកម្ម និង​មេកានិច និង​ដេប៉ាតឺម៉ង់​ទេពកោសល្យ​​អគ្គិសនី និង​ថាមពល។ លោក​ថា សម្ភារៈ​ទាំងអស់​នេះ គិត​ជា​ទឹក​ប្រាក់​សរុប​ជិត ២​លាន​ដុល្លារ​​សហរដ្ឋ​អាមេរិក។

ឯកអគ្គរាជទូត​ជប៉ុន សង្កត់​ធ្ងន់​ថា គោល​បំណង​សំខាន់​នៃ​ការ​ផ្តល់​សម្ភារៈ​បច្ចេកទេស​សិក្សា​អប់រំ​របស់​ជប៉ុន ដល់​កម្ពុជា ពេល​នេះ គឺ​ចង់​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស ដែល​ចង់​មាន​ចំណេះ​ដឹង និង​សេចក្តី​ប្រាថ្នា​ផ្នែក​វិទ្យាសាស្ត្រ។

លោក ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ និង​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បាន​សាទរ និង​ចាត់​ទុក​សម្ភារៈ​​បច្ចេកទេស​របស់​ជប៉ុន ពេល​នេះ ថា​ជា​ការ​ឆ្លើយ​តប​បាន​ទាន់​ពេល​វេលា នៅ​គ្រា​សក្ដានុពល​របស់​កម្ពុជា ក្នុង​វិស័យ​ឧស្សាហកម្ម​ប្រេង និង​រ៉ែ កាន់​តែ​មាន​ឈ្មោះ​ល្បី​រន្ទឺ និង​កំពុង​ខ្វះខាត​នូវ​សម្ភារៈ​បច្ចេកទេស​ទាំង​នេះ។

លោក ហង្ស ជួនណារ៉ុន (ស្ដាំ) រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក គូម៉ាម៉ារ៉ុ យូជិ (Kumamaru Yuji) ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា ចូល​រួម​ជា​អធិបតី​ក្នុង​ពិធី​ផ្តល់​ជំនួយ​ដល់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៣។ RFA/Den Ayuthyea
លោក ហង្ស ជួនណារ៉ុន (ស្ដាំ) រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក គូម៉ាម៉ារ៉ុ យូជិ (Kumamaru Yuji) ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា ចូល​រួម​ជា​អធិបតី​ក្នុង​ពិធី​ផ្តល់​ជំនួយ​ដល់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៣។ RFA/Den Ayuthyea

លោក អ៊ុម រម្យណី នាយក​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា និង​ក្រុម​និស្សិត​រៀន​នៅ​វិទ្យាស្ថាន​នេះ បាន​លើក​ឡើង​ថា ក្រៅ​ពី​រៀន​ទ្រឹស្ដី​លើ​ជំនាញ​បច្ចេកទេស​អ្វី​មួយ គឺ​ចាំបាច់​ត្រូវ​មាន​សម្ភារៈ​ដើម្បី​យក​មក​អនុវត្ត​ផ្ទាល់ ទើប​ឆាប់​​យល់​នូវ​ជំនាញ​ទាំង​នោះ។

ក្រុម​និស្សិត​ថ្លែង​ថា ការ​ផ្តល់​សម្ភារៈ​បច្ចេកទេស​របស់​ជប៉ុន ពេល​នេះ ជា​ការ​ឆ្លើយ​តប​បាន​ទាន់​ពេល​ដល់​ការ​លើក​កម្ពស់​ជំនាញ​វិជ្ជាជីវៈ និង​ការ​ធ្វើ​ពិសោធន៍​នៅ​តាម​ជំនាញ​របស់​ពួក​គេ៖ «ជួយ​ឲ្យ​វិទ្យាស្ថាន​យើង​ទទួល​បាន​ការ​សិក្សា​ល្អ ដោយសារ​តែ​វិទ្យាស្ថាន​យើង​មាន​បច្ចេកវិទ្យា​ទំនើបៗ។ សម័យ​ឥឡូវ បើ​យើង​គិត​ពី​ការ​សិក្សា គឺ​ត្រូវ​ពឹងពាក់​ទៅ​លើ​បច្ចេកវិទ្យា។ បើ​បច្ចេកវិទ្យា​កាន់​តែ​ទំនើប ក៏​ការ​សិក្សា​រិះ​រក និង​គំនិត​របស់​យើង ក៏​កាន់​តែ​ខ្ពស់​ដែរ។ ឧទាហរណ៍ បើ​យើង​រៀន​មាន​កុំព្យូទ័រ យើង​អាច​ស្រាវជ្រាវ​រក​ព័ត៌មាន​ក្នុង​អ៊ីនធឺណិត​បាន​ឯកសារ​លឿន។ ប៉ុន្តែ បើ​យើង​អត់ គឺ​នៅ​សរសេរ​ដៃ គំនិត​យើង​ក៏​មិន​បាន​ទូលំទូលាយ ហើយ​គំនិត​យើង​ក៏​មិន​បាន​ជឿនលឿន»

​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង្ស ជួនណារ៉ុន ដែល​ទើប​ទទួល​តំណែង​ថ្មី បាន​ចាត់​ទុក​ជំនួយ ឬ​សម្ភារៈ​បច្ចេកទេស​របស់​រដ្ឋាភិបាល​ជប៉ុន ​​ពេល​នេះ​ថា នឹង​រួម​ចំណែក​​​ពង្រឹង​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ កាន់​តែ​ជិតស្និទ្ធ​ថែម​ទៀត​នា​ថ្ងៃ​អនាគត។ លោក​មាន​ជំនឿ​ថា សម្ភារៈ​បច្ចេកទេស​ដែល​ជប៉ុន ផ្តល់​ជូន​ពេល​នេះ នឹង​ជួយ​ឲ្យ​​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ពិសេស​និស្សិត​មាន​ជំនាញ និង​ចំណេះ​ពិត​ប្រាកដ​នា​ថ្ងៃ​អនាគត ទាក់ទង​នឹង​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

សំបូ

សូមអំពាវនាវ សូមកុំអោយ កម្ពុជា សព្វថ្ងៃខ្ចីលុយ ប្រយ័ត្ន គ្នានអ្នក
សង ជំនួយ​ដែលជួយ ចោលួចសន្លឹកឆ្នោត គឺជាបទឧដ្រ្ឋិតអន្តរជាតិ
រដ្ឋាភិបាលស្របច្បាប់ គឺសភាដែលកើតចេញ​ពីរាស្រ្ត មិនកើតចេញ​
ពីចោលួចសន្លឺកឆ្នោត ទេ

Nov 01, 2013 04:44 AM

អ្នក​អាន​អនាមិក

ខ្ញុំសូមឲ្យកែពាក្យនិយាយ គឺវិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា​ មិនមែន វិទ្យាស្ថានបច្ចេកទេសនៃកម្ពុជា​ ទេ!

Oct 31, 2013 10:49 AM

គេហទំព័រ​ទាំងមូល