សហគមន៍​ភូមិ​ពាក់​ខេត្ត​រតនគិរី​បង្ហាញ​កង្វល់​៥​ចំណុច​ដើម្បី​ដាក់​ចូល​ក្នុង​ផែនការ​អភិវឌ្ឍន៍

ដោយ រដ្ឋា វិសាល
2015-07-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទីស្នាក់ការ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ ភូមិ​ពាក់ ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។ រូបថត​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៥
ទីស្នាក់ការ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ ភូមិ​ពាក់ ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។ រូបថត​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៥
RFA/Ratha Visal

ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ពាក់ ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល រួម​ទាំង​ក្រុមហ៊ុន​ពាក់ព័ន្ធ​នៅ​មូលដ្ឋាន បាន​ជួប​ពិគ្រោះ​យោបល់​គ្នា ដើម្បី​ធ្វើ​ផែនការ​វិនិយោគ​សហគមន៍​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​សមាហរណកម្ម​អភិវឌ្ឍន៍​របស់​ក្រុមប្រឹក្សា​ឃុំ ដើម្បី​លើក​កម្ពស់​ជីវភាព​រស់នៅ​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ឲ្យ​បាន​កាន់​តែ​ប្រសើរ។

គម្រោង​នេះ ក៏​នឹង​កាត់​បន្ថយ​ផល​ប៉ះពាល់​នានា​ដែល​បណ្ដាល​មក​ពី​គម្រោង​វិនិយោគ​នានា​នៅ​មូលដ្ឋាន​ប្រជាពលរដ្ឋ​រស់នៅ។ តើ​អ្វី​ទៅ​ជា​គម្រោង​ផែនការ​វិនិយោគ​របស់​សហគមន៍​ភូមិ​ពាក់?

កង្វល់ ៥​ចំណុច​សំខាន់ៗ ត្រូវ​បាន​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភូមិ​ពាក់ បង្ហាញ​នៅ​ក្នុង​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​ក្រុមហ៊ុន​ពាក់ព័ន្ធ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា នៅ​សាលា​ប្រជុំ​ភូមិ​ពាក់ ដើម្បី​ដាក់​ចេញ​ជា​ផែនការ​អភិវឌ្ឍន៍​ភូមិ ជូន​ក្រុមប្រឹក្សា​ឃុំ​អនុម័ត​ធ្វើ​សមាហរណកម្ម​ក្នុង​កម្មវិធី​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន។

កង្វល់ ៥​ចំណុច​របស់​សហគមន៍​រួម​មាន កង្វះ​សមត្ថភាព​ផ្នែក​ភាសា​ខ្មែរ និង​អង់គ្លេស​របស់​សមាជិក​សហគមន៍ ដើម្បី​ចាប់​យក​ឱកាស​ការងារ ខណៈ​ក្រុមហ៊ុន​សម្បទាន​ចូល​មក​វិនិយោគ​នៅ​តំបន់​អ្នក​ភូមិ​រស់នៅ កង្វល់​បញ្ហា​សុខភាព​តាម​ភូមិ កង្វះ​ប្រព័ន្ធ​ទឹក​ស្អាត កង្វល់​ពី​ការ​ពង្រីក​ដែនដី​រុក​រក​រ៉ែ​លោហៈ​របស់​ក្រុមហ៊ុន​នៅ​ថ្ងៃ​អនាគត និង​ភាព​យឺតយ៉ាវ​នៃ​ការ​ចុះ​បញ្ជី​ដីធ្លី។

ប្រធាន​ផ្នែក​កម្មវិធី​សិទ្ធិ​ទទួល​បាន​យុត្តិធម៌ នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សហគមន៍ លោក ឡាយ សុវត្ថរ៉ា មាន​ប្រសាសន៍​បញ្ជាក់​ថា កង្វល់​ទាំង ៥​ចំណុច​របស់​សហគមន៍​នេះ ក្រុម​ការងារ​របស់​លោក​បាន​ជួយ​សម្រប​សម្រួល​រៀបចំ​ជា​គម្រោង​ផែនការ សម្រាប់​សហគមន៍ និង​ដៃគូ​ពាក់ព័ន្ធ ឯកភាព​គ្នា​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​អភិវឌ្ឍន៍​ឃុំ ដើម្បី​មន្ត្រី​អាជ្ញាធរ​ពិនិត្យ​សម្រេច។ ចំណែក​ក្រុមហ៊ុន​វិនិយោគ គឺ​ជា​ម្ចាស់​មូលនិធិ​សម្រាប់​ឧបត្ថម្ភ​គម្រោង​អភិវឌ្ឍន៍​នោះ ស្រប​តាម​លក្ខខណ្ឌ​វិនិយោគ​របស់​ក្រុមហ៊ុន៖ «ជួយ​ហ្នឹង គឺ​ជួយ​យក​ផែនការ​ដែល​ជា​កង្វល់ ដែល​ជា​ដំណោះស្រាយ​បញ្ហា​របស់​សហគមន៍ ដាក់​បញ្ចូល​ថ្នាក់​ឃុំ ហើយ​ថ្នាក់​ស្រុក​ខេត្ត​ក៏​ទទួល​ស្គាល់​ដល់​អនុវត្ត​ក្រុមហ៊ុន មេស​ហ្គោល (Meas Gold) គាត់​មាន​លុយ គាត់​មាន​ទុន គាត់​ដាក់​មក​អនុវត្ត ដើម្បី​យក​ឱកាស​ឲ្យ​ទាន់​ពេល ព្រោះ​ឃុំ​គេ​ចាប់​ផ្ដើម​ធ្វើ​ហើយ»

មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​ផ្ដួចផ្ដើម​វគ្គ​បណ្តុះបណ្តាល​គម្រោង​ផែនការ​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន​នៅ​ខេត្ត​រតនគិរី ចាប់​ពី​ខែ​មិថុនា ឆ្នាំ​២០១៥ ក្នុង​ឃុំ​ចំនួន​៥ ក្នុង​នោះ​ភូមិ​ចំនួន​៨ បាន​ទទួល​យក​គំនិត​ផ្ដួចផ្ដើម​រៀបចំ​ផែនការ​អភិវឌ្ឍន៍​នេះ។

តំណាង​អ្នក​ភូមិ លោក រម៉ាស ហិន មាន​ប្រសាសន៍​ថា អ្នក​ភូមិ​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ដី និង​ផល​ប៉ះពាល់​ផ្សេង​ទៀត​ពី​ការ​វិនិយោគ​ដី​សម្បទាន​រ៉ែ នៅ​តំបន់​អ្នក​ភូមិ​រស់នៅ​ទៅ​ឲ្យ​ក្រុមហ៊ុន ជាពិសេស​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច ត្រូវ​ការ​ដី​ប្រកប​របរ​ចិញ្ចឹម​ជីវិត ពីព្រោះ​សហគមន៍​មិន​មាន​ចំណេះ​ដឹង​ស្វែងរក​ការងារ​ធ្វើ​ក្រៅ​សហគមន៍​បាន​ឡើយ៖ «ខ្ញុំ​នៅ​ភូមិ​ពាក់ អត់​ត្រូវ​ការ​ស្អី​ទេ ចាស់​ទុំ​អត់​ទារ​លុយ​ទារ​ស្អី​ទេ ប្រជាជន​គេ​ខ្លាច​អស់​ដី។ អត់​ចង់​យក​លុយ​ទេ ចង់​បាន​ដី គេ​មិន​ចង់​សម្បទាន​ដី​មាស​ណា»

ក្រសួង​រ៉ែ និង​ថាមពល គ្រោង​នឹង​ផ្តល់​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ទៅ​ឲ្យ​ក្រុមហ៊ុន​ឈ្មោះ មេស​ហ្គោល របស់​ប្រទេស​ឥណ្ឌា ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ភូមិ​ពាក់ ស្រុក​អូរយ៉ាដាវ លើ​ផ្ទៃដី​ខាង​លើ ៥០​ហិកតារ ជម្រៅ​ចុះ​ទៅ​ក្រោម​ដី ៣០​ម៉ែត្រ និង​ទំហំ​វិនិយោគ​ក្រោម​ដី ១២​គីឡូម៉ែត្រ​ការ៉េ បន្ទាប់​ពី​ក្រុមហ៊ុន អង្គរ​ហ្គោល (Angkor Gold) របស់​ប្រទេស​អូស្ត្រាលី បាន​សិក្សា​ស្រាវជ្រាវ​រយៈពេល ១០​ឆ្នាំ​នៅ​ឃុំ​យ៉ាទុង និង​បាន​រក​ឃើញ​មាន​រ៉ែ​មាស​នៅ​តំបន់​នោះ​លាត​សន្ធឹង​ពី​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ទៅ​ទល់​នឹង​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ ជាប់​ព្រំដែន​នៃ​ខេត្ត​ភាគ​ឦសាន​មួយ​នេះ។

ប្រធាន​សមាគម​ខ្មែរ​លើ អ្នកស្រី ដាំ ចន្ធី កត់​សម្គាល់​ថា ក្រុមហ៊ុន មេស​ហ្គោល គឺ​ជា​ក្រុមហ៊ុន​ដំបូង​ដែល​បាន​អនុវត្ត​គោលការណ៍​វិនិយោគ ផ្សារភ្ជាប់​ជាមួយ​ដំណោះស្រាយ​ផល​ប៉ះពាល់ និង​រួម​ចំណែក​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ជូន​សហគមន៍​បាន​ត្រឹមត្រូវ។ អ្នកស្រី​គាំទ្រ​ចំពោះ​ផែនការ​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន ដែល​ជា​ផ្នែក​សំខាន់​សម្រាប់​កាត់​បន្ថយ​ផល​ប៉ះពាល់ និង​ជួយ​ពង្រឹង​ជីវភាព​រស់នៅ​របស់​សហគមន៍​បាន​កាន់​តែ​ប្រសើរ៖ «ពេល​ដែល​គេ​ធ្វើ​ត្រឹមត្រូវ ហើយ​គេ​យក​ទៅ​ឲ្យ​គាត់​មើល​ហើយ ផ្ដិត​មេដៃ​ដើម្បី​ដាក់​ទៅ​ឃុំ​ស្រុក។ ខ្ញុំ​គិត​ថា ផែនការ​របស់​គាត់​នឹង​ធ្វើ​ឲ្យ​គាត់​ប្រសើរ​ឡើង មួយ​ទៀត​យើង​ឃើញ​កិច្ចសន្យា​រវាង​ក្រុមហ៊ុន​ជាមួយ​សហគមន៍​ក៏​ប្រសើរ​ដែរ»

ទាក់ទិន​ការ​ព្រួយ​បារម្ភ​របស់​ពលរដ្ឋ តំណាង​ក្រុមហ៊ុន មេស​ហ្គោល លោក រម៉ាម ឡាច មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុមហ៊ុន​នៅ​តែ​គោរព​បទដ្ឋាន​ធ្វើ​អាជីវកម្ម​តាម​បច្ចេកទេស​ស្តង់ដារ​អន្តរជាតិ និង​ឈរ​លើ​មូលដ្ឋាន​គោរព​ច្បាប់​ជាតិ​អន្តរជាតិ រួម​ទាំង​សិទ្ធិ​មនុស្ស។ លោក​កត់​សម្គាល់​ថា ក្រុមហ៊ុន​មាន​បទពិសោធន៍​ជាង ៣០​ឆ្នាំ ទាក់ទិន​ការ​រុក​រក​រ៉ែ​នេះ​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភពលោក ជាពិសេស​ក្រុមហ៊ុន​បាន​បំពេញ​លក្ខខណ្ឌ​អភិវឌ្ឍន៍​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ដែល​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម៖ «មាន​បទពិសោធន៍​ច្រើន​ឆ្នាំ​ហើយ ក្នុង​ការ​ជីក​រក​រ៉ែ​នេះ គឺ​រយៈពេល​ជាង ៣០​ឆ្នាំ មិន​មែន​តែ​នៅ​ប្រទេស​កម្ពុជា យើង​ទេ គឺ​នៅ​ក្រៅ​ប្រទេស​កន្លែង​ដែល​បាន​ទៅ គឺ​សុទ្ធតែ​បាន​ជួយ​អភិវឌ្ឍ​នៅ​តំបន់​ធ្វើ​អាជីវកម្ម រឿង​ព្រួយ​បារម្ភ​បាក់​ដី គឺ​គ្មាន​ថ្ងៃ​កើត​បាន​ទេ»

ក្រុមហ៊ុន អង្គរ​ហ្គោល នៃ​ប្រទេស​អូស្ត្រាលី បាន​ផលិត​ពាង​យក្ស​ជិត ១០០​ពាង សម្រាប់​តម្រូវ​ការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ភូមិ​ពាក់ ៩៣​គ្រួសារ កាល​ពី​ឆ្នាំ​២០១២ រួម​ទាំង​ផ្តល់​ដើម​ស្វាយ​រាប់​រយ​ដើម​ឲ្យ​អ្នក​ភូមិ​ដាំ ដើម្បី​លើក​កម្ពស់​វិស័យ​កសិកម្ម​ជូន​សហគមន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល