អាជ្ញាធរ​ខេត្ត​រង់ចាំ​​ក្រុមហ៊ុន​សាងសង់​អាគារ​ថ្មី​រួច ទើប​រុះរើ​សំណង់​​កាស៊ីណូ​ជីនទីង

ដោយ ថន ថារ៉ូ
2019-10-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មជន​មាតា​ធម្មជាតិ ១៤រូប ថត​នៅ​មុខ​អគារ​កាស៊ីណូ​ចិន​យីហោ ជីនទីង (Jingding) ថ្ងៃ​ទី២២ ខែ​កញ្ញា ឆ្នាំ២០១៩ ដែល​សកម្មជន​អះអាង​ថា សង់​ល្មើស​លើ​ដី​ឆ្នេរ​កោះ​រ៉ុង​សន្លឹម។
សកម្មជន​មាតា​ធម្មជាតិ ១៤រូប ថត​នៅ​មុខ​អគារ​កាស៊ីណូ​ចិន​យីហោ ជីនទីង (Jingding) ថ្ងៃ​ទី២២ ខែ​កញ្ញា ឆ្នាំ២០១៩ ដែល​សកម្មជន​អះអាង​ថា សង់​ល្មើស​លើ​ដី​ឆ្នេរ​កោះ​រ៉ុង​សន្លឹម។
រូប៖ អង្គការ​មាតា​ធម្មជាតិ

អាជ្ញាធរ​ខេត្ត​​ព្រះសីហនុរង់​ចាំ​​ក្រុមហ៊ុន​កាស៊ីណូ​ជីនទីង (Jingding) សាង​សង់​អាគារ​ថ្មី​​រួច​រាល់ ទើប​រុះ​​រើ​អាគារ​ចាស់​​ចេញ​ពី​ទីតាំង​ឆ្នេរ​កោះរ៉ុង​សន្លឹម។ សកម្មជន​​បរិស្ថាន​រិះគន់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ថា មិន​យក​ច្បាប់​ជា​ធំ។

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​អះអាងថា ក្រុមហ៊ុន​កាស៊ីណូ​ជីនទីង បាន​យល់​ព្រម​រុះរើ​សំណង់​អាគារ​ដែល​សាងសង់​រំលោភ​ដី​ឆ្នេរ​កោះរ៉ុង​សន្លឹម ក្រោយពេល​ក្រុម​ហ៊ុន​សាង​សង់​អាគារកាស៊ីណូ​​ថ្មី​​រួច​រាល់។

អ្នក​​នាំពាក្យ​សាលាខេត្ត​ព្រះសីហ​​នុ លោក ឃាង​​ ភារម្យ​ ថ្លែងថា ក្រុមហ៊ុន​​កំពុង​ស្នើ​សុំ​គោល​​ការណ៍​ទៅក្រសួង​ពាក់ព័ន្ធ​ដើម្បីសាងសង់អាគារ​ថ្មី​នៅ​​ទីតាំង​មួយ​ផ្សេង​ទៀត ប៉ុន្តែ​លោក​​មិន​បាន​បញ្ជាក់​ថា ទីតាំង​ថ្មីនោះ​ស្ថិត​​នៅ​​ទីណាឡើយ។ លោក​​បន្ត​​ថា អាជ្ញាធរ​បាន​ដាក់​កម្លាំង​ឃ្លាំមើល​កាស៊ីណូជីនទីង​ជា​ប្រចាំ ខ្លាចក្រែង​មាន​ការ​លួច​បើកអាជីវកម្ម​ល្បែង​បន្ត​​ទៅទៀត។ លោកបកស្រាយ​ថា មូល​ហេតុ​ដែល​មិន​​ទាន់​មាន​ការ​រុះ​​រើ​សំណង់​កាស៊ីណូ​​ជីនទីង គឺដោយសារ​ម្ចាស់​ក្រុមហ៊ុន​បាន​ស្នើ​សុំ​​ពន្យារពេល​រុះរើ ដើម្បី​ទុក​សម្ភារៈនៅក្នុង​ទីតាំងនោះ​ជា​បណ្តោះអាសន្ន​សិន ទម្រាំអាគារ​​នៅ​ទីតាំង​ថ្មី​​សាងសង់​រួច​រាល់ ទើប​ក្រុមហ៊ុន​រុះរើ​អាគារ​ចាស់​នោះចោល​ដោយ​ខ្លួន​ឯង។ អ្នក​នាំពាក្យ​រូប​នេះ​បន្ថែម​ថា ករណី​កាស៊ីណូជីនទីង​នេះ មិន​គួរ​មាន​ការ​ចោទ​សួរ​ទៀត​នោះទេ ព្រោះ​អាជ្ញាធរ​កំពុង​តែ​អនុវត្ត​​ច្បាប់ស្រាប់​​ទៅហើយ៖ គេ​មិន​បដិសេធថា គេ​មិន​រុះ​រើទេ គ្រាន់តែ​គេ​សុំ​ពេល​វេលា​សាងសង់​អាគារ​ថ្មី និង​សុំ​គោល​ការណ៍​អនុញ្ញាត​ទៅលើ​ទីតាំង​ផ្សេង​ទៀត​ ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ថា ត្រូវ​បក​ស្រាយឱ្យ​លើស​ពីអ្វី​ដែល​ជា​​ការងារ​របស់​សមត្ថកិច្ច​លោក​ធ្វើ​ការ​​កន្លងមក​ហ្នឹង​ទេ។ ចំណាត់​ការ​យ៉ាង​ណា​នោះ យើង​រង់​ចាំ​មើល​ការ​អនុវត្ត​កិច្ច​ការងារ​បន្ត​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច»

ទោះជាយ៉ាងណា ជំហរបែប​នេះ​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ រង​ការ​រិះគន់​ពី​ក្រុម​អ្នក​ការពារ​បរិស្ថាន​ថា ជា​ការ​មិន​យក​ច្បាប់​ជា​ធំ និង​ជា​ការពារ​បទល្មើស។

សកម្មជន​បរិស្ថាន​នៃចលនា​មាតា​ធម្មជាតិ​ លោក ថុន រដ្ឋា ថ្លែងថា អាជ្ញាធរ​កំពុង​បង្កភាព​​ងាយ​ស្រួល​ដល់​ក្រុមហ៊ុនដែល​ល្មើស​ច្បាប់ តាម​រយៈការ​មិន​វាយ​កម្ទេច​សំណង់​អាគារ​​រំលោភ​​ដីឆ្នេរ និង​ទុក​ឱកាស​ឱ្យ​ក្រុមហ៊ុន​សុំ​គោល​ការណ៍​សាងសង់​កាស៊ីណូ​ថ្មី​ទៀត។ លោក​យល់​ថា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ទំនង​​ជា​ទទួល​បាន​ផល​ពីក្រុមហ៊ុន​ ទើប​យល់​ព្រម​តាម​សំណើរបស់​ក្រុមហ៊ុន និង​ខក​ខាន​ក្នុង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹម​ត្រូវ​បែបនេះ៖ «បើ​ករណី​ហ្នឹង​អាជ្ញាធរ​នៅ​តែ​មិន​មាន​ភាព​ច្បាស់​លាស់​ក្នុ​ងការ​រុះ​រើ​ ដូច​ជា​កំណត់​ថ្ងៃ​រុះ​រើ​ឱ្យ​ច្បាស់​លាស់​នោះ​ទេ ប្រាកដ​ណាស់​សាធារណជន​នឹង​វាយ​តម្លៃ​ថា អ្វី​ដែល​អាជ្ញាធរ​កំពុង​តែ​ធ្វើ​ហ្នឹង​ គឺ​គ្រាន់​តែ​ជា​ល្ខោន​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​គិត​ថា​ខ្លួន​កំពុង​តែ​អនុវត្ត​​ច្បាប់​មែន​ តែ​ជាក់​ស្តែង​ហ្នឹង​គឺ​មិន​មែន​ទេ គឺគ្រាន់តែ​ដើម្បី​រកស៊ី​ជាដើម​ទេ»

កាល​ពី​ចុង​ខែ​ឧសភា​កន្លង​ទៅ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​ចុះ​បិទ​អាជីវកម្ម​មជ្ឈមណ្ឌល​កម្សាន្ត​ចិន​យីហោ​ ជីនទីង (Jingding) បន្ទាប់​ពីពិនិត្យ​ឃើញ​ថា ទីតាំង​កម្សាន្ត​នោះ​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ជា​ច្រើន​ចំណុច ដូច​ជា ​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​​សមុទ្រ​ បង្ហូរ​ប្រេងម៉ាស៊ីន​ចូល​សមុទ្រ​ប៉ះពាល់​ដល់​បរិស្ថាន ចាក់​ធុងបាស់ខ្លាំង​រំខាន​ដល់​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរ។ ជាពិសេស​ កាស៊ីណូ​ចិន​មួយ​នេះ​បាន​សាងសង់​រំលោភ​លីដីឆ្នេរ​សមុទ្រ​កោះរ៉ុង​សន្លឹមដោយ​ខុស​ច្បាប់។ ថ្វី​​ដ្បិត​តែ​រក​ឃើញ​បទល្មើស​ច្រើន​បែបនេះ​ក្តី ក៏​​ជាច្រើន​ខែមក​នេះ អាជ្ញាធរ​មិនបាន​ចុះ​វាយ​កម្ទេច​សំណង់​កាស៊ីណូ​ចិន​នោះនៅឡើយ​ទេ។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម អាដហុក (ADHOC) លោក ប៉ែន បុណ្ណារ៍ ជឿ​ជាក់​ថា ករណី​នេះ​អាច​មាន​អំពើ​ពុក​រលួយ​នៅ​ពី​ក្រោយ ពី​ព្រោះ​កាស៊ីណូ​ជីនទីង អាច​សង់​រំលោភ​ដី​ឆ្នេរ​ និង​អាច​បើក​ដំណើរ​ការ​បាន​ជា​យូរ ​មុន​នឹង​ត្រូវ​អាជ្ញាធរ​ចុះ​បិទ​អាជីវកម្ម។ លើស​ពី​នេះ ទោះ​ជា​ត្រូវ​បិទ​អាជីវកម្ម​ហើយ​ក៏​ដោយ​ ក៏​កាស៊ីណូ​នេះ​ទទួល​បាន​ការ​យោគយល់​ពី​អាជ្ញាធរ និង​រួច​ផុត​ពី​សំណាញ់​ច្បាប់​​ថែម​ទៀត។ លោក​សង្កត់ធ្ងន់​ថា អាជ្ញាធរ​ត្រូវ​តែវាយ​កម្ទេចសំណង់​អាគារ​ខុស​ច្បាប់​នោះ​ចោល​ ទើប​ជា​ការ​អនុវត្ត​ច្បាប់​ពិត​ប្រាកដ៖ «វាមិន​សម​ហេតុ​ផល​ក្នុង​ការ​លើក​ឡើង​ថា ទាល់​តែ​មានស្អីៗ។ បើ​វា​ខុស​ទៅហើយ ក្នុង​ច្បាប់​​ចែង​ថាខុស​ទៅហើយ នៅ​ចាំ​ស្អី​ទៀត? ត្រូវ​តែ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ហើយ​កន្លង​មក​យើង​ឃើញថា មិន​មាន​ប្រសិទ្ធភាព ដោយសារ​មន្ត្រី​មិន​អនុវត្ត​ច្បាប់​ហ្នឹង​តែម្តង»

ក្រុម​យុវជន​មាតា​ធម្មជាតិ និង​ព្រះសង្ឃ​កំពុង​ធ្វើ​ធម្មយាត្រា​ដោយ​ថ្មើ​ជើង​ពី​ភ្នំពេញ​ឆ្ពោះ​ទៅ​ទីរួម​ខេត្ត​ព្រះសីហនុ ដើម្បី​ទាម​ទារ​ឱ្យ​អាជ្ញាធរ​​ចុះ​រុះរើ​សំណង់​កាស៊ីណូ​ជីនទីង និង​ទីតាំង​សំណង់​ខុស​ច្បាប់​ដទៃ​ទៀត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។ ក្រៅ​ពី​នេះ ​ក្រុម​យុវជន​មាតាធម្ម​ជាតិ និង​ព្រះសង្ឃក៏​ចង់​ដាស់​ស្មារតី​ពលរដ្ឋ ជា​ពិសេស យុវជន​ខ្មែរ​ឱ្យ​ងាក​មក​ចាប់​អារម្មណ៍​ និង​ចូល​រួម​ថែរក្សា​ធន​ធាន​ធម្មជាតិ​ផង​ដែរ។ គិត​ត្រឹម​ថ្ងៃ​ទី២៩ តុលា ក្រុម​យុវជន​មាតាធម្មជាតិ៥ នាក់​ និង​ព្រះសង្ឃ ២អង្គ​ ធ្វើ​ធម្មយាត្រា​បាន​ប្រមាណ ២០០គីឡូ​ម៉ែត្រ​ហើយ ហើយ​គ្រោង​នឹង​ប្រើ​ពេល ២ថ្ងៃ​ទៀត ដើម្បី​ទៅ​ដល់​ក្រុង​ព្រះសីហនុ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល