ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​សម្រុក​ចេញ​ទៅ​រក​ការងារ​ធ្វើ​​ក្រៅ​ខេត្ត​ក្រោយ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ

ដោយ ជិន ជេដ្ឋា
2015-04-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជាពលរដ្ឋ​នៅ​ខេត្ដ​កំពង់ឆ្នាំង អង្គុយ​រង់ចាំ​ឡាន​ក្រុង​នៅ​បេនឡាន​ផ្សារលើ ដើម្បី​ចេញ​ដំណើរ​ទៅ​ធ្វើ​ការ​នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ ដូចជា​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១៩ មេសា ឆ្នាំ​២០១៥។
ប្រជាពលរដ្ឋ​នៅ​ខេត្ដ​កំពង់ឆ្នាំង អង្គុយ​រង់ចាំ​ឡាន​ក្រុង​នៅ​បេនឡាន​ផ្សារលើ ដើម្បី​ចេញ​ដំណើរ​ទៅ​ធ្វើ​ការ​នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ ដូចជា​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១៩ មេសា ឆ្នាំ​២០១៥។
RFA/Chin Chetha

ប្រជាពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង ទាំង​ក្មេង​ចាស់ ប្រុស​ស្រី បាន​នាំ​គ្នា​ចេញ​ពី​ខេត្ត ដើម្បី​រក​ការងារ​ធ្វើ​នៅ​ក្រោយ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​បាន​បញ្ចប់​ភ្លាមៗ។ ប៉ុន្តែ​ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​កំពង់ឆ្នាំង អះអាង​ថា ចំនួន​ពលរដ្ឋ​ដែល​ធ្វើ​ចំណាក​ស្រុក​រក​ការងារ​ធ្វើ​ក្រៅ​ខេត្ត​នេះ ពុំ​មាន​ច្រើន​ទេ ព្រោះ​ទីផ្សារ​ការងារ​ក្នុង​ខេត្ត​បាន​ឆ្លើយ​តប​នឹង​តម្រូវការ ហើយ​ថ្ងៃ​អនាគត​អាច​នឹង​ខ្វះ​កម្លាំង​ពលកម្ម​ទៀត​ផង។

ចាប់​តាំង​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៨ និង​ទី​១៩ ខែ​មេសា នៅ​បេនឡាន​ផ្សារ​លើ និង​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ខេត្ត​កំពង់ឆ្នាំង មាន​មនុស្ស​ប្រុស​ស្រី​ក្មេង​ចាស់​អង្គុយ​រង់ចាំ​រថយន្ត​ឈ្នួល​ត្រៀបត្រា។ អ្នក​ទាំង​នោះ​ភាគ​ច្រើន​ជា​កម្មករ កម្មការិនី​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ខ្លះ​ជាប់​ព្រំដែន​ថៃ ដោយ​ពួកគាត់​បង្ហាញ​ពី​ហេតុផល​ខុសៗ​គ្នា នៃ​ការ​រក​ការងារ​ធ្វើ​ឆ្ងាយ​ស្រុក​កំណើត​នេះ។

កំពុង​អង្គុយ​ចាំ​ឡាន​ក្រុង​នៅ​បេនឡាន​ផ្សារ​លើ អែប​របង​ធនាគារ​អេស៊ីលីដា (ACleda)ជាមួយ​មិត្ត​ភក្ដី​បី​នាក់​ទៀត គឺ​កញ្ញា ឈឺន ស្រីស្រស់ រៀបរាប់​នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា ថា នេះ​ជា​លើក​ទី​១ ដែល​កញ្ញា​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​ជាយ​ដែន​ខ្មែរ-​ថៃ ក្នុង​ទឹក​ដី​ខេត្ត​បាត់ដំបង។ បច្ចុប្បន្ន​កញ្ញា​មាន​វ័យ​ក្មេង​នេះ រស់​នៅ​ឃុំ​ពាមឆ្កោក ស្រុក​ជលគីរី ហើយ​មិន​ទាន់​មាន​អត្តសញ្ញាណប័ណ្ណ​កាន់​ដែល​ជា​បញ្ហា​លំបាក​រក​ការងារ​ធ្វើ​តាម​រោងចក្រ​ក្នុង​ខេត្ត នៅ​ក្រោយ​ពេល​ទំនេរ​ពី​ការងារ​ធ្វើ​ចម្ការ។

កញ្ញា​សង្ឃឹម​ថា ការ​ស្វែង​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ខេត្ត​នេះ នឹង​ទទួល​ការងារ​ជាប់​លាប់ និង​ប្រាក់​ឈ្នួល​ខ្ពស់៖ «ខ្ញុំ​ឆ្នាំ​នេះ​អាយុ ១៨​ឆ្នាំ​ហើយ និយាយ​ទៅ​អត់​ទាន់​បាន (ការងារ)។ ខ្ញុំ​ទៅ​តាម​មិត្តភ័ក្ដិ​ដែរ ព្រោះ​ខាង​ភូមិ​ខ្ញុំ​ខែ​ហ្នឹង​អត់​មាន​អី​ធ្វើ​ទេ ផុត​ខែ​ធ្វើ​ចម្ការ​ហើយ»

ចំណែក​កម្មករ​ម្នាក់​ទៀត​រស់​នៅ​ឃុំ​ប្រឡាយមាស ស្រុក​កំពង់លែង លោក កូយ ចាំ ថ្លែង​ថា រូប​លោក​បាន​រសាត់អណ្ដែត​ទៅ​ដល់​ប្រទេស​ថៃ ខេត្ត​បាត់ដំបង បន្ទាយមានជ័យ និង​ខេត្ត​ប៉ៃលិន ជា​ដើម ជាង ១០​ឆ្នាំ​ហើយ។ លោក​ថា នៅ​ទីនោះ​លោក​ធ្លាប់​ស៊ី​ឈ្នួល​ធ្វើ​ការងារ​គេ​មិន​រើស​មុខ ដូច​ជា ​កាប់​ដំឡូង ធ្វើ​ជា​កម្មករ​សំណង់ និង​ម៉ៅ​ធ្វើ​ស្មៅ​ចម្ការ​ជា​ដើម ប៉ុន្តែ​រយៈ​ពេល​ចុង​ក្រោយ​នេះ លោក​មាន​ការងារ​ជាប់​លាប់ គឺ​ធ្វើ​ជា​ជាង​​ធ្វើ​តុ​ទូ​នៅ​ខេត្ត​បាត់ដំបង ដោយ​បាន​ប្រាក់​ឈ្នួល​គួរសម ហើយ​មិន​សូវ​ហត់​នឿយ​ដូច​មុន៖ «បាទ! ណា​មួយ​ខ្ញុំ​វា​ក្រ​ផង អត់​មាន​ទូក ឬ​កាណូត​នឹង​គេ ខ្ញុំ​ចេះ​តែ​ដើរ​ទៅ។ ជីវភាព​នៅ​ណោះ និង​នៅ​ទី​នេះ​វា​ដូច​តែ​គ្នា យើង​ចេះ​តែ​តស៊ូ​រក​ទៅ ព្រោះ​យើង​អត់ ប៉ុន្តែ​ថា​នៅ​ខាង​ណោះ​ការងារ​គេ​មាន​ជាប់»

ឆ្លើយ​តប​បញ្ហា​ចំណាក​ស្រុក​នេះ ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ខេត្ត​កំពង់ឆ្នាំង លោក ពៅ ស៊ីថា បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ​ខាង​លោក​មិន​ទាន់​អាច​គ្រប់គ្រង​តួលេខ​ពលរដ្ឋ​ចំណាក​ស្រុក​បាន​នៅ​ឡើយ ប៉ុន្តែ​លោក​អះអាង​ថា ពលរដ្ឋ​ចំណាក​ស្រុក​មាន​តិចតួច​ប៉ុណ្ណោះ ស្រប​ពេល​ដែល​ក្នុង​ខេត្ត​មាន​រោងចក្រ​ចំនួន ១៨ កំពុង​ដំណើរការ ហើយ​ស្រូប​យក​កម្លាំង​ពលកម្ម​ជាង ៣​ម៉ឺន​នាក់។

លោក​ថា នៅ​ពេល​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ដំណើរការ នឹង​ត្រូវ​ការ​កម្លាំង​ពលកម្ម​យ៉ាង​តិច ២​ម៉ឺន​នាក់​ទៀត ហើយ​ពេល​នោះ​កម្លាំង​ពលកម្ម​អាច​ខ្វះ៖ «រោងចក្រ​កាត់​ដេរ​យក​ស្រី​ច្រើន​ជាង​ប្រុស ហើយ​ប្រុសៗ​ច្រើន​ទៅ​ថៃ ក៏​ប៉ុន្តែ​បើ​និយាយ​រឿង​តួលេខ​យើង​សរុប​ទាំង​ស្រី​តិច​ជាង ២០០​នាក់ ដែល​យើង​ទទួល​ពលករ​ពី​ប្រទេស​ថៃ កន្លង​ទៅ»

លោក ពៅ ស៊ីថា បន្ថែម​ថា បញ្ហា​ប្រាក់​ឈ្នួល​ទាប​ជាង​នៅ​ប្រទេស​ថៃ ឬ​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​ខ្មែរ-​ ថៃ​នោះ គឺ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់​បាន​ដោះស្រាយ​ដំឡើង​ប្រាក់​ឈ្នួល​ជា​បន្តបន្ទាប់​ដល់​កម្មករ​ដោយ​ផ្អែក​លើ​កំណើន​សេដ្ឋកិច្ច​ជាក់​ស្ដែង។ លោក​ថា លក្ខខណ្ឌ​ការងារ និង​ប្រាក់​ឈ្នួល​តាម​រោងចក្រ ឬ​សហគ្រាស​នៅ​កម្ពុជា បច្ចុប្បន្ន​មាន​ភាព​ប្រសើរ​ជាង​នៅ​បណ្ដា​ប្រទេស​ក្នុង​តំបន់​​មួយ​ចំនួន​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល