អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ព្រមាន​ផាក​ពិន័យ​អាជីវករ​លក់​ដូរ​គ្មាន​សណ្ដាប់ធ្នាប់

ដោយ ជិន ជេដ្ឋា
2015-04-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​លក់​ដូរ​បន្លែ ត្រី សាច់ នៅ​អែប​មាត់​ច្រាំង​ទន្លេ​ផ្សារ​ក្រោម ឋិត​នៅ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៥។
សកម្មភាព​លក់​ដូរ​បន្លែ ត្រី សាច់ នៅ​អែប​មាត់​ច្រាំង​ទន្លេ​ផ្សារ​ក្រោម ឋិត​នៅ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៥។
RFA/Chin Chetha

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ព្រមាន​ផាក​ពិន័យ​អាជីវករ​ដែល​លក់​ដូរ​គ្មាន​សណ្ដាប់ធ្នាប់​នៅ​តាម​ទីតាំង​មួយ​ចំនួន ក្នុង​ក្រុង​កំពង់ឆ្នាំង។ ការ​ព្រមាន​នេះ គឺ​បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ និង​ណែនាំ​ដល់​អាជីវករ​លក់​ដូរ​នៅ​អែប​ច្រាំង​ទន្លេ​ផ្សារ​ក្រោម​រយៈពេល​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា ប៉ុន្តែ​នៅ​មាន​អាជីវករ​ខ្លះ​បន្ត​ដាក់​កញ្ច្រែង​ល្អី​លក់ដូរ​លយ​ចូល​ចំណី​ផ្លូវ​ដដែល។

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រមាណ ១០​នាក់ ដឹក​នាំ​ដោយ​នាយ​រង​ការិយាល័យ​សណ្ដាប់ធ្នាប់​ខេត្ត​កំពង់ឆ្នាំង បាន​ស្ដី​បន្ទោស​សកម្មភាព​លក់​ដូរ​គ្មាន​សណ្ដាប់ធ្នាប់​របស់​អាជីវករ​បង្ក​ឲ្យ​ស្ទះ​ចរាចរណ៍ និង​បាត់​សោភ័ណភាព​ក្រុង។ ក្រុម​សមត្ថកិច្ច​បញ្ជាក់​ថា បើ​អាជីវករ​នៅ​តែ​មិន​ស្ដាប់​ការ​ណែនាំ​ទេ អាជីវករ​ប្រឈម​នឹង​ការ​ចាប់​យក​អីវ៉ាន់ ផាក​ពិន័យ ហើយ​វិធានការ​នេះ​នឹង​អនុវត្ត​តាម​ស្រុក​របស់​ខេត្ត​ចំនួន ៧ ទៀត។

នាយ​រង​ការិយាល័យ​សណ្ដាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក ក្រឹង សំណាង ថ្លែង​នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ថា យោង​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ខេត្ត ការិយាល័យ​លោក​នឹង​អនុវត្ត​វិធានការ​ចំនួន​បី គឺ​ទី​១ ចុះ​អប់រំ​ផ្សព្វផ្សាយ។ ទី​២ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ និង​បញ្ជូន​ឈ្មោះ​អាជីវក​រណា​ដែល​មិន​គោរព​ការ​ណែនាំ ទៅ​សាលា​ក្រុង​អប់រំ រួច​ធ្វើ​កិច្ចសន្យា និង​ទី​៣ មាន​វិធានការ​ផាក​ពិន័យ​តែ​ម្ដង៖ «យើង​មាន​ផល​លំបាក​ខ្លាំង អ្នក​លក់​ដែល​មក​ពី​ស្រែ​អី​ហ្នឹង គឺ​គាត់​អត់​មាន​កន្លែង​លក់ ហើយ​ដល់​ពេល​គាត់​ដាក់​លក់​តៗ​គ្នា ដល់​ពេល​មុខ​តូប​ខ្លះ​ចេះ​តែ​ដេញៗ​មក​ផ្លូវ អា​ហ្នឹង​ជា​ភាព​ប្រឈម​មួយ។ យើង​អនុវត្ត​ជា​បន្ត​ទៀត លុះត្រា​តែ​ការងារ​សណ្ដាប់ធ្នាប់​ថយ​ចុះ បាន​យើង​ដក​ខ្លួន​ចេញ​ពី​ចំណុច​ហ្នឹង។ លោក ជិន ជេដ្ឋា៖ ចាប់​ពី​ចំណុច​ណា​ដល់​ចំណុច​ណា​បាទ? ពី​ចំណុច​ផ្លូវ​កែង​វត្ត​យាយទេព រហូត​ដល់​ភូមិ​ចុងកោះ ហើយ​មួយ​ទៀត​ចំណុច​ផ្សារ​លើ​ម្ដុំ​រូប​មនុស្ស​បី​នាក់ គឺ​យើង​ធ្វើ​កន្លែង​អស់​ហ្នឹង​ឲ្យ​បែក​សិន បាន​យើង​បន្ត​ទៅ​តាម​ស្រុក​ទៀត»

យ៉ាង​ណា​លោក​ថា បញ្ញត្តិ ឬ​ទំហំ​ទឹក​ប្រាក់​ដែល​ត្រូវ​ផាក​អាជីវករ​ដែល​មិន​គោរព​ការ​ណែនាំ​យ៉ាង​ណា​នោះ លោក​មិន​ដឹង​ច្បាស់​ឡើយ ព្រោះ​នេះ​ជា​សមត្ថកិច្ច​ខាង​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​របស់​ក្រុង ឬ​ស្រុក​នីមួយៗ។ កាល​ពី​ឆ្នាំ​២០១៣ អាជ្ញាធរ​ខេត្ត​ចេញ​សេចក្ដី​ណែនាំ​មួយ ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់ អនាម័យ និង​សោភ័ណភាព​ក្រុង ហើយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​អនុវត្ដ​តាំង​ពី​ពេល​នោះ​មក។

អាជីវករ​លក់ដូរ​នៅ​អែប​ច្រាំង​ទន្លេ​ផ្សារ​ក្រោម​ម្នាក់ អ្នកស្រី ម៉ាន ទីវ៉ាន់ ដៃ​កំពុង​រវល់​កាត់​សាច់​គោ​លក់​បណ្ដើរ និង​មាន​ប្រសាសន៍​បណ្ដើរ​ថា អ្នកស្រី​មាន​កន្លែង​លក់​ត្រឹមត្រូវ ប៉ុន្តែ​ថ្ងៃ​ខ្លះ​គាត់​បាន​ដាក់​ចង្អើរ​ដាក់​សាច់​គោ​លក់​ជ្រុល​ទៅ​ចិញ្ចើម​ផ្លូវ​ដែរ ព្រោះ​មាន​កញ្ច្រែង​បន្លែ​ត្រី​សាច់​ជាច្រើន លើក​ទៅ​លក់​នៅ​ខាង​មុខ ដែល​ធ្វើ​ឲ្យ​ជួរ​ខាង​ក្រោយ​មិន​សូវ​មាន​មនុស្ស​ដើរ​ទិញ ហើយ​លក់​មិន​ដាច់៖ «ជួរ​ខាង​មុខ​ហ្នឹង​វា​លក់​ដាច់ ព្រោះ​អី​មនុស្ស​ច្រើន​នៅ​ពេល​បន្លែ​អីវ៉ាន់​ពេញ​ហ្នឹង​ទៅ មនុស្ស​ដើរ​ច្រើន។ និយាយ​ឲ្យ​ទៅ​ធ្លាប់​អ្នក​មក​លក់​អ៊ីចឹង បើ​ប៉ូលិស​អត់​ដេញ គេ​នាំ​គ្នា​ទៅ​លក់​ខិត​មុខ នៅ​ក្រោយ​អត់​សូវ​ចង់​លក់។ ដល់​ពេល​អ៊ីចឹង​ទៅ យើង​ក៏​ទៅ​មុខ​ទាំងអស់​គ្នា ដល់​ពេល​គេ​ដេញ​ទៅ​នាំ​គ្នា​មក​ក្រោយ​មក អ៊ីចឹង​ទៅ​វា​ល្អ​ដែរ អត់​សូវ​ទើស​ផ្លូវ​គេ​ដើរ»

អ្នកស្រី ទីវ៉ាន់ និង​អាជីវករ​មួយ​ចំនួន បង្ហាញ​ពី​ការ​គាំទ្រ​រៀបចំ​សណ្ដាប់ធ្នាប់​នេះ ដោយ​ពួក​គាត់​យល់​ថា ផ្លូវ​កៅស៊ូ​ចេញ​ពី​ផ្សារ​លើ មក​ផ្សារ​ក្រោម គឺ​ជា​ផ្លូវ​សំខាន់​ដែល​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឆ្លង​កាត់ មក​ទស្សនា​ភ្នំ​នាង​កង្រី ឬ​ផ្ទះ​បណ្ដែត​ទឹក។ តែ​អាជីវករ​ខ្លះ បារម្ភ​បាត់បង់​មុខ​របរ​លក់​បន្លែ​ត្រី​សាច់​តាម​កញ្ច្រែង​ល្អី​បន្តិចបន្តួច​គ្រាន់​ចិញ្ចឹម​ក្រពះ នៅ​ពេល​អាជ្ញាធរ​ក្រុង ឬ​ខេត្ត​មាន​វិធានការ​ក្ដៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល