តុលាការ​ខេត្ត​កំពង់ឆ្នាំង​កោះ​ហៅ​តំណាង​កម្មករ​ជិត​២០​នាក់​ចូល​បំភ្លឺ​រឿង​កម្មករ​កូដកម្ម

ដោយ ជិន ជេដ្ឋា
2015-09-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​តវ៉ា​របស់​ក្រុម​កម្មករ​នៅ​ខាង​មុខ​រោងចក្រ ប៊្លូម ហ្វៀល (Bloom field) ស្ថិត​នៅ​ភូមិ​សូវង្ស ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៤។
សកម្មភាព​តវ៉ា​របស់​ក្រុម​កម្មករ​នៅ​ខាង​មុខ​រោងចក្រ ប៊្លូម ហ្វៀល (Bloom field) ស្ថិត​នៅ​ភូមិ​សូវង្ស ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៤។
RFA/Chin Chetha

ទាញ​យក​កម្មវីធី

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង ចេញ​ដីកា​កោះ​ហៅ​កម្មករ​ជិត ២០​នាក់ ដើម្បី​ឆ្លើយ​បំភ្លឺ​រឿង​ញុះញង់​កម្មករ​រោងចក្រ ប៊្លូម ហ្វៀល (Blooms Field) ធ្វើ​កូដកម្ម។ ក្រុម​តំណាង​កម្មករ បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​តុលាការ ខណៈ​កម្មករ​ប្រមាណ ៤០០​នាក់ នៅ​តែ​បន្ត​ការ​តវ៉ា​នៅ​ខាង​មុខ​រោងចក្រ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ពី​ភាគី​ក្រុមហ៊ុន​ចំនួន ៥​ចំណុច។

តំណាង​កម្មករ​កម្មការិនី ៣​នាក់ ដែល​ចេញ​មុខ​តវ៉ា​នៅ​ក្នុង​ហ្វូង​កូដករ​រយៈពេល​ជាង​មួយ​សប្ដាហ៍​មក ត្រូវ​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​បន្តបន្ទាប់ នៅ​ដើម​ខែ​តុលា ឆ្នាំ​២០១៥ ខាង​មុខ។ តំណាង​កម្មករ​អះអាង​ថា ពួក​គេ​មិន​ភ័យ​ខ្លាច ឬ​រាថយ​ក្នុង​ការ​ទាមទារ​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ជាមួយ​កម្មករ​ឡើយ ហើយ​ពួក​គេ​នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ដីកា ដែល​ចេញ​ដោយ​ចៅក្រម លោក ញូង ចន្ធី។

តំណាង​កម្មករ និង​ជា​កម្មការិនី​ម្នាក់ ដែល​បដិសេធ​មិន​ទទួល​យក​ដីកា​ពី​សមត្ថកិច្ច​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ដោយ​មាន​ហេតុផល​ថា នៅ​ក្នុង​ដីកា​បាន​ដាក់​អាយុ​គាត់​ខុស គឺ​អ្នកស្រី កែវ ចំណាន មាន​ប្រសាសន៍​ថា នៅ​មុន​ពេល​ចៅក្រម​ចេញ​ដីកា​ទាំង​នេះ ផ្នែក​រដ្ឋបាល​រោងចក្រ​ផ្ដិត​រូបថត​កម្មករ​កម្មការិនី​ចំនួន ១៩​នាក់ ហើយ​កម្មករ​កំពុង​ធ្វើ​ការ​នៅ​ផ្នែក​ខាង​ក្នុង​រោងចក្រ​មិន​ដល់ ១០០​នាក់​ផង​នោះ បាន​បង្ហើប​ប្រាប់​គាត់​ថា អ្នក​ទាំង​នេះ​អាច​នឹង​មាន​បញ្ហា។ ប៉ុន្តែ​អ្នកស្រី​ថា មិន​បារម្ភ​ខ្លាច​មាន​បញ្ហា​អ្វី​នោះ​ទេ បើ​ទោះ​បី​ចៅក្រម​ចេញ​ដីកា​ជា​ថ្មី​ទៀត ក៏​គាត់​នៅ​តែ​ចូលរួម​ទាមទារ​ជាមួយ​កម្មករ​ដដែល៖ «ពួក​កម្មករ​ខ្ញុំ​មាន​ទឹក​ចិត្ដ​ចេះ​ឈឺ​ចាប់ ដោយសារ​យើង​ជា​ខ្មែរ​ដូច​គ្នា ហើយ​ធ្វើ​ការ​ទៅ​គេ​គាប​សង្កត់​ពេក ដល់​ពេល​ហើយ ពួក​ខ្ញុំ​ស្ម័គ្រ​ចិត្ដ​ធ្វើ​ទាំងអស់​គ្នា អត់​មាន​នរណា​បង្ខំ​នរណា​ទេ។ នៅ​ចំពោះ​មុខ​ច្បាប់ បើ​គេ (ក្រុមហ៊ុន) ខ្ញុំ​មិន​ហ៊ាន​ថា​ដែរ ប៉ុន្តែ​បើ​សិន​ប្រកាន់​ខ្ជាប់​នូវ​ច្បាប់ ខ្ញុំ​អត់​មាន​ខុស​អី​ផង ខ្ញុំ​ខ្លាច​ទេ»

ចំណែក​តំណាង​កម្មករ លោក វ៉ែន ជឿន និង​លោក ហ៊ុន ហេន ដែល​ទទួល​បាន​ដីកា​កោះ​ដូច​គ្នា​នេះ បញ្ជាក់​ស្រដៀង​គ្នា​ថា ពួក​គាត់​ពុំ​បាន​ញុះញង់​កម្មករ​ឲ្យ​ធ្វើ​កូដកម្ម ដូច​ដែល​ភាគី​រោងចក្រ​ចោទ​ប្រកាន់ និង​ប្ដឹង​ទៅ​តុលាការ​ឡើយ។ គាត់​ថា តំណាង​សហជីព​ប្រចាំ​រោងចក្រ​ចំនួន​ពីរ មិន​បាន​គាំទ្រ​លើ​ការ​ទាមទារ​របស់​កម្មករ​ដែល​តវ៉ា​ប្រមាណ ៤០០​នាក់ ក្នុង​ចំណោម​កម្មករ​ក្នុង​រោងចក្រ​សរុប​ជាង ៩០០​នាក់។

ទាក់ទង​បញ្ហា​នេះ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង លោក ញូង ចន្ធី បដិសេធ​មិន​អត្ថាធិប្បាយ​អ្វី​ទេ ដោយ​លោក​ប្រាប់​ថា សំណុំ​រឿង​កំពុង​ឋិត​នៅ​ក្នុង​ដំណាក់​កាល​ស៊ើបសួរ ហើយ​លោក​ជំរុញ​ឲ្យ​សួរ​តំណាង​អយ្យការ​ដែល​គ្រប់គ្រង​ការ​បញ្ជូន​ដីកា ទើប​អាច​បរិយាយ​លើ​អង្គ​ហេតុ និង​ការ​ចោទ​ប្រកាន់​បាន។ លោក​ថា តុលាការ​កំពុង​រៀបចំ​ចេញ​ដីកា​រក្សា​ការពារ​ក្នុង​សំណុំ​រឿង​នេះ។

កម្មករ​កម្មការិនី​នៅ​រោងចក្រ ប៊្លូម ហ្វៀល នាំ​គ្នា​ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​រោងចក្រ​តាំង​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៥ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ ៤​ចំណុច គឺ​ទី​១ កម្មករ​សុំ​ឲ្យ​រោងចក្រ​ទទួល​យក​កម្មករ​ចំនួន ២០​នាក់ ដែល​បាន​បញ្ឈប់ ឲ្យ​ចូល​ធ្វើ​ការ​វិញ។ ទី​២ ត្រូវ​បញ្ឈប់​មន្ត្រី​រដ្ឋបាល​រោងចក្រ​ពីរ​នាក់ គឺ​កញ្ញា ឡុង សាវី និង​លោក មាស តារា។ ទី​៣ ផ្ដល់​កុងត្រា​ការងារ​រយៈពេល​វែង គឺ​ចាប់​ពី ៦​ខែ​ទៅ ១​ឆ្នាំ និង​ទី​៤ ភាគី​រោងចក្រ​មិន​ត្រូវ​បញ្ឈប់​កម្មករ​ដោយ​គ្មាន​មូលហេតុ​បន្ត​ទៀត។ បច្ចុប្បន្ន ក្រុម​កម្មករ​បាន​បន្ថែម​លក្ខខណ្ឌ​មួយ​ទៀត គឺ​សុំ​ឲ្យ​ក្រុមហ៊ុន​ដក​ពាក្យ​បណ្ដឹង​ដែល​ប្ដឹង​តំណាង​កម្មករ។

វិទ្យុ​អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​មន្ត្រី​រដ្ឋបាល​រោងចក្រ ប៊្លូម ហ្វៀល គឺ​កញ្ញា ឡុង សាវី និង​លោក មាស តារា ដើម្បី​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​របស់​កម្មករ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា។

យ៉ាង​ណា តាម​រយៈ​ការ​សម្រប​សម្រួល​របស់​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​កំពង់ឆ្នាំង លោក ពៅ ស៊ីថា កន្លង​ទៅ តំណាង​ភាគី​ក្រុមហ៊ុន​បាន​ផ្ដល់​នូវ​ហេតុផល​មួយ​ចំនួន ដែល​មិន​អាច​ធ្វើ​តាម​ការ​ទាមទារ​របស់​ក្រុម​កម្មករ​បាន គឺ​ការ​បញ្ឈប់​កម្មករ ឬ​មិន​បន្ត​កុងត្រា​រយៈពេល​វែង​ដល់​កម្មករ​កម្មការិនី​បាន​នោះ គឺ​ដោយសារ​ក្រុមហ៊ុន​ពុំ​សូវ​មាន​ការ​បញ្ជា​ទិញ​ពី​ក្រៅ​ប្រទេស។ ចំណែក​លក្ខខណ្ឌ​សុំ​បញ្ឈប់​បុគ្គលិក​រដ្ឋបាល​ពីរ​នាក់​នោះ គឺ​ធ្វើ​ឡើង​ភ្លាមៗ ដោយ​អ្នក​ទាំង​ពីរ​គ្មាន​កំហុស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល