កម្មករ​រោងចក្រ​ចំនួន​២​នៅ​ក្រុង​តាខ្មៅ​នាំ​គ្នា​បោះតង់​តវ៉ា​មុខ​រោងចក្រ​ទាមទារ​សំណង​ការងារ

ដោយ ម៉ៅ សុធានី
2020-07-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ក្រុម​កម្មករ​ជាង ១.៣០០នាក់ នៃ​រោងចក្រ​ចំនួន​២ នៅ​ក្រុង​តាខ្មៅ នាំគ្នា​បោះតង់​តវ៉ា​មុខ​រោងចក្រ​ទាំង​ថ្ងៃ ទាំង​យប់​ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​វិវាទ​ការងារ ដែល​អូស​បន្លាយ​ជាង​កន្លះ​ឆ្នាំ​មក​ហើយ​។ ក្រុម​កម្មករ​ព្រមាន​ថា ពួកគេ​នឹង​លើកគ្នា​តវ៉ា​នៅ​តាម​ស្ថាប័នរដ្ឋ បើ​នៅតែ​គ្មាន​ដំណោះស្រាយ។

រោងចក្រ​ទាំង​២ ដែល​ក្រុម​កម្មករ​កំពុង​តវ៉ា​នោះ​គឺ​រោងចក្រ ឌីកនើធី នីតធើរ (Dignity Knitter Limited) និង​រោងចក្រ អេខូបេស (Ecobest) ស្ថិត​ក្នុង​សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។ រោងចក្រ​ទាំងពីរ​នេះ​ស្ថិត​នៅ​ជាប់​គ្នា និង​មាន​ថៅកែ​តែមួយ ជា​ចិន​ហុងកុង។ ក្រុម​កម្មករ​ទាំងពីរ​រោងចក្រ​និយាយ​ថា ពួកគេ​បាន​ស៊ូទ្រាំ​តវ៉ា​មុខ​រោងចក្រ​រយៈពេល​ជាង ៧​ខែ​មក​ហើយ នៅតែ​គ្មាន​ដំណោះស្រាយ ដូច្នេះ​ក្រុម​កម្មករ នឹង​តវ៉ា​តាម​ស្ថាប័នរដ្ឋ​វិញ ដើម្បី​ស្នើសុំ​ពន្លឿន​ដំណោះស្រាយ​។​

ប្រធាន​សហជីព​ស៊ីខៅឌូ ប្រចាំ​រោងចក្រ ឌីកនើធី នីតធើរ លោក ភិន សុភា ចោទ​ថា វិវាទ​អូស​បន្លាយ​ដោះស្រាយ​មិន​ចេញ ដោយសារ​ក្រុមហ៊ុន​ល្មើស​កិច្ចព្រមព្រៀង​ថា បើក​លុយ ៤​ចំណុច​គឺ​ប្រាក់​ឈ្នួល​ប្រចាំខែ ប្រាក់​ជូនដំណឹង ប្រាក់​បន្ទាប់បន្សំ និង​អតីតភាព​ឆ្នាំ​២០១៩ ឱ្យ​កម្មករ​តែ​ដល់​ថ្ងៃ​សន្យា បែរជា​ក្រុមហ៊ុន​ក្រឡាស់​ថា គ្មាន​លុយ​បើក​ឱ្យ​ទៅវិញ។

លោក​អះអាង​ថា ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​កាលពី​ខែ​មិថុនា បាន​កាត់ក្ដី​ឱ្យ​កម្មករ​ឈ្នះ​និង​តម្រូវ​ឱ្យ​ក្រុមហ៊ុន​អនុវត្ត​កាតព្វកិច្ច​ទូទាត់​លុយ​ឱ្យ​កម្មករ តាមច្បាប់​ការងារ តែ​ក្រុមហ៊ុន​គេចវេះ​ពី​ការ​ទទួលខុសត្រូវ​។ លោក​បន្ត​ថា មន្ត្រី​ក្រសួង​ការងារ​ទទួល​បន្ទុក​ដោះស្រាយ​បាតុកម្ម កូដកម្ម ធ្លាប់​ចុះ​មក​ដោះស្រាយ​វិវាទ​នេះ​ច្រើនដង​ហើយ តែ​មិន​សះ​ជា​ទេ ដោយសារ​ក្រុមហ៊ុន​រក្សា​ជំហរ​គ្មាន​ប្រាក់​បើក​ឱ្យ​កម្មករ ឯ​កម្មករ​គ្មាន​សិទ្ធិ​លក់​ឡាយឡុង សម្ភារៈ​ក្នុង​រោងចក្រ​ទៀត​។ សហជីព​រូប​នេះ អះអាង​ថា ជាង​កន្លះ​ឆ្នាំ​មកនេះ ក្រុម​កម្មករ​សរុប​ជាង ១.០០០​នាក់ បាន​បណ្ដាក់​គ្នា​ដេក​យាម​មុខ​រោងចក្រ​ទាំង​ថ្ងៃ​ទាំងយប់ ព្រោះតែ​ការពារ​សម្ភារៈ​ក្នុង​រោងចក្រ មិន​ឱ្យ​មានការ​លួច​ដឹក​ចេញ​ក្រៅ។

លោក​បន្ត​ថា ជីវភាព​កម្មករ​កាន់​តែ​ដុនដាប ដោយ​កម្មករ​ខ្លះ ដើរ​ស៊ីឈ្នួល​ដកស្មៅ និង​ស្វែងរក​ការងារ​នៅ​រោងចក្រ​ផ្សេង​ដែរ តែ​មិន​អាច​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ​បាន​ទេ។ លោក​ប្រាប់​ថា នៅ​សប្ដាហ៍​ក្រោយ ក្រុម​កម្មករ​រោងចក្រ​ឌីកនើរធី គ្រោង​ហែ​ក្បួន​ទៅ​តុលាការ​ខេត្ត​កណ្ដាល​ស្នើសុំ​ឱ្យ​ចេញ​ដីកា​លក់​ឡាយឡុង​សម្ភារៈ​រោងចក្រ​ឱ្យ​លឿន ដើម្បី​យក​លុយ​សង​កម្មករ៖ «កម្មករ​តវ៉ា​មក​ដល់ពេល​បច្ចុប្បន្ន​នេះ គឺ​នៅតែ​អង្គុយ ក៏ដូចជា​ដេក​យាម នៅមុខ​រោងចក្រ​ទាំង​យប់​ទាំង​ថ្ងៃ ទាំង​ភ្លៀង​ទាំង​រលឹម ទាំង​ខ្យល់​ដដែល​បង ដោយសារ​ក្រុមហ៊ុន មិន​គោរព​និង​អនុវត្ត​ទៅតាម​កិច្ចព្រមព្រៀង​ដែល​កន្លងមក​ដោះស្រាយ ព្រមព្រៀង​ជាមួយគ្នា តែ​ដល់​ថ្ងៃ​ដល់ពេល គាត់​មិន​គោរព​តាម​កិច្ចព្រមព្រៀង​ហ្នឹង»

ចំណែក​ក្រុម​កម្មករ នៃ​រោងចក្រ អេខូបេស ដែល​នៅ​ក្បែរ​គ្នា​នោះ អះអាង​ថា ពួកគាត់​ជាង​ពីរ​រយ (២២៤)​នាក់ បាន​បណ្ដាក់​គ្នា​ដេក​យាម តវ៉ា ទាំង​ថ្ងៃ ទាំង​យប់ ព្រោះ​ខ្លាច​មានការ​លួច​ដឹក​សម្ភារៈ​ចេញ​ដែរ។

តំណាង​កម្មករ​រោងចក្រ អេខូបេស​លោកស្រី ឡេង ស្រី ឱ្យ​ដឹង​ថា ជម្លោះ​រោងចក្រ​នេះ កើត​ឡើង​តាំងពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៩ ដូច​រោងចក្រ​ឌីកនើរធីដែរ ហើយ​មន្ត្រី​ក្រសួង​ការងារ បាន​ចុះ​មក​សម្របសម្រួល​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​។ លោកស្រី​ថា ខាង​ក្រុមហ៊ុន​ព្រមព្រៀង​ទូទាត់​លុយ ៤​ចំណុច​ដូចគ្នា តែ​ដល់​ថ្ងៃ​បើក​លុយ ខាង​ថៅកែ ប្រកែក​ថា គ្មាន​ប្រាក់​បើក​ឱ្យ​កម្មករ​។ តំណាង​កម្មករ​រូប​នេះ​បន្ត​ថា ពួកគេ​កំពុង​ត្រៀម​ដាក់​ញត្តិ​ទៅ​ប្រមុខ​រដ្ឋាភិបាល​ឱ្យ​ជួយ​អន្តរាគមន៍ ព្រោះ​ការ​ដេក​យាម​តវ៉ា​៧​ខែ​ហើយ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​ទៀត៖ «កំពុងតែ​រក​ដាក់​ញត្តិ​ដែរ សុំ​ឱ្យ​ខាង​រដ្ឋាភិបាល​ហ្នឹង​ជួយ​ពន្លឿន​អា​រឿង​វិវាទ​ហ្នឹង ឱ្យ​លឿន​ព្រោះ​ប្រាំមួយ ប្រាំពីរ​ខែ​ហើយ គាត់​ដេក​យាម​ទាំងមុខ​ទាំង​ថ្ងៃ​ហ្នឹង​ហើយគ្នា​អត់បាយ ជំពាក់​លុយ​អង្គការ​វេទនា​ណាស់​អូន​ហើយ​ណាមួយ​ការងារ​ឥឡូវ​ហ្នឹង​ដូច​ថា មិនសូវ​សំបូរ​ផង ព្រោះ​រោងចក្រ​ព្យួរ​ការងារ​អ៊ីចឹង​ណា​។ ចង់​ឱ្យ​នាយករដ្ឋមន្ត្រី ជួយ​អន្តរាគមន៍​ឱ្យ​ឆាប់​អ៊ីចឹង​ណា»

រោងចក្រ​ទាំងពីរ​នេះ ផលិត​អាវ​និង​ស្រោមជើង​ប្រភេទ​ចាក់ ឬ​តម្បាញ​។ អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ភាគី​ខាង​តំណាង​រោងចក្រ​ឌីកនើរធី និង​រោងចក្រ អេខូបេស បាន​​ទេ នៅ​ថ្ងៃ​ទី​១១ កក្កដា​។​

អនុប្រធាន​នៃ​អគ្គលេខាធិការដ្ឋាន​ដោះស្រាយ​កូដកម្ម បាតុកម្ម គ្រប់មុខ​សញ្ញា នៃ​ក្រសួង​ការងារ លោក អ៊ូ រតនា ប្រាប់​អាស៊ីសេរី​ថា ការ​ដោះស្រាយ​វិវាទ​ការងារ​នៅ​រោងចក្រ​ទាំងពីរ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​តុលាការ​។ លោក​ប្រាប់​ថា មន្ត្រី​ក្រសួង​ការងារ កំពុង​រង់ចាំ​ដីកា​សម្រេច​របស់​សាលាដំបូង​ខេត្ត​កណ្ដាល ដើម្បី​អនុវត្ត​តាម៖ «អត់​អ្វី​ទេ ក្នុង​ចំណាត់ការ​តុលាការ​កំពុង​ធ្វើការ​។ ធម្មតា​ទេ យើង​កំពុង​រង់ចាំ​នីតិវិធី​របស់​តុលាការ»

អ្នកគ្រប់គ្រង​កម្មវិធី​សិទ្ធិ​ការងារ នៃ​អង្គការ​សង់​ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ យល់​ថា វិវាទ​ការងារ​នេះ ទាមទារ​ឱ្យ​មន្ត្រី​ក្រសួង​ការងារ​ត្រូវ​ជំរុញ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​បន្ថែម និង​ត្រូវ​កោះហៅ​ថៅកែ​រោងចក្រ​មក​ទទួលខុសត្រូវ ទូទាត់​លុយ​ឱ្យ​កម្មករ​តាមច្បាប់​ការងារ។ លោក ឃុន ថា​រ៉ូ​ក៏​ជំរុញ​ឱ្យ​មន្ត្រី​ដោះស្រាយ​វិវាទ រក​វិធី​ណា​ក៏បាន ដើម្បី​បើកផ្លូវ​ឱ្យ​កម្មករ​អាច​លក់​ឡាយឡុង​សម្ភារៈ​រោងចក្រ​ឱ្យ​បាន​លឿន យក​ប្រាក់​មក​ផ្គត់ផ្គង់​ជីវភាព៖ «បើសិន​ជា​មាន​ការ​លក់​ឡាយឡុង​វា​ទាល់តែ​ចេញ​ដីកា​រក្សា​ការពារ ដែល​តំណាង​ដោយ​កូនបំណុល​។ មាន​ន័យថា កម្មករ និយោជិក ឬក៏​ក្នុងនាម​ឱ្យ​គណៈកម្មការ​(​ចម្រុះ​)​ហ្នឹង អ៊ីចឹង​ណា ហើយ​អាច​លក់​ឡាយឡុង​។ លក់​ឡាយឡុង​ទៅ ក្នុង​ករណី​ដែល​ទូទាត់​ឱ្យ​កម្មករ​គ្រប់​ចំនួន​តាម​ផ្លូវ​ច្បាប់​ហើយ អាហ្នឹង​សល់​ប៉ុន្មាន​ទូទាត់​ខាង​ក្រុមហ៊ុន ខ្ញុំ​គិត​ថា អាហ្នឹង​ជា​ដំណោះស្រាយ​មួយ​ដែរ»

ក្រុម​កម្មករ​រោងចក្រ​ឌីកនើធីរ និង​អេខូបេស ប្រាប់​ថា ការ​បោះ​តង់​តវ៉ា និង​ដេក​យាម​មុខ​រោងចក្រ​ច្រើន​ខែ​មកនេះ គ្មាន​ការ​ធ្វើទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​មូលដ្ឋាន​ទេ​តែ​បារម្ភ​ក្រុម​ក្មេង​ទំនើង​ផឹក​ស្រវឹង មក​រក​រឿង​ក្រុម​កម្មករ​នៅ​ពេល​យប់​និង​ខ្លាច​គ្រោះថ្នាក់​ចរាចរណ៍ ព្រោះ​ក្រុម​កម្មករ​ខ្លះ​ដេក​ផ្ទាល់​ដី ខ្លះ​ដេក​លើ​គ្រែ លើ​ចិញ្ចឹម​ផ្លូវ មុខ​រោងចក្រ​។ កម្មករ ទទូច​ឱ្យ​អាជ្ញាធរ ជួយ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នេះ ឱ្យ​បាន​លឿន ដើម្បី​កម្មករ មានលទ្ធភាព​រក​ការងារ​ថ្មី​ធ្វើ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល