លោក កឹម សុខា រិះគន់​រដ្ឋាភិបាល​មិន​អាច​ទប់ស្កាត់​ទំនិញ​គេច​ពន្ធ​នាំ​ឲ្យ​បាត់​ចំណូល​ជាតិ

ដោយ ដែន អយុធ្យា
2015-10-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​នៅ​ច្រក​ព្រំដែន​ចាំយាម នា​ខេត្ត​កោះកុង ថ្ងៃ​ទី​២៣ មិថុនា ២០១៤។
សកម្មភាព​នៅ​ច្រក​ព្រំដែន​ចាំយាម នា​ខេត្ត​កោះកុង ថ្ងៃ​ទី​២៣ មិថុនា ២០១៤។
RFA/Sek Bandith

មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង បាន​បន្ត​រិះគន់​រាជ​រដ្ឋាភិបាល​កម្ពុជា ថា​មិន​អាច​គ្រប់គ្រង​ប្រាក់​ចំណូល​ពន្ធ​រដ្ឋ​ពី​​ការ​នាំ​ទំនិញ​គ្រប់​ប្រភេទ​ចូល​មក​កម្ពុជា ឲ្យ​បាន​ត្រឹមត្រូវ​ទេ ហើយ​បញ្ហា​នេះ នាំ​ឲ្យ​បាត់​ថវិកា​ជាតិ​ជា​រៀង​រាល់​ឆ្នាំ។ ​ការ​រិះគន់​នេះ ស្រប​ពេល​មន្ត្រី​ជំនាញ​ស្ថាប័ន​គយ និង​រដ្ឋាករ​រាជធានី​ភ្នំពេញ កំពុង​រឹត​បន្តឹង​សកម្មភាព​ចុះ​ចាប់​រថយន្ត​ស៊េរី​ទំនើបៗ​គ្មាន​បង់​ពន្ធ​ជាច្រើន​គ្រឿង ដែល​កំពុង​ចរាចរ​តាម​ផ្លូវ​សាធារណៈ។

លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១ រដ្ឋសភា បាន​ចោទ​ថា បទល្មើស​​​​នាំ​ទំនិញ​គេច​ពន្ធ​គ្រប់​ប្រភេទ បាន​បន្ត​កើត​មាន​​តាម​ព្រំដែន​គោក និង​ព្រំដែន​ទឹក នា​ខេត្ត​ជាប់​សមុទ្រ ពិសេស​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង។ លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បរាជ័យ​ធ្ងន់ធ្ងរ​ក្នុង​ការ​គ្រប់គ្រង​​ប្រាក់​ចំណូល​ពន្ធ​គយ​បង់​ចូល​រដ្ឋ ដោយសារ​ទំនិញ​គេច​ពន្ធ​មួយ​ចំនួន មាន​ដូចជា ម៉ូតូ រថយន្ត គ្រឿង​ឧបភោគ​បរិភោគ ពិសេស​ប្រេង​សាំង ជាដើម រដ្ឋាភិបាល​មិន​អាច​គ្រប់គ្រង​ឲ្យ​បាន​ត្រឹមត្រូវ​ទេ។

លោក កឹម សុខា៖ «ទំនិញ​គេច​ពន្ធ​ដែល​កើត​មាន​រាល់​ថ្ងៃ​នេះ គណបក្ស​ប្រឆាំង​មិន​អាច​លូក​ដៃ​ចូល​បាន​ទេ ប៉ុន្តែ​ជា​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ។ តែ​បើ​រដ្ឋាភិបាល​គ្រប់គ្រង​មិន​បាន​ល្អ នាំ​ឲ្យ​បាត់​បង់​ចំណូល​ពន្ធ​ចូល​ថវិកា​ជាតិ គឺ​ជា​បរាជ័យ​ធ្ងន់ធ្ងរ​មួយ ហើយ​បើ​ថវិកា​ជាតិ​រក​បាន​ដោយ​ចំណូល​ពន្ធ បែរ​ជា​គ្រប់គ្រង​មិន​បាន​ល្អ ធ្វើ​ឲ្យ​បាត់​បង់ ហើយ​បែរ​ជា​រដ្ឋាភិបាល​ទៅ​ដើរ​ខ្ចី​ប្រទេស​ជិត​ខាង ហើយ​ទុក​ឲ្យ​ប្រជាពលរដ្ឋ ឬ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ជា​អ្នក​សង​ជំនួស គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ។ បញ្ហា​នេះ​បើ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត​ដឹក​នាំ​ប្រទេស នឹង​ពិនិត្យ​មើល​ចំណូល​ពន្ធ​គយ​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់ និង​មិន​ឲ្យ​បាត់បង់​ទេ»

​​លោក កឹម សុខា រិះគន់​រដ្ឋាភិបាល​ដូច្នេះ ធ្វើ​ឡើង​ស្រប​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​បទបញ្ជា​ដល់​មន្ត្រី​ជំនាញ​ស្ថាប័ន​សាខា​គយ និង​រដ្ឋាករ​រាជធានី​ភ្នំពេញ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត ឲ្យ​ពង្រឹង​សកម្មភាព​ការងារ​ចុះ​បង្ក្រាប និង​ចាប់​​បាន​រថយន្ត​ស៊េរី​ទំនើបៗ​ពាក់​ស្លាក​លេខ​ក្លែងក្លាយ និង​ពាក់​ស្លាក​លេខ ខ.ម ឬ​ខេមរភូមិន្ទ​ជាដើម ដែល​កំពុង​ធ្វើ​ចរាចរ​ជា​រៀង​រាល់​ថ្ងៃ បាន​ជាច្រើន​គ្រឿង​ក្នុង​ប៉ុន្មាន​ថ្ងៃ​មក​នេះ។

ទាក់ទិន​បញ្ហា​នេះ​ដែរ មន្ត្រី​សង្គម​ស៊ីវិល មន្ត្រី​រាជការ​ចូល​និវត្តន៍ និង​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា បទល្មើស​នាំ​ទំនិញ​គេច​ពន្ធ​មាន​​ប្រេង​សាំង ម៉ូតូ ឬ​រថយន្ត ជាដើម បាន​បន្ត​ធ្វើ​សកម្មភាព​នា​មូលដ្ឋាន​នេះ​មិន​ទាន់​ស្រាកស្រាន្ត​ទេ ហើយ​បទល្មើស​ទាំង​នេះ ទំនង​ជា​អាច​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​​​​​ស្ថាប័ន​ជំនាញ​ខ្លះ​នា​មូលដ្ឋាន​នេះ ជា​អ្នក​បើក​​ដៃ​ឲ្យ​ឈ្មួញ​ល្មើស ជា​ថ្នូរ​ទទួល​សំណូក​ពុក​រលួយ។

ទោះ​ជា​បែប​នេះ​ក្តី មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ថ្លែង​ថា សកម្មភាព​នាំ​ទំនិញ​គេច​ពន្ធ​មាន​ដូចជា គ្រឿង​ភេសជ្ជៈ ម៉ូតូ រថយន្ត និង​ប្រេង​សាំង ជាដើម អាច​មាន​សញ្ញា​ថយ​ចុះ​នា​ពេល​បច្ចុប្បន្ន។ យ៉ាង​នេះ​ក្តី លោក​ស្នើ​ដល់​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ថ្នាក់​ជាតិ ត្រូវ​ត្រួត​ពិនិត្យ​​សកម្មភាព​នាំ​ទំនិញ​​​គេច​ពន្ធ ដែល​ឈ្មួញ​នាំ​ចូល​តាម​ព្រំដែន​គោក ពិសេស​ព្រំដែន​លំហ​សមុទ្រ ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ និង​ឲ្យ​ស្រប​តាម​បទបញ្ជា​របស់​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល ដែល​ប្រកាស​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​គយ និង​រដ្ឋាករ​ក្នុង​អាណត្តិ​ទី​៥ ឲ្យ​បាន​ប្រសើរ​ថែម​ទៀត៖ «ទំនិញ​គយ​គេច​ពន្ធ​នា​ខេត្ត​ព្រះសីហនុ សព្វថ្ងៃ​នេះ នៅ​តែ​បន្ត​កើត​មាន ប៉ុន្តែ​សង្កេត​ឃើញ​ថា បាន​ថយ​ចុះ​ចំនួន បើ​ប្រៀបធៀប​ពេល​មុន»

ត្រង់​ចំណុច​នេះ លោក ប៊ួន ណារិទ្ធិ ថ្លែង​បញ្ជាក់​ថា នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ សព្វថ្ងៃ​នេះ ម៉ូតូ​ស៊េរី​ទំនើបៗ​គ្មាន​​ស្លាក​លេខ ក៏​កំពុង​ធ្វើ​ចរាចរ​នៅ​តាម​ផ្លូវ​សាធារណៈ​អនាធិបតេយ្យ និង​គ្មាន​ស្ថាប័ន​ណា​មួយ​ទប់ស្កាត់​ទេ។ ជាង​នេះ លោក​ស្នើ​ដល់​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ត្រូវ​ចុះ​ត្រួត​ពិនិត្យ​ការ​ដាក់​លក់​ម៉ូតូ​នៅ​តាម​ទីតាំង​ជាច្រើន​នា​ខេត្ត​នេះ​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​អាច​មាន​ម៉ូតូ​នាំ​ចូល​គេច​ពន្ធ ត្រូវ​បាន​ឈ្មួញ​ដាក់​លក់​នៅ​តាម​ទីតាំង​ខ្លះ​នា​មូលដ្ឋាន​នេះ។

ទាក់ទិន​បញ្ហា​នេះ​ដែរ លោក កែម ឡី អ្នក​ស្រាវជ្រាវ និង​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម បាន​បង្ហាញ​រូបមន្ត ៣​ចំណុច​ដល់​រដ្ឋាភិបាល ដើម្បី​ឈាន​ដល់​គ្រប់គ្រង​ការ​នាំ​ចូល​ទំនិញ​គេច​ពន្ធ និង​ប្រមូល​ចំណូល​បង់​ពន្ធ​​ចូល​រដ្ឋ​មាន​លទ្ធផល​ល្អ​នា​ថ្ងៃ​អនាគត៖ «វិធានការ​រក​ចំណូល​ពន្ធ​គយ​ចូល​ថវិកា​ជាតិ គឺ​ត្រូវ​អនុវត្ត​មាន​លក្ខណៈ​ម៉ត់ចត់​ណាស់​នៅ​តាម​ព្រំដែន​នីមួយៗ។ ការ​ប្រមូល​ពន្ធ​គយ​នេះ រដ្ឋាភិបាល​អាច​ប្រើ​រូបមន្ត​ថ្មី ៣​ប្រភេទ មាន​ដូចជា សាកល្បង​ឲ្យ​ក្រុមហ៊ុន​ប្រមូល​ពន្ធ​នេះ​នៅ​ក្នុង​ទម្រង់​ណា​មួយ ឬ​រដ្ឋាភិបាល​ធ្វើ​ការ​ប្រមូល​ពន្ធ​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន និង​រដ្ឋាភិបាល​ជា​អ្នក​ប្រមូល​ពន្ធ​ដោយ​ខ្លួន​ឯង ហើយ​ធ្វើ​ការ​ប្រៀបធៀប​គ្នា តើ​ទម្រង់​ណា​មួយ​នាំ​ឲ្យ​រដ្ឋាភិបាល​ប្រមូល​ពន្ធ​គយ​ចូល​ថវិកា​ជាតិ​បាន​ច្រើន​ជាង​គេ នៅ​តាម​បណ្ដា​ខណ្ឌ ស្រុក ខេត្ត ឬ​នៅ​តាម​ព្រំដែន​នីមួយៗ»

ទោះ​ជា​បែប​នេះ​ក្តី មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​បង្ក្រាប​បទល្មើស​លើ​ផ្ទៃ​សមុទ្រ និង​តាម​ព្រំដែន​គោក​មួយ​​ចំនួន បាន​​​បង្ហាញ​ភាព​មិន​ទទួល​​ខុស​ត្រូវ ឬ​ឆ្លើយ​ដាក់​គ្នា​ចំពោះ​សកម្មភាព​ទប់ស្កាត់​ការ​នាំ​ទំនិញ​គេច​ពន្ធ ឬ​បទល្មើស​ផ្សេងៗ​ដែល​បាន​កើត​មាន​តាម​ព្រំដែន និង​តាម​ខេត្ត​ជាប់​សមុទ្រ​ដែល​កើត​មាន​ជា​បន្តបន្ទាប់។

បញ្ហា​នេះ ទាំង​ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការ​ចូល​និវត្តន៍​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា បទល្មើស​នាំ​ទំនិញ​គេច​​​ពន្ធ​គ្រប់​ប្រភេទ មាន​​ម៉ូតូ រថយន្ត គ្រឿង​ឧបភោគ​បរិភោគ និង​ប្រេង​សាំង ជាដើម អាច​ធ្វើ​សកម្មភាព​ទៅ​បាន ទាល់​តែ​​មាន​ការ​អនុញ្ញាត ឬ​មាន​ការ​​​ឃុបឃិត​ពី​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ខ្លះ​ជា​អ្នក​បើក​ដៃ ទើប​​​អាច​ធ្វើ​សកម្មភាព​បាន​ដោយ​​រលូន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល