អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ព្រមាន​រុះរើ​សម្ភារៈ​និង​កន្លែង​លក់ដូរ​ប៉ះពាល់​​​ផ្លូវ​ក្នុង​ក្រុង

ដោយ ជិន ជេដ្ឋា
2015-12-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​លក់ដូរ​ម្ហូប​អាហារ​នៅ​តាម​ផ្លូវ​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ទី​១៨ ធ្នូ ឆ្នាំ​២០១៥
ពលរដ្ឋ​លក់ដូរ​ម្ហូប​អាហារ​នៅ​តាម​ផ្លូវ​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ទី​១៨ ធ្នូ ឆ្នាំ​២០១៥
RFA/Chin Chetha

មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង ចេញ​លិខិត​ជូន​ដំណឹង​មួយ​ដល់​ម្ចាស់​អគារ ឬ​ម្ចាស់​ផ្ទះ​ដែល​មាន​សម្ភារៈ​លក់ដូរ​គ្រឿង​សំណង់ និង​កំណល់​ឡើង​យានយន្ត ត្រូវ​រុះរើ​ចេញ​ពី​ទ្រូង​ផ្លូវ ឬ​ចិញ្ចើម​ផ្លូវ​ក្រាល​កៅស៊ូ​របស់​គម្រោង​ចៃកា (JICA) នៅ​ក្នុង​ក្រុង។ ក្រុម​អាជីវករ និង​ប្រជាពលរដ្ឋ​លក់​ដូរ​ក្រោម​ឆត្រ​ខ្លះ សាទរ​ចំពោះ​លិខិត​ជូន​ដំណឹង​របស់​អាជ្ញាធរ​នេះ។

លិខិត​ចុះ​ហត្ថលេខា​ដោយ​ប្រធាន​មន្ទីរ លោក កែវ ពៅ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៥ បាន​ដាក់​កំហិត​ចំពោះ​ម្ចាស់​សម្ភារៈ​ទាំង​ឡាយ​ណា​ដែល​ប៉ះពាល់​សោភណភាព​ទ្រូង​ផ្លូវ ឬ​ចិញ្ចើម​ផ្លូវ​ត្រឹម​ថ្ងៃ​ទី​២៥ ខែ​ធ្នូ គឺ​មុន​ពេល​​ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃ​ខាង​មុខ។ លិខិត​​ព្រមាន​ថា បើ​ម្ចាស់ផ្ទះ ឬ​អគារ​មិន​រុះរើ​ឲ្យ​អស់​តាម​កាល​កំណត់ កម្លាំង​សមត្ថកិច្ច​នឹង​ចុះ​រុះរើ ហើយ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខូចខាត​នោះ​ទេ។

បន្ថែម​លើ​លិខិត​ជូន​ដំណឹង​នេះ អនុ​ប្រធាន​ការិយាល័យ​សាធារណការ​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​កំពង់ឆ្នាំង លោក កែវ វ៉ិត ថ្លែង​ថា ការ​ដាក់​កំណល់​ឡើង​យានយន្ត តាំង​អីវ៉ាន់​លក់ដូរ​លើ​ចិញ្ចើម​ផ្លូវ និង​ការ​ដាក់​គ្រឿង​សំណង់​លើ​ផ្លូវ​ជា​ដើម បាន​ធ្វើ​ឲ្យ​បាត់​សោភណភាព​ទីក្រុង។ លោក​ថា ការ​ដាក់​កំណល់​ឡើង​យានយន្ត​ក៏​អាច​ធ្វើ​ឲ្យ​ស្ទះ​ទឹក ឬ​ទឹក​ដក់​នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​ដែរ៖ «ត្រូវ​យក​ចេញ​ឲ្យ​អស់​នៅ​តាម​ផ្លូវ​ចៃកា ក្នុង​ក្រុង​កំពង់ឆ្នាំង ព្រោះ​យើង​មើល​ទៅ​អត់​ល្អ​មើល ហើយ​ម្យ៉ាង​ទៀត​បើ​នៅ​មុខ​ទឹក​ហូរ​វា​អាច​ទប់​ទឹក​ឲ្យ​ដក់​នឹង​ថ្នល់ វា​អាច​ខូច​ថ្នល់​ខូច​អ៊ីចឹង​ទៅ»

អាជីវករ​លក់​ដូង នំ​ចំណី និង​ភេសជ្ជៈ​ក្រោម​ឆត្រ ព្រម​ទាំង​ម្ចាស់​គ្រឿង​សំណង់​នៅ​តាម​ចិញ្ចើម​ផ្លូវ​ក្នុង​ក្រុង​កំពង់​ឆ្នាំង ថ្លែង​សាទរ​ចំពោះ​វិធានការ ឬ​លិខិត​ជូន​ដំណឹង​នេះ ប៉ុន្តែ​ស្នើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​អនុវត្ត​ឲ្យ​បាន​ស្មើភាព​គ្នា។ ការ​ស្នើ​នេះ​ដោយ​គេ​សង្កេត​ឃើញ​ថា វិធានការ​រៀបចំ​សណ្ដាប់​ធ្នាប់ អនាម័យ និង​សោភ័ណភាព​តាម​ដង​ផ្លូវ​កន្លង​មក ​អនុវត្ត​បាន​តែ​មួយ​រយៈ​ពេល​ខ្លី ឬ​​ដោយ​កន្លែង។

ប្រជាពលរដ្ឋ និង​ជា​ម្ចាស់​ផ្ទះ​លក់​ជើង​សសរ​ម្នាក់​នៅ​ភូមិ​កណ្ដាល ក្រុង​កំពង់ឆ្នាំង គឺ​លោក មុំ រឿ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ថា ជើង​សសរ​របស់​លោក​តិចតួច​ប៉ុណ្ណោះ​ដែល​ប៉ះពាល់​ដល់​ចិញ្ចើម​ផ្លូវ។ ប៉ុន្តែ​លោក​ថា នឹង​ឲ្យ​កម្មករ​លើក​ចេញ​ពី​ចិញ្ចើម​ផ្លូវ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ជូន​ដំណឹង​របស់​មន្ទីរ​សាធារណការ ហើយ​លោក​ក៏​ចង់​ឃើញ​សោភណភាព​ផ្លូវ​ក្នុង​ក្រុង​ស្អាត​ដែរ៖ «ខ្ញុំ​ជា​ចាស់​ព្រឹទ្ធាចារ្យ​មួយ​រូប​ដើម្បី​ឲ្យ​អ្នក​ភូមិ​ស្ដាប់​ខ្ញុំ ឲ្យ​រៀបចំ​ត្រឹម​ណា ខ្ញុំ​ប្រាប់​ឲ្យ​គេ។ ឥឡូវ​ប្រាប់​ខ្ញុំ​មក​វិញ​ថា ឥឡូវ​រៀបចំ​ត្រឹម​ណា​ខ្ញុំ​នឹង​ធ្វើ​តាម​នោះ។ ប៉ុណ្ណឹង​គ្មាន​អ្វី​គួរ​ឲ្យ​អាក្រក់​មើល​អី​ពេក​ទេ ព្រោះ​មើល​ផ្លូវ​ទៅ​វា​ទៅ​ធ្លុង​ដែរ​ទេ តែ​បើ​ប៉ុណ្ណឹង​នៅ​តែ​មិន​ល្មម​ទៀត​ខ្ញុំ​បន្ថយ​ក៏​បាន​ដែរ»

គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ និង​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​ដោយសារ​ទឹក​ជំនន់​របស់​ប្រទេស​ជប៉ុន បាន​ផ្ដល់​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា តាម​រយៈ​ការ​ស្ថាបនា​ផ្លូវ និង​ស្ដារ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ជំនន់​ក្នុង​ក្រុង​កំពង់ឆ្នាំង ដោយ​គម្រោង​ចៃកា។ មន្ត្រី​សាធារណការ​បញ្ជាក់​ថា គម្រោង​ចៃកា ទើប​បាន​បញ្ចប់​ការងារ​ធ្វើ​ផ្លូវ​ក្រាល​កៅស៊ូ​ប្រវែង​ជិត ៥​គីឡូម៉ែត្រ (៤.៦០០​ម៉ែត្រ) និង​ប្រព័ន្ធ​លូ​ជា​ច្រើន​ខ្សែ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល