យុវជន​ខ្មែរ​ក្រោម​បារម្ភ​បាត់បង់​ឱកាស​ការងារ​ពេល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន

ដោយ សិរីមុនី
2015-06-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សិក្ខាសាលា​ស្ដីពី​សេដ្ឋកិច្ច​អាស៊ាន និង​បញ្ហា​ប្រឈម​របស់​យុវជន​ខ្មែរ​ក្រោម នៅ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។
សិក្ខាសាលា​ស្ដីពី​សេដ្ឋកិច្ច​អាស៊ាន និង​បញ្ហា​ប្រឈម​របស់​យុវជន​ខ្មែរ​ក្រោម នៅ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Sireymuny

យុវជន​ខ្មែរ​កម្ពុជា​ក្រោម មាន​ក្តី​បារម្ភ​ពី​ការ​បាត់បង់​ឱកាស​ការងារ ដោយសារ​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម មិន​មាន​ចំណេះ​ដឹង និង​ជំនាញ​ត្រឹមត្រូវ និង​ម្យ៉ាង​វិញ​ទៀត រដ្ឋាភិបាល​វៀតណាម នៅ​តែ​បិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ទោះ​បី​កម្ពុជា នៅ​ពេល​ខាង​មុខ ប្រទេស​ក្នុង​តំបន់​នឹង​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ក៏ដោយ។

អ្នក​វិភាគ​យល់​ឃើញ​ថា កម្ពុជា ត្រូវ​តែ​មាន​យន្តការ​គាំពារ​សិទ្ធិ​ដល់​ប្រជាជន​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​រស់នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម នោះ។ តែ​បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​លើក​ឡើង​ថា កម្ពុជា មិន​អាច​លូក​ដៃ​ក្នុង​ដែន​អធិបតេយ្យភាព​ប្រទេស​ដទៃ​បាន​ឡើយ។

យុវជន​ខ្មែរ​កម្ពុជា​ក្រោម លើក​ឡើង​ថា កម្ពុជា មិន​មាន​ផែនការ​ច្បាស់លាស់​ក្នុង​ការ​ពង្រឹង​សមត្ថភាព​តាម​រយៈ​បង្កើត​ផលិតផល​ក្នុង​ស្រុក​ដោយ​ខ្លួន​ឯង មិន​មាន​ផែនការ​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ​ស្ដីពី​អាស៊ាន​ដល់​ប្រជាជន និង​ប្រជាជន​ភាគ​ច្រើន គ្មាន​ជំនាញ​វិជ្ជាជីវៈ​ត្រឹមត្រូវ។ ការ​លើក​ឡើង​នេះ គឺ​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​សេដ្ឋកិច្ច​អាស៊ាន និង​បញ្ហា​ប្រឈម​របស់​យុវជន​ខ្មែរ​ក្រោម នៅ​ថ្ងៃ​ទី​២៨ មិថុនា នៅ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ក្រុង​ភ្នំពេញ។

យុវជន​ខ្មែរ​កម្ពុជា​ក្រោម លោក ផូ រស្មី និយាយ​ថា ពលរដ្ឋ​កម្ពុជា និង​កម្ពុជា​ក្រោម យល់​ដឹង​តិចតួច​ណាស់​ពី​អាស៊ាន ហើយ​ភាគ​ច្រើន​នៃ​ប្រជាពលរដ្ឋ​នោះ​នឹង​ក្លាយ​ជា​ប្រជាជន​រងគ្រោះ ដោយសារ​គ្មាន​សមត្ថភាព​ប្រកួត​ប្រជែង​ការងារ និង​មិន​មាន​ចំណេះ​ដឹង​ស្ដីពី​សហគ្រិនភាព ខណៈ​ដែល​ប្រជាជន​នៃ​ប្រទេស​ជា​សមាជិក​ដទៃ​ទៀត គេ​ត្រៀម និង​យល់​ដឹង​ច្រើន​ពី​អាស៊ាន។

លោក​បន្ត​ថា កម្ពុជា គ្រប់​វិស័យ​ទាំងអស់​អន់​ណាស់ គឺ​ស្មើ​សូន្យ​តែ​ម្តង។ រដ្ឋាភិបាល​កម្ពុជា មិន​បាន​យក​ចិត្ត​ទុក​ដាក់ និង​គាំពារ​ដល់​យុវជន​កម្ពុជា​ក្រោម នោះ​ឡើយ។ ម្យ៉ាង​វិញ​ទៀត ពលរដ្ឋ និង​យុវជន​កម្ពុជា​ក្រោម សព្វថ្ងៃ មិន​មាន​លទ្ធភាព​សិក្សា​ល្អ​ប្រសើរ​នោះ​ទេ៖ «ដូច​យុវជន​ខ្មែរ​ក្រោម​អ៊ីចឹង ជា​យុវជន​ទន់​ខ្សោយ ដែល​រស់នៅ​លើ​ទឹក​ដី​កម្ពុជា ហើយ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​យួន ទៀត និង​យុវជន​មួយ​ចំនួន​មាន​ចំណេះ​តិចតួច»

ស្រដៀង​នឹង​ការ​លើក​ឡើង​នេះ​ដែរ លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា កម្ពុជា ត្រូវ​តែ​លើក​សេចក្តី​ព្រាង​ស្ដីពី​ការ​ការពារ​សិទ្ធិ​ដល់​ពលរដ្ឋ និង​យុវជន​កម្ពុជា​ក្រោម ទៅ​ពិភាក្សា​ជាមួយ​រដ្ឋ​ជា​សមាជិក​ទាំងអស់​ក្នុង​តំបន់​សមាគម​អាស៊ាន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ក្រោម ទទួល​បាន​សិទ្ធិ​សេរីភាព។

លោក​បន្ថែម​ថា ព្រះមហាក្សត្រ និង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ត្រូវ​តែ​ជំរុញ និង​លើក​ទឹក​ចិត្ត រួម​ទាំង​ផ្តល់​ការ​គាំពារ​តាម​រយៈ​ដំណើរ​ទស្សនកិច្ច​ទៅ​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម មួយ​ឆ្នាំង​ពីរ​ទៅ​បី​ដង៖ «ប្រទេស​កម្ពុជា ត្រូវ​តែ​ឧស្សាហ៍​ជំរុញ​ទៅ​អាជ្ញាធរ​វៀតណាម កុំ​មាន​ការ​រើសអើង​ចំពោះ​មុខងារ និង​ភារកិច្ច​របស់​ប្រជាជន​ខ្មែរ​កម្ពុជា​ក្រោម នៅ​ក្នុង​រដ្ឋាភិបាល​វៀតណាម»

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន អះអាង​ថា រដ្ឋាភិបាល​កម្ពុជា មិន​មាន​គោល​នយោបាយ​អ្វី​ក្នុង​ការ​ការពារ​ដល់​ប្រជាជន​ខ្មែរ​ក្រោម​នោះ​ឡើយ។ មិន​មាន​គោល​នយោបាយ​គាំពារ​ព្រោះ​ថា ពលរដ្ឋ​កម្ពុជា​ក្រោម ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​ប្រទេស​វៀតណាម។ លោក​បន្ត​ថា ពលរដ្ឋ​កម្ពុជា​ក្រោម គឺ​ជា​ប្រជាជន​វៀតណាម៖ «គឺ​យើង​មិន​មាន​គោល​នយោបាយ​អី​ទាំង​ហ្នឹង​ទេ ប៉ុន្តែ​យើង​នឹង​ជំរុញ​តាម​រយៈ​អង្គការ​សហប្រជាជាតិ ហើយ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ជា​ជនជាតិ​វៀតណាម»

នាយក​វិទ្យាស្ថាន​កម្ពុជា​អាស៊ាន លោក ស៊ាង សុបញ្ញា លើក​ឡើង​ថា នៅ​ពេល​ប្រទេស​កម្ពុជា ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ចុង​ឆ្នាំ​២០១៥ យុវជន​កម្ពុជា និង​កម្ពុជា​ក្រោម ពិត​ជា​ប្រឈម​នឹង​ផល​វិបាក​មួយ​ចំនួន​ដែល​គេច​មិន​ផុត​នោះ​ទេ។ ចំណុច​លំបាក​ទី​១ យុវជន​នឹង​ជួប​ការ​លំបាក​ក្នុង​ការ​ប្រើប្រាស់​ភាសា​បរទេស និង​ភាសា​នៃ​ប្រទេស​ដទៃ​ទៀត​ក្នុង​សហគមន៍​អាស៊ាន និង​ទី​២ ប្រជាជន​កម្ពុជា និង​កម្ពុជា​ក្រោម ទទួល​បាន​ការងារ​នឹង​គេ​ដែរ ប៉ុន្តែ​ប្រាក់​ខែ​តិច។ ទទួល​បាន​ប្រាក់​តិច​ព្រោះ​ធ្វើ​ការ​ប្រើ​កម្លាំង តែ​គ្មាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់៖ «ឥឡូវ​នេះ​គ្រាន់​តែ​ប្រទេស​ជា​សមាជិក​អាស៊ាន ទំហំ​ពាណិជ្ជកម្ម​រហូត ៦០០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ហើយ​ការ​វិនិយោគទុន​បរទេស​ផ្ទាល់​មក​ក្នុង​ប្រទេស​អាស៊ាន​វិញ គឺ​មាន​ចំនួន​ជាង ១៤០​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​ទៅ»

យ៉ាង​ណា​ក៏ដោយ លោក ស៊ាង សុបញ្ញា ពន្យល់​ថា យុវជន​កម្ពុជា និង​កម្ពុជា​ក្រោម នឹង​មាន​ឱកាស​ច្រើន​ក្នុង​ការ​រៀន​សូត្រ​តាម​ការ​ផ្តល់​អាហារូបករណ៍​ពី​ប្រទេស​ដទៃ​ទៀត ដែល​ជា​សមាជិក​អាស៊ាន។ លោក​បន្ថែម​ថា យុវជន​អាច​រៀន​ពី​របៀប​នៃ​ការ​ធ្វើ​អាជីវកម្ម និង​សហគ្រិនភាព តាម​រយៈ​ការ​វិនិយោគទុន​ពី​ប្រទេស​ជា​សមាជិក និង​ប្រទេស​ដែល​មិន​មែន​ជា​សមាជិក​អាស៊ាន។

យុវជន​កម្ពុជា និង​កម្ពុជា​ក្រោម សង្កត់​ធ្ងន់​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​មាន​យន្តការ​ជាក់លាក់​ក្នុង​ការ​បណ្តុះបណ្តាល​យុវជន និង​ប្រជាជន​គ្រប់​មជ្ឈដ្ឋាន មិន​ថា​ខ្មែរ​លើ ឬ​ខ្មែរ​ក្រោម​នោះ​ឡើយ។ ទន្ទឹម​នឹង​នេះ​ដែរ រដ្ឋាភិបាល​កម្ពុជា ត្រូវ​លើក​ឡើង​នូវ​សេចក្តី​ព្រាង​ទៅ​ប្រទេស​ជា​សមាជិក​អាស៊ាន ស្ដីពី​ការ​គាំពារ​សិទ្ធិ ពិសេស​យុវជន​ដោយ​មាន​តម្លាភាព និង​ត្រូវ​គោរព​តាម​សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ។

អាស៊ាន​បង្កើត​ឡើង​ដោយ​ប្រទេស​ចំនួន​៥ គឺ​ហ្វីលីពីន ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី និង​សិង្ហបុរី នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​១៩៦៧។ កម្ពុជា ចូល​ជា​សមាជិក​អាស៊ាន​នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​១៩៩៩។ បច្ចុប្បន្ន អាស៊ាន​មាន​ប្រទេស​ជា​សមាជិក​ចំនួន​១០ ហើយ​នៅ​ចុង​ឆ្នាំ​២០១៥ នេះ ប្រទេស​ជា​សមាជិក​ទាំងអស់ នឹង​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​តែ​មួយ នៅ​ពេល​នោះ​ជា​ពេលវេលា​មួយ​ដែល​មាន​លំហូរ​កម្លាំង​ពលកម្ម​ពី​គ្នា​ទៅ​វិញ​ទៅ​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល