អាជីវករ​ខ្មែរ​ជាង​១​ពាន់​នាក់​លក់​ដូរ​នៅ​ថៃ​តវ៉ា​នៅ​មុខ​ច្រក​ព្រំដែន​ខេត្ត​បាត់ដំបង

ដោយ ហ៊ុំ ចំរើន
2015-06-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​អាជីវករ​ខ្មែរ​លក់​ដូរ​នៅ​ផ្សារ​ភ្នំ​ដី​ក្នុង​ទឹក​ដី​ថៃ នាំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​មុខ​ច្រក​គីឡូម៉ែត្រ​លេខ​១៣ ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១៥។
ក្រុម​អាជីវករ​ខ្មែរ​លក់​ដូរ​នៅ​ផ្សារ​ភ្នំ​ដី​ក្នុង​ទឹក​ដី​ថៃ នាំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​មុខ​ច្រក​គីឡូម៉ែត្រ​លេខ​១៣ ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១៥។
Photo Provided

ក្រុម​អាជីវករ​ខ្មែរ​លក់​ដូរ​នៅ​ផ្សារ​ភ្នំ​ដី ក្នុង​ទឹក​ដី​ថៃ ជាប់​ព្រំដែន​ច្រក​របៀង​គីឡូ​លេខ​១៣ ឬ​ច្រក​ភ្នំ​ដី ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង ប្រមាណ​ជាង ១​ពាន់​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២១ មិថុនា នាំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​មុខ​ច្រក​របៀង​គីឡូ​លេខ១៣ ទាមទារ​អាជ្ញាធរ​ខ្មែរ​ទាក់ទង​ទៅ​ខាង​ភាគី​ថៃ ដើម្បី​ដោះស្រាយ​ពី​ការ​ប្ដូរ​ទីតាំង​លក់​ដូរ និង​ដាក់​ទំនិញ​ពី​សំណាក់​ថៅកែ​ជនជាតិ​ថៃ ឲ្យ​បាន​សមរម្យ។

ក្រុម​អាជីវករ​ខ្មែរ​នៅ​ផ្សារ​ភ្នំ​ដី ឬ​ហៅ​ផ្សារ​ថៃ សម្ដែង​ការ​មិន​ពេញ​ចិត្ត​ពី​ការ​ផ្លាស់ប្ដូរ​ទីតាំង​តូប​លក់​ដូរ​ថ្មី​ពី​សំណាក់​ថៅកែ​ផ្សារ​ភ្នំ​ដី ថា​ជា​កាយវិការ​មួយ​គាប​សង្កត់​ក្រុម​អាជីវករ ធ្វើ​ឲ្យ​ពួក​គាត់​លក់​ដូរ​ទំនិញ​ក្នុង​ផ្សារ ជួប​ការ​លំបាក លក់​ដូរ​មិន​បាន​ច្រើន​ដូច​មុន។

ក្រុម​អាជីវករ​ខ្មែរ​លក់​ដូរ​នៅ​ផ្សារ​ភ្នំ​ដី ស្រុក​ក្លងហាត ខេត្ត​ស្រះកែវ ប្រទេស​ថៃ ដែល​ជាប់​ច្រក​របៀង​ភ្នំ​ដី ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង ថ្លែង​នៅ​ថ្ងៃ​ទី​២១ មិថុនា ថា មូលហេតុ​ដែល​ពួក​គាត់​នាំ​គ្នា​តវ៉ា​នោះ ដោយសារ​ថៅកែ​ជនជាតិ​ថៃ បាន​ផ្លាស់ប្ដូរ​ទីតាំង​លក់​ដូរ​ពី​ទីកន្លែង​ចាស់​ទៅ​ទីតាំង​ថ្មី​ក្បែរ​នោះ។ ក្រុម​អាជីវក​អះអាង​ថា ទីតាំង​លក់​ដូរ​ថ្មី​នេះ ថៅកែ​ថៃ តម្រូវ​ឲ្យ​ពួក​គេ​ទិញ​ទំនិញ​របស់​ខ្លួន​ក្នុង​តម្លៃ​ខ្ពស់​ខុស​ពី​ទីតាំង​ចាស់ មាន​ជាអាទិ៍ សាច់​ជ្រូក​នៅ​ទីតាំង​ថ្មី​មួយ​គីឡូក្រាម​ប្រមាណ ៧៥​បាត ឬ​ប្រហែល ៩​ពាន់​រៀល។ ចំណែក​ឯ​កន្លែង​លក់​ដូរ​ចាស់​វិញ សាច់​ជ្រូក​មួយ​គីឡូក្រាម​ប្រមាណ ៦០​បាត ឬ​ប្រហែល ៧.៥០០​រៀល​ប៉ុណ្ណោះ។

ក្រុម​អាជីវករ​បន្ត​ថា អ្នក​លក់​ដូរ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ប្ដូរ​ទីតាំង​ថ្មី​នេះ ភាគ​ច្រើន​ជា​ប្រជាពលរដ្ឋ​ខ្មែរ​អ្នក​លក់​សាច់​ជ្រូក លក់​អីវ៉ាន់​ចាប់ហួយ និង​អ្នក​លក់​បន្លែ គឺ​លក់​ពុំ​ទទួល​បាន​ផល​ចំណេញ​ឡើយ៖ «បញ្ហា​សំខាន់​នោះ គឺ​ថៅកែ​ផ្សារ​គេ​បង្ខំ​ឲ្យ​ពួក​ខ្ញុំ​យក​សាច់​ជ្រូក​របស់​គេ ហើយ​បោះបង់​ថៅកែ​ចាស់​ចោល។ ម្យ៉ាង​ទៀត កន្លែង​លក់​ថ្មី​នោះ​មិន​គ្រប់​សម្រាប់​ការ​លក់​ដូរ​របស់​អាជីវករ​ចាស់​នោះ​ទេ។ បើ​ពួក​ខ្ញុំ​លក់​ទៅ​ទីតាំង​ថ្មី​នោះ ក្នុង​មួយ​ថ្ងៃ​ត្រូវ​ខាត​បង់​ប្រាក់​យ៉ាង​តិច​ជាង ១​ពាន់​ក្នុង​មួយ​តូប»

ពួក​គាត់​បន្ត​ថា ទំនិញ​នៅ​ក្នុង​ផ្សារ​ភ្នំ​ដី ប្រមាណ ៨០​ភាគរយ​ជា​របស់​ថៃ ចំណែក​ឯ​អ្នក​ទិញ​ភាគ​ច្រើន​ជា​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​ព្រំដែន​នៃ​ស្រុក​សំពៅលូន និង​ស្រុក​មួយ​ចំនួន​ទៀត​នៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ។ ក្រុម​អាជីវករ​ស្នើ​ឲ្យ​អាជ្ញាធរ​ខ្មែរ​ប្រចាំ​ការ​នៅ​ច្រក​របៀង​ភ្នំ​ដី ស្រុក​សំពៅលូន ទាក់ទង​ទៅ​ខាង​ភាគី​ថៃ ធ្វើ​យ៉ាង​ណា​ឲ្យ​បញ្ចុះ​តម្លៃ​ទំនិញ​នៅ​ទីតាំង​ថ្មី​ឲ្យ​បាន​សមរម្យ​ដូច​ទីតាំង​ចាស់។ ការ​ដំឡើង​ថ្លៃ​ទំនិញ​នេះ ដោយសារ​ការ​រៀបចំ​ទីតាំង​ផ្សារ និង​ផ្លាស់ប្ដូរ​ថៅកែ​ផ្សារ​ថ្មី។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អនុប្រធាន​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-ថៃ ប្រចាំ​ច្រក​ភ្នំ​ដី ឬ​ហៅ​ច្រក​គីឡូ​លេខ​១៣ លោក កែវ ឌឿន មាន​ប្រសាសន៍​ថា អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង​ពីរ គឺ​កម្ពុជា-ថៃ ប្រចាំ​ច្រក​ភ្នំ​ដី កំពុង​ដំណើរ​ការ​ដោះស្រាយ​លើ​ការងារ​នេះ ហើយ​ថា​ទទួល​បាន​លទ្ធផល​ប្រមាណ ៩៥​ភាគរយ​ហើយ។ លោក​បញ្ជាក់​ថា តម្លៃ​សាច់​ជ្រូក​ដែល​បាន​ឯកភាព​គ្នា​ដូច​តម្លៃ​លក់​ដូរ​នៅ​ទីតាំង​ចាស់​ដដែល គឺ​ប្រមាណ ៦០​បាត​ក្នុង​មួយ​គីឡូក្រាម៖ «ចំណុច​ដែល​នៅ​សេសសល់​មាន​ដូចជា ផ្នែក​អ្នក​លក់​ចាប់ហួយ និង​លក់​បន្លែ​ផ្លែ​ឈើ​ជាដើម ខាង​ភាគី​ថៃ គេ​សុំ​ពន្យារ​រយៈពេល ៣​ថ្ងៃ ដើម្បី​ធ្វើ​ការ​ដោះស្រាយ»

ទោះ​យ៉ាង​នេះ​ក្ដី ប្រជាពលរដ្ឋ​បង្ហើប​ឲ្យ​ដឹង​ថា កន្លង​មក​ក្រុម​អាជីវករ​ជនជាតិ​ថៃ ដែល​លក់​ដូរ​នៅ​ផ្សារ​ភ្នំ​ដី បាន​តវ៉ា​ឲ្យ​អាជ្ញាធរ​ថៃ ដោះស្រាយ​ប្រមាណ ២​សប្ដាហ៍​មក​ហើយ ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល​នោះ​ទេ។

បច្ចុប្បន្ន នៅ​ផ្សារ​ភ្នំ​ដី មាន​តូប​លក់​ដូរ​ប្រមាណ ៣០០​តូប ក្នុង​នោះ ២០​ភាគរយ​ជា​របស់​អាជីវករ​ជនជាតិ​ថៃ និង ៨០​ភាគរយ អាជីវករ​ខ្មែរ។ ក្រុម​អាជីវករ​អះអាង​ថា ផ្សារ​នេះ​ភាគ​ច្រើន​លក់​ដូរ​នៅ​ពេល​ព្រឹក គឺ​ពី​ម៉ោង ៦​ព្រឹក​រហូត​ម៉ោង​ប្រមាណ ១២​ថ្ងៃ​ត្រង់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល