ពលករ​ខ្មែរ​មក​ពី​ធ្វើ​ការ​នៅ​ស៊ុយអែត​ដាក់​ញត្តិ​ទៅ​រដ្ឋសភា​សុំ​ជួយ​អន្តរាគមន៍​បើក​ប្រាក់​ខែ

ដោយ សេក បណ្ឌិត
2015-05-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២២-កញ្ញា-២០១៣៖ ក្រុម​ការងារ​រៀបចំ​វេទិកា​នៅ​រដ្ឋ​សភា​ ត្រៀម​សម្រាប់​កិច្ច​ប្រជុំ​សភា​លើក​ដំបូង នីតីកាល​ទី​៥ ​នៅ​ថ្ងៃ​ទី​២៣ កញ្ញា ឆ្នាំ​២០១៣។
២២-កញ្ញា-២០១៣៖ ក្រុម​ការងារ​រៀបចំ​វេទិកា​នៅ​រដ្ឋ​សភា​ ត្រៀម​សម្រាប់​កិច្ច​ប្រជុំ​សភា​លើក​ដំបូង នីតីកាល​ទី​៥ ​នៅ​ថ្ងៃ​ទី​២៣ កញ្ញា ឆ្នាំ​២០១៣។
RFA/Van Vichar

តំណាង​ពលករ​ខ្មែរ​ដែល​មក​ពី​ធ្វើ​ការ​នៅ​ប្រទេស​ស៊ុយអែត (Sweden) ប្រមាណ ២០​នាក់​ក្នុង​ចំណោម​ជាង ៧០​នាក់ ដាក់​ញត្តិ​ទៅ​រដ្ឋសភា សុំ​អន្តរាគមន៍​ជួយ​ដោះស្រាយ​វិវាទ​ការងារ​នៅ​រសៀល​ថ្ងៃ​ទី​២៩ ឧសភា។

ក្រុម​ពលករ​អះអាង​ថា ពួក​គេ​កំពុង​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ដាំ​កូន​ឈើ​មួយ​នៅ​ក្នុង​ប្រទេស​ស៊ុយអែត ដែល​មិន​ទាន់​បើក​ប្រាក់​ខែ​ឲ្យ​ពួក​គេ​គ្រប់​ចំនួន។

តំណាង​ពលករ​ខ្មែរ លោក ឡុង សម្ផស្ស អះអាង​ថា ញត្តិ​របស់​ពួក​គេ​ត្រូវ​ប្រធាន​គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា គឺ​អ្នកស្រី កែ សុវណ្ណរតន៍ ចេញ​មក​ទទួល និង​សន្យា​ថា នឹង​ជួយ​ដោះស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់​ជាមួយ​ស្ថានទូត និង​ក្រសួង​ការងារ៖ «គាត់​នឹង​លើក​យក​បញ្ហា​របស់​ពួក​យើង​ទៅ​ជជែក​ជាមួយ​ស្ថានទូត ដើម្បី​ឲ្យ​ស្ថានទូត​ជួប​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​ពន្លឿន​ដំណោះស្រាយ​ដែល​ពួក​យើង​មាន»

ការ​ដាក់​ញត្តិ​ទៅ​រដ្ឋសភា​ពេល​នេះ បន្ទាប់​ពី​ពលករ​ជាច្រើន​នាក់​បាន​នាំ​គ្នា​តវ៉ា និង​សុំ​អន្តរាគមន៍​ពី​ស្ថានទូត​ស៊ុយអែត ប្រចាំ​កម្ពុជា ឲ្យ​ជួយ​ដោះស្រាយ​ម្តង​រួច​ហើយ​កាល​ពី​ថ្ងៃ​ទី​២៥ ឧសភា ប៉ុន្តែ​មិន​ទាន់​មាន​លទ្ធផល​យ៉ាង​ណា​នៅ​ឡើយ។

ពាក់ព័ន្ធ​បញ្ហា​នេះ តំណាង​ខាង​ភាគី​ក្រុមហ៊ុន​ពន្យល់​ថា ការ​ដែល​មិន​បើក​ប្រាក់​ខែ​ឲ្យ​គ្រប់​ចំនួន​នោះ ដោយសារ​ក្រុមហ៊ុន​ក្ស័យ​ធន ហើយ​ពលករ​ខ្មែរ​ទាំង​នោះ​ក៏​មិន​ទាន់​សង​លុយ​ដែល​ជំពាក់​ក្រុមហ៊ុន​មក​វិញ​ដែរ។

ពលករ​ខ្មែរ ៧២​នាក់​បាន​ចេញ​ទៅ​ធ្វើ​ការងារ​ជា​អ្នក​ដាំ និង​កាត់​ដើម​ឈើ​នៅ​ប្រទេស​ស៊ុយអែត កាល​ពី​ឆ្នាំ​២០១៤ កន្លង​ទៅ។ ពួក​គេ​ចោទ​ក្រុមហ៊ុន​នៅ​ប្រទេស​ស៊ុយអែត នោះ​ថា មាន​ចេតនា​គេចវេស​មិន​ចង់​បើក​ប្រាក់​ខែ​ឲ្យ​ពួក​គេ​គ្រប់​ចំនួន​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល