ព្រះមហាក្សត្រ​តែងតាំង​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ១១​រូប សម្រាប់​អាណត្តិ​ថ្មី

ដោយ ខែ សុណង
2020-07-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះមហាក្សត្រ ​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី។
ព្រះមហាក្សត្រ ​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី។
Photo: RFA

ព្រះមហាក្សត្រ នរោត្តម សីហមុនី បាន​ត្រាស់បង្គាប់​តែងតាំង​សមាជិក​ចំនួន ១១​រូប នៃ​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​សម្រាប់​អាណត្តិ​ថ្មី។

ព្រះរាជក្រឹត្យ ចុះ​ថ្ងៃ​ទី​១៤ កក្កដា ត្រាស់បង្គាប់​ឲ្យ សមាជិក​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​ក្នុង​អាណត្តិ​ចាស់ ចំនួន​៩​រូប បន្ត​អាណត្តិ​ដដែល​។ អ្នក​ទាំងនោះ មាន​ដូចជា ឧបនាយករដ្ឋមន្ត្រី អ្នកស្រី ម៉ែន សំអន ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី និង​លោក ឱម យ៉ិនទៀង ដែល​បច្ចុប្បន្ន​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជាដើម​។ ចំណែក​សមាជិក​ថ្មី​២ រូប​ទៀត​ទើបនឹង​ជ្រើសតាំង​ថ្មី​នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ គឺ​លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ជ្រើសតាំង​ចេញ​ពី​រដ្ឋាភិបាល និង​លោក តាំង ស៊ុនឡាយ ជ្រើសតាំង​ដោយ​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម។

ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ជា​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​បង្កើត​ឡើង​ដោយ​ព្រះរាជក្រឹត្យ​មាន​តួនាទី​ពិគ្រោះ​យោបល់ និង​ផ្ដល់​អនុសាសន៍​លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ។

សមាជិក​នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ត្រូវ​បាន​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ សម្រាប់​រយៈពេល ៥​ឆ្នាំ​។ សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​ត្រូវ​បាន​កំណត់​ថា ប្រធាន​មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី អនុប្រធាន មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី ហើយ​សមាជិក មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​។ អង្គការ​តម្លាភាព​អន្តរជាតិ​កាលពី​ខែមករា កន្លង​ទៅ ចេញផ្សាយ​នូវ​លទ្ធផល​សន្ទស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ​ឆ្នាំ​២០១៩។

សន្ទស្សន៍​នេះ​ចាត់​ចំណាត់ថ្នាក់​ប្រទេស និង​ដែនដី​សរុប​ចំនួន​១៨០ ដោយ​ផ្អែកលើ​ការយល់ឃើញ​របស់​អ្នកឯកទេស និង​អ្នក​ជំនាញ​ផ្នែក​ធុរកិច្ច អំពី​កម្រិត​នៃ​អំពើពុករលួយ​នៅ​ក្នុង​វិស័យ​សាធារណៈ​ក្នុង​ប្រទេស​នីមួយៗ ដោយ​ប្រើប្រាស់​មាត្រដ្ឋាន​ពិន្ទុ​ពី​០(​សូន្យ​) ទៅ​១០០(​មួយ​រយ​) ដែល​០​ពិន្ទុ​មានន័យថា​ពុករលួយ​ខ្លាំង ហើយ​១០០​ពិន្ទុ​គឺ​ស្អាតស្អំ​ខ្លាំង។

លទ្ធផល​នៃ​សន្ទស្សន៍​ក្នុង​ឆ្នាំ​នេះ​បង្ហាញ​ថា ប្រទេស​កម្ពុជា​ទទួល​បាន​២០​ពិន្ទុ លើ​ពិន្ទុ​អតិបរមា ១០០ គឺជា​ពិន្ទុ​ដដែល​ធៀប​នឹង​ឆ្នាំមុន។

កម្ពុជា​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​១៦២ ក្នុងចំណោម​ប្រទេស និង​ដែនដី​សរុប​ចំនួន ១៨០ ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ការ​វាយតម្លៃ។

នៅ​កម្រិត​តំបន់ ប្រទេស​កម្ពុជា​បន្ត​ស្ថិត​ក្នុងចំណោម​ប្រទេស​មាន​ពិន្ទុ​ទាប​ជាងគេ​ទី​៣ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិច នៅ​លើ​តែ​ប្រទេស​អាហ្វហ្គានីស្ថាន និង​កូរ៉េខាងជើង​តែប៉ុណ្ណោះ ហើយក៏​ជា​ប្រទេស​មាន​ពិន្ទុ​ទាប​ជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ាន​ផង​ដែរ៕

 

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល