ព្រះមហាក្សត្រ​យាង​ទៅ​ប្រទេស​ចិន​ខណៈ​លោក ហ៊ុន សែន កំពុង​ស្វះស្វែង​ស្នើ​ព្រះអង្គ​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន

ដោយ យន់ សាមៀន
2020-03-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះមហាក្សត្រ និង​សម្ដេច​ម៉ែ យាង​ទៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន នៅ​ព្រឹក​​ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ២០២០។
ព្រះមហាក្សត្រ និង​សម្ដេច​ម៉ែ យាង​ទៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន នៅ​ព្រឹក​​ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន

អ្នក​វិភាគ​ថា ការ​យាង​ចេញ​ពី​ប្រទេស​កម្ពុជា​របស់​ព្រះមហាក្សត្រ​ទៅ​កាន់​ប្រទេស​ចិន ព្រោះ​ទ្រង់​មិន​ចង់​ចូលរួម​បំផ្លាញ​ជាតិ​ជាមួយ​របប​ក្រុង​ភ្នំពេញ​ក្នុង​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន។ អ្នក​វិភាគ​លើក​ឡើង​បែប​នេះ ខណៈ​លោក ហ៊ុន សែន កំពុង​ស្វះស្វែង​រក​ការ​គាំទ្រ​ពី​ព្រះ​មហាក្សត្រ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន។

អ្នកវិភាគ​នយោបាយ និង​សង្គម​ដែល​ហ៊ាន​រិះគន់​លោក ហ៊ុន សែន ឥត​សំចៃ​មាត់ និង​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក គឹម សុខ សង្កេត​ឃើញ​ថា នេះ​មិន​មែន​ជា​លើក​ទី១ ទេ ដែល​ព្រះ​មហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី យាង​ចេញ​ពី​កម្ពុជា​នៅ​ពេល​របប​ក្រុង​ភ្នំពេញ​ធ្វើ​ច្បាប់​អ្វី​មួយ ដែល​មិន​ប្រយោជន៍​ជាតិ ព្រោះ​រដ្ឋធម្មនុញ្ញ​មិន​បាន​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ព្រះមហាក្សត្រ​អាច​ជំទាស់​លើ​ច្បាប់ ដែល​របប​ក្រុង​ភ្នំពេញ​ស្នើ​នោះ​ទេ។ លោក គឹម សុខ ថា គម្រោង​ធ្វើ​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន បាន​ធ្វើ​ឲ្យ​ប៉ះ​ទង្គិច​ដល់​រាជ​ហឫទ័យ​ព្រះអង្គ​ខ្លាំង។ ដូច្នេះ ព្រះអង្គ​មាន​តែ​យាង​ទៅ​ក្រៅ​ប្រទេស៖ «ការ​យាង​ទៅ​របស់​ព្រះ​មហាក្សត្រ​នៅ​ក្នុង​ស្ថានភាព ដែល​ស្មុគស្មាញ​ហ្នឹង គឺ​ជា​វិធី ដែល​ព្រះ​អង្គ​ធ្វើ ដើម្បី​គេច​ពី​រួម​គំនិត​ផ្សំ​ឃុបឃិត ពួក​ដែល​កំពុង​ប្រើប្រាស់​ជាតិ ដើម្បី​តែ​អំណាច​ផ្ទាល់​ខ្លួន និង​ក្រុម​គ្រួសារ»

ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី និង​សម្ដេច​ម៉ែ យាង​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ចាប់​ពី​ថ្ងៃ​ទី១ ខែ​មេសា ដើម្បី​ពិនិត្យ​ព្រះរាជ​សុខភាព។ ទោះ​យ៉ាង​នេះ​ក្តី​ក្នុង​ព្រះរាជសារ​នោះ​មិន​បាន​បញ្ជាក់​ថា ព្រះអង្គ​នឹង​យាង​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ណា​នោះ​ទេ។ ព្រះរាជ​សារ​ព្រះមហាក្សត្រ​បញ្ជាក់​ថា ក្នុង​ពេល​អវត្តមាន​ព្រះមហាក្សត្រ ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ នឹង​មក​ធ្វើ​ជា​ប្រមុខរដ្ឋ​ស្ដីទី។

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី សរសេរ​លើ​ហ្វេសប៊ុក​ថ្ងៃ​ទី៣១ ខែ​មីនា​ថា ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន គ្មាន​បាន​ប្រយោជន៍​អ្វី​ទេ គ្រាន់​តែ​ឆ្លុះ​បញ្ចាំង​ភាព​ស្លន់ស្លោ​របស់ លោក ហ៊ុន សែន ដែល​ភ័យ​ខ្លាច បាត់​បង់​អំណាច ពេល​ជំងឺ កូវីដ-១៩ កំពុង​តែ​រាតត្បាត។ លោក សម រង្ស៊ី លើក​ឡើង​ទៀត​ថា បំណង​ពិត​របស់​លោក ហ៊ុន សែន គឺ​រឹតត្បិត​សិទ្ធិ​សេរីភាព ក្នុង​ការ​សម្ដែង​មតិ របស់​ពលរដ្ឋ​ថែម​ទៀត រហូត​ដល់​បិទ​ទំព័រ Facebook របស់ អ្នក ដែល និយាយ​ការ​ពិត ហើយ​ផ្ដល់​គំនិត​ល្អៗ ជួយ​ប្រជារាស្ត្រ​ខ្មែរ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក ម៉ន ផល្លា ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស និយាយ​ថា ក្នុង​ស្ថានភាព​ដែល​ពលរដ្ឋ​ខ្មែរ​កំពុង​ប្រឈម​នឹង​ជំងឺ​កូវីដ-១៩ លោក​ចង់​ឃើញ​ព្រះមហាក្សត្រ​គង់​នៅ​ក្នុង​ប្រទេស ដើម្បី​ជា​ម្លប់​ដល់​ប្រជារាស្ត្រ និង​កុំ​ឲ្យ​របប​ក្រុងភ្នំពេញ​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត។ មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ ស្នើ​ទៅ​របប​ក្រុង​ភ្នំពេញ​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​ជំងឺ​កូវីដ-១៩ ឲ្យ​អស់​លទ្ធភាព​ជា​មុន​សិន​មុន​នឹង​រៀបចំ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន៖ «ពិត​ប្រាកដ​ហើយ ដោយសារ​កន្លង​ទៅ ព្រះករុណា​កន្លង​ទៅ លោក​មិន​មាន​សិទ្ធិ​អំណាច​អ្វី​សម្រាប់​កិច្ចការ​ប្រទេស​នោះ​ទេ ព្រះអង្គ​ចាំ​តែ​ឡាយ​ព្រះហស្តលេខា​តាម​អ្វី​លោក ហ៊ុន សែន ស្នើ​ឡើង​ដូច្នេះ ព្រះអង្គ​មាន​ព្រះទ័យ​មិន​ចង់​ឃើញ​នូវ​អ្វី​ជា​កំហុស​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រជាជន​ខ្មែរ។ អ៊ីចឹង​ព្រះ​អង្គ​សុខ​ចិត្ត​យាង​ទៅ​ពិនិត្យ​នៅ​ខាង​ក្រៅ»

រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បើក​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​​ពិភាក្សា​ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន។ ជា​ទូ​ទៅ នៅ​ពេល​រដ្ឋាភិបាល​ធ្វើ​ច្បាប់​អ្វី​មួយ រដ្ឋសភា ព្រឹទ្ធសភា និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ឯកភាព​លើ​សំណើ​នោះ ដោយ​គ្មាន​ការ​កែប្រែ​ចំណុច​ណា​មួយ​ឡើយ ដែល​ទីបំផុត​ទៅ​ព្រះមហាក្សត្រ ឬ​ប្រមុខ​រដ្ឋ​ស្ដីទី​នឹង​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​នោះ។

ព្រះបាទ នរោត្តម សីហមុនី ទ្រង់​យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ប្រទេស​ចិន​ជា​ទៀងទាត់ ក៏ប៉ុន្តែ​ម្ដងម្កាល​នៅ​ពេល​រដ្ឋាភិបាល​ធ្វើ​ច្បាប់​ណាមួយ​ដែល​ប្រាសចាក​ពី​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ ទ្រង់​ក៏​យាង​ទៅ​ប្រទេស​ចិន​មុន​កាលវិភាគ​របស់​ទ្រង់​ផង​ដែរ។ កាល​ពី​ដើម​ឆ្នាំ២០១៨ ព្រះអង្គ​បាន​យាង​ចេញពី​កម្ពុជា​ទៅ​គង់នៅ​ទីក្រុង​ប៉េកាំង​អស់​រយៈពេល​ជាង​មួយ​ខែ ស្រប​ពេល​ដែល​របប​លោក ហ៊ុន សែន កំពុង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ក្រម​ព្រហ្មទណ្ឌ ដែល​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​។ អ្នកវិភាគ​យល់ថា ព្រះរាជ​ដំណើរ​របស់​ព្រះអង្គ​នៅ​ពេល​នោះ គឺ​ដោយសារ​ទ្រង់​មិន​សព្វព្រះរាជហឫទ័យ​ក្នុង​ការ​ឡាយ​ព្រះហស្តលេខា​លើ​ការ​កែប្រែ​ច្បាប់​ទាំងនេះ។

អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​ព្រួយ​បារម្ភ​ថា នៅ​ពេល​រដ្ឋាភិបាល​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន រដ្ឋាភិបាល​នឹង​យក​លេស​នេះ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ថែម​ទៀត លើ​សកម្មជន​បក្ស​ប្រឆាំង មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​ដែល​មតិ​មិន​ស្រប​នឹង​រដ្ឋាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល