មន្ទីរ​ការងារ​ខេត្ត​កំពង់ស្ពឺ​កោះ​ហៅ​ភាគី​មាន​ជម្លោះ​ការងារ​នៅ​រោងចក្រ ម៉ូណូភា ទៅ​ដោះស្រាយ

ដោយ ជាតិ ចំណាន
2019-11-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​ប្រមាណ ៨០០នាក់ នៃ​រោងចក្រ ម៉ូណូភា ខេមបូឌា (Monopia Cambodia) ផ្ទុះ​កូដកម្ម​តវ៉ា​នៅ​មុខ​រោងចក្រ កាល​ពី​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ២០១៩ ទាមទារ​ឲ្យ​ថៅកែ​ទទួល​យក​តំណាង​ពួក​គាត់ ២នាក់​ចូល​ធ្វើ​ការ​វិញ។
កម្មករ​ប្រមាណ ៨០០នាក់ នៃ​រោងចក្រ ម៉ូណូភា ខេមបូឌា (Monopia Cambodia) ផ្ទុះ​កូដកម្ម​តវ៉ា​នៅ​មុខ​រោងចក្រ កាល​ពី​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ២០១៩ ទាមទារ​ឲ្យ​ថៅកែ​ទទួល​យក​តំណាង​ពួក​គាត់ ២នាក់​ចូល​ធ្វើ​ការ​វិញ។
រូប៖ ហ្វេសប៊ុក CENTRAL

អធិការកិច្ច​នៃ​មន្ទីរ​ការងារ​ខេត្ត​កំពង់​ស្ពឺ កោះហៅ​តំណាង​ភាគី​រោងចក្រ ម៉ូណូ​ភា ខេម​បូឌា (Monopia Cambodia) និង​តំណាង​កម្មករ​ ទៅ​ដោះស្រាយ​វិវាទ​ការងារ ​នៅ​មន្ទីរ​ការងារ​ខេត្ត ​ថ្ងៃ​ទី​១៦ វិច្ឆិកា ក្រោយ​ពី​មាន​ផ្ទុះ​កូដកម្ម​ពី​កម្មករ​ប្រមាណ​៨​រយ​នាក់ ទាមទារ​ឲ្យ​ថៅកែ​ទទួល​យក​តំណាង​ពួក​គេ​ចូល​ធ្វើ​ការ​វិញ។

ប្រធាន​ការិយាល័យ​អធិការកិច្ច​នៃ​មន្ទីរ​ការងារ​ខេត្ត​កំពង់​ស្ពឺ លោក ប៉ាន់ សុង ប្រាប់​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៥ វិច្ឆិកា​ថា មន្ត្រី​នៃ​មន្ទីរ​ការងារ ​បាន​ចុះ​ទៅ​ដោះស្រាយ​វិវាទ​ការងារ​ នៅ​រោងចក្រ ម៉ូណូភា ខេមបូឌា (Monopia Cambodia) ម្ដង​រួច​មក​ហើយ កាល​ពី​ថ្ងៃ​ទី១៤ វិច្ឆិកា ប៉ុន្តែ​ភាគី​រោងចក្រ ហាក់​មិន​ចង់​ទទួល​យក​ការ​សម្របសម្រួល​ពី​ខាង​មន្ទីរ ​រឿង​ទទួល​យក​តំណាង​កម្មករ​ឲ្យ​​ចូល​ធ្វើ​ការ​វិញ​នោះ​ទេ។

លោក បន្ត​ថា ខាង​មន្ទីរ​ការងារ​ នឹង​ព្យាយាម​សម្រុះ​សម្រួល​ ដោះស្រាយ​វិវាទ​ការងារ​នេះ នៅ​ក្នុង​ជំនួប​គ្រប់​ភាគី​នៅ​ថ្ងៃ​ទី១៦ វិច្ឆិកា​ ប៉ុន្តែ​បើ​មាន​ភាគី​ណាមួយ​មិនព្រម​ទទួល​ការ​សម្រេច​របស់​មន្ទីរ​ការងារ​ខេត្ត​ទេ ​ពួកគេ​អាច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ​បន្ត​ទៀត​ តាម​នីតិវិធី៖ «ដោយ​សារ​​គាត់​​កូដកម្ម​​ទៅ​​ហើយ អ៊ីចឹង​! ខ្ញុំ​មិន​អាច​ទាន់​ធ្វើ​អធិការកិច្ច​ទេ។ ខ្ញុំ​មាន​តែ​សម្រប​សម្រួល​​ឲ្យ​​កម្មករ​ចូល​ធ្វើ​សិន។ បើ​កម្មករ​អត់​ចូល​ធ្វើ​ការ​ ខ្ញុំ​ទៅ​អធិការកិច្ច​ជាមួយ​ខាង​ណា។ អធិការកិច្ច​​ជាមួយ​​ក្រុមហ៊ុន​ដដែល​ៗ ​ហ្នឹង។ ខ្ញុំ​បាន​ធ្វើ​លិខិត​រួច​ហើយ ផ្ញើ​ឲ្យ​គាត់​ហើយ នៅ​ថ្ងៃសៅរ៍​ ម៉ោង ​៨​ព្រឹក»។

តំណាង​កម្មករ និង​ជា​មន្ត្រី​សហជីព​សេរី​ឯករាជ្យ​នៅ​រោងចក្រ ម៉ូណូភា ខេមបូឌា (Monopia Cambodia) លោក នៅ​ ចន្ថា រំពឹង​តាម​រយៈ​ការ​សម្របសម្រួល​ពី​មន្ទីរ​ការងារ​ខេត្ត​នេះ ភាគី​ក្រុមហ៊ុន​នឹង​ទទួល​ពួកគាត់​ចូល​បម្រើ​ការងារ​វិញ ហើយ​នឹង​គិត​គូរ​អត្ថប្រយោជន៍​ឲ្យ​កម្មករ​តាម​សំណើ​ដែល​ដាក់​កន្លង​មក រួមមាន ការ​បើក​ប្រាក់​ឲ្យ​កម្មករ​ឲ្យ​ទាន់​ពេល​វេលា​ ​គិតគូរ​ផ្ដល់​ប្រាក់​រង្វាន់ និង​ប្រាក់​អតីតភាព​ការងារ​ដល់​កម្មករ«ខ្ញុំ​សំណូមពរ​ឲ្យ​ក្រសួង​ជួយ​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​ចូល​ធ្វើ​ការ​វិញ ហើយ​​ដោះ​ស្រាយ​​សំណើ​​មួយ​​ចំនួន​​ទៀត​ ឲ្យ​គាត់​ដោះស្រាយ​ខ្លះ​ៗ​មក»។

ប្រធាន​រដ្ឋបាល​ក្រុមហ៊ុន ម៉ូណូ​ភា ខេម​បូឌា (Monopia Cambodia) ឲ្យ​ដឹង​ថា​ ភាគី​ក្រុមហ៊ុន នឹង​ចូល​ខ្លួន​ទៅ​តាម​ការ​កោះ​ហៅ​របស់​មន្ទីរ​ការងារ​ខេត្ត​ ប៉ុន្តែ​ភាគី​នៅ​តែ​ប្រកាន់​ជំហរ​ថា នឹង​មិន​ទទួល​តំណាង​កម្មករ ២នាក់​នោះ​ចូល​ធ្វើ​ការ​វិញ​ឡើយ«ខ្ញុំ​ក៏​ដូច​ខាង​រោងចក្រ យើង​​អត់​​មាន​​ជំហរ​​ណា​មួយ​ ទទួល​​យក​​គាត់​​ទេ ពី​ព្រោះ​អ្វី​ដែល​គាត់​ធ្វើ​វា​ខុស​ហើយ។ អ៊ីចឹង!​ យើង​មិន​អាច​ទទួល​យក​​គាត់​​បាន​​ទេ ក្នុង​លក្ខខណ្ឌ​មួយ​ណា​ក៏​ដោយ។ វា​​អត់​​អាច​​មាន​​លទ្ធផល​​ក្នុង​​ការ​​ផ្សះផ្សា​​គ្នា​​ទេ។ ខ្ញុំ​​ក៏​​លើក​​ទឹក​ចិត្ត​​ឲ្យ​​គាត់​​ដើរ​​តាម​​នីតិវិធី​ច្បាប់ ​ ដាក់​ពាក្យ​ប្ដឹង​ទៅ​ថ្នាក់​លើ​ទៀត​ទៅ»

កាល​ពី​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា ក្រុមហ៊ុន ម៉ូណូភា ខេមបូឌា (Monopia Cambodia) ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​មន្ទីរ​ការងារ​ខេត្ត​កំពង់ស្ពឺ ​ស្នើ​សុំ​ព្យួរ​ការងារ​រយៈ​ពេល​៧​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១៤ ដល់​ថ្ងៃ​ទី២១ វិច្ឆិកា​ ចំពោះ​លោក នៅ ចន្ថា និង​លោក អឿន ចាន់នី ដោយ​រង់ចាំ​ការ​សម្រេច​ពី​មន្ទីរ​ការងារ។

ក្រុមហ៊ុន​ថា ​តំណាង​កម្មករ​ទាំង​ពីរ​នាក់​មិនបាន​បំពេញ​ការងារ​របស់​ខ្លួន ដូច​ដែល​មាន​ចែង​ក្នុង​កិច្ច​សន្យា​ការងារ​ និង​បទ​បញ្ជា​ផ្ទៃ​ក្រុមហ៊ុន​នោះ​ទេ ដោយ​សារ​ពួក​គេ​ចេញ​ក្រៅ​រោងចក្រ​ក្នុង​ម៉ោង​ធ្វើ​ការ និង​ឈប់​គ្មាន​ជូនដំណឹង​ជាដើម។ ភាគី​ក្រុមហ៊ុន ​សម្រេច​បញ្ឈប់​ពួកគេ​ពី​ការងារ​ តាមច្បាប់​ស្ដី​ពី​ការងារ ដោយ​ទូទាត់​ប្រាក់​ខែ​ចុងក្រោយ​ឲ្យ​តែ​ប៉ុណ្ណោះ។

លុះ​មក​ដល់​ថ្ងៃ​ទី១៤ វិច្ឆិកា​ ដែល​ចំ​ថ្ងៃ​មន្ទីរ​ការងារ​ ចុះ​ធ្វើ​អធិការ​កិច្ច​តាម​សំណើ​ក្រុមហ៊ុន​រឿង​បញ្ឈប់​តំណាង​កម្មករ​២នាក់ ក៏​ស្រាប់​តែ​មាន​ការ​ធ្វើ​កូដកម្ម​ ពី​ខាង​ក្រុម​កម្មករ​ប្រមាណ​៨រយ​នាក់​ នាំ​គ្នា​មិន​ចូល​ធ្វើការ​ ឈរ​តវ៉ា​ឲ្យ​ថៅកែ​ជនជាតិ​កូរ៉េ​ខាងត្បូង ទទួល​តំណាង​ពួកគេ ២នាក់​ចូល​ធ្វើការ​ងារ​វិញ។

ក្រុមហ៊ុន ម៉ូណូភា ខេមបូឌា ខូ អិលធីឌី (Monopia Cambodia Co., Ltd) ស្ថិត​នៅ​ក្នុង​ឃុំ​រលាំង​គ្រើល ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ គឺ​ជា​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​ ផលិត​កាបូប​គ្រប់​ប្រភេទ​នាំ​ចេញ​ទៅ​បរទេស​ ដែល​មាន​កម្មករ​ធ្វើ​ការ​សរុប​ប្រមាណ ​៩​រយ​នាក់។

ក្រុម​កម្មករ ឲ្យ​ដឹង​ថា ប្រសិន​បើ​ក្រុម​នៅ​តែ​ព្រម​មិន​ទទួល​យក​តំណាង​កម្មករ​វិញ​ទេ ពួក​គេ​នឹង​បន្ត​ធ្វើ​កូដកម្ម​នៅ​ពី​រោងចក្រ ហើយ​នឹង​នាំ​គ្នា​ទៅ​រក​ដំណោះស្រាយ​ ពី​ក្រសួង​ការងារ​ នៅ​រាជធានី​ភ្នំពេញ នៅ​ដើម​សប្ដាហ៍​ក្រោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល