ពលរដ្ឋ​នៅ​ក្រចេះ​ចោទ​​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ដាក់​បារាស​យក​លុយ​ពី​អ្នក​ធ្វើ​ដំណើរ

ដោយ ប្រាជ្ញ ចេវ
2014-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រជាពលរដ្ឋ​រស់​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ចោទ​ប្រកាន់​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ ប៊ឹន ភឿក ២ ក្រចេះ (Rubber Binh Phouek 2) ថា​បាន​ដាក់​បារាស​យក​លុយ​ពេល​ពួកគេ​ដឹក​ដំឡូង និង​ដំណាំ​ផ្សេងៗ​ឆ្លងកាត់​ផ្លូវ។ ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។ ចំណែក​អាជ្ញាធរ​អះអាង​ថា នឹង​ធ្វើ​ការ​ស៊ើប​អង្កេត។

ពលរដ្ឋ​ថា នៅ​រយៈពេល​ពីរ​ខែ​នេះ ឆ្មាំ​យាម​ក្រុមហ៊ុន ប៊ឹន ភឿក ២ ក្រចេះ បាន​យក​លុយ​ពី​ពួកគេ​ពេល​ដឹក​ដំឡូង និង​ដំណាំ​ផ្សេងៗ​ចេញពី​ចម្ការ​ដោយ​គោយន្ត​មួយ​គ្រឿង​តម្លៃ​ ៥​ពាន់​រៀល ចំណែក​រថយន្ត​ដឹក​ដំឡូង​តម្លៃ​ពី ១.៥០០០​រៀល ទៅ​ ២០.០០០​រៀល។

លោក អឹម ហេង ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ស្រែថ្មី ឃុំ​ឃ្សឹម និយាយ​ថា បើ​សិន​ពលរដ្ឋ​មិន​បង់​ប្រាក់ អ្នក​យាម​ក្រុមហ៊ុន​មិន​អនុញ្ញាត​ឲ្យ​ដឹក​ដំណាំ​ចេញ​ឡើយ។ លោក​បន្ត​ថា អ្នក​ភូមិ​អាច​រក​ផ្លូវ​ណា​ផ្សេង​ឆ្លង​កាត់​ឡើយ ដូច្នេះ​មានតែ​ត្រូវ​បង់​ប្រាក់​ឲ្យ​ក្រុមហ៊ុន។ ពលរដ្ឋ​រូប​នេះ​ស្នើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​អន្តរាគមន៍​រឿង​នេះ៖ «គេ​យក​លុយ​ហូរហែ​ពេល​ដឹក​ដំឡូង។ ចេះ​តែ​ព្រួយ ចេះ​តែ​បារម្ភ​ដែរ ធ្វើ​ផ្លូវ​ខុស​ពី​គោលការណ៍​នាយករដ្ឋមន្ត្រី​ប្រកាស»

​ពលរដ្ឋ​ថា ការ​ដាក់​បារាស​យក​លុយ​នេះ ទើប​តែ​បាន​កើត​ឡើង​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៤ ក្នុង​អំឡុង​នៃ​ការ​ប្រមូល​ផល​ស្រូវ និង​ដំឡូង។ ប្រធាន​ប៉ុស្តិ៍​នគរបាល​ឃុំ​ឃ្សឹម ស្រុក​ស្នួល លោក អោ សេង ប្រាប់​ថា លោក​ធ្លាប់​ទទួល​ព័ត៌មាន​រឿង​ដាក់​បារាស​យក​លុយ​នេះ ប៉ុន្តែ​នៅ​ពេល​លោក​ចុះ​ដល់​កន្លែង​មិន​ដែល​ឃើញ​ក្រុមហ៊ុន ប៊ឹន ភឿក ២ នេះ យក​លុយ​ពី​ពលរដ្ឋ​ឆ្លង​កាត់​ឡើយ។ ទោះ​បែបនេះ​ក្តី លោក​ថា ក្រុម​ការងារ​លោក​នឹង​ស៊ើប​ករណី​នេះ​បន្ត និង​ស្នើ​ឲ្យ​ពលរដ្ឋ​រាយការណ៍ ឬ​ដាក់​ពាក្យ​ប្តឹង​មក​ប៉ូលិស​ដើម្បី​មាន​មូលដ្ឋាន​ក្នុង​ការ​ស្រាវជ្រាវ៖ «ខ្ញុំ​ទៅ​អត់​ដែល​ជួប​សោះ! ចាំ​មើល​ខ្ញុំ​ដាក់​កម្លាំង​តាម​ដាន​ទៀត»

ជា​ញឹកញាប់​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ក្រចេះ តែងតែ​ប្រាប់​ថា ឆ្មាំ​យាម​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ស្ទាក់​យក​លុយ​ពី​ពលរដ្ឋ​ដឹក​ដំណាំ​កសិផល​ឆ្លង​កាត់។ ចំណែក​តំណាង​ក្រុមហ៊ុន​អះអាង​ថា ការ​ដាក់​បារាស​នេះ មិន​មែន​ដើម្បី​យក​លុយ​ពី​ពលរដ្ឋ​ទេ គឺ​ដើម្បី​សុវត្ថិភាព​ក្រុមហ៊ុន និង​ងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រង។

អនុ​ប្រធាន​ក្រុម​សន្តិសុខ​នៃ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ ប៊ឹន ភឿក ២ ក្រចេះ លោក គង់ ងិន បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ និង​ថា ក្រុមហ៊ុន​លោក​គ្មាន​បទបញ្ជា​ណា​មួយ​ឲ្យ​យក​លុយ​ពី​ប្រជាពលរដ្ឋ​ឆ្លង​កាត់​ទេ។ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា ក្រុមហ៊ុន​ពិត​ជា​មាន​ដាក់​បារាស​នៅ​កន្លែង​ឆ្លង​កាត់ និង​ថែម​ទាំង​មាន​ប៉ូលិស ទាហាន​នៅ​ការពារ​ក្រុមហ៊ុន៖ «ថ្ងៃ​ស្អែក​នេះ ខ្ញុំ​ធ្វើ​ការងារ​នេះ​ហើយ នឹង​ហៅ​តំណាង​ក្រុមហ៊ុន​មក​សាកសួរ»

​អាជ្ញាធរ​បញ្ជាក់​ថា កន្លង​មក​ធ្លាប់​មាន​ករណី​ក្រុមហ៊ុន​យក​លុយ​ពី​ពលរដ្ឋ​ឆ្លង​កាត់​មែន ប៉ុន្តែ​ពលរដ្ឋ​មិន​ដែល​ប្ដឹងផ្ដល់​ទេ ព្រោះ​លុយ​នោះ​ទុក​សម្រាប់​ថែទាំ​ផ្លូវ។ ទាក់ទង​រឿង​នេះ អភិបាល​ស្រុក​ស្នួល លោក គង់ គឹមនី ប្រាប់​ថា លោក​មិនទាន់​ដឹង​រឿង​នេះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​ថា នៅ​ថ្ងៃស្អែក​លោក​នឹង​កោះ​ហៅ​តំណាង​ក្រុមហ៊ុន​នេះ​មក​សួរ​ដើម្បី​ដឹង​ថា ក្រុមហ៊ុន​យក​ប្រាក់​ពី​ពលរដ្ឋ​ឆ្លងកាត់​ដោយ​របៀប​ណា និង​មាន​ទំហំ​ប៉ុណ្ណា។

ប្រជាពលរដ្ឋ​ដែល​ដី​ក្នុង​បរិវេណ​ក្រុមហ៊ុន​លើក​ឡើង​ថា កន្លងមក​ធ្លាប់​មាន​ការ​អន្តរាគមន៍​ពី​អាជ្ញាធរ​រឿង​ក្រុមហ៊ុន​ដាក់​បារាស​យក​ប្រាក់​នេះ​ដែរ ប៉ុន្តែ​មួយ​រយៈ​ពេល​ក្រោយ​មក អ្នក​យាម​ក្រុមហ៊ុន​នៅ​តែ​យក​ប្រាក់​ពី​ពួកគេ​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ចំណុចនោះមាននាយប៉េអឹម ឈ្មោះ លន់ ប៊ុនថុល ជាអ្នកមានឥទ្ធិពលនៅទីនោះនិងកាងឈើដែលដឹកចេញនៅពេលយប់ជាង២ឆ្នាំហើយនិងពេលនេះនៅបន្តរាល់យប់ ពីមុនមាន បារ៉ាស់៤​មួយច្រកចូលជាប់ផ្លូវកៅស៊ូ ពេលនេះរើទៅដាក់នៅ ក្នុងប្រហែល ១០គីឡូ។ ទី២ នៅមុខផ្ទះអ្នកការពារសត្វព្រៃ ពេលនេះរើចេញហើយ។ ទី៣ និងទី៤នៅអមពីត្បូងនិងពីជើងស្ពានដែក ព្រែកឆ្លូង។គេចាំយកលិយពីអ្នកស្រុកនិងឈ្មួញចូលទិញផលដំណាំ។ ចៅហ្វាយខេត្តក្រចេះដឹងច្បាស់ព្រោះមានចំការម្រេចក្នុងនេះ និង ចេញចូលស្ទើរាល់អាទិត្យ។

Dec 30, 2014 09:58 PM

គេហទំព័រ​ទាំងមូល