អធិការកិច្ច​នៃ​មន្ទីរ​ការងារ​ខេត្ត​កំពង់ស្ពឺ នឹង​ចេញ​សេចក្ដី​សម្រេច​​លើ​រឿង​វិវាទ​ការងារ​នៅ​រោងចក្រ​ម៉ូណូភា ក្រោយ​ធ្វើ​អធិការ​កិច្ច​រួច

ដោយ វ៉ែន សុមេធ
2019-11-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​នៅ​រោងចក្រ ម៉ូណូភា ខេមបូឌា (Monopia Cambodia) ប្រមាណ ៨០០​នាក់ តវ៉ា​ទាមទារ​ឲ្យ​ថៅកែ​ទទួល​យក​តំណាង​ពួក​គេ ២នាក់ ​ចូល​ធ្វើ​ការ​វិញ កាល​ពី​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ២០១៨។
កម្មករ​នៅ​រោងចក្រ ម៉ូណូភា ខេមបូឌា (Monopia Cambodia) ប្រមាណ ៨០០​នាក់ តវ៉ា​ទាមទារ​ឲ្យ​ថៅកែ​ទទួល​យក​តំណាង​ពួក​គេ ២នាក់ ​ចូល​ធ្វើ​ការ​វិញ កាល​ពី​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ២០១៨។
រូប៖ ហ្វេសប៊ុក CENTRAL

មន្ទីរ​ការងារ​ខេត្ត​កំពង់​ស្ពឺ ចុះ​ធ្វើ​ការ​អធិការកិច្ច​រយៈ​ពេល ២ថ្ងៃ នៅ​រោងចក្រ ម៉ូណូភា កម្ពុជា (Monopia Cambodia) ដើម្បី​ចេញ​សេចក្ដី​សម្រេច​ដំណោះ​ស្រាយ​មួយលើ​វិវាទ​ការងារ ​ដែល​ភាគី​ក្រុមហ៊ុន​មិន​ព្រម​ទទួល​យក​តំណាង​កម្មករ​ ២នាក់​មិន​ឲ្យ​ចូល​ធ្វើការ។ ភាគី​ក្រុមហ៊ុន​ថា នឹង​​គោរព​តាម​សេចក្ដី​សម្រេច​របស់​មន្ទីរ​ការងារ។

ប្រធាន​ការិយាល័យ​អធិការកិច្ច​នៃ​មន្ទីរ​ការងារ​ខេត្ត​កំពង់​ស្ពឺ លោក ប៉ាន់ សុង ប្រាប់​អាស៊ី​សេរី​ នៅ​ថ្ងៃ​ទី១៨ វិច្ឆិកាថា មន្ត្រី​នៃ​មន្ទីរ​ការងារ ចុះ​ស្រាវជ្រាវ​ស្វែង​រក​ដើម​ចម​ ចំពោះ​ការ​បញ្ឈប់​តំណាង​កម្មករ​ពីរ​នាក់ ពី​សំណាក់​ភាគី​រោងចក្រ​ម៉ូណូភា ចាប់​ពី​ថ្ងៃ​ទី១៨ ដល់​ទី១៩ វិច្ឆិកា ក្រោយ​ពី​សម្របសម្រួល​ឲ្យ​កម្មករ​ប្រមាណ​ជិត ១ពាន់​នាក់ ឲ្យ​ចូល​ធ្វើ​ការងារ​វិញ។

លោក​បន្ត​ថា ក្រោយ​បញ្ចប់​អធិការកិច្ច​រយៈ​ពេល ២ថ្ងៃ​ហើយ មន្ទីរ​ការងារ​នឹង​ចេញ​សេចក្ដី​សម្រេច​លើ​វិវាទ​ការងារ​មួយ​នេះ​ថា តើ​ក្រុមហ៊ុន​ត្រូវ​ទទួល​យក​តំណាង​កម្មករ​ឲ្យ​ចូល​ធ្វើ​ការ​វិញ​ ឬ​ក៏​ត្រូវ​បញ្ឈប់​តំណាង​កម្មករ​ពី​ការងារ «ចំពោះ​រឿង​តំណាង​កម្មករ​ហ្នឹង ក្រុមហ៊ុន​គាត់​ប្រកាន់​ជំហរ​មួយ ថា​គាត់​មិន​ទទួល​យក​ទេ។ បើ​ខាង​ច្បាប់​សម្រេច​ថា​ធ្វើ​ម៉េច គឺ​គាត់​នឹង​ធ្វើ​តាម​ការ​សម្រេច​​របស់​ច្បាប់»

លោក ប៉ាន់ សុង ឲ្យ​ដឹង​ថា កាលពី​ចុង​សប្ដាហ៍​កន្លង​មក​ ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​លើ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ហើយ ក៏ប៉ុន្តែ​ខាង​ក្រុមហ៊ុន​នៅ​តែ​ប្រកាន់​ជំហរ​មិនព្រម​យក​តំណាង​កម្មករ​ទាំង ២នាក់​ឲ្យ​ចូល​ធ្វើវិញ​នោះ​ទេ។ មន្ត្រី​ការងារ​រូប​នេះ បញ្ជាក់​ថា លោក​នឹង​បញ្ជូន​បញ្ហា​ដែល​នៅ​សេសសល់​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ធ្វើ​ការ​ដោះស្រាយ​បញ្ចប់ ។

ប្រធាន​រដ្ឋបាល​ក្រុមហ៊ុន ម៉ូណូ​ភា ខេម​បូឌា (Monopia Cambodia) លោក សម សុជា ប្រាប់​អាស៊ី​សេរី​ថា ភាគី​ក្រុមហ៊ុន នឹង​គោរព​តាម​សេចក្ដី​សម្រេច​របស់​មន្ទីរ​ការងារ​ ក្នុង​ជម្លោះ​ការងារ​​នេះ«ក្រុមហ៊ុន គឺ​ធ្វើ​តាម​នីតិវិធី​ច្បាប់​ទាំង​អស់។ ក្នុង​ករណី​ណាមួយ​ដែល​ខាង​មន្ទីរ​ការងារ​ចុះ​អធិការកិច្ច​ហើយ គាត់​មើល​ឃើញ​ថា ក្រុមហ៊ុន​ចោទ​ពួកគាត់​ដោយ​មិន​ពិត។ អ៊ីចឹង!​បើ​មន្ទីរ​ការងារ​ចេញ​សេចក្ដី​សម្រេច​មួយ​ថា​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​តំណាង​កម្មករ​ចូល​ធ្វើ​ការ​វិញ ក្រុមហ៊ុន​អត់​មាន​អ្វី​ប្រកែក​ទេ»

តំណាង​កម្មករ និង​ជា​មន្ត្រី​សហជីព​សេរី​ឯករាជ្យ​នៅ​រោងចក្រ ម៉ូណូភា ខេមបូឌា (Monopia Cambodia) លោក អឿន ចាន់នី ឲ្យ​ដឹង​ថា គិត​មក​ដល់​ពេល​នេះ ខាង​ក្រុមហ៊ុន​បាន​បញ្ឈប់​តំណាង​កម្មករ ៩នាក់​ហើយ ចាប់​តាំង​ពី​ពេល​កម្មករ​ទាមទារ​ឲ្យ​ថៅកែ​ទទួល​យក​តំណាង​កម្មករ ២នាក់ ​ចូល​ធ្វើ​ការ​វិញ កាល​ពី​ថ្ងៃ​ទី១៤ វិច្ឆិកា។

តំណាង​កម្មករ​រូប​នេះ នៅ​តែ​ទទូច​ដល់​មន្ទីរ​ការងារ ឱ្យ​ចុះ​ស្រាវជ្រាវ​ស្វែងរក​ការ​ពិត ​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ពួក​គាត់​ ដែល​ត្រូវ​ភាគី​រោងចក្រ​រើសអើង​មិន​ឲ្យ​ធ្វើ​ការងារ«ខ្ញុំ​សូម​ឲ្យ​មន្ទីរ​ឬ​ក៏​ប្រឹក្សា​អាជ្ញា​កណ្ដាល ត្រួត​ពិនិត្យ​ ឬ​ក៏​ហៅ​ភាគី​ទាំង​សង​ខាង​ទៅ​និយាយ​ថា​រឿង​វា​ពិត ឬ​អត់។ ដូច​ខាង​រោងចក្រ​ ថា​វា​ត្រឹមត្រូវ​ឬ​អត់។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ បញ្ឈប់​អ្នក​ពោះ​ធំ បញ្ឈប់​បន្ថែម​ទៀត​ជា​បន្តបន្ទាប់​ហ្នឹង ហើយ​មិន​ឲ្យ​ដឹកនាំ​តំណាង​កម្មករ​សហជីព ។ ប្រពន្ធ​ខ្ញុំ​ជិត​ឆ្លង​ទន្លេ​ហើយ ក្នុង​រោងចក្រ​មាន​ការ​រើសអើង​មិន​ឈប់​អ៊ីចឹង។ ខ្ញុំ​មានការ​តូច​ចិត្ត​នូវ​ទង្វើ​រោងចក្រ អាង​តែ​អស់​លោក​គាត់​មាន​លុយ។ ខាង​ថៅកែ​រោងចក្រ​មាន​លុយ ហើយ​អ្នក​ធ្វើការ​ក្រោម​ឱវាទ​របស់​ច្បាប់​ហ្នឹង គាត់​ធ្វើ​មិន​សម​ហេតុ​ផល​ចំពោះ​ពួក​ខ្ញុំ​ទេ»

កាលពី​ថ្ងៃ​ទី១៤ វិច្ឆិកា កម្មករ​ប្រមាណ ៨រយ​នាក់ ​នាំ​គ្នា​ធ្វើ​កូដកម្ម​តវ៉ា​ឲ្យ​ថៅកែ​ជនជាតិ​កូរ៉េ​ខាងត្បូង ទទួល​តំណាង​ពួកគេ​ ២នាក់​ចូល​ធ្វើការ​ងារ​វិញ ក្រោយ​ភាគី​រោងចក្រ​បាន​ព្យួរ​ការងារ​ពួក​គេ ១សប្ដាហ៍ ដោយ​រង់ចាំ​ការ​សម្រេច​ពី​មន្ទីរ​ការងារ មុន​នឹង​បញ្ឈប់​ពួក​គេ​ពី​ការងារ។

ក្រុមហ៊ុន ម៉ូណូភា ខេមបូឌា ខូ អិលធីឌី (Monopia Cambodia Co., Ltd) ស្ថិត​នៅ​ក្នុង​ឃុំ​រលាំង​គ្រើល ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ គឺ​ជា​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​ ផលិត​កាបូប​គ្រប់​ប្រភេទ​នាំ​ចេញ​ទៅ​បរទេស​ ដែល​មាន​កម្មករ​ធ្វើ​ការ​សរុប​ប្រមាណ ៩រយ​នាក់។

ក្រុម​តំណាង​កម្មករ​បញ្ជាក់​ជំហរ​ថា ប្រសិន​បើ​ក្រុមហ៊ុន​នៅ​តែ​មិន​ព្រម​ទទួល​យក​ពួកគេ​ចូល​ធ្វើ​ការ​វិញ​ទេ ពួកគេ​នឹង​ដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម​នៅ​ពី​មុខ​រោងចក្រ​ ជា​ថ្មី​ទៀត​ ដោយ​ជូន​ដំណឹង​ទៅ​ក្រុមហ៊ុន ​ក្នុង​រយៈពេល ២ថ្ងៃ​បន្ទាប់​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល