សហជីព​ថា ក្រសួង​ការងារ​នឹង​បញ្ជូន​សំណុំ​រឿង​វិវាទ​កម្មករ និង​ថៅកែ​រោងចក្រ​ហ៊ូលូ (HULU) ទៅ​កាត់​ក្ដី​នៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល

ដោយ អាស៊ីសេរី
2020-05-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​រោងចក្រ ហ៊្វូ លូ (HULU Garment Co. Ltd.) ដែល​ក្រុមហ៊ុន​បញ្ឈប់​ ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​មុខ​រោងចក្រ នៅ​ភូមិ​ព្រៃ​ទា ១ សង្កាត់​ចោមចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ទាមទារ​ក្រុមហ៊ុន​ឱ្យ​ផ្ដល់​ប្រាក់​បំណាច់​ឆ្នាំ។
កម្មករ​រោងចក្រ ហ៊្វូ លូ (HULU Garment Co. Ltd.) ដែល​ក្រុមហ៊ុន​បញ្ឈប់​ ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​មុខ​រោងចក្រ នៅ​ភូមិ​ព្រៃ​ទា ១ សង្កាត់​ចោមចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ទាមទារ​ក្រុមហ៊ុន​ឱ្យ​ផ្ដល់​ប្រាក់​បំណាច់​ឆ្នាំ។
រូប៖ កម្មករ

សហជីព​ឲ្យ​ដឹង​ថា ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ នឹង​បញ្ជូន​សំណុំ​រឿង​វិវាទ​ការងារ​ របស់​កម្មករ ២២៤​នាក់ ជាមួយ​ថៅកែ​រោងចក្រ​ហ៊ូលូ (HULU Garment Factory) ទៅ​កាត់​ក្ដី នៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល បន្ទាប់​ពី​ដោះស្រាយ​​មិន​ត្រូវរ៉ូវ​គ្នា នៅ​ក្រសួង​ការងារ។

ប្រធាន​សហព័ន្ធ​សហជីព​ឯករាជ្យ​កម្ពុជា លោក រី សិទ្ធីណែត ប្រាប់​ថា ការ​ជជែក​គ្នា​រវាង​ភាគី​កម្មករ និង​ថៅកែ នៅ​ក្រសួង​ការងារ​ កាល​ពី​ថ្ងៃ​ទី៦ ឧសភា មិន​ត្រូវ​រ៉ូវ​គ្នា ព្រោះ​ខាង​ថៅកែ​រក្សា​ជំហរ​ មិន​ព្រម​ទូទាត់​លុយ​បន្ថែម​ឲ្យ​កម្មករ​ និង​អះអាង​ថា បាន​ទូទាត់​លុយ ​ឲ្យ​កម្មករ​ចប់​សព្វ​គ្រប់​ហើយ តែ​ជាក់​ស្ដែង។

លោក​ថា ថៅកែ​រោងចក្រ​បាន​ទូទាត់​លុយ​មិន​គ្រប់​ចំនួន​ តាម​ច្បាប់​ការងារ ដូចជា ខ្វះ​ប្រាក់​អតីតភាព​​ ប្រាក់​បណ្ដេញ​ចេញ​ ជាដើម។ សហជីព​ថា នៅ​ដំណាក់​កាល​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល មិន​មែន​ជា​ការ​សម្រប​សម្រួល ​ដូច​នៅ​ក្រសួង​ការងារ​ទេ តែ​ជា​ការ​សម្រេច​ក្ដី​យក​ឈ្នះ​ចាញ់។ លោក​​រំពឹង​ថា ខាង​កម្មករ​នឹង​ឈ្នះ​ក្ដី ព្រោះ​រោងចក្រ​គ្មាន​ឯកសារ​បញ្ជាក់​ពី​ការ​ផ្ដល់​លុយ​អត្ថប្រយោជន៍​តាម​ច្បាប់​ឲ្យ​កម្មករ​ទេ។

ថៅកែ​រោងចក្រ​ហ៊ូលូ បាន​ព្យួរ​ការងារ​កម្មករ​សរុប ១.៣០០​នាក់ រយៈ​ពេល ២ខែ​ហើយ គឺ​នៅ​​ខែ​មីនា និង​ខែ​មេសា​។ កម្មករ​ថា នៅ​ចុង​ខែ​មេសា ខាង​រដ្ឋបាល​រោង​ចក្រ​ បាន​ទូរស័ព្ទ​ហៅ​កម្មករ​ទៅ​ជួប​ម្នាក់​ម្ដង ណែនាំ​ឲ្យ​ដាក់​លិខិត​លា​ឈប់​ពី​ការងារ ដោយ​ប្រាប់​ថា ខាង​រោង​ចក្រ​បិទ​ទ្វារ​ ដោយសារ​គ្មាន​អ្នក​បញ្ជា​ទិញ។

ប៉ុន្តែ ក្រុម​កម្មករ​អះអាង​ថា មក​ដល់​ពេល​នេះ រោងចក្រ​មិន​បាន​បិទ​ទ្វារ​ទេ ហើយ​រោងចក្រ ក៏​មិន​បាន​បញ្ឈប់​កម្មករ​ទាំង​អស់​ដែរ គឺ​បញ្ឈប់​ប្រហែល ៥០០​នាក់​ប៉ុណ្ណោះ។

រោងចក្រ​ហ៊ូលូ ស្ថិត​នៅ​ភូមិ​ព្រៃ​ទា១ សង្កាត់​ចោមចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ ថៅកែ​រោងចក្រ​នេះ ជា​ជនជាតិ​ចិន កាត់​ដេរ​ផលិតផល​សំលៀក​បំពាក់​ យីហោ Adidas​ តែ​កម្មករ មិន​ដឹង​ថា នាំ​ចេញ​ទៅ​ប្រទេស​ណា​ទេ។ បច្ចុប្បន្ន​ក្រុម​កម្មករ បាន​បញ្ឈប់​​ការ​តវ៉ា នៅ​មុខ​រោងចក្រ​ហើយ ដោយ​រង់​ចាំ​ការ​ដោះ​ស្រាយ តាម​ផ្លូវ​ក្រសួង​ការងារ និង​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល