ក្រសួង​ការងារ​សន្យា​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នៅ​សណ្ឋាគារ ហ្គ្រេត ឌូក ត្រឹម​សប្ដាហ៍​ក្រោយ

ដោយ ហេង រស្មី
2020-05-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​បុគ្គលិក​សណ្ឋាគារ ឌឹ ហ្គ្រេត ឌូក (The Great Duke) ប្រមាណ ៦០នាក់ នាំ​គ្នា​តវ៉ា នៅ​មុខ​សណ្ឋាគារ ទាមទារ​ប្រាក់សំណង នៅ​ថ្ងៃ​ទី២១ ខែ​ឧសភា ឆ្នាំ២០២០។
អតីត​បុគ្គលិក​សណ្ឋាគារ ឌឹ ហ្គ្រេត ឌូក (The Great Duke) ប្រមាណ ៦០នាក់ នាំ​គ្នា​តវ៉ា នៅ​មុខ​សណ្ឋាគារ ទាមទារ​ប្រាក់សំណង នៅ​ថ្ងៃ​ទី២១ ខែ​ឧសភា ឆ្នាំ២០២០។
រូប៖ អតីត​បុគ្គលិក​សណ្ឋាគារ

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការងារ ចេញ​មុខ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​រឿង​ទូទាត់​ប្រាក់​សំណង​ រវាង​ក្រុម​អតីត​បុគ្គលិក​ជាង ១រយ​នាក់ និង​ម្ចាស់​សណ្ឋាគារ​ ហ្គ្រេត ឌូក​ ភ្នំពេញ (Great Duke Phnom Penh) ត្រឹម​សប្ដាហ៍​ក្រោយ។ តំណាង​ក្រុម​អ្នក​តវ៉ា សង្ឃឹម​ថា ​ក្រសួង​នឹង​គោរព​ពាក្យ​សន្យា​របស់​ខ្លួន ដើម្បី​ជំរុញ​ការ​ផ្ដល់​ប្រាក់​សំណង​ដល់​បុគ្គលិក​ទាំង​អស់​យក​ទៅ​ដោះស្រាយ​ជីវភាព និង​បំណុល​ធានា ក្នុង​ពេល​ឆាប់​ខាង​មុខ​នេះ។

រដ្ឋលេខាធិការ និង​ជា​នាយក​ខុទ្ទកាល័យ​នៃ​ក្រសួង​ការងារ លោក ហេង សួរ មាន​ប្រសាសន៍​​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ក្រសួង​នឹង​ព្យាយាម​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​ ដោយ​ស្វែង​រក​ប្រភព​ប្រាក់ បើក​ឲ្យ​អតីត​បុគ្គលិក​សណ្ឋាគារ​សរុប ១៥២​នាក់ នៅ​ត្រឹម​ដំណាច់​សប្ដាហ៍​ក្រោយ តាម​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល។

ទោះ​ជា​យ៉ាង​ណា លោក ហេង សួរ ​មិន​អាច​បញ្ជាក់​បាន​ថា​ ប្រភព​សាច់​ប្រាក់​នោះ បាន​មក​ពី​ណា​នោះ​ទេ ប៉ុន្តែ​ ក្រសួង​នឹង​ធ្វើ​ការ​ជាមួយ​ភាគី​ម្ចាស់​សណ្ឋាគារ​បន្ត​ទៀត៖ «សូម​បង​ប្អូន​សម្រាយ​ទៅ ក្រសួង​ខិត​ខំ​ធ្វើ​មិច​ ដើម្បី​រក​ថវិកា​ជូន​បង​ប្អូន​យើង​មុន ហើយ​យើង​នឹង​ធ្វើ​ការ​ជាមួយ​ម្ចាស់​សណ្ឋាគារ​តាម​ក្រោយ។ ខ្ញុំ​បាន​ប្រាប់​លោក​ កុសល ហើយ​ អ្វី​ដែល​ត្រូវ​ការ​បន្ត​ទៀត​ គឺ​ពេល​រសៀល យើង​ពិនិត្យ​បញ្ជី​ឈ្មោះ​ទាំង​អស់​គ្នា ហើយ​រយៈ​ពេល​វេលា យើង​នឹង​ព្យាយាម​ដោះស្រាយ​ធ្វើ​មិច​ត្រឹម​សប្ដាហ៍​ក្រោយ»

លោក ទូច កុសល (ឆ្វេង) ប្រធាន​សហព័ន្ធ​សហជីព​កម្មករ និយោជិក​វិស័យ​ទេសចរណ៍​កម្ពុជា និង​លោក ហេង សួរ រដ្ឋលេខាធិការ និង​ជា​នាយក​ខុទ្ទកាល័យ​នៃ​ក្រសួង​ការងារ ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​ទី២១ ខែ​មេសា ឆ្នាំ២០២០ ថា ក្រសួង​នឹង​ព្យាយាម​ដោះស្រាយ​បញ្ចប់​បញ្ហា​អតីត​បុគ្គលិក​សណ្ឋាគារ​សរុប ១៥២នាក់​នៅ​សប្ដាហ៍​បន្ទាប់។ រូប៖ អតីត​បុគ្គលិក​សណ្ឋាគារ
លោក ទូច កុសល (ឆ្វេង) ប្រធាន​សហព័ន្ធ​សហជីព​កម្មករ និយោជិក​វិស័យ​ទេសចរណ៍​កម្ពុជា និង​លោក ហេង សួរ រដ្ឋលេខាធិការ និង​ជា​នាយក​ខុទ្ទកាល័យ​នៃ​ក្រសួង​ការងារ ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​ទី២១ ខែ​មេសា ឆ្នាំ២០២០ ថា ក្រសួង​នឹង​ព្យាយាម​ដោះស្រាយ​បញ្ចប់​បញ្ហា​អតីត​បុគ្គលិក​សណ្ឋាគារ​សរុប ១៥២នាក់​នៅ​សប្ដាហ៍​បន្ទាប់។ រូប៖ អតីត​បុគ្គលិក​សណ្ឋាគារ ឌឹ ហ្គ្រេត ឌូក

ការ​សន្យា​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការងារ​រូប​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពេល​ក្រុម​អតីត​បុគ្គលិក​សណ្ឋាគារ​ប្រមាណ ៦០នាក់ នាំ​គ្នា​ឈរ​លើក​បដា​ពាក្យ​ស្លោក និង​រូប​លោក ហ៊ុន សែន នៅ​មុខ​សណ្ឋាគារ​អស់​រយៈ​ពេល​ជាង ៣ម៉ោង នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែ​ឧសភា។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ និយោជិក​​វិស័យ​ទេសចរណ៍​កម្ពុជា លោក ទូច កុសល ប្រាប់​អាស៊ី​សេរី ​ថា ក្រុម​លោក​បាន​ផ្ដល់​បញ្ជី​ឈ្មោះ​បុគ្គលិក និង​តារាង​គណនា​ប្រាក់​សំណង​ការងារ​ជូន​ក្រសួង​ការងារ​តាម​តម្រូវ​ការ នៅ​ពេល​រសៀល​រួច​ហើយ ។

លោក​ឲ្យ​ដឹង​ថា ចំនួន​ទឹក​ប្រាក់​សរុប​ដែល​ត្រូវ​ទូទាត់​ឲ្យ​បុគ្គល ១៥២​នាក់ គឺ​ប្រមាណ​ជាង ៣២ម៉ឺន​ដុល្លារ​ ដោយ​ផ្អែក​តាម​តារាង​គណនា​របស់​ក្រុម​មេធាវី​តំណាង​ម្ចាស់​សណ្ឋាគារ​បង្ហាញ​ជូន​ក្រសួង​ការងារ​ កាល​ពី​ពេល​កន្លង​ទៅ ។

លោក សង្ឃឹម​ថា​លោក ហេង សួរ​ និង​គោរព​ពាក្យ​សន្យា​របស់​ខ្លួន ដោយ​ធ្វើ​យ៉ាង​ណា ឲ្យ​អតីត​បុគ្គលិក​ទាំង​អស់​គ្នា​ទទួល​បាន​ប្រាក់​សំណង​ការងារ​ទៅ​តាម​ចំនួន​ឆ្នាំ​របស់​ពួក​គាត់ ដើម្បី​យក​ទៅ​​ដោះស្រាយ​ជីវភាព​រស់​នៅ សង​បំណុល​ធនាគារ និង​មាន​ឱកាស​ស្វែង​រក​ការងារ​ធ្វើ​បន្ត​ទៀត៖ «ខ្ញុំ​គិត​ថា​ដំណាក់​នេះ​ កម្មករ​ត្រូវ​ការ​ថវិកា លុយ​កាក់​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ បង់​ទៅ​ធនាគារ​ដែល​គាត់​ជំពាក់។ អ៊ីចឹង! ខ្ញុំ​គិត​ថា​ល្អ ដែល​រដ្ឋាភិបាល​គួរ​ផ្ដល់​លុយ​ដែល​មាន​ លុយ​បុរេ​ហិរញ្ញប្បទាន​ហ្នឹង ឲ្យ​មក​កម្មករ​សិន​ទៅ ហើយ​រដ្ឋាភិបាល​មាន​ចំណាត់​ការ​បែប​ណា ទូទាត់​ជាមួយ​សណ្ឋាគារ ហ្នឹង​តាម​ក្រោយ​ទៅ»

អាស៊ី​សេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​មេធាវី​របស់​ម្ចាស់​សណ្ឋាគារ ហ្គ្រេត ឌូក គឺ​លោក នៅ ពិសិដ្ឋ បាន​ទេ​ ដោយ​ប្រព័ន្ធ​ទូរស័ព្ទ​ថា ​មិន​អាច​ទាក់​ទង​បាន។

ក្រុម​អ្នក​តវ៉ា​ ប្រកាន់​ជំហរ​ថា ប្រសិន​បើ​ក្រសួង​ការងារ​នៅ​តែ​មិន​អាច​បញ្ចប់​រឿង​នេះ​បាន ដូច​តាម​ការ​សន្យា​ទេ ពួកគាត់​នឹង​បន្ត​ធ្វើ​បាតុកម្ម​មុខ​សណ្ឋាគារ​ជា​រៀងរាល់​ថ្ងៃ ​ដោយ​មាន​អ្នក​ខ្លះ​បោះ​តង់​ដេក​មុខ​សណ្ឋាគារ ហើយ​នាំ​គ្នា​​ដើរ​ហែ​ក្បួន​ទៅ​ដាក់​ញត្តិ​ដល់​គេហដ្ឋាន​លោក ហ៊ុន សែន ក្បែរ​វិមាន​ឯករាជ្យ បើ​ទោះ​ជា​ត្រូវ​រង​ការ​ប្រើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​ក៏​ដោយ៕

អតីត​បុគ្គលិក​សណ្ឋាគារ ឌឹ ហ្គ្រេត ឌូក (The Great Duke) ប្រមាណ ៦០នាក់ នាំ​គ្នា​តវ៉ា នៅ​មុខ​សណ្ឋាគារ ទាមទារ​ប្រាក់​សំណង នៅ​ថ្ងៃ​ទី២១ ខែ​ឧសភា ឆ្នាំ២០២០។ រូប៖ អតីត​បុគ្គលិក​សណ្ឋាគារ
អតីត​បុគ្គលិក​សណ្ឋាគារ ឌឹ ហ្គ្រេត ឌូក (The Great Duke) ប្រមាណ ៦០នាក់ នាំ​គ្នា​តវ៉ា នៅ​មុខ​សណ្ឋាគារ ទាមទារ​ប្រាក់​សំណង នៅ​ថ្ងៃ​ទី២១ ខែ​ឧសភា ឆ្នាំ២០២០។ រូប៖ អតីត​បុគ្គលិក​សណ្ឋាគារ


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល