ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​និង​ខេត្ត​កំពង់ចាម​ប្រឈម​នឹង​ខ្វះ​ទឹក​ធ្វើ​ស្រែ​ប្រាំង

ដោយ ជិន ជេដ្ឋា
2015-10-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី ស៊ង ប៊ន រស់នៅ​ភូមិ​ស្វាយព្រៃ ឃុំ​សណ្ដែក ស្រុក​បាធាយ ខេត្ត​កំពង់ចាម ច្រូត​ស្រូវ​ដែល​ខូចខាត​ឲ្យ​ក្របី​ស៊ី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៤។
អ្នកស្រី ស៊ង ប៊ន រស់នៅ​ភូមិ​ស្វាយព្រៃ ឃុំ​សណ្ដែក ស្រុក​បាធាយ ខេត្ត​កំពង់ចាម ច្រូត​ស្រូវ​ដែល​ខូចខាត​ឲ្យ​ក្របី​ស៊ី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៤។
RFA

ប្រជា​កសិករ​មួយ​ចំនួន​នៅ​ស្រុក​ជលគីរី ខេត្ត​កំពង់ឆ្នាំង និង​ស្រុក​បាធាយ ខេត្ត​កំពង់ចាម ប្រឈម​នឹង​បញ្ហា​ខ្វះ​ទឹក​ធ្វើ​ស្រែ​ប្រាំង ដោយសារ​ប្រភព​ទឹក​ពី​ទំនប់​តា​កុយ ពុំ​មាន​ទឹក។ អាជ្ញាធរ​មូលដ្ឋាន​បញ្ជាក់​ថា សំណើ​សុំ​អន្តរាគមន៍​ដោះស្រាយ​ពី​បញ្ហា​ទឹក​នៅ​ទំនប់​តា​កុយ រីង​នេះ បាន​ដាក់​ដល់​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ខេត្ត​កំពង់ឆ្នាំង ជិត​កន្លះ​ខែ​មក​ហើយ ប៉ុន្តែ​មិន​ឃើញ​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​ទេ។

សមាជិក​សហគមន៍​គ្រប់គ្រង​ទំនប់​តា​កុយ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា ថា អ្នក​ភូមិ​ព្រៃគ្រីត្បូង នៃ​ខេត្ត​កំពង់ឆ្នាំង និង​ពលរដ្ឋ​ចំនួន ៥​ភូមិ​នៃ​ខេត្ត​កំពង់ចាម ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា​នោះ មាន​ផ្ទៃ​ដី​កសិកម្ម ឬ​ស្រែ​ប្រាំង​ចំនួន ៨៦០​ហិកតារ។ ប្រជា​កសិករ​ដែល​ធ្លាប់​ទាញ​យក​ទឹក​ពី​ទំនប់​នេះ​ទៅ​ស្រោចស្រព​ដំណាំ​ស្រូវ កំពុង​ខ្វល់​ចិត្ត ខណៈ​ដី​ស្រែ​ពួក​គាត់​ភាគ​ច្រើន ពុំ​មាន​ទឹក​សម្រាប់​សាបព្រោះ ឬ​ស្ទូង​ស្រូវ​នៅ​ឡើយ។

សមាជិក​សហគមន៍​ម្នាក់ លោក អួន គន មាន​ប្រសាសន៍​ថា រូប​លោក និង​ប្រជា​កសិករ​នៅ​ភូមិ​ព្រៃគ្រីត្បូង ប្រហែល ១០០​នាក់ បាន​ជួប​ក្រុម​ការងារ​ថ្នាក់​ជាតិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​តុលា ដើម្បី​ដោះស្រាយ​លើ​បញ្ហា​នេះ។ ក្នុង​ឱកាស​នោះ លោក​បាន​ស្នើ​សុំ​ម៉ាស៊ីន​បូម​ទឹក​ខ្នាត​ធំ ដើម្បី​បូម​ទឹក​ពី​ទន្លេ​បញ្ចូល​ទៅ​ក្នុង​អាង ឲ្យ​កសិករ​បាន​បង្កបង្កើនផល​ទាន់​ពេល៖ «អា​ខាង​ក្រោម​ទំនប់​អត់​ទាន់​បាន​ធ្វើ​ទេ វា​ដូច​ថា​មិន​សង្ឃឹម បើ​ធ្វើ​ទៅ​វា​អត់​ទឹក ហើយ​បើ​គាត់​ទើប​មក​គិត ទឹក​ទន្លេ​យើង​កាន់​តែ​ស្រក​លឿន ហើយ​ខ្ញុំ​សំណូមពរ​មិញ​ថា បើ​សិន​ជា​បូម​ប្រហែល​ជា ១០​គ្រឿង​ម៉ាស៊ីន​ឯណោះ ទើប​អាច​បូម​បាន បើ​ត្រឹម​មួយ​គ្រឿង ឬ​ពីរ​គ្រឿង​ទេ មិន​បាន​យក​មក​ទេ ខ្ញុំ​ថា​អ៊ីចឹង​មិញ​ហ្នឹង»

ឆ្លើយ​តប​បញ្ហា​នេះ មេ​ឃុំ​ព្រៃគ្រី លោក ប៊ុន ទ្រីម ថ្លែង​ថា អ្វី​ដែល​ជា​ការ​ស្នើសុំ​របស់​ពលរដ្ឋ ក្រុម​ការងារ​នឹង​យក​ទៅ​ពិគ្រោះ និង​ដោះស្រាយ​ជាមួយ​ថ្នាក់​លើ​បន្ត​ទៀត​សិន។ លោក​ថា កាល​ពី​កន្លះ​ខែ​មុន រូប​លោក​បាន​ធ្វើ​សំណើ​មួយ​ទៅ​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ដែរ៖ «បាទ! យើង​ធ្វើ​គម្រោង​ស្នើសុំ​ប្រេង​អី​ហ្នឹង អត់​មាន​ការ​ឆ្លើយ​តប​ថា​យ៉ាង​ម៉េច​នៅ​ឡើយ។ ពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ កាល​ណា​បាត់​ទឹក​វា​អត់​បាន​ធ្វើ​ស្រែ​ប្រាំង»

អាជ្ញាធរ និង​តំណាង​សហគមន៍​ទំនប់​តា​កុយ បញ្ជាក់​ស្រដៀង​គ្នា​ថា ទំនប់​តា​កុយ បាន​ក្លាយ​ជា​ខ្សែ​ក្រវាត់​សេដ្ឋកិច្ច​យ៉ាង​សំខាន់​សម្រាប់​ប្រជា​កសិករ នៃ​ខេត្ត​ទាំង​ពីរ ក្នុង​ការ​នាំ​ចេញ ឬ​ចូល​កសិផល បន្លែ ត្រី​សាច់​ទៅ​មក​ស្រុក​បាធាយ ខេត្ត​កំពង់ចាម និង​ស្រុក​ជលគីរី ខេត្ត​កំពង់ឆ្នាំង។ អ្វី​ដែល​សំខាន់​ជាង​នេះ​សម្រាប់​កសិករ​តាម​ដង​ទំនប់ គឺ​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ និង​ស្រោចស្រព​ដំណាំ​កសិកម្ម។

ទំនប់​តា​កុយ មាន​ប្រវែង ៥​គីឡូម៉ែត្រ​ចេញ​ពី​ក្បាល​ថ្នល់​តា​កុយ នៃ​ឃុំ​ព្រៃគ្រី រហូត​ដល់​ឃុំ​ត្រប់ ស្រុក​បាធាយ ខេត្ត​កំពង់ចាម។ ទំនប់​នេះ បាន​ស្ថាបនា​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម ហើយ​ស្ដារ​ឡើង​វិញ​នៅ​ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

សុខ សើន

ពី មកពីជលគិរី

ឆ្នាំនេះទឹកតូចធ្វើអោយ មានការខ្វះទឹកសំរាប់ប្រជាកសិករមែន។
ក្នុងនាមខ្ញុំជាអ្នកស្រុកជលគិរី សូមសុំនុំពរ ដល់គណះដឹកនាំជួយដល់ប្រជាកសិករផង ពីព្រោះដីកសិកម្មនៅទីនោះមានទំហំធំណាស់ បើគិតទាំងដីស្រែប្រាំង និងស្រែវស្សា ហើយបើមានទឹកគ្រប់គ្រាន់ ប្រជាជនអាចធ្វើស្រែបានបីដងក្នុងមួយឆ្នាំ។
សូមអរគុណ!!!!!!!!!!!!

Oct 28, 2015 10:42 PM

គេហទំព័រ​ទាំងមូល