សមាគម​ខ្មែរ​ក្រោម​ថា ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ឆ្លើយតប​នឹង​ញត្តិ​សុំ​អន្តរាគមន៍​រឿង​ដីធ្លី​នៅ​ខេត្ត​ក្រមួន​ស

ដោយ យន់ សាមៀន
2020-06-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​ខ្មែរ​ក្រោម​ប្រឈម​មុខ​ជាមួយ​នគរបាល​វៀតណាម ស្ថិត​ក្នុង​ភូមិ​​ប៉ប្រក់ ឃុំ​ប៉ប្រក់ ស្រុក​កៀងលឿង ខេត្ត​ក្រមួន​ស នៅ​ថ្ងៃ​ទី៥ ខែ​ឧសភា ឆ្នាំ២០២០។
ក្រុម​ខ្មែរ​ក្រោម​ប្រឈម​មុខ​ជាមួយ​នគរបាល​វៀតណាម ស្ថិត​ក្នុង​ភូមិ​​ប៉ប្រក់ ឃុំ​ប៉ប្រក់ ស្រុក​កៀងលឿង ខេត្ត​ក្រមួន​ស នៅ​ថ្ងៃ​ទី៥ ខែ​ឧសភា ឆ្នាំ២០២០។
រូប៖ សមាគម​ខ្មែរ​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍

សមាគម​ខ្មែរ​ក្រោម​ថា មាន​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ មួយ​ចំនួន ទាំង​នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម បាន​ឆ្លើយតប​នឹង​ញត្តិ​សុំ​អន្តរាគមន៍​ករណី​ជម្លោះដីធ្លី​របស់​ខ្មែរ​ក្រោម នៅ​ខេត្ត​ក្រមួនស​។ អង្គការ​សមាគម សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ បន្ត​ជំរុញ​ឱ្យ​ប្រទេស​វៀតណាម ប្រគល់​ដីស្រែ​ប្រមាណ ១០០​ហិកតារ ឱ្យ​ខ្មែរ​ក្រោម​វិញ។

សមាគម​ខ្មែរ​ក្រោម និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​កំពុង​ប្រឈម​ការបាត់បង់​ដីធ្លី លើកឡើង​ថា ការ​ឆ្លើយតប​របស់​បណ្ដា​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ​នៅ​ពេល​នេះ ជា​សញ្ញា​វិជ្ជមាន​មួយ​ថែម​ទៀត​ចំពោះ​ករណី​ជម្លោះដីធ្លី​របស់​ពួកគេ។

អគ្គលេខាធិការ​សមាគម​ខ្មែរ​ក្រោម​ដើម្បី​សិទ្ធិមនុស្ស​និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន ដែល​តាមដាន​ដំណើរ​រឿង​នេះ ឱ្យ​អាស៊ីសេរី​ដឹង​ថា បណ្ដា​ស្ថានទូត​នៃ​ប្រទេស​ទាំង​នោះ​បាន​លើកឡើង​ថា ពួកគេ​នឹង​ពិនិត្យ​លទ្ធភាព​បញ្ជូន​ញត្តិ​របស់​សមាគម​ខ្មែរ​ក្រោម​ទៅ ស្ថានទូត​របស់​គេ​នៅ​វៀតណាម​ឱ្យ​ពិនិត្យ​មើល​ករណី​ជម្លោះដីធ្លី​នេះ​។ ប៉ុន្តែ លោក សឺន ជុំជួន សុំ​មិន​បង្ហាញ​ឈ្មោះ​ស្ថានទូត​នៃ​ប្រទេស​ទាំង​នោះ​ទេ​។

កាល​ខែ​ឧសភា សមាគម​លោក​បាន ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ទៅ​បណ្ដា​ស្ថានទូត​ប្រទេស​សេរី​និង​ប្រទេស​ម្ចាស់​ជំនួយ​ធំៗ​ជំរុញ​ទៅ​ប្រទេស​វៀតណាម​ឱ្យ​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​ជា​ជនជាតិ​ដើម​រស់នៅ​លើទឹក​ដី​កម្ពុជា​ក្រោម និង​ត្រូវ​ប្រគល់​ដីស្រែ​ប្រមាណ ១០០​ហិកតារ ឱ្យ​ខ្មែរ​ក្រោម​វិញ៖ «មាន​ទូត​ខ្លះ​គេ​ឆ្លើយ​ដែរ ប៉ុន្តែ​យើង​សុំ​មិន​និយាយ​ឈ្មោះ​ទូត​ចុះ​គេ​ថា ពិចារណា​លទ្ធភាព​ដែល​គេ​បញ្ជូន​ទៅ»

កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា អាជ្ញាធរ​វៀតណាម​រួមមាន​៖ ប៉ូលិស ទាហាន​ដែល​ប្រដាប់​ដោយ​អាវុធ​បាន​ចុះទៅ​រឹបអូស​យក​ដី​ជាង ១០០​ហិកតារ​ធ្វើជា​កម្មសិទ្ធិ​របស់​រដ្ឋ ពី​ពលរដ្ឋ​ខ្មែរ​ក្រោម​កំពុង​ប្រើប្រាស់​ស្ថិត​ក្នុង​ភូមិ​ប៉ប្រក់ ឃុំ​ប៉ប្រក់ ស្រុក​កៀងលឿង ខេត្ត​ក្រមួនស ដែល​វៀតណាម​បាន​ប្ដូរ​ឈ្មោះ​មក​ជា​ខេត្ត​កៀងយ៉ាង។ ការ​បណ្ដេញ​ចេញ​នេះ បង្ក​ឱ្យ​មាន​អំពើ​ហិង្សា និង​បណ្ដាល​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ជាង​១០​នាក់​រង​បួស​ធ្ងន់ និង​ស្រាល។ ពលរដ្ឋ​ខ្មែរ​ក្រោម​ឱ្យ​ដឹង​ថា ពួកគេ​បាន​អាស្រ័យ​ផល​លើ​ដី​នោះ​តាំងពី​អំឡុង​ឆ្នាំ​១៩៧៣ មក​ម្ល៉េះ ប៉ុន្តែ​អាជ្ញាធរ​វៀតណាម​មិន​ព្រម​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ឱ្យ​នោះ​ទេ។ទោះបីជា​យ៉ាងណា ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​រងគ្រោះ​ដោយសារតែ​ការ​បណ្ដេញ​ចេញពី​ដីធ្លី លោក សឺន ចាំង ប្រាប់​ថា មកដល់ពេលនេះ មិនទាន់​ឃើញ​អាជ្ញាធរ​វៀតណាម​ចុះ​មក​ដោះស្រាយ​ជូន​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅឡើយ ហើយ​ពលរដ្ឋ​ខ្មែរ​ក្រោម​ក៏​មិនទាន់​ហ៊ាន​បង្កបង្កើនផល​លើ​ដី​ជម្លោះ​នោះ​នៅ​ឡើយ​ដែរ​។ លោក​សង្ឃឹមថា បើ​សហគមន៍​អន្តរជាតិ ជំរុញ​ទៅ​រដ្ឋាភិបាល​វៀតណាម​ឱ្យ​ប្រគល់​ដី​មក​ពលរដ្ឋ​ខ្មែរ​ក្រោម​វិញ នឹង​អាច​ធ្វើ​អាជ្ញាធរ​វៀតណាម​យល់ព្រម​ធ្វើតាម៖ «មានតែ​ស្នើ​ទៅ​អន្តរជាតិ​ធ្វើ​អន្តរាគមន៍​ជួយ​ខ្មែរ​ក្រោម​ផង»

ពលរដ្ឋ​ខ្មែរ​ក្រោម​រូប​នេះ​ឱ្យ​ដឹង​ដែរ​ថា តំណាង​ពលរដ្ឋ​ខ្មែរ​ក្រោម​បាន​ដាក់​ញត្តិ​ទៅ​អាជ្ញាធរ​មូលដ្ឋាន អាជ្ញាធរ​ខេត្ត និង​រដ្ឋាភិបាល​វៀតណាម រួច​ហើយ កាលពី​ខែ​ឧសភា ហើយ​អាជ្ញាធរ​ខេត្ត​ក្រមួនស បាន​ឆ្លើយតប​ថា ពួកគេ​ទទួល​បាន​ញត្តិ​នោះ​ហើយ​។ លោក​ថា នេះ​ជា​លើកដំបូង​ហើយ​ដែល​អាជ្ញាធរ​វៀតណាម​បាន​ឆ្លើយ និង​យល់ព្រម​ទទួល​ញត្តិ​របស់​ខ្មែរ​ក្រោម។

ជាមួយ​គ្នា​នេះ លោក សឺន ចាំង បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ថា មិនបាន​ខ្វល់​ខ្វល់​ពី​សុខទុក្ខ​ខ្មែរ​ក្រោម ដូច​រដ្ឋាភិបាល​ខ្វាយខ្វល់​ពី​សុខទុក្ខ​ជនជាតិ​វៀតណាម​នៅ​លើ​ទឹកដី​កម្ពុជា​ឡើយ​។ លោក​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​ជួប​បញ្ហា​ដីធ្លី ឬ​ការ​បណ្ដេញ​ចេញពី​ដីធ្លី​ជាច្រើន​ឆ្នាំ​មក​ហើយ តែ​មិនដែល​ឃើញ​រដ្ឋាភិបាល​កម្ពុជា ឬ​តំណាង​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​វៀតណាម ជួយ​អន្តរាគមន៍ ឬ​ចុះ​មក​សួរ​ពួកគាត់​ម្ដងណា​ឡើយ។

ទាក់ទង​ករណី​បណ្ដេញ​ចេញ​នេះ អាស៊ីសេរី​បាន​ផ្ញើ​សំនួរ​សារ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ទៅ​ស្ថានទូត​វៀតណាម ប្រចាំ​ទីក្រុង​ភ្នំពេញ ចាប់​តាំង​ពី ថ្ងៃ​ទី​០៧ ខែ​ឧសភា ប៉ុន្តែ​មិនទាន់​ទទួល​បាន​ការ​ឆ្លើយតប​វិញ​នៅ​ឡើយ​ទេ មក​ដល់​ពេលនេះ។

ដោយឡែក អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន និយាយ​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​ឋិត​នៅ​ក្រោម​ការគ្រប់គ្រង​នៃ​ដែន​អធិបតេយ្យ​របស់​វៀតណាម ដូច្នេះ​លោក​សង្ឃឹមថា អាជ្ញាធរ​វៀតណាម ឬ​តុលាការ​វៀតណាម​នឹង​ផ្ដល់​យុត្តិធម៌​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម៖ «ត្រូវ​គោរព​អធិបតេយ្យភាព​គ្នា​ទៅវិញទៅមក​គ្មាន​អ្វី​ក្រៅពី​សុំ​ឱ្យ​តុលាការ ប្រជាពលរដ្ឋ​ដែល​ជួប​បញ្ហា​ហ្នឹង​ទាក់ទង​តាមរយៈ​តុលាការ​ប៉ុណ្ណោះ»

ទោះបីយ៉ាងណា​មន្ត្រី​សិទ្ធិមនុស្ស​ខ្មែរ​ក្រោម លោក សឺន ជុំជួន លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​ជា​ខ្មែរ ហើយ​ពួកគេ​នៅតែ​ចាត់​ទុក​រដ្ឋាភិបាល​កម្ពុជា ជា​ឪពុកម្ដាយ​របស់​ពួកគាត់​ដដែល ដូច្នោះ​រដ្ឋាភិបាល​ខ្មែរ​ត្រូវតែ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ការ​រំលោភ​បំពាន​ដី​ពលរដ្ឋ​ខ្មែរ​ក្រោម​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល