លីកាដូ​សម្រេច​ផ្អាក​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​ពន្ធនាគារ​ជា​លើក​ដំបូង

ដោយ ខែ សុណង
2015-12-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ទោស​ស្ត្រី​ដែល​មាន​កូន​តូច​រង់ចាំ​ទទួល​អំណោយ​ពី​អង្គការ​លីកាដូ (Licadho) នៅ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០១០។
អ្នក​ទោស​ស្ត្រី​ដែល​មាន​កូន​តូច​រង់ចាំ​ទទួល​អំណោយ​ពី​អង្គការ​លីកាដូ (Licadho) នៅ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០១០។
Photo AFP

អង្គការ​លីកាដូ (LICADHO) សម្រេច​ផ្អាក​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​ពន្ធនាគារ​ជា​លើក​ដំបូង ក្នុង​ឆ្នាំ​២០១៥ នេះ ដោយសារ​មាន​ការ​រឹតត្បិត​ពី​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ។ នេះ គឺ​ជា​ចំណង​ជើង​នៃ​សេចក្ដី​របស់​ព័ត៌មាន​របស់​អង្គការ​លីកាដូ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៦ ធ្នូ។

អ្នក​គ្រប់គ្រង​បច្ចេកទេស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា អង្គការ​លីកាដូ មិន​អាច​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ទៅ​តាម​គម្រោង​នៅ​ពន្ធនាគារ​ចំនួន ១៨​កន្លែង នៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៥ បាន​ឡើយ ដោយសារ​មាន​លក្ខខណ្ឌ​ហាម​ឃាត់​មួយ​ជា​លាយលក្ខណ៍​អក្សរ​ពី​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ។ លោក​ថា លិខិត​ជា​លាយលក្ខណ៍​អក្សរ​នោះ មិន​បាន​បញ្ជាក់​ប្រាប់​ពី​មូលហេតុ​នោះ​ទេ គ្រាន់​តែ​សរសេរ​បដិសេធ​មិន​ឲ្យ​អង្គការ​លីកាដូ ធ្វើ​ពិធី​សំណេះសំណាល​ពី​តំណាង​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ពី​មន្ត្រី ឬ​ប្រធាន​ពន្ធនាគារ និង​ពី​តំណាង​មន្ត្រី​អង្គការ​លីកាដូ និង​មិន​ឲ្យ​មាន​ការ​លេង​ល្បែង​កម្សាន្ត ឬ​លេង​តន្ត្រី​ក្នុង​បរិវេណ​ពន្ធនាគារ​នោះ​ទេ ប៉ុន្តែ​អនុញ្ញាត​ឲ្យ​តំណាង​អង្គការ​លីកាដូ ចំនួន ១០​នាក់​ប៉ុណ្ណោះ ដែល​អាច​ចូល​ចែក​អាហារូបត្ថម្ភ​បាន៖ «យើង​ចាត់​ទុក​ថា វា​ជា​ការ​រឹតត្បិត​មួយ​សម្រាប់​ពួក​យើង។ ការ​រឹតត្បិត​នេះ វា​ជា​លើក​ទី​២ ហើយ​បន្ទាប់​ពី​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ដែល​អង្គការ​លីកាដូ បាន​ស្នើ​សុំ​ទៅ​អគ្គនាយកដ្ឋាន រឹតត្បិត​ដូច​គ្នា​នេះ​ដែរ​ឆ្នាំ​២០១៥ ដូច​គ្នា។ យើង​សោកស្ដាយ​មក​ដល់​ទិវា​សិទ្ធិ​មនុស្ស ១០ ធ្នូ នេះ គាត់​បែរ​ជា​មាន​ការ​រឹតត្បិត បើ​គ្រាន់​តែ​ចែក​អាហារូបត្ថម្ភ​ដោយ​គ្មាន​ការ​រំឭក​ឲ្យ​គាត់​ដឹង​អត្ថន័យ​នៃ​ទិវា ១០ ធ្នូ ហើយ​គ្មាន​ការ​សំណេះសំណាល​គ្មាន​ការ​កម្សាន្ត​សប្បាយ ដើម្បី​បំបាត់​អារម្មណ៍​ធុញ​ថប់​គ្នា​ខ្លះ​ទេ វា​អត់​មាន​ន័យ​អី​ទេ អ៊ីចឹង​បាន​យើង​សម្រេច​ផ្អាក»

សេចក្ដី​ប្រកាស​របស់​អង្គការ​លីកាដូ បាន​ឲ្យ​ដឹង​ថា ប្រព័ន្ធ​គ្រប់គ្រង​ពន្ធនាគារ​កម្ពុជា នៅ​តែ​មិន​ទាន់​អាច​ដោះស្រាយ​បញ្ហា​បាន​ច្រើន ដែល​ក្នុង​នោះ​រួម​មាន ការ​ធ្វើ​ទុក្ខបុកម្នេញ ការ​រើសអើង ការ​កេង​ប្រវ័ញ្ច និង​ការ​បង់​ប្រាក់​ក្រៅ​ច្បាប់។ រីឯ​ជន​ជាប់​ឃុំ​ជាច្រើន ត្រូវ​ឲ្យ​បង់​ប្រាក់​ដើម្បី​ទទួល​បាន​លក្ខខណ្ឌ​ឃុំ​ខ្លួន​ប្រសើរ​ជាង​មុន ការ​ព្យាបាល​ជំងឺ ការ​ជួប​សួរ​សុខ​ទុក្ខ និង​តម្រូវ​ការ​ចាំបាច់​មួយ​ចំនួន​ទៀត ដូចជា អាហារ ទឹក​ស្អាត ពន្លឺ​ថ្ងៃ និង​ការ​យក​ខ្យល់​អាកាស ជាដើម។

សេចក្ដី​ប្រកាស​ដដែល​បន្ត​ថា ក្នុង​អំឡុង​ពេល ២០​ឆ្នាំ​ចុង​ក្រោយ​នេះ ជា​រៀង​រាល់​ថ្ងៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ អង្គការ​នេះ​តែង​ចែក​ជូន​នូវ​កញ្ចប់​អាហារូបត្ថម្ភ​ដល់​ជន​ជាប់​ឃុំ មាន​កម្មវិធី​កម្សាន្ត​សប្បាយ​ផ្សេងៗ អម​ដោយ​សារ​ស្ដី​ពី​មូលដ្ឋាន​សិទ្ធិ​មនុស្ស​ជា​សកល​សំខាន់ៗ​ផង​ដែរ។

បើ​ទោះ​ជា​មិន​បញ្ជាក់​ពី​មូលហេតុ​បដិសេធ​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្ដី ជា​រៀង​រាល់​ឆ្នាំ អង្គការ​នេះ​បាន​ចេញ​របាយការណ៍​ពី​ស្ថានភាព​មិន​ប្រក្រតី​នានា ដែល​កើត​មាន​នៅ​ក្នុង​ពន្ធនាគារ ហើយ​មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធនាគារ តែង​ប្រតិកម្ម​បដិសេធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល