មេ​ឃុំ​នៅ​ស្ទឹងត្រែង​ចោទ​មន្ត្រី​បច្ចេកទេស​ខែត្រ​នេះ​ថា​រារាំង​មិន​ឲ្យ​អភិវឌ្ឍ​ផ្លូវ​នៅ​ក្នុង​ឃុំ

ដោយ ម៉ែន សុធីរ
2015-08-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​ស្ទឹងត្រែង
ផែនទី​ខេត្ត​ស្ទឹងត្រែង
Photo: RFA

អាជ្ញាធរ​ឃុំ​ស្រែគរ នៃ​គណបក្ស សម រង្ស៊ី នៅ​ខែត្រ​ស្ទឹងត្រែង ចោទ​មន្ត្រី​បច្ចេកទេស​ខែត្រ​នេះ​ថា មាន​ចេតនា​បង្អាក់​ការ​ដេញថ្លៃ និង​ម៉ៅការ​ក្នុង​គម្រោង​ជួសជុល​ផ្លូវ​នៅ​ឃុំ​ស្រែគរ។

អាជ្ញាធរ​ឃុំ​ចាត់​ទុក​ការ​បង្អាក់​នេះ ថា​ជា​ចេតនា​រើសអើង​បក្ស​នយោបាយ ប៉ុន្តែ​អាជ្ញាធរ​ខែត្រ​ពី​ខាង​គណបក្ស​កាន់​អំណាច បដិសេធ ដោយ​លើក​ហេតុផល​ថា ការ​ផ្អាក​នេះ​គឺ​ជា​ការ​អនុម័ត​របស់​ក្រុម​ប្រឹក្សា​ឃុំ​ស្រែគរ ដោយសារ​តែ​ការ​រៀបចំ​នៅ​មិន​ទាន់​អនុលោម​ទៅ​នឹង​ខ្លឹមសារ​ច្បាប់ និង​នីតិវិធី​កំណត់​របស់​គណៈកម្មការ​ជាតិ​នៅ​ឡើយ។

អាជ្ញាធរ​ឃុំ​ស្រែគរ ដែល​មកពី​គណបក្ស សម រង្ស៊ី អះអាង​នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ថា មន្ត្រី​បច្ចេកទេស​ខែត្រ​ស្ទឹងត្រែង មាន​ចេតនា​ផ្អាក​គម្រោង​ថវិកា​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន​ឃុំ​ស្រែគរ ដែល​ជា​កញ្ចប់​ថវិកា​ឃុំ។ បន្ថែម​ពី​លើ​នេះ កញ្ចប់​ថវិកា​ឃុំ​ស្រែគរ រយៈពេល ២​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ មាន​ចំនួន ១២៥​លាន​រៀល ប្រហែល ៣​ម៉ឺន​ដុល្លារ ដែល​ក្រុម​ប្រឹក្សា​ឃុំ​បាន​អនុម័ត​ដើម្បី​ជួសជុល​ផ្លូវ កាល​ពី​ឆ្នាំ​២០១៤ និង​បាន​ស្នើ​ទៅ​ក្រុម​ការងារ​បច្ចេកទេស​ខែត្រ​ដើម្បី​រៀបចំ​កំណត់​រយៈពេល​លាក់​ជាក់​លាក់​ដើម្បី​ដេញថ្លៃ។

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ និយាយ​ថា បច្ចុប្បន្ន​នៅ​ឃុំ​ស្រែគរ ផ្លូវ​មួយ​ចំនួន​ធំ​ត្រូវ​បាន​ខូចខាត​ធ្ងន់ធ្ងរ​ដោយ​កន្លែង បណ្ដាល​ឲ្យ​មាន​ការ​លំបាក​ធ្វើ​ដំណើរ និង​កន្លែង​ខ្លះ​ត្រូវ​បាន​កាត់ផ្ដាច់​ស្ទើរ​ទាំង​ស្រុង ដូច្នេះ​បង្ក​ការ​លំបាក​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ ដូច្នេះ​អាជ្ញាធរ​ឃុំ រួម​ទាំង​ក្រុមប្រឹក្សា​ឃុំ​បាន​ប្រជុំ​ពិភាក្សា និង​អនុម័ត​តាម​សេចក្ដី​ត្រូវ​ការ​ពលរដ្ឋ ដើម្បី​សម្រេច​ជួសជុល​ផ្លូវ​នៅ​ឃុំ​ស្រែគរ។

លោក​បញ្ជាក់​ថា មន្ត្រី​បច្ចេកទេស​ខែត្រ​ស្ទឹងត្រែង មាន​ចេតនា​បង្អាក់​ការ​ជួសជុល​ផ្លូវ​នេះ ដែល​មិន​ស្រប​នឹង​ការ​ណែនាំ​របស់​គណៈកម្មាធិការ​ជាតិ​នោះ​ទេ។ លោក​សង្កត់​ធ្ងន់​ថា ការ​រារាំង​នេះ បង្ក​ការ​លំបាក​ដល់​ការ​អភិវឌ្ឍ​សង្គម​ជាតិ ដែល​ផ្ទុយ​ពី​ការ​ណែនាំ​របស់​ប្រមុខ​រដ្ឋាភិបាល៖ «ឯកសារ​យើង​រៀបចំ​ហើយៗ ទី​១ ទី​២ យើង​ប្រកាស​ទូទាំង​ប្រទេស​ហើយ ហេតុ​អី​ការ​ប្រែប្រួល​បាន​អត់​បាន​ទេ ធ្វើ​ម៉េច​ឲ្យ​មាន​ការ​ដេញថ្លៃ​ក្នុង​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៦។ ផែនការ​យើង​មាន​បន្ត អត់​អាច​កែប្រែ​បាន​ទេ ត្រូវតែ​ធ្វើ​ទៅ​មុខ»

ទាក់ទង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង និង​ជា​អភិបាល​រង​ខែត្រ លោក ដួង ពៅ មាន​ប្រសាសន៍​ថា ការ​រៀបចំ​ឯកសារ​បទដ្ឋាន​បច្ចេកទេស​របស់​ក្រុមប្រឹក្សា​ឃុំ​ស្រែគរ មិន​អនុលោម​ទៅ​នឹង​សៀវភៅ​ណែនាំ​បច្ចេកទេស​របស់​គណៈកម្មការ​ជាតិ​នោះ​ទេ ដូច្នេះ​ក្រុម​ការងារ​បច្ចេកទេស​តម្រូវ​ឲ្យ​ផ្អាក​គម្រោង​នេះ​សិន។

លោក​ថា ក្រុម​ការងារ​បច្ចេកទេស​បាន​ត្រួត​ពិនិត្យ​មើល​ពី​ដំណើរការ​លក្ខន្តិកៈ​បច្ចេកទេស ព្រម​ទាំង​គោលការណ៍​កំណត់ ដូច្នេះ​ប្រសិនបើ​មិន​ស្រប​នឹង​គោលការណ៍​បច្ចេកទេស​ទេ ការ​ដេញ​ថ្លៃ​មិន​គ្រប់​លក្ខណៈ គឺ​មិន​អាច​ដំណើរការ​គម្រោង​នេះ​បាន​នោះ​ទេ៖ «ការ​ដេញ​ថ្លៃ​គេ​ត្រូវ​ផ្អាក អ៊ីចឹង​ហើយ​មេ​ឃុំ​តំណាង​ឲ្យ​ពលរដ្ឋ​មែន តំណាង​ឲ្យ​ទទួល​សេចក្ដី​ត្រូវការ ការ​ប្រើប្រាស់ ប៉ុន្តែ​លក្ខខណ្ឌ​បច្ចេកទេស តម្រូវ​ឲ្យ​យើង​អនុលោម​តាម​ឲ្យ​បាន​ត្រឹមត្រូវ»

អ្នក​ម៉ៅការ​ម្នាក់​ក្នុង​ចំណោម​អ្នក​ម៉ៅការ​ចំនួន ៧​នាក់ ដែល​បាន​កក់​ប្រាក់​ចំនួន​ជាង ២​លាន​រៀល​ដើម្បី​ចូលរួម​ដេញថ្លៃ​ជួសជុល​ផ្លូវ​មួយ​ខ្សែ​ក្នុង​ខេត្ត គឺ​លោក យឹម គឹមសេង។ លោក​រៀបរាប់​នៅ​ថ្ងៃ​ទី​ ២៤ ខែ​សីហា ថា អាជ្ញាធរ​មិន​បាន​ជូន​ដំណឹង​ស្ដីពី​ការ​ផ្អាក​នៃ​ការ​ដេញ​ថ្លៃ​ជួសជុល​ផ្លូវ​ដែល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២០ សីហា នោះ​ទេ ហេតុនេះ​បង្ក​ការ​ការ​លំបាក ព្រោះ​ដល់​ថ្ងៃ​ដេញថ្លៃ​ទើប​ប្រកាស​ថា ត្រូវ​ផ្អាក​គម្រោង​នេះ ដូច្នេះ​ធ្វើ​ឲ្យ​ក្រុម​អ្នក​ម៉ៅ​ការ​ខក​ចិត្ត និង​ត្រូវ​ខាត​បង់​ពេល​វេលា និង​ប្រាក់កាស​ទៀត​ផង។

លោក​ថា អាជ្ញាធរ​ប្រសិនបើ​មាន​ការ​ផ្លាស់ប្ដូរ​គួរ​តែ​ឲ្យ​ក្រុម​ការងារ​ជូន​ដំណឹង​ដល់​អ្នក​ម៉ៅការ​ជា​មុន​សិន កុំ​ឲ្យ​ពួកគេ​ខក​ដំណើរ ព្រោះ​អាច​ខាតបង់​ប្រយោជន៍​ច្រើន ព្រម​ទាំង​បាត់​បង់​ទំនុក​ចិត្ត​ផង៖ «ចម្ងាយ​ផ្លូវ​មក​ពី​ភ្នំពេញ មក​ពី​ព្រៃវែង មក មក​កក់​លុយ​ហើយ កក់​រួច​ទៅ​ជា​អត់​ដេញ អ៊ីចឹង​បាន​ជា​ពិបាក»

​សេចក្ដី​ជូន​ដំណឹង​ស្ដីពី​ការ​ដេញ​ថ្លៃ​សម្រាប់​កិច្ចសន្យា​ការងារ​សាងសង់​របស់​ក្រុមប្រឹក្សា​ឃុំ​ដែល​បាន​បើក​ការ​ដេញ​ថ្លៃ​នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៥ ជួសជុល​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ដែល​មាន​ប្រវែង ៤​គីឡូម៉ែត្រ ទទឹង ៥​ម៉ែត្រ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល កត់សម្គាល់​ថា ទីតាំង​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​នោះ គឺ​គម្រោង​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន។ កត្តា​ទាំង​នេះ​ជា​ឧបសគ្គ​ចម្បង​ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​ខែត្រ​យកលេស​ដើម្បី​ផ្អាក​គម្រោង​អភិវឌ្ឍន៍​ភូមិ​ឃុំ​នេះ និង​អាច​ពន្យារ​ពេល​រហូត​ដល់​ថ្ងៃ​ដែល​គម្រោង​ទំនប់​វារីអគ្គិសនី​ដំណើរ​ការ។

លោក​បញ្ជាក់​ថា កញ្ចប់​ថវិកា​ឃុំ គឺ​អាជ្ញាធរ​ឃុំ​ជា​អ្នក​សម្រេច​កសាង​​ដោយ​ឈរ​លើ​ល​មូលដ្ឋាន​លិខិត​បទដ្ឋាន​របស់​គណៈកម្មាធិការ​ក្រសួង​មហាផ្ទៃ ហើយ​អាជ្ញាធរ​ខែត្រ​មាន​ភារកិច្ច​ផ្តល់​នូវ​លក្ខន្តិកៈ​បច្ចេកទេស និង​ជួយ​កែ​លម្អ​នូវ​ចំណុច​អវិជ្ជមាន​ផ្សេងៗ ធ្វើ​យ៉ាង​ណា​ដើម្បី​អនុលោម​តាម​បទដ្ឋាន​សៀវភៅ​ណែនាំ​របស់​គណៈកម្មាធិការ​ជាតិ។ ដូច្នេះ​អាជ្ញាធរ​ខែត្រ​ត្រូវ​សម្របសម្រួល​កែតម្រូវ​ប្រសិន​មាន​ចំណុច​ខ្វះខាត ទាក់ទង​នឹង​ការ​រៀបចំ​ឯកសារ​របស់​ក្រុមប្រឹក្សា​ឃុំ​ស្រែគរ មិន​អាច​មាន​សិទ្ធិ​ក្នុង​សម្រេច​បញ្ឈប់​គម្រោង​អភិវឌ្ឍន៍​មូលដ្ឋាន​បាន​ទេ ព្រោះ​កញ្ចប់​ថវិកា​ឃុំ ឬ​សង្កាត់​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋ​សភា។

លោក​បញ្ជាក់​ថា ប្រសិនបើ​គម្រោង​អភិវឌ្ឍន៍​ភូមិ​ឃុំ ធ្វើ​ឡើង​ដោយ​ប្រកាន់​បក្ស​នយោបាយ និង​មិន​មាន​តម្លាភាព នឹង​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ពលរដ្ឋ​តាម​មូលដ្ឋាន ដែល​ជា​ផ្នែក​មួយ​មិន​បាន​ឆ្លើយ​តប​តាម​គោលការណ៍​ណែនាំ​នៃ​របស់​ប្រមុខ​រដ្ឋាភិបាល​បាន៖ «ប្រសិនជា​ឃុំ​ផ្សេងៗ​ទៀត​គេ​បាន តែ​ឃុំ​ស្រែគរ មិន​បាន មាន​ន័យ​ថា រើស​អើង​គណបក្ស​នយោបាយ»

​គោលការណ៍​នៃ​គណៈកម្មការ​ជាតិ នៃ​ក្រសួងមហាផ្ទៃ បង្ហាញ​ថា ប្រសិនបើ​គម្រោង​ថវិកា​ឃុំ សង្កាត់ មាន​លក្ខណៈ​គ្រប់គ្រាន់​ទៅ​តាម​ចំណុច​នៃ​ការ​ត្រួត​ពិនិត្យ គឺ​អភិបាល​រាជធានី ខែត្រ​ត្រូវ​បញ្ជាក់​ទទួល​ស្គាល់​លើ​គម្រោង​ថវិកា​ឃុំ ព្រម​ទាំង​ជូន​ដំណឹង​ជា​លាយលក្ខណ៍អក្សរ​ទៅ​មេ​ឃុំ​វិញ។

ប្រសិនបើ​អភិបាល​ខែត្រ​ពិនិត្យ​ឃើញ​ថា គម្រោង​ថវិកា​ឃុំ សង្កាត់ មិន​ទាន់​បំពេញ​បាន​ត្រឹមត្រូវ​ទៅ​តាម​ខ្លឹមសារ​នៃ​ការ​ត្រួត​ពិនិត្យ​នេះ​ទេ គឺ​អភិបាល​ខែត្រ​មាន​សិទ្ធិ​ផ្អាក​ការ​បញ្ជាក់​ទទួលស្គាល់​គម្រោង​ថវិកា​នោះ ហើយ​ត្រូវ​ជូន​ដំណឹង​ជា​លាយលក្ខណ៍អក្សរ​ឲ្យ​ឆាប់រហ័ស​ទៅ​ឃុំ​វិញ​ដោយ​បង្ហាញ​ពី​មូលហេតុ​ក្នុង​ការ​ផ្អាក​បញ្ជាក់​ទទួល​ស្គាល់ និង​វិធានការ​ត្រូវការ​កែតម្រូវ។

​ក្រោយ​ពី​ការ​ទទួល​បាន​អនុសាសន៍​របស់​អភិបាល​រាជធានី ខែត្រ​ឱ្យ​កែតម្រូវ​គម្រោង​ថវិកា​ឃុំ ឬ​សង្កាត់ មេឃុំ​ត្រូវ​ធ្វើ​ការ​កែ​តម្រូវ និង​ដាក់​ជូន​ក្រុម​ប្រឹក្សា​ឃុំ អនុម័ត​ឡើង​វិញ​ក្នុង​អំឡុង ១៥​ថ្ងៃ​បន្ទាប់​ពី​បាន​ទទួល​សេចក្ដី​ជូន​ដំណឹង។

បន្ទាប់ពី​ទទួល​បាន​គម្រោង​ថវិកា​កែតម្រូវ​រួច អភិបាល​ខែត្រ​ពិនិត្យ​ជា​ថ្មី ព្រម​ទាំង​បញ្ជាក់​ទទួល​ស្គាល់​លើ​ថវិកា​ឃុំ សង្កាត់​នេះ បើសិនជា​គម្រោង​ថវិកា​ត្រឹមត្រូវ។ ប៉ុន្តែ​ក្នុង​ករណី​មេ​ឃុំ មិន​បាន​ដាក់​ជូន​គម្រោង​ថវិកា​កែតម្រូវ​ក្នុង​រង្វង់​មួយ​ខែ​បន្ទាប់ពី​ទទួល​បាន​សេចក្ដី​ជូន​ដំណឹង​របស់​អភិបាល អភិបាល​ខែត្រ​ត្រូវ​ធ្វើ​ការ​កែ​តម្រូវ និង​បញ្ជាក់​ទទួលស្គាល់​តែម្ដង ព្រមទាំង​ជូនដំណឹង ទៅ​មេ​ឃុំ មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្ថាប័ន​ពាក់ព័ន្ធ។ ប្រសិនបើ​មាន​ការ​មិន​ចុះ​សម្រុង​រវាង​មេ​ឃុំ ចៅសង្កាត់ និង​អភិបាល​រាជធានី ខែត្រ មេ​ឃុំ ឬ​ចៅសង្កាត់​ត្រូវ​ដាក់​សំណើ​ជា​លាយលក្ខណ៍អក្សរ​ជូន​ក្រសួង​មហាផ្ទៃ ដើម្បី​ពិនិត្យ​ដោះស្រាយ​លើ​ការ​ខ្វែង​គំនិត​គ្នា​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល