កម្មករ​រោងចក្រ​កាត់​ដេរ ឡាក់ឃី លីស៊ុនឡុង សម្រេច​លក់​ឥវ៉ាន់ តាម​ផ្លូវ​តុលាការ

ដោយ សេក បណ្ឌិត
2020-05-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​រោងចក្រ​កាត់​ដេរ ឡាក់ឃី លីស៊ុនឡុង (Lucky Ly Sunn Long Garment Co., Ltd.) ប្រមាណ​១០០នាក់ ធ្វើ​កូដកម្ម​មុខ​រោងចក្រ នៅ​ថ្ងៃ​ទី១១ ខែឧសភា ឆ្នាំ២០២០ ក្រោយ​ពី​ដឹង​ថា ថៅកែ​គេច​ខ្លួន​មិន​បើក​ប្រាក់​ឈ្នួល​ឲ្យ​ពួក​គេ។
កម្មករ​រោងចក្រ​កាត់​ដេរ ឡាក់ឃី លីស៊ុនឡុង (Lucky Ly Sunn Long Garment Co., Ltd.) ប្រមាណ​១០០នាក់ ធ្វើ​កូដកម្ម​មុខ​រោងចក្រ នៅ​ថ្ងៃ​ទី១១ ខែឧសភា ឆ្នាំ២០២០ ក្រោយ​ពី​ដឹង​ថា ថៅកែ​គេច​ខ្លួន​មិន​បើក​ប្រាក់​ឈ្នួល​ឲ្យ​ពួក​គេ។
រូប៖ កម្មករ

កម្មករ​រោងចក្រ​កាត់​ដេរ ឡាក់ឃី លី ស៊ុន ឡុង (Lucky Ly Sunn Long Garment Co., Ltd.) ប្រមាណ​១០០នាក់ បន្ត​ធ្វើ​កូដកម្ម​មុខ​រោងចក្រ នៅ​ថ្ងៃ​ទី១៣ ឧសភា ដោយ​សម្រេច​រួម​គ្នា​ថា ទុក​ឲ្យ​ខាង​តុលាការ​ប្រើ​នីតិវិធី​ចុះ​ពិនិត្យ​វាយ​តម្លៃ និង​បិទ​ដីកា​រក្សា​ការពារ​ឥវ៉ាន់​ក្រុមហ៊ុន ដើម្បី​ទុក​លក់​ប្ដូរ​យក​ប្រាក់​បើក​ឲ្យ​កម្មករ។

តំណាង​កម្មករ លោកស្រី មិត្ត វណ្ណនៀន ប្រាប់​ថា​ ការ​ដោះស្រាយ​វិវាទ​ការងារ​តាម​ផ្លូវ​តុលាការ​នេះ មិន​ដឹង​ត្រូវ​ប្រើ​ពេល​ប៉ុន្មាន​ថ្ងៃ ទើប​អាច​លក់​ឥវ៉ាន់​ទាំង​អស់​ក្នុង​រោងចក្រ​បាន​នោះ​ទេ។ លោក​ស្រី​ឲ្យ​ដឹង​ថា បើ​តាម​ការ​គណនា​ពី​ខាង​រដ្ឋបាល ឥវ៉ាន់​នៅ​ក្នុង​រោងចក្រ​អាច​លក់​បាន​ក្នុង​តម្លៃ​ជាង ៤ម៉ឺន​ដុល្លារ ហើយ​កម្មករ​ម្នាក់ៗ ទទួល​បាន​ចន្លោះ​ពី ៣០ដុល្លារ ទៅ ៤០ដុល្លារ ។ លោកស្រី ស្នើ​ដល់​ស្ថាប័ន​តុលាការ​ ជួយ​ពន្លឿន​រឿង​នេះ​ ដើម្បី​ឲ្យ​កម្មករ​ជាង ៤រយ​នាក់​ ទទួល​បាន​ប្រាក់​ឈ្នួល យក​ទៅ​ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ក្រោយ​ពេល​ថៅកែ​ចិន​រត់​ចោល។

អាស៊ី​សេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ បាន​ទេ ដោយ​សារ​លោក​មិន​ទទួល​ទូរស័ព្ទ។

រោងចក្រ​ ឡាក់ឃី លីស៊ុនឡុង (Lucky Ly Sunn Long Garment Co., Ltd.) គឺជា​រោងចក្រ​កាត់​ដេរ​សំលៀក​បំពាក់​ផ្គត់ផ្គង់​ឱ្យ​ក្រុមហ៊ុន​យីហោ ញូវ លុក (NEW LOOK)។ រោងចក្រ​នេះ មាន​ទីតាំងនៅ​សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ។ កម្មករ​រោងចក្រ​នេះ​នាំ​គ្នា​ធ្វើ​កូដកម្ម​អស់​រយៈ​ពេល ២ថ្ងៃ​មក​ហើយ ក្រោយ​ពី​ដឹង​ថា ថៅកែ​ចិន​រត់​គេច​ខ្លួន​មិន​ព្រម​បើក​ប្រាក់​ឈ្នួល​ និង​ប្រាក់​អតីតភាព​ការងារ​ឲ្យ​ពួក​គេ ដោយ​បន្សល់​ទុក​សម្ភារៈ​កាត់​ដេរ​ក្នុង​រោងចក្រ ​ជា​ថ្នូរ​ឲ្យ​កម្មករ​លក់​យក​ប្រាក់​ចែក​គ្នា​ទៅវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល