ពលរដ្ឋ​អះអាង​ថា​ ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ថៃ​ជា​ច្រើន​នាក់​សម្រុក​ឆ្លងដែន​ត្រឡប់​ទៅ​ស្រុក​តាម​ច្រក​​ដូង​ខេត្ត​បាត់ដំបង

ដោយ ខែ សុណង
2019-11-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ថៃ​ជា​ច្រើន​នាក់ ​សម្រុក​ឆ្លងដែន​ត្រឡប់​ទៅ​ស្រុក​តាម​ច្រក​​ដូង​ ខេត្ត​បាត់ដំបង
ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ថៃ​ជា​ច្រើន​នាក់ ​សម្រុក​ឆ្លងដែន​ត្រឡប់​ទៅ​ស្រុក​តាម​ច្រក​​ដូង​ ខេត្ត​បាត់ដំបង
រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

ប្រជាពលរដ្ឋ​នៅ​តំបន់​ព្រំដែន​កម្ពុជា​-ថៃ​ក្នុង​ខេត្ត​បាត់ដំបង​ អះអាង​ថា​ ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ជា​ច្រើន​នាក់​ នាំ​គ្នា​សម្រុក​ឆ្លងដែន​ត្រឡប់​ទៅ​ស្រុក​កំណើត​តាម​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង​ក្នុង​ស្រុក​កំរៀង​។ ពួកគាត់​បញ្ជាក់​ថា ការ​ឆ្លង​ដែន​នេះ​ធ្វើ​ឱ្យ​ពលករ​ខ្លះ​ត្រូវ​ឈរ​ចាំ​នៅ​ព្រំដែន​អស់​ជា​ច្រើន​ម៉ោង​ទើប​ឆ្លង​ដែន​ទៅ​ដល់​ទឹក​ដី​កម្ពុជា។

ប្រជាពលរដ្ឋ​នៅ​ព្រំដែន​ស្រុក​កំរៀង​ លើក​ឡើង​ថា​ ស្រដៀង​គ្នា​ថា​​ពលករ​ជា​ច្រើន​នាក់​ត្រឡប់​ទៅ​​ស្រុកកំណើត​​ខុស​ប្រក្រតី​នៅ​ក្នុង​ខែ​វិច្ឆិកា​បែប​នេះ​ ជួនពេល លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​ចូល​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី ៩ វិច្ឆិកា ពិធី​បុណ្យ​អុំទូក និង​បុណ្យ​ឯករាជ្យជាតិ។

ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​តំបន់​ព្រំដែន​ខេត្ត​បាត់ដំបង ថ្លែង​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ដើម្បី​ការពារ​សុវត្ថិភាព​នៅ​ថ្ងៃ ទី​៣១​តុលា​ថា អ្នក​លក់​ដូរ​នៅ​ព្រំដែន​កម្ពុជា​ថៃ ភ្ញាក់​ផ្អើល​នឹង​ចំនួន​ពលករ​រាប់រង​នាក់​ឆ្លងដែន​ពី​ថៃ​ត្រឡប់​ទៅ​ស្រុក​កំណើត។ ពលរដ្ឋ​រូប​នេះ អះអាង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៣១​តុលា​ ​ពលករ​បាន​ឈរ​តម្រង់​ជួរ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដួង ក្នុង​ស្រុក​កំរៀង នៅ​ខាង​ទឹក​ដី​ថៃ​ តាំង​ពី​ម៉ោង​៧​ព្រឹក​រហូត​ដល់​ម៉ោង​១០​ព្រឹក​ដើម្បី​បំពេញ​បែប​បទ​ចូល​ទៅ​កម្ពុជា។លោក​បញ្ជាក់​ថា ពលករ​ឆ្លង​ដែន​ច្រើន​បែប​នេះ​ប្រមាណ​៥​ថ្ងៃ​ហើយ៖ «អ្នក​ខ្លះ​មក​តាំង​ពី​យប់​ទៅ​រង​ចាំ​ដល់​ម៉ោង​៦​ព្រឹក​បាន​គេ​បើក​ច្រក ហើយ​គេ​មិន​អនុញ្ញាត​ឱ្យ​ដើរ​ក្រៅ​ពី​ស្ពាន​ទេ អីចឹង​ហើយ​បាន​ជា​មនុស្ស​កកស្ទះ​ម្ដុំៗ​តម្រាំ​តែ​ចេញ​ផុត ហើយ​នៅ​លើ​ស្ពាន​មនុស្ស​ណែន អ្នក​ធ្វើ​ដំណើរដើរ​នៅ​ស្ពាន ខាង​ក្រោយ​មាន​ឡាន​ម៉ូតូ ហើយ​ឥឡូវ​នេះ​គេ​រឹត បន្តឹង​ទាំង​អស់ គេ​មិន​ឱ្យ​ចេញ​ចូល​បាន​ស្រួល​ដូច​មុន​ទេ»

រីឯ​អ្នក​លក់​ដូរ​នៅ​ខាង​ទឹក​ដី​ថៃ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូរ​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ថ្លែង​ថា ពលករ​សម្រុក​ឆ្លងដែន​ច្រើន​ខុស​ប្រក្រតី​​ចាប់​ទី​ថ្ងៃ​ទី​២៦​តុលា​រហូត​មក ជា​ពិសេស​ចន្លោះ​ពី​៧​ដល់​ម៉ោង​១០​ព្រឹក ដែល​ធ្វើ​ឱ្យ​កកស្ទះ​ជា​អស់​ជា​ច្រើន​ម៉ោង​នៅ​ច្រក​ព្រំដែន​ខាង​ទឹក​ដី​ថៃ​បណ្ដាល​ឲ្យ​ពួកគេ​ព្រួយបារម្ភ៖ «សូម្បី​តែ​ប្រពន្ធ​ខ្ញុំ​លក់​ដូរ​នៅ​ទីនោះ​គាត់​ឃើញ​ពលករ​ចេញ​ទៅ​កម្ពុជា​ច្រើន​ព្រឺ​សម្បុរ។តាម​ពិត​ពលករ​​មាន​អី​ចាំ​បាច់​ត្រូវ​ចេញ​នៅ​ពេល​នេះ​ បើ​មិន​មាន​រឿង​រាល​ដែល​លោក​ សម រង្ស៊ី​ ថ្លែង​​ចូល​ស្រុក​កាល​ពី​ថ្មី​ៗ​នេះ​ ក៏​មាន​ពលករ​ចូល​ច្រើន​រហូត​ បើ​កាល​ពី​មុន​អត់​មាន​សោះតែ​ម្ដង​ ប្រជាពលរដ្ឋ​ចេញ​ចូល​ធម្មតា មាន​ត្រឹម​តែ​ពី​២០​ទៅ​៥០​នាក់​ក្នុង​ថ្ងៃ គឺ​អត់​ច្រើន​ទេ»

អាស៊ី​សេរី​មិនទាន់​មាន​ប្រភព​ដើម្បី​សាកសួរ​ពលករ​ពី​មូលហេតុ​ដែល​ពួកគេ​នាំគ្នា​ទៅ​កម្ពុជា​វិញ​នៅ​ឡើយ​ទេ។

អាស៊ី​សេរី​ក៏​មិន​ទាន់​អាច​ទាក់ទង​នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ព្រំដែន​អន្តរជាតិ​ដូង លោក ផាត សុផាន់ណា ដើម្បី​សុំ​សេចក្ដី​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៣១​តុលា។

ប៉ុន្តែ​លោក ផាត សុផាន់​ណា អះអាង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា មិន​មាន​ពលករ​ឆ្លងដែន​ច្រើន​តាម​ច្រក​ព្រំដែន​ដែល​លោក​គ្រប់គ្រង​នោះ​ទេ។

រីឯ​ស្ថានទូត​ខ្មែរ​ប្រចាំ​ទី​ក្រុង​បាងកក​ ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​​អះអាង​ថា ​គ្មាន​ពលករ​ខ្មែរ​ត្រឡប់​ទៅ​ស្រុក​កំណើត​ច្រើន​ខុស​ប្រក្រតី​នៅ​ពេល​នេះ​ឡើយ។

ប្រជាពលរដ្ឋ​នៅ​តំបន់​ព្រំដែន​ខេត្ត​បាត់ដំបង​ អះអាង​ថា​ ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ការងារ​និង​អ្នក​លក់​ដូរ​នៅ​ខាង​ដី​ថៃ​ ភាគ​ច្រើន​អន្ទះសា​ចង់​ឱ្យ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​តាម​ការកំណត់​ដែល​បាន​សន្យា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល