ពលរដ្ឋ​ខណ្ឌ​មានជ័យ​បន្ត​តវ៉ា​ប្រឆាំង​នឹង​ការ​ត​បណ្ដាញ​អគ្គិសនី​ក្បែរ​ផ្ទះ​ពួក​គាត់

ដោយ អ៊ួន ឈិន
2015-12-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​នៅ​ភូមិ​ព្រែកតាគង់ និង​ភូមិ​អូរតានូ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ តវ៉ា​ប្រឆាំង​នឹង​ការ​ត​បណ្ដាញ​អគ្គិសនី​ក្បែរ​លំនៅឋាន​របស់​ពួក​គាត់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ ធ្នូ ឆ្នាំ​២០១៥។
ពលរដ្ឋ​នៅ​ភូមិ​ព្រែកតាគង់ និង​ភូមិ​អូរតានូ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ តវ៉ា​ប្រឆាំង​នឹង​ការ​ត​បណ្ដាញ​អគ្គិសនី​ក្បែរ​លំនៅឋាន​របស់​ពួក​គាត់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ ធ្នូ ឆ្នាំ​២០១៥។
RFA/Uon Chhin

ប្រជាពលរដ្ឋ​ប្រមាណ ៦០​នាក់ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ នៅ​ភូមិ​ព្រែកតាគង់ និង​ភូមិ​អូរតានូ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ បាន​បន្ត​ការ​តវ៉ា​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ធ្នូ ប្រឆាំង​នឹង​ការ​ត​បណ្ដាញ​អគ្គិសនី​ក្បែរ​លំនៅឋាន​របស់​ពួក​គាត់។

ការ​តវ៉ា​របស់​ក្រុម​ប្រជាពលរដ្ឋ បាន​បន្ត​អស់​រយៈពេល ៥​ថ្ងៃ​កន្លង​ទៅ​ហើយ គឺ​ពួក​គាត់​បាន​ចាប់​ផ្ដើម​តវ៉ា​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ធ្នូ ម្ល៉េះ។

ក្រុម​អ្នក​តវ៉ា​ដែល​មាន​អ្នក​ខ្លះ​កាន់​រូបថត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អ្នកស្រី ប៊ុន រ៉ានី បាន​ស្រែក​ទាមទារ​រក​ដំណោះស្រាយ​បញ្ចៀស​ត​បណ្ដាញ​អគ្គិសនី​ខ្នាត​ធំ ចេញ​ឲ្យ​ឆ្ងាយ​ពី​ផ្ទះ​សម្បែង​របស់​ពួក​គាត់។

អ្នក​ធ្លាប់​រងគ្រោះ​ដោយ​ខ្សែ​ភ្លើង​ឆក់ និង​មាន​សម្លាក​ធំ​ដូចជា​ស្នាម​គេ​អារ​នៅ​លើ​ក លោកស្រី ឈុំ ចាន់នី បញ្ជាក់​ថា ពួក​គាត់​មិន​ត្រូវ​ការ​សំណង​អ្វី​ទាំងអស់ គឺ​សុំ​តែ​រស់​ដោយ​សុវត្ថិភាព​ប៉ុណ្ណោះ។

នៅ​តាម​ផ្លូវ​ក្បែរ​ភូមិ និង​នៅ​តាម​របង​ផ្ទះ​ប្រជាពលរដ្ឋ មាន​ការ​បិទ​បម្រាម​ពី​អគ្គិសនី​កម្ពុជា ដែល​មាន​សេចក្ដី​ថា «ហាម​រថយន្ត​ធំ​ឆ្លង​កាត់​បណ្ដាញ​អគ្គិសនី​តង់ស្យុង​ខ្ពស់ ១១៥​គីឡូ​វ៉ុល គ្រោះថ្នាក់​ដល់​ស្លាប់»

មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា ពាក់ព័ន្ធ​នឹង​ការ​ត​បណ្ដាញ​អគ្គិសនី​នេះ ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា។

វិទ្យុ​អាស៊ីសេរី បាន​ហៅ​តាម​រយៈ​លេខ​ទូរស័ព្ទ​មួយ​ខ្សែ​ដែល​គេ​ស្គាល់​ថា​ជា​លេខ​ទូរស័ព្ទ​របស់​អគ្គនាយក​អគ្គិសនី​កម្ពុជា គឺ​លោក កែវ រតនៈ ប៉ុន្តែ​គ្មាន​អ្នក​ទទួល។

ការ​តវ៉ា​រយៈពេល ៥​ថ្ងៃ​កន្លង​ទៅ​នេះ ក្រុម​ប្រជាពលរដ្ឋ​បាន​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។

ក្រុម​អ្នក​តវ៉ា​អះអាង​ថា ពួក​គាត់​សុទ្ធតែ​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ពួក​គាត់​ព្រមាន​ថា បើ​នៅ​តែ​គ្មាន​ដំណោះស្រាយ​ណា​មួយ​សម្រាប់​ពួក​គាត់​ទេ​នោះ ពួក​គាត់​នឹង​ពាក់​ឯកសណ្ឋាន​គណបក្ស ហើយ​នាំ​គ្នា​ទៅ​តវ៉ា​ដល់​គេហដ្ឋាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ពី ភ្នំពេញ

ក្នុងនាមប្រជាជនរស់នៅទីក្រុងភ្នំពេញ និងក្នុងប្រទេសកម្ពុជាដូចគ្នា ខ្ញុំក៍មានការព្រួយបារម្ភខ្លាំងណាស់បើសិនមានការអភិវឌ្ឍន៍គិតតែស្ថាប័នខ្លួនឯងឲសម្រេចផែនការបែបនេះ ដោយមិនបានគិតពិចារណាដល់សុខភាពរបស់ប្រជាជន។ បើតាមព័ត៍មានចុះផ្សាយនេះ តើអគ្គិសន្នីកម្ពុជារឺអាជ្ញាធរខណ្ឌមានបានសិក្សារពីផលប៉ះពាល់សុខភាពដល់ប្រជាជានដែររស់នៅក្រោមរឺក្បែរខាងនៃខ្សែរបណ្តាញនេះហើយរឺនៅ? ហេតុអ្វីបានប្រជាជនទាំងនោះនៅតែទាមទារ និងតវ៉ាចំពោះការអូសបណ្តាញខ្សែនេះ? បើតាមខ្ញុំយល់អគ្គិសន្នីកម្ពុជា ក៍ដូចអាជ្ញាធរខណ្ឌមិនទាន់បានទទួលការយល់ព្រមពីប្រជាពលរដ្ឋនៅម្តុំនោះទេ បើដូច្នេះវាមិនមែនជាការអភិវ​ឌ្ឍន៍ត្រឹមត្រូវ និងសុខដុមនោះទេ។ ហើយបើតាមរបាយការណ៍នៃការអូសខ្សែនេះគឺ ខ្ញុំអាចសន្និដ្ឋានថា អគ្គិសន្នីកម្ពុជា និងអាជ្ញាធរខណ្ឌកំពុងតែរំលោភបំពានទៅលើសិទ្ធរស់នៅ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋទាំងស្រុងហើយ ដូច្នេះតើវិទ្យុអាស៊ីសេរីដែលជាប្រភពផ្តល់ព័ត៍មានសុក្រិត និងត្រឹមត្រូវគួរបន្តផ្សព្វផ្សាយបែបណាទៀតដើម្បីជាប្រយោជន៍ដល់ប្រជាជនទាំងនោះឲទទួលបាននូវភាពយុត្តិធម៍ និងការដោះស្រាយយ៉ាងសមរម្យពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
អរគុណ

Dec 07, 2015 11:21 PM

គេហទំព័រ​ទាំងមូល