អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បើក​កិច្ច​ប្រជុំ​អំពី​ការ​គ្រប់គ្រង​អាជីវកម្ម​កាស៊ីណូ

ដោយ ដែន អយុធ្យា
2015-11-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក ឯម សំអាន (ឆ្វេង) និង​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ចូល​រួម​ដឹកនាំ​កិច្ច​ប្រជុំ​ស្ដី​អំពី​ការ​គ្រប់គ្រង​វិស័យ​កាស៊ីណូ នៅ​សាល​ប្រជុំ​សាលា​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក ឯម សំអាន (ឆ្វេង) និង​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ចូល​រួម​ដឹកនាំ​កិច្ច​ប្រជុំ​ស្ដី​អំពី​ការ​គ្រប់គ្រង​វិស័យ​កាស៊ីណូ នៅ​សាល​ប្រជុំ​សាលា​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA/Den Ayuthyea

មន្ត្រី​រដ្ឋាភិបាល និង​វិស័យ​ឯកជន​នា​ខេត្ត​ព្រះសីហនុ ជួប​ប្រជុំ​គ្នា​ស្តី​អំពី​ការ​ធ្វើ​វិនិយោគ​អាជីវកម្ម​កាស៊ីណូ ដែល​កំពុង​ដំណើរ​ការ​នា​មូលដ្ឋាន​នេះ ដើម្បី​ឈាន​ដល់​គ្រប់គ្រង និង​សហការ​គ្នា​ជាមួយ​អាជ្ញាធរ​ឲ្យ​បាន​ប្រសើរ។

មន្ត្រី​នគរបាល​ខេត្ត​ទេសចរណ៍​មួយ​នេះ ថ្លែង​ថា អ្នក​វិនិយោគទុន​ទៅ​លើ​វិស័យ​កាស៊ីណូ និង​សណ្ឋាគារ​ធំៗ​មួយ​ចំនួន​នា​មូលដ្ឋាន​នេះ មិន​សហការ​បាន​ល្អ​ជាមួយ​សមត្ថកិច្ច​ទេ​កន្លង​មក​ដែល​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ គួរ​មាន​មាន​វិធានការ​ដោះស្រាយ។

កិច្ច​ប្រជុំ​បិទ​ទ្វារ និង​ស្នើ​មិន​ឲ្យ​អ្នក​សារព័ត៌មាន​អង្គុយ​ស្ដាប់​ខ្លឹមសារ​នៃ​កិច្ចពិភាក្សា​ស្ដី​អំពី​ការ​គ្រប់គ្រង​អាជីវកម្ម​កាស៊ីណូ ដឹកនាំ​ដោយ​លោក​នាយ​ឧត្ដមសេនីយ៍ ឯម សំអាន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ បាន​រៀបចំ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា នា​សាលាខេត្ត។ កិច្ច​ប្រជុំ​នេះ មាន​តំណាង​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​កាស៊ីណូ និង​សណ្ឋាគារ​លំដាប់​ផ្កាយ​ជាដើម បាន​ចូលរួម​ពិភាក្សា និង​លើក​ជា​សំណូមពរ។

មន្ត្រី​បម្រើ​ការងារ​ស្ថាប័នរដ្ឋ​ខ្លះ និង​តំណាង​ក្រុមហ៊ុន​វិនិយោគ​បរទេស​ដែល​ភាគច្រើន​ជា​ជន​ជាតិ​ចិន ដែល​ចូល​មក​បណ្ដាក់​ទុន​លើ​វិស័យ​កាស៊ីណូ និង​សណ្ឋាគារ​ខ្លះ នា​ខេត្ត​ព្រះសីហនុ បាន​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​សកម្មភាព​របស់​កម្លាំង​ជំនាញ​នគរបាល​ក្រសួង​មហាផ្ទៃ ដែល​ចាប់​ជនជាតិ​ចិន ចំនួន ១៦៨​នាក់ ទាំង​តក់ក្រហល់​បញ្ជូន​ទៅ​កាន់​ប្រទេស​ចិន តាម​ការ​ស្នើ​សុំ​របស់​ប៉ូលិស​ចិន កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា។ តំណាង​វិនិយោគទុន​ចិន បាន​ចាត់​ទុក​យុទ្ធនាការ​របស់​ក្រសួង​មហាផ្ទៃ បាន​នាំ​ឲ្យ​ប៉ះពាល់​ដល់​គម្រោង​វិនិយោគ​វិស័យ​កាស៊ីណូ ឬ​សណ្ឋាគារ និង​បង្ក​ការភ័យខ្លាច​ដល់​អ្នក​វិនិយោគ​ទុន​របស់​ខ្លួន។

យុទ្ធនាការ​ចាប់​បញ្ជូន​ជនជាតិ​ចិន របស់​នគរបាល​ក្រសួង​មហាផ្ទៃ ក៏​ត្រូវ​រង​ការ​រិះគន់​ពី​អ្នក​វិនិយោគទុន​ជា​ជន​ជាតិ​ចិន និង​វិនិយោគទុន​កម្ពុជា ផង ហើយ​មន្ត្រី​ស្ថាប័ន​ខ្លះ នា​ខេត្ត​ព្រះសីហនុ ក៏​មិន​ពេញ​ចិត្ត​ចំពោះ​សកម្មភាព​ចាប់​បញ្ជូន​ជនជាតិ​ចិន ទាំង​តក់ក្រហល់​បែប​នេះ​ដែរ។ ព្រោះ​ជនជាតិ​ចិន ទាំង​នោះ ពួកគេ​មាន​លិខិត​ស្នាម​ចូល​មក​ស្នាក់​នៅ និង​ប្រកប​ការងារ​ស្រប​ច្បាប់​នា​មូលដ្ឋាន​នេះ។

ត្រង់​ចំណុច​នេះ តំណាង​ក្រុមហ៊ុន​វិនិយោគ​វិស័យ​កាស៊ីណូ ឬ​សណ្ឋាគារ​ជាដើម បាន​សំណូមពរ​ដល់​រដ្ឋាភិបាល ឬ​ក្រសួង​មហាផ្ទៃ ឲ្យ​ពិចារណា​ចំពោះ​ការ​ចាប់​បញ្ជូន​ជនជាតិ​ចិន កាល​ពី​ចុង​ខែ​តុលា បាន​នាំ​ឲ្យ​អ្នក​វិនិយោគទុន​ចិន និង​ភ្ញៀវ​ទេសចរ​ចិន មាន​ការ​ភ័យខ្លាច និង​មាន​អ្នក​ខ្លះ​បង្ខំចិត្ត​ចាក​ចេញ​ពី​កម្ពុជា។

បញ្ហា​នេះ លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​លើក​ក្នុង​កិច្ចប្រជុំ​ដោយ​ស្នើ​ដល់​មន្ត្រី​ជំនាញ ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​ការ​ចុះ​អនុវត្ត​ការងារ​ចាប់​បញ្ជូន​ជនជាតិ​ចិន ចូល​មក​រស់​នៅ ឬ​ប្រកប​ការងារ​នា​មូលដ្ឋាន​នេះ​ឲ្យ​ស្របតាម​ច្បាប់។ បើ​ពុំ​នោះ​ទេ នឹង​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​សតិ​អារម្មណ៍​របស់​អ្នក​វិនិយោគទុន​ជនជាតិ​ចិន ឬ​ទេសចរ​ចិន ចូល​មក​កម្ពុជា នា​ថ្ងៃ​អនាគត។

លោក ជួន ណារិន្ទ បាន​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃ​នេះ​មាន​កាស៊ីណូ សរុប​ចំនួន ១៦​ទីតាំង និង​មាន​កាស៊ីណូ ចំនួន ៣​ទីតាំង​មិន​ទាន់​មាន​ច្បាប់ ប៉ុន្តែ​មិនទាន់​ដំណើរការ​ទេ។ នា​ឱកាស​នោះ លោក​ស្នងការ​ក៏​បាន​ស្នើ​ដល់​អ្នក​វិនិយោគ​វិស័យ​កាស៊ីណូ ត្រូវ​សហការ​​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ខេត្ត​នេះ​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​កន្លង​មក​នេះ មាន​ម្ចាស់​កាស៊ីណូ​ខ្លះ មិន​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ទេ៖ «សូម​ឲ្យ​ជំនាញ​នគរបាល​ខាង​ចាប់​ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ត្រូវ​សហការ​ពន្យល់​លើ​មុខ​ជំនាញ​នេះ​មក​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​គ្រប់គ្រង​បទល្មើស​នេះ​ឲ្យ​បាន​ល្អ​នៅ​ពេល​ខាង​មុខ។ បញ្ហា​មួយ​ទៀត ខ្ញុំ​ក៏​សូម​ស្នើ​ដល់​មន្ត្រី​ជំនាញ​បង្ក្រាប ឬ​ទប់ស្កាត់​បទល្មើស​ឆ្លង​ដែន​ត្រូវ​អនុវត្ត​ការងារ​ឲ្យ​ស្រប​ច្បាប់»

ចំណែក​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ជនជាតិ​ចិន ប្រមាណ ៨០​ភាគរយ បាន​ចាក​ចេញ​ពី​ខេត្ត​ព្រះសីហនុ នា​ប៉ុន្មាន​សប្ដាហ៍​ក្នុង​ខេត្ត​វិច្ឆិកា នេះ។ លោក​បន្ត​ថា ថ្ងៃ​អនាគត​លោក​ចង់​ឃើញ​ខេត្ត​នេះ​មាន​វិនិយោគទុន​មកពី​ក្រៅ​ប្រទេស​ចូល​មក​បោះ​ទុន​វិនិយោគ​ឲ្យ​បាន​ច្រើន នឹង​អាច​ជំរុញ​ឲ្យ​មូលដ្ឋាន​នេះ​រីកចម្រើន និង​អាច​ឲ្យ​ប្រជាពលរដ្ឋ ឬ​យុវជន​មាន​ការងារ​ធ្វើ និង​មាន​ជីវភាព​រី​ថ្កុំថ្កើង​ថែម​ទៀត៖ «ខ្ញុំ​ព្រះសីហនុ​សម្បូរ​ទៅ​ដោយ​ភ្ញៀវ​វិនិយោគ​ពី​ប្រទេស​ចិន ច្រើន​ជាង​គេ គឺ​វិនិយោគ​ទៅ​លើ​វិស័យ​កាស៊ីណូ និង​សណ្ឋាគារ​ជាដើម។ ប៉ុន្តែ​ចាប់​តាំង​ពី​មាន​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៣១ តុលា មក ឃើញ​បាត់​វត្តមាន​ជនជាតិ​ចិន ពី​ខេត្ត​ព្រះសីហនុ ចន្លោះ​ពី ៨០ ទៅ ៩០​ភាគរយ។ បញ្ហា​នេះ​នាំ​ឲ្យ​ខាតបង់​ដល់​ចំណូល​សេដ្ឋកិច្ច​ជាតិ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ»

ឆ្លើយ​តប​បញ្ហា​នេះ លោក ឯម សំអាន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណៈកម្មការ​ចម្រុះ​បង្ក្រាប​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ។ លោក​ថ្លែង​ថា នឹង​លើ​កង្វល់​របស់​អ្នក​វិនិយោគទុន​លើ​វិស័យ​កាស៊ីណូ និង​សំណូមពរ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ទៅ​ពិចារណា និង​ឈាន​ទៅ​រក​ដំណោះស្រាយ​ឲ្យ​បាន​ប្រសើរ។

មន្ត្រី​រូប​នេះ ទទួល​ស្គាល់​ថា អ្នក​វិនិយោគទុន​ទាំង​ក្នុង និង​ក្រៅ​ស្រុក បាន​ដើរតួ​សំខាន់​ក្នុង​ការ​ជួយ​ជំរុញ​ឲ្យ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ មាន​ការ​រីកចម្រើន និង​បង្កើន​ការងារ​ជូន​ពលរដ្ឋ៖ «សូម​ឲ្យ​បងប្អូន​អ្នក​វិនិយោគ​ទាំង​អស់​លើក​ជា​កង្វល់ ឬ​សំណូមពរ​មក​ស្ថាប័ន​យើង ដើម្បី​បានជា​មូលដ្ឋាន​ក្នុង​ការ​ជួយ​គិត ឬ​ដោះស្រាយ​ទៅលើ​បញ្ហា​របស់​បងប្អូន​ឲ្យ​បាន​ប្រសើរ​ក្នុង​ការ​ធ្វើ​អាជីវកម្ម។  យើង​ចង់​បាន​ភាព​កក់ក្ដៅ​ពី​បងប្អូន​អ្នក​វិនិយោគ​លើ​វិស័យ​កាស៊ីណូ និង​សណ្ឋាគារ ហើយ​យើង​ក៏​ចង់​បាន​ភាព​កក់ក្ដៅ​ពី​បងប្អូន​វិញ​ដែរ ដោយ​ឈរ​លើ​គោលការណ៍​គោរព​ច្បាប់​ទាំង​អស់​គ្នា»

ត្រង់​ចំណុច​នេះ លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ឆមាស​ទី​២ ឆ្នាំ​២០១៥ នេះ ឃើញ​មាន​អ្នកវិនិយោគទុន​ជា​ជនជាតិ​ចិន បាន​ចូល​មក​មូលដ្ឋាន​នេះ​មាន​ចំនួន​ជាង ៣​ពាន់​នាក់ ដោយ​វិនិយោគ​ទៅ​លើ​វិស័យ​កាស៊ីណូ និង​សណ្ឋាគារ​ជាដើម ហើយ​បុគ្គលិក​របស់​វិនិយោគ​ចិន​ទាំង​នោះ គឺ​ភាគ​ហ៊ាន​ជួល​ផ្ទះ​ស្នាក់នៅ ឬ​ទីតាំង​សម្រាប់​ប្រកប​អាជីវកម្ម​ក្នុង​តម្លៃ​ខ្ពស់​មិន​ធ្លាប់​មាន​ពី​មុន​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

មកពិភាគ្សានៅប៉ោយប៉ែតផង
ជាពិសេសក្រសួងការងារ
ចង់ប្រាប់ថាមានបញ្ហារំលោភនឹង
ជិះជាន់កំលាំងបុគ្គលិកច្រើនជាពិសេសមិនគោរពច្បាប់ការងារនៅស្រុកយើង

Nov 13, 2015 10:19 AM

គេហទំព័រ​ទាំងមូល