ភរិយា​ប្រធានាធិបតី​អាមេរិក​ជំរុញ​ឲ្យ​ក្មេង​ស្រី​ខ្មែរ​យក​គំរូ​នៃ​អ្នក​ស្ម័គ្រ​ចិត្ត​ភីស​ខរ

ដោយ សុជីវី
2015-03-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក អ្នកស្រី មីស៊្ហែល អូបាម៉ា (Michelle Obama) ថ្លែង​នៅ​ក្នុង​វេទិកា​មួយ​ក្នុង​ឱកាស​ជួប​ជាមួយ​អង្គការ ភីស ខរ (Peace Corps) ដែល​កំពុង​ប្រឹងប្រែង​លើក​ស្ទួយ​ការ​អប់រំ​នៅ​កម្ពុជា នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៥។
ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក អ្នកស្រី មីស៊្ហែល អូបាម៉ា (Michelle Obama) ថ្លែង​នៅ​ក្នុង​វេទិកា​មួយ​ក្នុង​ឱកាស​ជួប​ជាមួយ​អង្គការ ភីស ខរ (Peace Corps) ដែល​កំពុង​ប្រឹងប្រែង​លើក​ស្ទួយ​ការ​អប់រំ​នៅ​កម្ពុជា នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៥។
RFA/Hang Savyouth

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា ស្ត្រី​ទី​១ អ្នកស្រី មីស៊្ហែល អូបាម៉ា (Michelle Obama) បាន​ជំរុញ​ឲ្យ​ក្មេង​ស្រី​ខ្មែរ​យក​គំរូ​នៃ​អ្នក​ស្ម័គ្រ​ចិត្ត ភីស ខរ (Peace Corps) ដើម្បី​បំពេញ​តួនាទី​ជួយ​សហគមន៍​ដែល​ពួក​គេ​កំពុង​រស់នៅ។ ស្រប​គ្នា​នេះ ក្មេង​ស្រី​មួយ​ចំនួន​ដែល​ទទួល​ចំណេះ​ដឹង​ពី​អ្នក​ស្ម័គ្រ​ចិត្ត ភីស ខរ សង្ឃឹម​ថា នឹង​មាន​ឱកាស​បំពេញ​ការងារ​សម្រាប់​សហគមន៍​ពួក​គេ​ដែរ។

អ្នកស្រី មីស៊្ហែល អូបាម៉ា ចាត់​ទុក​ក្រុម​ស្ម័គ្រ​ចិត្ត ភីស ខរ របស់​អាមេរិក ដែល​ចុះ​អប់រំ​សហគមន៍ គឺ​ជា​មធ្យោបាយ​ល្អ​មួយ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ចំនួន​ក្មេង​ស្រី​កាន់​តែ​ច្រើន​បាន​ទៅ​សាលា​រៀន។

អ្នកស្រី​បាន​ថ្លែង​បែប​នេះ​នៅ​ចំពោះ​មុខ​ក្រុម​យុវតី​ខ្មែរ និង​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត ភីស ខរ ជា​ជនជាតិ​អាមេរិក ប្រមាណ​ជិត ១០០​នាក់​មក​ពី​ទូទាំង​ប្រទេស​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មីនា។ អ្នកស្រី​បាន​បញ្ជាក់​ថា ការងារ​របស់​ក្រុម ភីស ខរ នេះ​មាន​ទំនាក់ទំនង​នឹង​គម្រោង​ផ្ដល់​ឱកាស​ឲ្យ​ក្មេង​ស្រី​បាន​សិក្សា (Let girls learn)៖ «គឺ​អ្នក​ស្ម័គ្រ​ចិត្ត​របស់ ភីស ខរ រួម​នឹង​អ្នក​ដឹក​នាំ​សហគមន៍ ឪពុក ម្ដាយ និង​កុមារី​ខ្លួន​ឯង នឹង​ជួយ​ឲ្យ​ក្មេង​ស្រី​បាន​ទៅ​សាលា និង​មិន​បោះបង់​ការ​សិក្សា។ អ្នក​ទាំងអស់​នេះ​ហើយ ដែល​គាំទ្រ​ភាព​ជា​អ្នក​ដឹក​នាំ ក្រុម​ពិភាក្សា និង​ក្រុម​កីឡា​របស់​កុមារី។ អ្នក​កំពុង​តែ​ធ្វើ​សួន​បន្លែ កំពុង​បង្រៀន​កុមារី​ពី​អាហារូបត្ថម្ភ ជួយ​ពួក​គេ​ឲ្យ​ចេះ​រៀបចំ​ផែនការ​ទៅ​អនាគត ពិសេស​អ្នក​ជា​គំរូ​ដល់​ក្មេង​ស្រី បង្ហាញ​ពី​តម្លៃ​នៃ​ការ​អប់រំ។ ចំណែក​អ្នក​ស្ម័គ្រ​ចិត្ត​ជា​បុរស ក៏​បង្ហាញ​ដល់​ក្មេង​ស្រី​ពី​អ្វី​ដែល​គេ​គួរ​រំពឹង​ពី​បុរស គឺ​ភាព​ស្មើ​គ្នា កិត្តិយស និង​ការ​គោរព»

គំនិត​ផ្ដួចផ្ដើម​ថ្មី​ផ្ដល់​ឱកាស​ឲ្យ​កុមារី​បាន​សិក្សា​របស់ ភីស ខរ ចាប់​ផ្ដើម​ក្នុង​ឆ្នាំ​នេះ​នៅ​ក្នុង​ប្រទេស​ចំនួន​១១ រួម​មាន​កម្ពុជា ដែរ។

អ្នកស្រី មីស៊្ហែល អូបាម៉ា បញ្ជាក់​ទៀត​ថា ការ​ផ្លាស់ប្ដូរ​ក្នុង​ផ្នែក​អប់រំ​កុមារី ត្រូវ​ចាប់​ផ្ដើម​ពី​មូលដ្ឋាន៖ «ខ្ញុំ​ដឹង​ថា ការ​ផ្លាស់ប្ដូរ​ពិត​ប្រាកដ និង​មាន​អត្ថន័យ គឺ​នៅ​សហគមន៍ មិន​មែន​កើត​ពី​អ្នក​នៅ​ខាង​លើ​នោះ​ទេ ពោល គឺ​វា​កើត​ឡើង​ពី​អ្នក​ខាង​ក្រោម​ឡើង​ទៅ​វិញ​ទេ។ វា​កើត​ឡើង​នៅ​ពេល​អ្នក​បង្កើន​បន្ថែម​នូវ​ចំណុច​ខ្លាំង​ដែល​មាន​ស្រាប់។ វា​កើត​ឡើង​នៅ​ពេល​អ្នក​ផ្ដល់​អំណាច​ដល់​អ្នក​ដឹក​នាំ ហើយ​អ្នក​ដឹក​នាំ​នោះ​បន្ត​ផ្ដល់​អំណាច​ដល់​អ្នក​ដទៃ​ទៀត។ ខ្ញុំ​បាន​ឃើញ​ជាក់​ស្ដែង​នៅ​ពេល​ខ្ញុំ​ចុះ​ទៅ​វិទ្យាល័យ​មួយ ដែល​គម្រោង រូម ធូ រីដ (Room to Read) កំពុង​ជួយ​កុមារី​ឲ្យ​រៀន។ កុមារី​ទាំង​នោះ​មាន​ក្ដី​ស្រមៃ​ដ៏​ធំ និង​មាន​គម្រោង​ប្រើ​ចំណេះ​ដឹង​របស់​គេ​ជួយ​ដល់​សហគមន៍ និង​ប្រទេស​របស់​គេ។ ដូច្នេះ គំរូ​របស់​អ្នក​ធ្វើ​ការ​នៅ​សហគមន៍ កំពុង​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់ បំផុស​ទឹក​ចិត្ត​ដល់​អ្នក​ដទៃ​ទៀត​ពុំ​មាន​ព្រំដែន​កំណត់»

នៅ​ក្នុង​របាយការណ៍​របស់ ភីស ខរ ឲ្យ​ដឹង​ថា ភ្នាក់ងារ​នេះ​បាន​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ចំនួន​៦០ ក្នុង​ពិភពលោក​កាល​ពី​ឆ្នាំ​កន្លង​ទៅ ក្នុង​នោះ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ប្រមាណ ២​ពាន់​នាក់ ធ្វើ​ការងារ​ជំរុញ​ការ​សិក្សា​របស់​ក្មេង​ស្រី និង​សកម្មភាព​ផ្ដល់​អំណាច​ដល់​ស្ត្រី។ នៅ​កម្ពុជា ក្រុម​នេះ​បាន​ចាប់​ផ្ដើម​ការងារ​ចាប់​តាំង​ពី​ឆ្នាំ​២០០៧ ដោយ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន ២៩២​នាក់ នៅ​ក្នុង​ខេត្ត​ចំនួន​២៤។ ពួក​គេ​ចុះ​ទៅ​តាម​សហគមន៍​ដោយ​រស់នៅ​ជាមួយ​គ្រួសារ​ខ្មែរ។ ក្នុង​ឆ្នាំ​២០១៤ មាន​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន ៨៦​នាក់​នៅ​ក្នុង​ខេត្ត​ចំនួន​១៦។ ពួក​គេ​ចុះ​ជួយ​បង្រៀន​ភាសា​អង់គ្លេស បំប៉ន​បន្ថែម​ដល់​គ្រូបង្រៀន និង​អប់រំ​ការ​ថែទាំ​សុខភាព​ក្នុង​សហគមន៍ និង​សកម្មភាព​ជួយ​ដល់​ការ​អភិវឌ្ឍ​សហគមន៍​ដទៃ​ទៀត។

នាយក​ភ្នាក់ងារ ភីស ខរ អ្នកស្រី ខែរី ហេសល័រ រ៉េដេឡេត (Carrie Hessler-Radelet) ថ្លែង​នៅ​ក្នុង​ឱកាស​នោះ​ដែរ​ថា ការងារ​របស់​អ្នក​ស្ម័គ្រ​ចិត្ត ក៏​នឹង​ជួយ​ឲ្យ​កុមារី​រក​ឃើញ​តម្លៃ​ពិត​របស់​ពួក​គេ៖ «ទំនាក់​ទំនង​របស់​អ្នក​ជួយ​ឲ្យ​កុមារី​អាច​រក​ឃើញ​នូវ​តម្លៃ​ល្អ​ឯក ថាមពល និង​សក្ដានុពល​របស់​គេ។ ទំនាក់ទំនង​នេះ​ក៏​នឹង​គាំទ្រ​ក្ដី​ស្រមៃ​ដ៏​ធំធេង​របស់​គេ។ ទំនាក់ទំនង​នេះ ក៏​នឹង​ផ្ដល់​ក្ដី​សង្ឃឹម និង​ការ​ចុះ​សម្រុង​គ្នា​ទៅ​ដល់​ក្មេង​ស្រី និង​ក្មេង​ប្រុស»

ក្មេង​ស្រី​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​ចូលរួម​ក្នុង​កម្មវិធី​អ្នក​ស្ម័គ្រ​ចិត្ត ភីស ខរ កញ្ញា ពេជ្រ ណាវី។ នាង​ជា​សិស្ស​ថ្នាក់​ទី​១២ រស់នៅ​ក្នុង​ភូមិ​ត្រពាំង ឃុំ​ស្រែអំបិល ស្រុក​ស្រែអំបិល ខេត្ត​កោះកុង។ ណាវី លើក​ឡើង​ថា អ្នក​ស្ម័គ្រ​ចិត្ត​របស់ ភីស ខរ ជា​ស្ត្រី​ជនជាតិ​អាមេរិកាំង​ម្នាក់​កំពុង​ចុះ​បង្រៀន​ក្នុង​សហគមន៍​របស់​នាង។ អ្នក​ស្ម័គ្រ​ចិត្ត បាន​បង្រៀន​អ្នក​ភូមិ​ឲ្យ​យល់​ដឹង​ពី​ការ​ថែទាំ​សុខភាព ភាសា​អង់គ្លេស និង​ផ្ដល់​ភាព​ក្លាហាន​ដល់​ក្មេង​ស្រី។ ណាវី សង្ឃឹម​ថា នាង​នឹង​អាច​ធ្វើ​ការ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ដែរ​នៅ​ក្រោយ​ពេល​នាង​បញ្ចប់​ការ​សិក្សា៖ «បើ​ថ្ងៃ​អនាគត​ទៅ​ខ្ញុំ​ចង់​ដូចជា​ពួក​គាត់​ដែរ ពួក​គាត់​តែង​ចុះ​តាម​ខេត្ត ទោះ​អត់​សូវ​មាន​លុយ​ច្រើន​ក៏ដោយ​អត់ ប៉ុន្តែ​ពួក​គាត់​ជួយ​ប្រជាជន​ក្រីក្រ លើក​ទឹក​ចិត្ត។ ខ្ញុំ​ក៏​ចង់​បាន​ទៅ​ជួយ​ពលរដ្ឋ​ក្រីក្រ​នៅ​គ្រប់​កន្លែង​ក្នុង​ពិភពលោក​ដូច​គាត់​ចឹង»

ចំណែក​យុវតី​ម្នាក់​ទៀត កញ្ញា ឆោម ស៊ីនួន ដែល​ជា​ឆ្មប​នៅ​មណ្ឌល​សុខភាព​ក្នុង​ឃុំ​រុក្ខគិរី ខេត្ត​បាត់ដំបង ក៏​រំពឹង​ថា ទៅ​ថ្ងៃ​មុខ​នឹង​មាន​យុវតី​ខ្មែរ​ចាប់​ផ្ដើម​ការងារ​ស្ម័គ្រ​ចិត្ត ឬ​ងាក​មក​ធ្វើ​ការងារ​ក្នុង​សហគមន៍​ដូច​រូប​នាង​ដែរ៖ «ជួយ​ខាង​ស្ត្រី គាំពារ​មាតា និង​ទារក ខិតខំ​ជួយ​ណែនាំ​ស្ត្រី​មាន​ផ្ទៃពោះ ឬ​អ្នក​មក​សម្រាល និង​ក្រោយ​សម្រាល ព្រោះ​ពួក​គាត់​ភាគ​ច្រើន​អាំង​ភ្លើង​នៅ​ក្រោយ​សម្រាល។ ចឹង​យើង​អប់រំ​កុំ​ឲ្យ​អាំង​ភ្លើង ជាដើម»

ទាក់ទង​នឹង​ចំណុច​នេះ​ដែរ ស្ត្រី​ទី​១ អ្នកស្រី មីស្ហែល អូបាម៉ា បាន​លើក​ទឹក​ចិត្ត​ឲ្យ​យុវតី​ខ្មែរ​យក​គំរូ​នៃ​ក្រុម ភីស ខរ ហើយ​ជួយ​ការងារ​សហគមន៍៖ «ខ្ញុំ​មក​នេះ ដើម្បី​រំឭក​ដល់​អ្នក​ឲ្យ​ខិតខំ​ធ្វើ​ការ និង​រៀន​សូត្រ​តាម​ដែល​អ្នក​អាច​ធ្វើ​បាន។ ខ្ញុំ​សង្ឃឹម​ថា អ្នក​នឹង​ធ្វើ​តាម​គំរូ​នៃ​អ្នក​ដឹក​នាំ និង​អ្នក​ស្ម័គ្រ​ចិត្ត ហើយ​ងាក​ទៅ​ជួយ​ក្មេង​ស្រី​ដទៃ​ទៀត​ឲ្យ​ទទួល​បាន​ការ​សិក្សា»

តាម​រយៈ​គម្រោង​ផ្ដល់​ឱកាស​ឲ្យ​កុមារី​បាន​សិក្សា​នេះ នឹង​បន្ថែម​ចំនួន​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន ៦៥០​នាក់​ទៀត​ទៅ​ក្នុង​ប្រទេស​ចំនួន​១១ ដែល​អនុវត្ត​គម្រោង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល