ទីក្រុង​ចំណាស់​បី​របស់​កម្ពុជា​អាច​នឹង​ត្រូវ​យូណេស្កូ​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

ដោយ ហង្ស សាវយុត
2017-06-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​មក​ពី​បណ្ដា​ប្រទេស​អាស៊ី​ចំនួន​២១ និង​សន្និសីទ​អន្តរជាតិ​ស្ដីពី​និរន្តរភាព​ទេសចរណ៍​នា​ខេត្ត​សៀមរាប ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៧។
កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​មក​ពី​បណ្ដា​ប្រទេស​អាស៊ី​ចំនួន​២១ និង​សន្និសីទ​អន្តរជាតិ​ស្ដីពី​និរន្តរភាព​ទេសចរណ៍​នា​ខេត្ត​សៀមរាប ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៧។
RFA/Hang Savyouth

ក្រសួង​ទេសចរណ៍ នៃ​ប្រទេស​កម្ពុជា បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​មក​ពី​បណ្ដា​ប្រទេស​អាស៊ី​ចំនួន​២១ និង​សន្និសីទ​អន្តរជាតិ​ស្ដីពី​និរន្តរភាព​ទេសចរណ៍​រយៈពេល ៥​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​១១ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​មិថុនា នៅ​ខេត្ត​សៀមរាប។

កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍ និង​សន្និសីទ​អន្តរជាតិ​នេះ ក្នុង​គោល​បំណង​ចែក​រំលែក​បទពិសោធន៍ ស្វែងរក​ដៃគូ​នៃ​កិច្ច​សហប្រតិបត្តិការ និង​ការ​រៀបចំ​យុទ្ធសាស្ត្រ ដើម្បី​ពង្រីក​ការ​តភ្ជាប់​វិស័យ​ទេសចរណ៍ និង​វប្បធម៌ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព។

ក្រុម​ប្រតិភូ​នៃ​មន្ត្រី​ទេសចរណ៍​មក​ពី​តំបន់​អាស៊ី​ចំនួន ២១​ប្រទេស ដែល​កំពុង​ជួប​ប្រជុំ​នៅ​ក្នុង​ខេត្ត​សៀមរាប មាន​គម្រោង​នឹង​ធ្វើ​ទស្សនកិច្ច​សិក្សា​ទៅ​កាន់​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ក្នុង​បំណង​ពិនិត្យ​មើល​សំណង់​អគារ​ប្រវត្តិសាស្ត្រ ព្រម​ទាំង​សម្បត្តិ​វប្បធម៌​ជាច្រើន​ទៀត ដើម្បី​ដាក់​បញ្ចូល​ទីក្រុង​ចំណាស់​នេះ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​របស់​អង្គការ​យូណេស្កូ (UNESCO)

តំណាង​អង្គការ​យូណេស្កូ (UNESCO) ប្រចាំ​កម្ពុជា គឺ​អ្នកស្រី អាន ឡឺម៉ែស្រ្ត (Anne Lemaistre)។ អ្នកស្រី​ថ្លែង​ក្នុង​សន្និសីទ​អន្តរជាតិ​ស្ដីពី​ទេសចរណ៍​ប្រកប​ដោយ​និរន្តរភាព ដែល​ធ្វើ​ឡើង​ឯ​ខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១២ ខែ​មិថុនា ថា កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍ មក​ពី​តំបន់​អាស៊ី​ដែល​កំពុង​ជួប​ប្រជុំ​នៅ​ខេត្ត​សៀមរាប ដែរ​នោះ គឺ​បាន​ពិចារណា​ទៅ​លើ​ទីក្រុង​ចំណាស់​ចំនួន​៣ របស់​កម្ពុជា រួម​មាន​នៅ​ខេត្ត​បាត់ដំបង ខេត្ត​កំពត និង​ខេត្ត​ក្រចេះ ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​របស់​អង្គការ​យូណេស្កូ។

អ្នកស្រី អាន ឡឺម៉ែស្រ្ត យល់​ថា ទីក្រុង​ចំណាស់​ទាំង​បី​របស់​កម្ពុជា នោះ គឺ​មាន​សំណង់​ព្រះពុទ្ធសាសនា សំណង់​សម័យ​អាណានិគម​បារាំង និង​សំណង់​សម័យ​ទំនើប​ជាច្រើន ដែល​ស័ក្តិសម​នឹង​ចុះ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ៖ «នេះ​គឺ​ជា​ឱកាស​ដ៏​ល្អ​បំផុត​ដែល​កម្ពុជា មិន​ត្រូវ​ខកខាន​ក្នុង​ការ​រៀបចំ​បែបបទ​ដើម្បី​បញ្ចូល​ទីក្រុង​ចំណាស់​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​នោះ​ទេ។ ពេល​បច្ចុប្បន្ន​មាន​ទីក្រុង​ចំណាស់​របស់​កម្ពុជា ចំនួន​៣ ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឲ្យ​មក​ទស្សនា​ច្រើន។ ទីក្រុង​ទាំងនោះ គឺ​នៅ​ខេត្ត​បាត់ដំបង នៅ​ខេត្ត​កំពត និង​នៅ​ស្រុក​ឆ្លូង នៃ​ខេត្ត​ក្រចេះ»

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា កម្ពុជា សូម​គាំទ្រ​ប្រធានបទ​ការ​អភិរក្ស និង​ការពារ​ទីក្រុង​បេតិកភណ្ឌ ដែល​លើក​ឡើង​ក្នុង​សន្និសីទ​អន្តរជាតិ​ពេល​នេះ។ នេះ​គឺ​ជា​មោទនភាព​របស់​កម្ពុជា ដែល​បង្ហាញ​ពិភពលោក​ឲ្យ​ដឹង​ថា ព្រះរាជាណាចក្រ​កម្ពុជា គឺ​ជា​អាណាចក្រ​នៃ​វប្បធម៌។

លោក ហ៊ុន សែន បញ្ជាក់​ថា វិស័យ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ បាន​នាំ​មក​នូវ​ទេសចរ​យ៉ាង​សម្បើម បង្កើត​បាន​ជា​ចំណូល​ដល់​សេដ្ឋកិច្ច បង្កើត​ការងារ ព្រម​ទាំង​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ជួយ​ទប់ស្កាត់​ការ​កើន​ឡើង​នៃ​កម្ដៅ​លើ​ផែនដី​ផង៖ «ខ្ញុំ​គួរ​តែ​និយាយ​បន្តិច​ទៅ​កាន់​ក្រសួង​វប្បធម៌ វិចិត្រ​សិល្បៈ និង​ក្រសួង​ទេសចរណ៍ ព្រម​ទាំង​អង្គការ​យូណេស្កូ ខ្ញុំ​ស្នើ​ថា​សូម​កុំ​ឲ្យ​មាន​របៀប​ឆ្វេង​ពេក ឬ​ក៏​ស្ដាំ​ពេក​នៃ​ការ​អភិរក្ស​ទីក្រុង​បេតិកភណ្ឌ»

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ថ្លែង​ថា វិស័យ​ទេសចរណ៍​មាន​សារសំខាន់​ណាស់​សម្រាប់​ជួយ​លើក​ស្ទួយ​សេដ្ឋកិច្ច​ជាតិ និង​បង្កើត​ការងារ​ឲ្យ​ប្រជាពលរដ្ឋ។ កាល​ពី​ឆ្នាំ​២០១៦ វិស័យ​ទេសចរណ៍​បាន​បង្កើត​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា ដោយ​ផ្ទាល់​បាន​ចំនួន ៦២​ម៉ឺន​នាក់ ព្រម​ទាំង​បង្កើ ជីឌីភី (GDP) បាន​ប្រមាណ ១២%

លោក ថោង ខុន ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ៣​ខែ​ដើម​ឆ្នាំ​២០១៧ កម្ពុជា បាន​ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង ១​លាន ៥​សែន​នាក់ ក្នុង​កំណើន ១២% ហើយ​រំពឹង​ថា​ពេញ​មួយ​ឆ្នាំ​២០១៧ កម្ពុជា អាច​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ៥​លាន ៤​សែន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

Battambang is my city that I was born in Mung district.

Jun 13, 2017 05:52 AM

បាត់ដំបងអើយ

ពី បាត់ដំបង

​បាត់ដំបង ជាទីក្រុងកំណើតរបស់ខ្ញំុ សួ!សួ!សួ!

Jun 12, 2017 10:23 AM

គេហទំព័រ​ទាំងមូល