ពលរដ្ឋ​ជនជាតិ​ស្ទៀង​មក​ពី​ក្រចេះ​ស្នើ​អន្តរាគមន៍​ពី​លោក ហ៊ុន សែន

ដោយ សេក បណ្ឌិត
2015-10-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ជនជាតិ​ស្ទៀង​មក​ពី​ខេត្ត​ក្រចេះ ជួប​នឹង​តំណាង​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី នៅ​ក្រោម​ដើម​ពោធិ៍ មុខ​វត្ត​បុទុមវតី រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៥។
ពលរដ្ឋ​ជនជាតិ​ស្ទៀង​មក​ពី​ខេត្ត​ក្រចេះ ជួប​នឹង​តំណាង​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី នៅ​ក្រោម​ដើម​ពោធិ៍ មុខ​វត្ត​បុទុមវតី រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៥។
RFA/Sek Bandith

ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ស្ទៀង នៅ​ឃុំ​ពីរធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ មក​ស្វែង​រក​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ភ្នំពេញ ឲ្យ​រក​កន្លែង​លក់ដូរ​កសិផល​របស់​ពួកគាត់។ ការ​ស្នើសុំ​នេះ បន្ទាប់ពី​អាជ្ញាធរ​បាន​បណ្ដេញ​ពួកគាត់​មិន​ឲ្យ​លក់ដូរ​តាម​ដង​ផ្លូវ​ក្នុង​ភូមិ​ដូច​រាល់ដង​ទៀត​នោះ​ឡើយ។

ជនជាតិ​ដើម​ភាគតិច​ស្ទៀង ជា​ច្រើន​ភូមិ​ក្នុង​ឃុំ​ពីរធ្នូ ប្រមាណ ១០០​នាក់ បាន​ព្យាយាម​ម្ដង​ហើយ​ម្ដង​ទៀត ដើម្បី​សុំ​ជួប​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា នា​រាជធានី​ភ្នំពេញ ដើម្បី​សុំ​បង្កើត​ផ្សារ ឬ​កន្លែង​លក់ដូរ​ត្រឹមត្រូវ​ត្រង់​ណា​មួយ​ក្នុង​តំបន់​ពួកគាត់​កំពុង​រស់​នៅ។ ពួកគាត់​បញ្ជាក់​ថា ការ​ស្នើ​បែប​នេះ ព្រោះ​ចង់​គេច​ចេញ​ពី​​​ការ​ធ្វើទុក្ខបុកម្នេញ​ពី​ក្រុម​សន្តិសុខ​ផ្សារ​ឯកជន។

អ្នក​ភូមិ​ទាំង​នោះ​បង្ហាញ​ពី​ទុក្ខ​លំបាក​ទៀត​ថា ក្រុមហ៊ុន​ឯកជន​មួយ​បាន​ទៅ​វិនិយោគ​ផ្សារ​ក្បាលស្នួលចាស់ ដោយ​ជួសជុល​រៀបចំ​ថ្មី ហើយ​អាជ្ញាធរ​បាន​បណ្ដេញ​អ្នក​ភូមិ​មិន​ឲ្យ​លក់ដូរ​តាម​ដង​ផ្លូវ​ក្នុង​ភូមិ​ដូច​មុន​ទៀត​ទេ តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៥ នេះ ដោយ​ឲ្យ​មក​លក់​ជុំ​គ្នា​នៅ​ខាងក្រៅ​ផ្សារ​ក្បាលស្នួល ជាប់​បេនឡាន​វិញ។ ប៉ុន្តែ​ពេល​មក​លក់​ទី​នោះ សន្តិសុខ​ផ្សារ​ធ្វើ​បាប​ពួកគាត់​គ្រប់​បែប​យ៉ាង ដូចជា​យក​ភាស៊ី ថ្លៃ​អនាម័យ មិន​ឲ្យ​ដាក់​ឆត្រ កន្លែង​លក់​បន្លែបង្ការ ត្រី​សាច់ មិន​ឲ្យ​លើស​ពី​មួយ​កញ្ច្រែង ឬ​ល្អី និង​កំណត់​ឲ្យ​លក់​ត្រឹម​ម៉ោង ៨​ព្រឹក​ជាដើម៖  «អត់​មាន​កន្លែង​លក់​ដូរ​ទេ ចាប់​ផ្ដើម​ទៅ​លក់​គេ​ដេញ អ៊ីចឹង​ខ្ញុំ​បាន​អី​រក​ចិញ្ចឹម​កូន​ចៅ? គេ​ដេញ​ឲ្យ​មក​លក់​កន្លែង​ហ្នឹង​ស្រួល ដល់​ពេល​មក​លក់​អត់​មាន​ស្រួល​ទេ ម៉ោង ៨ គេ​ដេញ លើក​មិន​ទាន់​គឺ​គេ​យក​ទៅ​ចាក់​ចោល អ៊ីចឹង​អ្នក​ភូមិ​លក់​មួយ​កញ្ច្រែងៗ​បាន​អី​ហូប។ លក់​ច្រើន​គេ​មិន​ឲ្យ​លក់​ទៀត  ហើយ​ម៉ោង ៨ អ្នក​ដែល​គេ​ត្រូវ​ឡើង​មក​ផ្សារ​ទិញ​ម្ហូប គេ​មិន​ទាន់​មក​ផង​ដេញ​ហើយ គេ​បាន​អី​ទិញ? ខ្ញុំ​សុំ​ឲ្យ​រក​កន្លែង​សម្រាប់​អ្នក​ភូមិ​លក់​ឲ្យ​ស្រួល»

ទោះ​ជា​បែប​នេះ​ក្ដី ទុក្ខ​លំបាក​នេះ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​ពី​លោក​នាយករដ្ឋមន្ត្រី នោះ​ទេ ដោយ​មន្ត្រី​ខុទ្ទកាល័យ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​បណ្ដេញ​ឲ្យ​ត្រឡប់​ទៅ​វិញ ហើយ​សន្យា​ថា ចាំ​ជួយ​ដោះស្រាយ​តាម​ក្រោយ។

​ទាក់ទង​រឿង​នេះ​ដែរ អភិបាល​ស្រុក​ស្នួល លោក គង់ គឹមនី បកស្រាយ​ថា ការ​ប្រមូល​អ្នក​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ​មក​ឲ្យ​លក់​ជុំ​គ្នា​នៅ​ផ្សារ​នោះ ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​ផ្លូវ​សាធារណៈ។ លោក​បន្ត​ថា ការ​មក​លក់​នៅ​ផ្សារ​នោះ​ក៏​មាន​ទំនាស់​គ្នា​ខ្លះ​ដែរ​រវាង​អ្នក​ក្នុង និង​អ្នក​ក្រៅ​ផ្សារ ប៉ុន្តែ​លោក​បាន​ដោះស្រាយ​បញ្ចប់​ម្ដង​រួច​ហើយ។

លោក​ក៏​បដិសេធ​ថា គ្មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ ធ្វើ​បាប​ពួក​គាត់​នោះ​ទេ ហើយ​ពួកគាត់​ក៏​មិន​បាន​ប្រាប់​អាជ្ញាធរ​ឲ្យ​ជួយ​ដោះស្រាយ​នូវ​អ្វី​ដែល​ជា​ទុក្ខ​លំបាក​របស់​ពួកគាត់​ដែរ ហើយ​ការ​ឡើង​ទៅ​ភ្នំពេញ រក​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី​នោះ​អាច​ធ្វើ​ឡើង​ដោយ​ស្ងាត់ៗ​ទៅ​តាម​មេខ្យល់​ញុះញង់៖ «អ៊ីចឹង​វា​មាន​ចលនា​នៅ​ខាង​ក្រៅ ពេល​មាន​រឿង​អី​គេ​ថា អូ! ទាល់​តែ​ទៅ​ដល់​សម្ដេច​នាយក បាត់​ប្រហុក​មួយ​គីឡូ​ក៏​ត្រូវ​ទៅ​ប្ដឹង​សម្ដេច​នាយក​ដែរ ធ្វើ​អ៊ីចឹង​ម៉េច​ត្រូវ? សំខាន់​ខ្ញុំ​ចង់​ឲ្យ​ពួក​គាត់​ចូល​រួម​យក​បញ្ហា​ដាក់​លើ​តុ​ដោះស្រាយ​ទាំង​ អស់​គ្នា ហើយ​ត្រូវ​ទទួល​យក​ការ​ពិត​ទាំង​អស់​គ្នា»

​ចំណែក​ពលរដ្ឋ​វិញ​អះអាង​ថា អាជ្ញាធរ​តែងតែ​កាន់ជើង​តែ​ក្រុម​ឈ្មួញ ហើយ​ការ​តវ៉ា​កន្លង​មក​អាជ្ញាធរ​មិន​ដែល​ដោះស្រាយ​បាន​ឡើយ ក្រៅ​ពី​ការ​គំរាមកំហែង​ដូច​ថៅកែ​ផ្សារ​ដែរ​នោះ។

ទោះ​យ៉ាង​នេះ​ក្ដី លោក គង់ គឹមនី គ្រោង​កោះហៅ​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ទាំង​អស់ និង​ភាគី​ដែល​ពាក់ព័ន្ធ​មក​ជួយ​ពិភាក្សា​គ្នា​ដើម្បី​ដោះស្រាយ​នៅ​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​តុលា ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល