ប្រជាពលរដ្ឋរស់នៅឃុំស្រែសង្គម ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី ចោទប្រកាន់មន្ត្រីកងរាជអាវុធហត្ថស្រុកពីរនាក់ ថាបានវាយធ្វើទារុណកម្មកូនប្រុសគាត់រហូតមានរបួសក្បាលជាទម្ងន់បន្ទាប់ពីអាវុធហត្ថទាំងពីរចាប់ខ្លួនកូនប្រុសគាត់ពីកន្លែងរាំកម្សាន្តនៅក្នុងវត្តមួយ។ ចំណែកមេបញ្ជាការកងរាជអាវុធហត្ថអះអាងថា ការចោទប្រកាន់នេះជារឿងមិនពិត។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សខេត្តមណ្ឌលគិរី នៅថ្ងៃទី២៨ ខែមេសា អំពាវនាវសុំឲ្យអាជ្ញាធរខេត្តស៊ើបអង្កេតករណីចោទប្រកាន់មន្ត្រីកងរាជអាវុធហត្ថប្រើអំពើហិង្សាក្នុងការអនុវត្តច្បាប់ដែលជាករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋមួយគ្រួសារកាលពីថ្ងៃទី២៧ ខែមេសា បានដាក់ពាក្យប្ដឹងមកការិយាល័យសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តមណ្ឌលគិរី ដោយចោទប្រកាន់ថា មន្ត្រីកងរាជអាវុធហត្ថស្រុកកោះញ៉ែក ពីរនាក់មានឈ្មោះ ណា រ៉ុង និងឈ្មោះ ពេជ្រ ប្រើខ្នោះដៃវាយក្បាលកូនប្រុសគាត់មានរបួសជាច្រើនកន្លែង ហើយចាប់ដាក់ខ្នោះនាំមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្នុងរឿងជម្លោះវាយគ្នារវាងយុវជនពីរក្រុម។
ប្រជាពលរដ្ឋរស់នៅភូមិ៤ ឃុំស្រែសង្គម លោក ព្រេន កន បញ្ជាក់ថា កូនរបស់គាត់កំពុងឋិតក្នុងសភាពគ្រោះថ្នាក់បន្ទាប់ពីរងអំពើវាយដំដោយមន្ត្រីកងរាជអាវុធហត្ថ។ លោកចាត់ទុកការធ្វើទារុណកម្មរបស់សមត្ថកិច្ចមកលើកូនចៅប្រជាពលរដ្ឋថា ជាទង្វើរំលោភច្បាប់ និងសិទ្ធិមនុស្ស៖ «ចាប់កូនខ្ញុំហ្នឹងវាយធ្វើទារុណកម្ម កូនខ្ញុំបែកក្បាលដេរបីថ្នេរ ហើយកន្លែងខ្លះព្រោកៗ មិនដឹងវាខូចសរសៃប្រសាទ ឬម៉េចទៅថ្ងៃក្រោយមិនដឹង»។
សេចក្ដីរាយការណ៍របស់មន្ត្រីក្រុមប្រឹក្សាឃុំស្រែសង្គម ឲ្យដឹងថា នៅរសៀលថ្ងៃទី១៨ ខែមេសា អ្នកភូមិនាំគ្នារាំលេងនៅវត្ត។ បន្ទាប់មកស្រាប់តែយុវជនពីរក្រុមបានវាយតប់គ្នា ហើយក៏នាំគ្នារត់ចេញអស់។ ក្នុងហេតុការណ៍នោះមានយុវជនម្នាក់ឈ្មោះ កង លាន់ ដែលមករាំលេងក្នុងពិធីនេះបានរើសច្រវាក់មួយខ្សែដែលគេឃើញបន្សល់ចោលនៅកន្លែងកើតហេតុ ហើយកាន់គ្រវីលេង ស្រាប់តែមន្ត្រីកងរាជអាវុធហត្ថស្លៀកពាក់ស៊ីវិល កាន់កាំភ្លើង និងខ្នោះដៃមកដល់ ហើយចាប់ខ្លួនយុវជននោះ។
សាក្សីចំនួន ១៤នាក់បានបំភ្លឺថា មន្ត្រីអាវុធហត្ថបានវាយក្បាលយុវជន និងខ្នោះដៃ ហើយបន្តវាយធ្វើបាបជាច្រើនទៀតមុននឹងបញ្ជូនយុវជនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុក។
ទាក់ទិនការចោទប្រកាន់នេះ មេបញ្ជាការកងរាជអាវុធហត្ថស្រុកកោះញ៉ែក លោក រស់ បញ្ញា បដិសេធថា មន្ត្រីអាវុធហត្ថមិនបានវាយយុវជននោះទេ គឺយុវជននោះមានរបួសក្នុងការវាយតប់គ្នា ហើយមន្ត្រីកងរាជអាវុធហត្ថជម្លៀសគេមកបញ្ជាការដ្ឋានដើម្បីគេចពីគ្រោះថ្នាក់។
លោកថា យុវជននៅតំបន់នោះមានចរិតកាចសាហាវ ហើយតែងវាយបង្ករបួសស្នាមគ្នានៅពេលមានពិធីបុណ្យក្នុងមូលដ្ឋាន៖ «គាត់អត់ដឹងទេ យើងទៅរំដោះយកមកទេ ហើយអ្នកយើងរំដោះយកមកមានច្រវាក់ម៉ូតូមួយខ្សែវាយគេដែរ ប៉ុន្តែឪពុកម្ដាយអត់ដឹងចេះតែចោទប្រកាន់។ តាមពិតប្រសិនកងកម្លាំងមិនទៅរំដោះយកមកទេ មិនដឹងជាយ៉ាងម៉េចទេ»។
មេឃុំស្រែសង្គម លោក លោក កែវ ទីណង់ មានប្រសាសន៍ថា លោកបានបញ្ជូនពាក្យប្ដឹងរបស់ឪពុកម្ដាយយុវជនរងគ្រោះទៅអាជ្ញាធរស្រុក ក៏ប៉ុន្តែចំណាត់ការបែបណាលោកមិនបានដឹងទេ។
លោកថា ដើមចោទមានប្រជាពលរដ្ឋនៅកន្លែងកើតហេតុជាសាក្សីបញ្ជាក់ថា កងរាជអាវុធហត្ថបានវាយយុវជននោះ៖ «សួរទៅគាត់ថា ក្មេងហ្នឹងវាអត់បានប្រព្រឹត្តទេ ប៉ុន្តែឃើញគេឈ្លោះគ្នា វារត់ទៅមើល ហើយវាឃើញច្រវាក់គេចោលវារើសកាន់ ទទួលសមត្ថកិច្ចទៅហ្នឹងក៏ចាប់ ហើយអ្នកចាប់មួយហ្នឹងប្រជាពលរដ្ឋដែរ ជាក្មេងទំនើងដែរ ដល់ប៉េអឹមទៅដល់វាយថែម។ យកខ្នោះដៃវាយបែកក្បាលបីថ្នេរចាប់រុញដាក់លើឡាន ហើយទៅវាយគ្នាលើឡានទៀត។ ចាប់ដាក់ខ្នោះហើយ ទៅវាយគ្នាទៀត វាអត់ត្រូវច្បាប់»។
ទាក់ទិនករណីនេះដែរ មន្ត្រីផ្នែកអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តមណ្ឌលគិរី លោក អ៊ាង ម៉េងលី អះអាងថា នឹងអន្តរាគមន៍ពាក្យប្ដឹងរបស់ឪពុកម្ដាយជនរងគ្រោះទៅមន្ត្រីអយ្យការដើម្បីស៊ើបអង្កេតករណីនេះ។ លោកថា ប្រសិនមន្ត្រីអាវុធហត្ថវាយយុវជននោះ គឺជាអំពើរំលោភច្បាប់៕