"ការ​ជួញដូរ​សត្វ​ស្វា​នៅ​ខេត្ត​ស្ទឹងត្រែង​កើន​ឡើង​ដោយ​ពុំ​មាន​ការ​បង្ក្រាប"

ដោយ ម៉ែន សុធីរ
2015-08-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​ស្ទឹងត្រែង
ផែនទី​ខេត្ត​ស្ទឹងត្រែង
Photo: RFA

ប្រជាពលរដ្ឋ​នៅ​ខេត្ត​ស្ទឹងត្រែង បារម្ភ​ពី​ការ​ជួញដូរ​សត្វ​ស្វា ដែល​កំពុង​កើន​ឡើង​យ៉ាង​អនាធិបតេយ្យ ប៉ុន្តែ​ពុំ​ទាន់​មាន​វិធានការ​បង្ក្រាប​នោះ​ទេ។ ពលរដ្ឋ​កត់សម្គាល់​ថា មន្ត្រី​ជំនាញ​ហាក់​ដូច​ជា​មិន​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប​ការ​ជួញដូរ​សត្វ​ស្វា​ព្រៃ ឲ្យ​មាន​ប្រសិទ្ធភាព​ទេ បណ្ដាល​ឲ្យ​ចំនួន​អ្នក​លក់​សាច់​ស្វា​តាម​ហាង​កាន់​តែ​កើន​ឡើង។

ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល ផ្សព្វផ្សាយ​ព័ត៌មាន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ​ស្ដីពី​អត្ថប្រយោជន៍​សត្វព្រៃ និង​ច្បាប់​ព្រៃ​ឈើ​ដើម្បី​ចូល​រួម​កាត់​បន្ថយ​បទល្មើស​សត្វព្រៃ។

ពលរដ្ឋ​រស់​ខែត្រ​ស្ទឹងត្រែង អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ទប់ស្កាត់ និង​អភិរក្ស​សត្វ​ស្វា ឬ​សត្វព្រៃ ដែល​កំពុង​រង​ការ​គំរាមកំហែង និង​បាញ់សម្លាប់​ដើម្បី​ធ្វើ​អាជីវកម្ម ដោយ​ពុំ​មាន​ការ​ទប់ស្កាត់។ ពលរដ្ឋ​កត់សម្គាល់​ថា ចំនួន​សត្វ​ស្វា​បច្ចុប្បន្ន​មាន​ការ​ថយ​ចុះ​ខ្លាំង បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុនៗ ដោយសារ​តែ​សកម្មភាព​បរ​បាញ់ ការ​លក់​តាម​ភោជនីយដ្ឋាន និង​ការ​ជួញដូរ​កើន​ឡើង។

តំណាង​ពលរដ្ឋ​រស់​នៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង លោក សៀង លី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា ថា ចំនួន​សត្វ​ស្វា​ជា​ច្រើន​ប្រភេទ នឹង​ត្រូវ​ផុត​ពូជ​ដ៏​ខ្លី​ខាង​មុខ ប្រសិនបើ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​មិន​យក​ចិត្ត​ទុកដាក់​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ។ លោក​បន្ត​ថា មន្ត្រី​ជំនាញ​ហាក់​ដូច​ជា​មិន​ចាប់​អារម្មណ៍​ទប់ស្កាត់​បទល្មើស​សត្វ​ព្រៃឈើ ទើប​បង្ក​ឲ្យ​ប្រភេទ​សត្វ​នេះ កាន់តែ​ថយ​ចុះ​ខ្លាំង។

លោក​កត់សម្គាល់​ថា បច្ចុប្បន្ន​សត្វព្រៃ​ត្រូវ​បាន​គេ​ដាក់​លក់​នៅ​ហាង​ផឹងក​ស៊ី ដូចជា​ហាង​វាលស្រែ​១០០ នៅ​ក្រុង​ស្ទឹងត្រែង ក្នុង​តម្លៃ ១ ជាង ១០​ម៉ឺន​រៀល និង​នៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​ខែត្រ​នេះ ដែល​ត្រូវ​បាន​គេ​ដាក់​លក់​ដោយ​លួចលាក់៖ «វា​ដាច់​ពូជ​តែម្ដង ព្រោះ​អី​ទី​១ ទី​២ ការ​កាប់​ព្រៃ​អា​ហ្នឹង​វា​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​វា​បាត់បង់។ ការ​បរបាញ់​សត្វ​សព្វថ្ងៃ​​ហ្នឹង​វា​មាន​ច្រើន​មែន​ទែន មិន​ថា តាម​ព្រៃ​ណា​ក៏​ដូច​ព្រៃ​ណា​ដែរ ឈ្មួញ​ទិញ​មក​ម្តងៗ​មាន ១០ ទៅ ២០​ក្បាល គេ​យក​ម្ដង​ឆ្អើរ​ដាក់​លក់»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​បញ្ហា​នេះ ពី​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខែត្រ​ស្ទឹងត្រែង លោក ឈៀង តុលា បាន​ទេ នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា។

​ចំណែក​ក្រុម​មន្ត្រី​បង្ក្រាប​បទល្មើស​សត្វព្រៃ​ចល័ត​នៃ​រដ្ឋបាល​ព្រៃឈើ ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ កត់សម្គាល់​ថា កាល​ពី ៥​ឆ្នាំ​មុន សត្វ​ស្វា​ត្រូវ​បាន​គេ​ឃើញ​មាន​ច្រើន​ក្នុង​ព្រៃ​ស្រោង និង​ព្រៃ​នៅ​ភ្នំ​ខៀវ​ជាដើម តែ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ចំនួន​សត្វ​ស្វា​ត្រូវ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក។

លោក​ថា ដើម្បី​ទប់ស្កាត់​បទល្មើស​សត្វព្រៃ​ឲ្យ​មាន​ប្រសិទ្ធភាព ទាល់តែ​មានការ​ចូល​រួម​ពី​ពលរដ្ឋ​តាម​មូលដ្ឋាន អាជ្ញាធរ និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ដើម្បី​ផ្ដល់​ដំណឹង​ពី​បទ​ល្មើស​សត្វព្រៃ​ដល់​មន្ត្រី​ជំនាញ ដើម្បី​អនុវត្ត​ច្បាប់៖ «៣​ឆ្នាំ​ចុង​ក្រោយ​នេះ​យើង​អត់​ចាប់​បាន​ឈ្មួញ​ស្វា​ដែល​មាន​ជំនួញ​ច្រើន​ទេ ចំនួន​សត្វ​ស្វា​ហ្នឹង វា​ថយ​ចុះ​ច្រើន​មែន​ទែន ស្ទើរ​តែ​អស់​តែម្ដង អ៊ីចឹង​ហើយ​យើង​អត់​ឃើញ​ការ​ជួញដូរ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដូច​មុន»

​មន្ត្រី​អង្គការ​មិន​មែ​រដ្ឋាភិបាល​រិះគន់​ការ​អនុវត្ត​ច្បាប់​ក្នុង​ការ​បង្ក្រាប​បទល្មើស​សត្វព្រៃ របស់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ថា ហាក់​មាន​តិច​តូច​ណាស់ ដែល​ធ្វើឡើង​ឲ្យ​តែ​បង្គ្រប់​កិច្ច​ ដែល​មិន​អាច​ធ្វើ​ឲ្យ​ជន​ប្រព្រឹត្ត​រាង​ចាល​ឡើយ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អប់រំ​ផ្សព្វផ្សាយ​ស្ដីពី​បទល្មើស​សត្វព្រៃ និង​អត្ថប្រយោជន៍​សត្វព្រៃ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដូចជា ទូរទស្សន៍ វិទ្យុ ព្រមទាំង​ចុះ​អប់រំ​ដល់​មូលដ្ឋាន​ផ្ទាល់ ក៏​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ដើម្បី​កាត់បន្ថយ​បទល្មើស​សត្វព្រៃ​ដែរ។

លោក​សង្កត់​ធ្ងន់​ថា ភាព​ធូរ​លុង​នៃ​ការ​អនុវត្ត​ច្បាប់​ព្រៃឈើ និង​ការ​បណ្ដែតបណ្ដោយ​របស់​មន្ត្រី​ជំនាញ ក៏​ជា​ដើមចម​យ៉ាង​សំខាន់​បង្ក​ឲ្យ​បទល្មើស​សត្វព្រៃ​មានការ​កើន​ឡើង៖ «ការ​បណ្ដែតបណ្ដោយ​របស់​អាជ្ញាធរ​អាច​ឲ្យ​ប្រភេទ​ស្វា​ដ៏​កម្រ​ហ្នឹង​អាច​ផុត​ពូជ សូម​ដាស់​ស្មារតី ឬ​មួយ​ពញ្ញាក់​ទៅ​ខាង​សមត្ថកិច្ច ជួយ​ពិនិត្យ​មើល​ការ​បរបាញ់​សត្វ​ស្វា​ហ្នឹង​ផង»

មន្ត្រី​រដ្ឋាភិបាល​ព្រៃឈើ​ឲ្យ​ដឹង​ថា ខែត្រ​ស្ទឹងត្រែង សម្បូរ​ប្រភេទ​សត្វ​ស្វា​ព្រៃ​ច្រើន​ប្រភេទ ដូចជា​ស្វា​ក្ដាម ស្វា​ត្រោស ស្វា​ព្រាម និង​ស្វា​អង្គត់​ជាដើម ហើយ​ស្វា​ទាំង​នេះ​ច្រើនតែ​រស់​នៅ​ក្នុង​ព្រៃស្រោង​ខែត្រ​ស្ទឹងត្រែង ក្នុង​ស្រុក​សេសាន ស្រុក​សៀមប៉ាង ស្រុក​ថាឡាបរិវ៉ាត់ និង​នៅ​លើ​ភ្នំ​ខៀវ ខែត្រ​ក្រចេះ ជាប់​ព្រំប្រទល់​ខែត្រ​ស្ទឹងត្រែង។ តែ​យ៉ាង​ណា​ចំនួន​ស្វា​ព្រៃ​ប្រភេទ​ទាំង​នេះ កំពុង​រង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ ដូចជា​ការ​បាត់បង់​ទីជម្រក ឬ​ព្រៃឈើ ចំនួន​អ្នក​បរបាញ់​ច្រើន និង​ចំនួន​អ្នក​បរិភោគ​កាន់តែ​កើន​ឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល