សមត្ថកិច្ច​ដោះ​លែង​កម្មករ​ជិត​៦០​នាក់​ដែល​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​ក្រុង​បាវិត

ដោយ ថា កិត្យា និង យាង សុជាមេត្តា
2015-12-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ច្រក​ចូល​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាតធេន (Manhattan) នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង។
ច្រក​ចូល​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាតធេន (Manhattan) នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង។
RFA

កម្មករ​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ជិត ៦០​នាក់ ដែល​អាជ្ញាធរ​ចាប់​ខ្លួន​ក្នុង​ពេល​តវ៉ា​ដំឡើង​ប្រាក់​ឈ្នួល ត្រូវ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដោះ​លែង​វិញ​ហើយ នៅ​ម៉ោង​ជាង ៦​ល្ងាច​ថ្ងៃ​ទី​២១ ធ្នូ ដោយ​ភ្ជាប់​កិច្ចសន្យា​ឲ្យ​ពួក​គេ​ឈប់​តវ៉ា នៅ​ឯ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត។

ការ​ចាប់​ខ្លួន​កម្មករ​ដែល​ធ្វើ​ការ​ក្នុង​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​តាយសេង (Tai Seng) ទាំង​នោះ ក្នុង​គ្រា​ដែល​ពួក​គាត់​តវ៉ា ហើយ​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​ជាមួយ​សមត្ថកិច្ច​រាប់​សិប​នាក់​ប្រដាប់​ដោយ​ខែល និង​ដំបង​ឆក់​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ធ្នូ នេះ។

មន្ត្រី​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ប្រចាំ​ខេត្ត​ស្វាយរៀង លោក ជា ឧត្តម ឲ្យ​ដឹង​ថា ការ​ប៉ះ​ទង្គិច​គ្នា​នេះ នៅ​បន្ទាប់​ពី​កម្មករ​ប្រមាណ ៨​ពាន់​នាក់​នៅ​តំបន់​សេដ្ឋកិច្ច​តាយសេង ស្ថិត​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង បាន​បន្ត​ប្រមូល​ផ្ដុំ​គ្នា​ទាមទារ​ប្រាក់​ឈ្នួល ២០​ដុល្លារ​បន្ថែម។ លោក​បន្ត​ថា ក្នុង​ហេតុការណ៍​នោះ សមត្ថកិច្ច​មិន​បាន​ដើរ​តួ​ជា​អ្នក​សម្រប​សម្រួល​ឡើយ បែរ​ជា​ប្រើ​ពាក្យ​សម្ដី​គំរាម​កំហែង និង​ប្រើ​ឡាន​បាញ់​ទឹក​បួន​គ្រឿង​បំបែក​កម្មករ​ទៅ​វិញ។ ទង្វើ​របស់​សមត្ថកិច្ច​នេះ បណ្ដាល​ឲ្យ​កម្មករ​ផ្ទុះ​កំហឹង ហើយ​គប់​ដុំ​ថ្ម និង​ដប​ទឹក​សុទ្ធ​តប​ទៅ​វិញ ប៉ុន្តែ​ពុំ​ទាន់​មាន​ដំណឹង​ថា មាន​អ្នក​រង​របួស​ឡើយ។

ក្រោយ​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ កម្មករ​បាន​បំបែក​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ។

ការ​ចេញ​ស្រែក​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល​បន្ថែម​សរុប​យ៉ាង​ហោច ១៥០​ដុល្លារ​នោះ បាន​កើត​ឡើង​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៦ ធ្នូ មក ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ ការ​តវ៉ា​នេះ​បាន​រាល​ដាល​កាន់​តែ​ធំ ដោយ​មាន​កម្មករ​ចូលរួម​ប្រមាណ ៣​ម៉ឺន​នាក់។

ទាក់ទិន​នឹង​ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ២០​ដុល្លារ​បន្ថែម​នេះ កម្មករ​រោងចក្រ​រាប់​ម៉ឺន​នាក់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន (Manhattan) និង​តាយសេង ក្នុង​ក្រុង​បាវិត បាន​ចេញ​តវ៉ា​តាំង​ពី​ថ្ងៃ​ទី​១៦ ធ្នូ មក ហើយ​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​នៅ​ឡើយ។

ក្នុង​ការ​តវ៉ា​ប៉ុន្មាន​ថ្ងៃ​នេះ មាន​កម្មករ ៤​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន បញ្ជូន​ទៅ​ពន្ធនាគារ​នៅ​ថ្ងៃ​ទី​២០ ធ្នូ ដោយ​ចោទ​ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ និង​ញុះញង់​ឲ្យ​មាន​ការ​តវ៉ា​ហិង្សា។

សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ថ្កោលទោស​ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​នៅ​ក្រុង​បាវិត

ដោយ យាង សុជាមេត្តា

សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា ជីម៉ាក់ (GMAC) នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ចេញ​លិខិត​ថ្កោលទោស​ចំពោះ​ក្រុម​សហជីព និង​កម្មករ​មួយ​ចំនួន ដែល​សមាគម​នេះ​ចោទ​ប្រកាន់​ថា បាន​វាយ​បំផ្លាញ​រោងចក្រ ញុះញង់ និង​គំរាម​កំហែង​ផ្នែក​សន្តិសុខ​ដល់​កម្មករ​និយោជិត​ដទៃ​ទៀត។

ជីម៉ាក់ ដែល​ចាត់​ទុក​សកម្មភាព​របស់​កម្មករ និង​សហជីព​ទាំង​នេះ​ថា​មាន​ចរិត​ជ្រុល​និយម បញ្ជាក់​ថា រោងចក្រ​សរុប​ចំនួន ៤៥ ដែល​ផលិត​សម្លៀកបំពាក់ ស្បែក​ជើង កង់ ឆត្រ អំពូល​ភ្លើង និង​ផលិតផល​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន និង​តាយសេង នៅ​ក្រុង​បាវិត ត្រូវ​ទទួល​រង​ការ​ខាតបង់​ផ្នែក​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ដូចជា​ទ្រព្យ​សម្បត្តិ ការ​ខាតបង់​ផ្នែក​ផលិតកម្ម ដែល​នាំ​ឲ្យ​មាន​ការ​យឺតយ៉ាវ​ដល់​ការ​បញ្ជូន​ទំនិញ​ដល់​អ្នក​បញ្ជា​ទិញ ព្រម​ទាំង​កេរ្តិ៍​ឈ្មោះ​របស់​រោងចក្រ​ពាក់ព័ន្ធ​នឹង​ស្ថិរភាព​នៃ​ផលិតកម្ម​ក្នុង​ពេល​អនាគត។

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ កម្មករ​ប្រមាណ ៣​ម៉ឺន​នាក់​ធ្វើ​ការ​នៅ​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន និង​តាយសេង ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង បាន​ផ្ទុះ​ការ​តវ៉ា​ទាមទារ​ឲ្យ​រោងចក្រ​បន្ថែម​ប្រាក់​ចំនួន ២០​ដុល្លារ​ទៀត​ទៅ​លើ​ប្រាក់​ឈ្នួល​គោល​មាន​ស្រាប់​របស់​ពួក​គេ​ចំនួន ១២៨​ដុល្លារ។

មួយ​ថ្ងៃ​ក្រោយ​ការ​តវ៉ា​នោះ សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា បាន​ផ្ញើ​លិខិត​ទៅ​កាន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទប់ស្កាត់​ការ​តវ៉ា​របស់​កម្មករ​នេះ។

សូម​ស្ដាប់​អ្នក​យក​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ីសេរី លោក ថា កិត្យា រាយការណ៍​ព័ត៌មាន​បន្ថែម​ពី​ក្រុង​បាវិត៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

>. សូមជំរាប ប្រជាពលរដ្ឋ កម្មករកម្មការីនី រឿងប្រាក់ខែ ជាយូរឆ្នាំ មកហើយ ឡើងមិនរួច ដោយសារ ពួកមន្ត្រីCPP ពុករលួយ ស៊ីលុយក្រោម តុ អស់ , ម្នាក់ៗកេងប្រវ័ញលុយ ក្រោមតុ យកទៅទិញវីឡា ឡានទំនើបៗ ជិះអស់ !

Dec 21, 2015 09:01 AM

អ្នក​អាន​អនាមិក

កម្មករកម្មការីនី សាមគ្គីគ្នា អោយសមត្ថកិច្ច គាត់ចាប់ ទាំងអស់ទៅ មនុស្ស រាប់ម៉ឺននាក់ កុំខ្លាច , បើខ្លាច គេមិនតម្លើងប្រាក់ខែ អោយទេ !

Dec 21, 2015 01:44 AM

អ្នក​អាន​អនាមិក

ការដឹកនាំប្រទេស អោយមាន គម្លាតអ្នកមាន និង អ្នកក្រ អោយនៅឃ្លាតឆ្ងាយ គឺមិនបានសេចក្តីសុខ យូរអង្វែងឡើយ !

Dec 21, 2015 01:30 AM

គេហទំព័រ​ទាំងមូល