សមត្ថកិច្ច​​​ឃាត់​​​ខ្លួន​​យុវជន​ជិត ​៣០០​នាក់ ក្នុង​ការ​បង្ក្រាប​ក្លឹប​រាត្រី ហ្គោល ឡាញ នៅ​ខណ្ឌ​សែនសុខ

ដោយ ទីន ហ្សាការីយ៉ា
2020-07-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្លឹប​រាត្រី ឈ្មោះ ហ្គោល ឡាញ (Gold Line) នៅ​ភូមិ​ភ្នំពេញ​ថ្មី ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដែល​កម្លាំង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​​បើក​ប្រតិបត្តិការ​បង្ក្រាប កាល​ពី​យប់​ ថ្ងៃ​ទី​២៧ កក្កដា។
ក្លឹប​រាត្រី ឈ្មោះ ហ្គោល ឡាញ (Gold Line) នៅ​ភូមិ​ភ្នំពេញ​ថ្មី ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដែល​កម្លាំង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​​បើក​ប្រតិបត្តិការ​បង្ក្រាប កាល​ពី​យប់​ ថ្ងៃ​ទី​២៧ កក្កដា។
រូប៖ រដ្ឋបាល​ខណ្ឌ​សែនសុខ

សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ឃាត់​​​ខ្លួន​ យុវជន យុវតី ជិត (300)នាក់ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ក្លឹប​រាត្រី ឈ្មោះ ហ្គោល ឡាញ (Gold Line) នៅ​ភូមិ​ភ្នំពេញ​ថ្មី ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាល​ពី​យប់​​ថ្ងៃ​ទី២៧ កក្កដា។ ក្រោយ​ការ​ឃាត់​ខ្លួន​ សមត្ថកិច្ច​បាន​បញ្ជូន​មនុស្ស​ទាំង​អស់​​​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ទាំង​យប់។ ទោះ​យ៉ាង​ណា​ អាជ្ញាធរ​​មិន​បាន​​បង្ហាញ​មូលហេតុ​ នៃ​ការ​បង្ក្រាប​នេះ​ទេ។

អធិការ​ខណ្ឌ​សែនសុខ លោក ហួរ ម៉េងវ៉ាង ប្រាប់​​ឲ្យ​សួរ​ទៅ​​អភិបាល​រង​រាជ​ធានី​ភ្នំពេញ លោក មាន ចាន់​យ៉ាដា ជា​អ្នក​ដឹកនាំ​​ការ​បង្ក្រាប​ក្លឹប​រាត្រី ​ហ្គោល ឡាញ ប៉ុន្តែ​ លោក មាន ចាន់យ៉ាដា បដិសេធ​​ផ្ដល់​បទ​សម្ភាសន៍​ និង​បង្វែរ​ឲ្យ​ទៅ​សួរ​អ្នក​នាំ​ពាក្យ​ គឺលោក ម៉េត មាស​ភក្ដី តែ​មន្ត្រី​រូប​នេះ មិន​ទទួល​ទូរស័ព្ទ​រោទ៍​ច្រើន​ដង​​ នៅ​ថ្ងៃ​ទី​២៨ កក្កដា។

ទោះ​យ៉ាង​ណាក្ដី ហ្វេសប៊ុក (facebook) របស់​រដ្ឋបាល​ខណ្ឌ​សែនសុខ បាន​ចុះ​ផ្សាយ​ថា អាជ្ញាធរ​ខណ្ឌ​ធ្លាប់​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ និង​ណែនាំ​​ម្ចាស់​អាជីវកម្ម​ក្លឹប​​រាត្រី ​ហ្គោល ឡាញ ដែល​ស្ថិត​ក្រោម​រូបភាព​ភោជនីយដ្ឋាន ​​ហ្គោល ឡាញ ម្ដង​រួច​ហើយ កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ឲ្យ​អនុវត្ត​តាម​វិធានការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​​ជំងឺ​កូវីដ​១៩ តាម​សេចក្ដី​ណែនាំ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គឹមអេង ស្វាគមន៍​ការ​បង្ក្រាប​ក្លឹប​រាត្រី ទាំង​​ក្រោម​រូបភាព​​បង្ក្រាប​គ្រឿងញៀន និង​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩។ លោក យង់ គឹម​អេង យល់​ថា ​ភាព​ប្រឈម​នៃ​​​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ​១៩ នៅ​តែ​មាន​ខ្ពស់​ ដូច្នេះ​ សមត្ថកិច្ច​ត្រូវ​បង្កើន​ការ​ទប់​ស្កាត់​ និង​​បង្កើន​ផ្សព្វផ្សាយ​​ដល់​​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ច្រើន ដើម្បី​កុំ​ឲ្យ​ភ្លេច​ខ្លួន៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល