ស្នងការ​ខេត្ត​កោះកុង រង​ការ​ចោទ​ថា ប្រមូល​សាច់ញាតិ​ធ្វើ​ការ​ក្រោម​បង្គាប់​របស់​ខ្លួន

ដោយ ខែ សុណង
2020-04-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្នងការ​នគរបាល​ខេត្ត​កោះកុង លោក សំឃិត វៀន (អង្គុយ​មុខ)។
ស្នងការ​នគរបាល​ខេត្ត​កោះកុង លោក សំឃិត វៀន (អង្គុយ​មុខ)។
រូប​ហ្វេសប៊ុក​​ស្នងការ​ខេត្ត​កោះកុង

មន្ត្រី​នគរបាល​មួយ​ចំនួន​សំដែង​ការ​មិន​ពេញចិត្ត នឹង​ស្នងការ​នគរបាល​ខេត្ត​កោះកុង ដែល​រង​ការ​ចោទ​ប្រកាន់​ថា បាន​ប្រមូល​ប្រពន្ធ​កូន និង​សាច់​ញាតិ ឱ្យ​កាន់​តួនាទី​ធំៗ ស្ថិត​ក្រោម​បង្គាប់​របស់​លោក។ សង្គម​ស៊ីវិល ជំរុញ​ឱ្យ​ស្ថាប័ន​ថ្នាក់​ជាតិ ស្រាវជ្រាវ​ករណី​នេះ ព្រោះ​ការ​បង្កើត​បក្ខពួក ឬ​គ្រួសារនិយម​នៅ​ក្នុង​ស្ថាប័នរដ្ឋ អាច​ធ្វើ​ឱ្យ​មាន​ទំនាស់​ផលប្រយោជន៍ ហើយ​នាំ​ឱ្យ​មានការ​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ។

មន្ត្រី​មួយ​រូប​ដែល​សុំ​លាក់​អត្តសញ្ញាណ បាន​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​មក​អាស៊ីសេរី ដោយ​ទម្លាយ​រឿង​ស្នងការ​នគរបាល ខេត្ត​កោះកុង លោក សំឃិត វៀន បាន​បង្កើត​គ្រួសារនិយម​នៅ​ក្នុង ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង ក្រោម​ការគ្រប់គ្រង​របស់​លោក​រយៈពេល​ជិត ១៥​ឆ្នាំ មក​នេះ។

មន្ត្រី​រូប​នោះ​បាន​រៀបរាប់​នៅ​ក្នុង​លិខិត​នោះ​ថា ករណី​ទី​១ គឺ​លោកស្នងការ សំឃិត វៀន តែងតាំង​ប្រពន្ធ​របស់​ខ្លួន​ឈ្មោះ ពេជ្រ ស្រីពី ឱ្យ​កាន់​តួនាទី​ជា​ស្នងការ​រង​ទទួល​ផែន​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​ផ្លូវ​ភេទ និង​ការពារ​អនីតិជន​។ ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​ដំឡើង​ដំណែង​ឱ្យ​ប្រពន្ធ​ហើយ លោក សំឃិត វៀន បាន​ទាញ​យក​ការងារ​ពី​ផ្នែក​ជំនាញ​ផ្សេងៗ ឱ្យ​ស្នង​ការ​រង​ដែល​ជា​ប្រពន្ធ​វ័យក្មេង​របស់​ខ្លួន ជា​អ្នកគ្រប់គ្រង និង​ឃ្លាំមើល។ ម្យ៉ាងវិញទៀត នៅ​ពេល​ខាងមុខ លោកស្នងការ​រូប​នេះ ក៏​នឹង​រៀបចំ​ឱ្យ​ប្រពន្ធ​ឡើង​ធ្វើជា​ស្នងការ​ស្ដីទី​ក្នុង​ពេល​លោក​មិន​នៅ​ធ្វើការ​ផង​ដែរ។

មន្ត្រី​សុំ​លាក់​អត្តសញ្ញាណ​ដដែល​ឱ្យ​ដឹង​ទៀត​ថា ករណី​ទី​២ ស្នងការ​ខេត្ត​កោះកុង​រូប​នេះ បាន​តែង​តែង​កូនប្រុស​បង្កើត​របស់​ខ្លួន​ឈ្មោះ ច័ន្ទ រ៉ាវីយ៉ា ឱ្យ​ឡើងជា​ប្រធាន​ការិយាល័យ​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច​ខេត្ត​កោះកុង​។ ការតែងតាំង​នេះ​ធ្វើ​ឱ្យ​កូនប្រុស​របស់​លោក​រូប​នេះ​ក្លាយ​ជា​មន្ត្រី​វ័យក្មេង​ជាងគេ​បំផុត​ក្នុង ចំណោម​ប្រធាន​ការិយាល័យ​ជំនាញ​ផ្សេងៗ​ក្នុង​ខេត្ត​នេះ​។ ចំណែក​កូនស្រី​បង្កើត​ពីរ​នាក់​ទៀត​របស់​លោក សំឃិត វៀន ដែល​មាន​ក្របខ័ណ្ឌ​ជា​មន្ត្រី​នគរបាល​ក្នុង​ខេត្ត​កោះកុង​ដែរ​នោះ ក៏​កំពុង​ត្រៀម​រង់ចាំ​យក​ដំណែង ខ្លឹមៗ​ក្រោម​ការរៀបចំ របស់​ឪពុក​នៅ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​ទៀត​ដែរ។

មន្ត្រី​ដដែល​អះអាង​ទៀត​ថា ករណី​ទី​៣ លោក សំឃិត វៀន មាន​ប្អូនថ្លៃ​ឈ្មោះ ពេជ្រ បញ្ញា ធ្វើជា​នាយ រង​ការិយាល័យ​អន្តោប្រវេសន៍​ខេត្ត​កោះកុង និង​ប្អូនថ្លៃ​ម្នាក់ទៀត​ឈ្មោះ ពេជ្រ ស៊ីប៉ូ ធ្វើ​ជា​អធិការ​រង​នគរបាល​ស្រុក​បុទុមសាគរ ក្នុង​ខេត្ត​កោះកុង។

ប្រភព​ដដែល​បញ្ជាក់​ថា នៅ​មាន​ក្មួយៗ និង​សែស្រឡាយ​ជាច្រើន​ទៀត​របស់​លោក សំឃិត វៀន និង អ្នកស្រី ពេជ្រ ស្រីពី ដែល​មិន​អាច​រាប់​ឈ្មោះ​អស់ កំពុង​កាន់​តំណែង​គ្រាក់ៗ​នៅ​ក្នុង​ជួរ​មន្ត្រី​នគរបាល​ខេត្ត​កោះកុង​។ មន្ត្រី​លាក់​អត្តសញ្ញាណ​រូប​នេះ ចោទ​សួរ​ថា តើ​អ្វី​ដែល​កើតឡើង​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង​នេះ គឺ​ជា​កំណែទម្រង់​ស៊ីជម្រៅ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​បំរើ​សេវា​សាធារណៈ ឬ​យ៉ាងណា​? ហើយ​តើ​មន្ត្រី​ផ្សេងៗ ទៀត ដែល​មិនមែន​ជា​ប្រពន្ធ​កូន​និង​មិនមែន​ជា​បងប្អូន​សាច់ញាតិ​របស់​ស្នងការ​រូប​នេះ អាច​មាន​ឱកាស​ទទួល​ដំណែង​ក្នុង​ស្នងការដ្ឋាន​នេះ​ដែរ​ឬ​ទេ?

មន្ត្រី​នគរបាល​ក្នុង​ខេត្ត​កោះកុង​មួយ​ចំនួន​ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង ក៏​បាន​បង្ហើប​ប្រាប់​អាស៊ីសេរី​ដែរ​ថា ប្រពន្ធ​កូន និង​សាច់ញាតិ​របស់ លោក សំឃិត វៀន នេះ មិន​បាន ឡើង​ដំណែង និង​តួនាទី​ដោយ​សារ​សមត្ថភាព និង​បទពិសោធន៍​នោះ​ទេ​។ ពួកគេ​ឱ្យ​ដឹង​ថា អ្នកស្រី ពេជ្រ ស្រីពី គឺ ជា​ប្រពន្ធ​ទី​២​របស់​លោក សំឃិត វៀន ហើយ​កាល​ពី​មិន​ទាន់​រៀបការ គឺ​អ្នកស្រី​ជា​គ្រូបង្រៀន​នៅ​សាលាបឋម​សិក្សា​។ ក្រុម​នគរបាល​ដដែល​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​រៀបការ​រួច​ភ្លាម លោកស្នងការ សំឃិត វៀន បាន​បញ្ចូល​ឈ្មោះ​ភរិយា​វ័យក្មេង​របស់​ខ្លួន​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា កាលពី ៦​ទៅ ៧​ឆ្នាំមុន។ បន្ទាប់​មក​អ្នកស្រី ពេជ្រ ស្រីពី ត្រូវ​បាន​ដំឡើង​ឋានន្តរសក្ដិ និង​តួនាទី​មុខងារ​ជា​បន្តបន្ទាប់​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល ដូចជា​ប្រធាន​ការិយាល័យ​កិច្ចការ​ប៉ុស្តិ៍ រដ្ឋបាល​ខេត្ត​កោះកុង និង​ចុង​ក្រោយនេះ​ឡើងជា​ស្នងការ​រង​បន្ទាប់​ពី​ប្ដី។មន្ត្រី​នគរបាល​ខ្លះ បង្ហាញ​ការ​បាក់​ទឹកចិត្ត និង​ស្នើសុំ​ឱ្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន ចាត់វិធានការ​ចំពោះ​បញ្ហា​គ្រួសារនិយម​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង​នេះ ឡើង​វិញ ពី​ព្រោះ​នគរបាល​មួយ​ចំនួន ខិតខំ​បំពេញការងារ​រហូតដល់​ជាង ១០​ឆ្នាំ និង​ខ្លះ​ជិត​ដល់​អាយុ​ចូលនិវត្តន៍​ទៅ​ហើយ ក៏​មិនទាន់​ទទួល​បាន​ឋានន្តរសក្ដិ និង​តួនាទី​ឱ្យ​ស័ក្ដិសម​នោះ​ដែរ។

ទាក់ទង​នឹង​ករណី​ចោទប្រកាន់​នេះ ស្នងការ​នគរបាល​ខេត្ត​កោះកុង លោក សំ​ឃិត វៀន ទទួលស្គាល់ថា លោក​ពិត​ជា​មាន​ប្រពន្ធ​កូន និង​សាច់ញាតិ​មួយ​ចំនួន ធ្វើ​ការ​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង​មែន​។ ប៉ុន្តែ លោក​អះអាង​ថា នេះ​មិនមែន​ជា​ការ​បង្កើត​គ្រួសារនិយម​ក្នុង​ស្ថាប័ន​នគរបាល​ជាតិ​នោះ​ទេ ព្រោះ​លោក​ថា គ្មាន​ច្បាប់​ចែង​ហាមឃាត់​រឿង​នេះ​ឡើយ«នេះ​គឺជា​កម្លាំង​នគរបាល​ជាតិ ហើយ​ខ្ញុំ​មាន​ក្រុម​គ្រួសារ​ជា​កងកម្លាំង​នគរបាល​ជាតិ មិន​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​គ្រួសារនិយម​នៃ​កងកម្លាំង​នគរបាល​ជាតិ​ទេ ដោយសារ​ថា មិន​មាន​ច្បាប់​ណា​ហាមឃាត់​មិន​ប្តី​ជា​នគរបាល មិន​ឱ្យ​ប្រពន្ធ​ជា​នគរបាល គឺ​វា​អត់​មាន​ច្បាប់​ទេ»

លោក សំឃិត វៀន ឆ្លើយតប​តាម​ទូរស័ព្ទ​បន្ថែម​ថា ការ​ទទួល​បាន​ឋានន្តរសក្ដិ និង​តួនាទី​មុខងារ​របស់​ប្រពន្ធ​កូន និង​សាច់ញាតិ​របស់​លោក គឺ​សុទ្ធតែ​ត្រូវ​បាន​ជ្រើសរើស​និង​តែងតាំង​តាម​លក្ខន្តិកៈ និង​គោលការណ៍​ក្រសួង​មហាផ្ទៃ«អ្នកណា​ក៏ដោយ​ដែល​ជា​កម្លាំង​នគរបាល​ជាតិ សុទ្ធតែ​ដាក់ពាក្យ​សុំ​ចូល​បម្រើ​ក្របខ័ណ្ឌ​នគរបាល​ជាតិ សុទ្ធតែ​ឆ្លងកាត់​នៃ​ការ​ប្រឡង ឆ្លងកាត់​សាលា ត្រឹមត្រូវ ដូច្នេះ​រាល់​មន្ត្រី​ទាំងអស់​ដែល​ត្រូវ​បាន​ដំឡើង​ឋានន្តរសក្ដិ​ក្តី ត្រូវ​បាន​តែងតាំង​ជា​តួនាទី​ក្តី គឺ​មាន​ការតែងតាំង​ពី​ថ្នាក់ដឹកនាំ​នៃ​អគ្គស្នងការ និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ គឺ​មិនមែន​តែងតាំង​ដោយ​ខ្ញុំ​ទេ»

នៅ​ពេល​អាស៊ីសេរី សួរ​ថា តើ​ប្រពន្ធ​កូន​និង​សាច់ញាតិ​របស់​លោក​ម្នាក់ៗ បាន​ចូល​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុ​ជា​តាំងពី​ពេលណា និង​មាន​បទពិសោធន៍​អ្វីខ្លះ ទើប​ថ្នាក់លើ​ផ្ដល់​សេចក្ដី​ទុក ចិត្ត តែងតាំង​តួនាទី​សំខាន់ៗ​ជា​បន្តបន្ទាប់​បែបនេះ? ស្នងការ​នគរបាល​ខេត្ត​កោះកុង​រូប​នេះ សុំ​មិន​ឆ្លើយតប ឬ​មិន​បង្ហាញ​ភស្តុតាង​ទេ ដោយ​អះអាង​ថា ជា​រឿង​សំងាត់​របស់​នគរបាល​ជាតិ​។ ទោះជា​យ៉ាងណា លោក អះអាង​ថា ការតែងតាំង​នោះ​ដោយសារ​ប្រពន្ធ​កូន​របស់​លោក​មាន​សមត្ថភាព​ធ្វើ​ការ«យោង​ទៅ​តាម​ដំណាក់កាល​បច្ចុប្បន្ន​នេះ គឺ​សភាពការណ៍​ធនធានមនុស្ស គឺ​ធនធានមនុស្ស​គឺ​វា​ទាមទារ​ឱ្យ​មានការ​អភិវឌ្ឍន៍ ចឹ​ង​ដំណែង​ស្នងការ​រង​គេ មិន​ទៅ​គិត​ថា វា​ឆាប់ ឬ​មិន​ឆាប់​ទេ គេ​គិត​ទៅ​លើ​សមត្ថភាព តើ​អាច​មាន​សមត្ថភាព​ធ្វើ​បាន​ទេ ដឹក​នាំ​បាន​ទេ ការងារ​នេះ។ តើ​លោក​យល់​ទេ​?»

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​រឿង​នេះ​ពី​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន ជាច្រើនលើក តែ​ទូរស័ព្ទ​ចូល គ្មាន​អ្នកទទួល។

ចំណែក​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ថ្លែង​ថា ករណី​មាន​ក្រុម​គ្រួសារ និង​សាច់ញាតិ ធ្វើការ​ក្នុង​ស្ថាប័ន​តែមួយ​ហើយ​ទទួល​បាន​ដំណែង​ធំៗ​នេះ គឺ​មិន​អាច​វាយ តម្លៃ​ថា ជា​ការ​បង្កើត​គ្រួសារនិយម​នោះ​ទេ ព្រោះ​លោក​ថា ជូន​កាល​ពួកគេ មាន​ស្នាដៃ​សម​នឹង​ទទួល​បាន​ដំណែង​ទាំង​នោះ«កន្លែង​ណា ក៏​អត់​មាន​អ្នក​មិន​ចេះ​អត់​ប្រតិកម្ម​នោះ​ដែរ។ ខ្ញុំ​និយាយ​ក្នុងនាម​ជា​ថ្នាក់​កណ្តាល​នៃ​នគរបាល​ជាតិ។ រឿង​កើតឡើង​ត្រូវតែ​ពិនិត្យ តែ​អ្វី​ដែល​លោក សួរ​នោះ ស្ថិត​ក្នុង​ការស្រាវជ្រាវ​សិន ទី​១ ហើយ​ទី​២ ជួន​កាល​អា​អ្នក​ដែល​តិះទៀន​នេះ​មិន​ប្រាកដ​ថា មនុស្ស​ល្អ​នោះ​ទេ»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា បញ្ហា​បក្ខពួក​និយម និង​គ្រួសារនិយម​នៅ​ក្នុង​ស្ថាប័នរដ្ឋ​នេះ កំពុង​កើតមាន​ពេញទំហឹង​នៅ​ក្នុង​សង្គម​ខ្មែរ​ដោយសារតែ​គ្មាន​ច្បាប់​ណា​ចែង​មិន​ឱ្យ​យក​សែ​លោហិត​ចូល​ធ្វើការ និង​ដោយសារតែ​ពួកគេ​មើល​គំរូ​គ្នា​ទៅវិញទៅមក​។ លោក ជំរុញ​ឱ្យ​ស្ថាប័ន​ថ្នាក់​ជាតិ ស៊ើបអង្កេត​ចំពោះ​ការ​ទទួល​បាន​តួនាទី​របស់​មន្ត្រី​នគរបាល​ដែល​មាន​សែស្រឡាយ​ទាំងនោះ និង​បកស្រាយ​ឱ្យ​បាន​ច្បាស់​លាស់«ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ គឺ​ការដំឡើង​បុណ្យស័ក្ដិ ឬក៏​ការ​ចូល​កាន់​ដំណែង​នៅ​ក្នុង​ក្របខ័ណ្ឌ​នេះ គួរតែ​មាន​ការ​ត្រួត​ពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់​ដែរ ដើម្បី​ធានា​ថា គោលការណ៍​ប្រកួតប្រជែង គោលការណ៍​តម្លាភាព ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​ដើម្បី​ជា​ប្រយោជន៍​មួយ​សម្រាប់​ចម្រាញ់​យក​គុណ​ភាព ហើយ​នឹង​ភាព​សុចរិត​ត្រឹមត្រូវ​ទៅ​ប្រើ​ប្រាស់ នៅ​ក្នុង​កងកម្លាំងប្រដាប់អាវុធ»

លោក សន ជ័យ បន្ត​ថា ការ​បង្កើត​បក្សពួក និង​គ្រួសារនិយម​នៅ​ក្នុង​ស្ថាប័ន​ជាតិ​នេះ អាច​នាំ​ឱ្យ ប៉ះពាល់​ច្រើន​ដល់​សង្គម​ ដូច​ជា​ធ្វើ​ឱ្យ​អ្នក​មាន​សមត្ថភាព​ពិតប្រាកដ​ពិបាក​ទទួល​បាន​តំណែង​ធំដុំ​ក្នុង​ស្ថាប័ន មាន​ទំនាស់​ផលប្រយោជន៍​ក្នុង​ស្ថាប័ន និង​បង្កើត​វប្បធម៌​និទ្ទណ្ឌភាព​ក្នុង​ស្ថាប័ន ពីព្រោះ ពិបាក​ដាក់​ទោស​ទណ្ឌ​បក្ខពួក​គ្នាឯង និង​បញ្ហា​មិន​ប្រក្រតី​ដទៃ​ទៀត«បក្ខពួក​និយម​និង​គ្រួសារនិយម​​បែបនេះ ធ្វើ​ឱ្យ​វា​ងាយ​កើត​ចេញ​នូវ​អំពើពុករលួយ​ធ្ងន់ធ្ងរ។ ដំបូង​ឡើយ​វា​ចាប់ផ្ដើម​មាន​ទំនាស់​ផលប្រយោជន៍ ហើយ​បន្ត​ទៀត វា​អាច​ធ្វើ​ឱ្យ​អភិបាលកិច្ច​កាន់តែ​ចុះ​ទន់​ខ្សោយ​ហើយ​ធ្វើ​ឱ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​កើត​ចេញ​ជា​អំពើពុករលួយ ។ ឥឡូវនេះ វា​ជា​អំពើពុករលួយ​នៅ​ក្នុង​ផ្នត់​គំនិត ហើយ​យើង​ក៏​មិន​ទាន់​ជឿ​ថា មាន​ស្អាត​ស្អំ​ស្អី​ដែរ​នៅ​ពេល​ដែល​មាន​ការ​ដឹក​នាំ​បែប​បក្ខពួក​និយម​បែបនេះ»

មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​យ៉ាង​ដាច់អហង្ការ​មិន​ឱ្យ​មាន​ករណី​ក្រុម​គ្រួសារ​និយមនៅ​ក្នុង​ស្ថាប័ន​តែមួយ​នោះ​ឡើយ ក៏ប៉ុន្តែ​ស្ថានភាព​ជាក់ស្តែង​ស្ទើរ​គ្រប់​ស្ថាប័នរដ្ឋ​ ​កំពុងតែ​ចាក់ស្រេះ​ដោយ​បញ្ហា​គ្រួសារ ឬបក្ខពួក​និយម​នេះ

ជាក់ស្ដែង​មន្ត្រី​រាជការ​មួយ​ចំនួន​ដែល​មិន​ពេញ​ចិត្ត​ចំពោះ​ការ​បញ្ហា​បក្ខពួក​និយម និង​គ្រួសារ​និយម នេះ បាន​លួច​ទម្លាយ​ព័ត៌មាន​ជា​បន្តបន្ទាប់ មិនមែន​តែ​ក្នុង​ស្នងការ​នគរបាល​ខេត្ត​កោះកុង មួយ​នេះ ទេ។ ករណី​កន្លង​មក មាន​ដូចជា ករណី​គ្រួសារ​និយម​នៅ​ក្នុង​ក្រសួង​ព័ត៌មាន​របស់​រដ្ឋលេខាធិការ និង​ជា​នាយ​ខុទ្ទកាល័យ​ក្រសួង​ព័ត៌មាន​លោក ឈុំ សុជា ករណី​គ្រួសារ​និយម​ក្នុង​តុលាការ​យោធា គ្រប់គ្រង​ ដោយឧត្តមសេនីយ៍ឯក​ផ្កាយ៣​ លោក ន័យ ថុល ករណី​គ្រួសារ​និយម​ក្នុង​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​នៃ​ក្រសួង​មហាផ្ទៃ ដឹកនាំដោយលោក​ឧត្ដមសេនីយ៍ ផ្កាយ​៤ ធឹម សុផា និង​ករណី គ្រួសារ​និយម​ក្នុង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដឹកនាំ​ដោយ​លោក ឱម យិនទៀង ជាដើម។

អង្គការ​សង្គម​ស៊ីវិល សង្កេតឃើញ​ថា ការ​តែងតាំង​តែ​បក្សពួក និង​ក្រុម​គ្រួសារ​សាច់​ញាតិ​របស់​ខ្លួន​ក្នុង​ស្ថាប័នរដ្ឋ​នេះ ក៏​បាន​ទាញ​ទម្លាក់​ប្រជាប្រិយភាព​គណបក្ស​កាន់​អំណាច​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល