សង្គម​ស៊ីវិល​ថា ការ​ជ្រើសរើស​ទាហាន​ថ្មី​គឺជា​ការ​ចំណាយ​ថវិកា​ខ្ជះខ្ជាយ

ដោយ ម៉ៅ សុធានី
2018-10-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រសួង​ការពារ​ជាតិ រៀបចំ​ការ​ប្រឡង​ជ្រើសរើស​នាយ​ទាហាន នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៦។
ក្រសួង​ការពារ​ជាតិ រៀបចំ​ការ​ប្រឡង​ជ្រើសរើស​នាយ​ទាហាន នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៦។
RFA

សង្គម​ស៊ីវិល​លើកឡើង​ថា គម្រោង​រើស​ទាហាន​ថ្មី ជិត​៧០០​នាក់ គឺជា​ការ​ចំណាយ​ថវិកា​ខ្ជះខ្ជាយ។

មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា ថ្លែងប្រាប់​អាស៊ីសេរី ​​នៅ​ថ្ងៃ​ទី៤ តុលា ថា ទោះបីជា​ក្រសួងការពារជាតិ​លើកឡើង ថា ការ​ជ្រើសរើស​ទាហាន​ថ្មី​បន្ថែម​ទៀត ដើម្បី​ពង្រឹង​កិច្ចការពារ​បូរណភាព​ទឹកដី និង​សេចក្ដី​សុខ​របស់​ពលរដ្ឋ​ក៏ដោយ ក៏​លោក​សង្កេត​ឃើញ​ថា មាន​កងកម្លាំងប្រដាប់អាវុធ​ខ្លះ បាន​ប្រើប្រាស់​ដើម្បី​ការពារ​ក្រុមហ៊ុន និង​អ្នកមាន​អំណាច​ទៅវិញ៖ «កន្លងមក យើង​ឃើញ​មាន​កង​ប្រដាប់​អាវុធ​មួយ​ចំនួន ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន បាន​យក​ទៅ​ប្រើប្រាស់​សម្រាប់​ការពារ​សន្តិសុខ ជាដើម អ៊ីចឹង​គួរតែ​បម្រើ​ការងារ​ឲ្យ​រដ្ឋ។ ដូចនេះ​យើង​ត្រូវ​ពិនិត្យមើល​ដែរ បើ​យើង​រើស​ថ្មី​តែ​អ្នក​ចាស់ៗ យើង​ប្រើប្រាស់​មិន​ត្រឹមត្រូវ គឺ​អាច​ជា​ការ​ចំណាយ​ថវិកា​ខ្ជះខ្ជាយ​...»

លោក ស៊ឹង សែនករុណា បន្ថែម​ថា កម្ពុជា​មិន​ចាំបាច់​ចំណាយ​ថវិកា​ជ្រើសរើស​ទាហាន​ថ្មី​ឡើយ ដោយសារតែ​កម្ពុជា មិន​មាន​សង្គ្រាម​ប្រឆាំង​ជាមួយ​ប្រទេសជិតខាង​នោះ​ទេ។ លោក​បន្ត​ថា អាជ្ញាធរ​ក្រុងភ្នំពេញ គួរតែ​ប្រើប្រាស់​ធនធាន​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ និង​ប្រមូល​កងកម្លាំងប្រដាប់អាវុធ ដែល​ប្រើប្រាស់​ខុស​ទិសដៅ​ទាំងនោះ​ងាក​មក​ជួយ​ដល់​ផ្នែក​ពាក់ព័ន្ធ​មួយ​ចំនួន​ដែល​ចាំបាច់ ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី៤ ខែ​តុលា​នេះ បាន​ដកស្រង់​សម្ដី​អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក ឈុំ សុជាតិ ឲ្យ​ដឹងថា ក្រសួងការពារជាតិ​នឹង​ជ្រើសរើស​សិស្ស​និស្សិត​ចំនួន ៦៨០នាក់ ឱ្យ​ចូល​សិក្សា និង​បម្រើ​ការងារ​ជា​ទាហាន​ថ្មី ក្នុង​នោះ​រួមមាន សិស្ស​នាយទាហាន​ទ័ព​ជើងគោក​ជំនា​ន់ទី១១ ចំនួន ២៥០​នាក់ សិស្ស​នាយទាហាន​បន្តវេន​ជំនាន់ទី១២ ចំនួន ១៧០ នាក់ សិស្ស​សិក្សា​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​យោធា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា ចំនួន ៦០ នាក់ និង​សិស្ស​នាយទាហាន​សកម្ម​ជំនាន់ទី២៣ ចំនួន ២០០នាក់។

ចំពោះ​លក្ខខណ្ឌ​សម្រាប់​ការ​ជ្រើសរើស​វិញ គឺ​បេក្ខជន​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ មាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ដល់ ២៥ឆ្នាំ មាន​កាយសម្បទា​គ្រប់គ្រាន់ មិន​ធ្លាប់​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស មាន​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឡើង​ទៅ និង​មាន​កម្ពស់ សម្រាប់​បុរស ចាប់ពី ១​ម៉ែត្រ ៦០ ឡើង ចំណែក​នារី​វិញ គឺ​មាន​កម្ពស់​ចាប់ពី ១​ម៉ែត្រ ៥០ ឡើង​ទៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល