មន្ត្រី​​សិទ្ធិមនុស្ស​​​បារម្ភ​បញ្ហា​អសន្តិសុខ​របស់​ពលរដ្ឋ​ក្នុង​ខេត្ត​​កំពង់ស្ពឺ

ដោយ ឡេង ម៉ាលី
2015-12-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​កំពង់ស្ពឺ។
ផែនទី​ខេត្ត​កំពង់ស្ពឺ។
Photo: RFA

ករណី​ប្លន់​នៅ​ខេត្ត​កំពង់ស្ពឺ បាន​កើត​ឡើង​ផ្ទួនៗ នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៥ នេះ។ បន្ទាប់ពី​ករណី​នេះ​កើត​ឡើង​ម្ដងៗ ក្រុម​ចោរ​ប្លន់​ទាំង​នោះ តែង​គេច​ខ្លួន​រួច​ពី​ការ​តាម​ចាប់​របស់​កង​កម្លាំង​អាជ្ញាធរ​ខេត្ត។ ប្រជាពលរដ្ឋ​កំពុង​រស់​នៅ​ដោយ​ការ​ភ័យ​ខ្លាច​អំពី​ក្រុម​ចោរ​ទាំង​នេះ។

មន្ត្រី​សមាគម​សិទ្ធិមនុស្ស​ប្រចាំ​ខេត្ត​កំពង់ស្ពឺ ព្រួយ​បារម្ភ​បញ្ហា​អសន្តិសុខ​របស់​ប្រជាពលរដ្ឋ​ដោយសារ​ការ​កើន​ឡើង​ចោរកម្ម និង​ប្លន់​ប្រដាប់​អាវុធ​នៅ​ឆ្នាំ​២០១៥។

ការ​ព្រួយ​បារម្ភ​នេះ គឺ​បន្ទាប់​ពី​ការ​កើត​មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​បន្ត​បន្ទាប់​នៅ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ អ្នក​សម្របសម្រួល​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​កំពង់ស្ពឺ លោក រ័ត្ន ថាវី អំពាវនាវ​ដល់​អាជ្ញាធរ​នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឱ្យ​ចាត់​វិធានការ​ខ្លាំង​បន្ថែម​ទៀត​លើ​បញ្ហា​ទាំង​នេះ៖ «ខ្ញុំ​សុំ​សំណូមពរ​យ៉ាង​ទទូច​ដល់​អភិបាល ឬ​គណៈ​អភិបាល​ខេត្ត ជា​ពិសេស​លោក​ស្នងការ កង​រាជ​អាវុធហត្ថ​ក្ដី ដែល​កាន់​កាប់​ទឹក​ដី​ខេត្ត​កំពង់ស្ពឺ សុំ​ឱ្យ​ចាត់​វិធានការ​ឱ្យ​បាន​តឹងរ៉ឹង​ចំពោះ​បទ​ល្មើស​ទាំង​អស់​ហ្នឹង ពី​ព្រោះ​សព្វថ្ងៃ​ហ្នឹង​ប្រជាពលរដ្ឋ​មាន​ការ​ភ័យ​ព្រួយ​មែនទែន ទាក់ទង​នឹង​ស្ថានភាព​សន្តិសុខ​ផ្ទាល់​ខ្លួន​របស់​ពួក​គាត់​ហ្នឹង។ យើង​ឃើញ​ថា ករណី​ប្លន់ និង​ករណី​លួច គឺ​មាន​ការ​កើន​ឡើង​ច្រើន​លើស​ពី​ឆ្នាំ​មុន។ មាន​ន័យ​ថា វា​កើត​ឡើង​គគ្រឹកគគ្រេង។ ករណី​ធំៗ តាម​ខ្ញុំ​ចាំ ប្លន់​ប្រដាប់​អាវុធ​ហ្នឹង វា​លើស​ពី ៦​ករណី ហើយ​បើ​និយាយ​ពី​ករណី​ប្លន់ និង​ការ​លួច​ផ្ទះ​ស្បែង​ប្រជាពលរដ្ឋ សរុប​ទាំង​អស់​ច្រើន មាន​ជាង៥០​ករណី»

កាល​ពី​រសៀល​ថ្ងៃ​ទី​១៩ ធ្នូ មាន​ករណី​ប្លន់​មួយ​នៅ​ផ្សារ​តាឡាត់ ក្នុង​ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ដែល​ជា​ករណី​ថ្មី ក្រៅ​ពី​អំពើ​ប្លន់​ប្រដាប់​អាវុធ​នៅ​ខែត្រ​ផ្សេងៗ​ទៀត រួម​ទាំង​​នៅ​រាជធានី​ភ្នំពេញ​ផង។ ក្នុង​អំពើ​ប្លន់​នោះ គឺ​ក្រុម​ចោរ ២​នាក់ បាន​ប្លន់​ជាង​ទង និង​ជា​អ្នក​លក់​មាស យក​គ្រឿង​អលង្ការ​ចំនួន ២៦​តម្លឹង។ ស្មៀនឃុំ​ជាំ​សង្កែ​ម្នាក់ ត្រូវ​ចោរ​បាញ់​ស្លាប់​ក្នុង​អំពើ​ប្លន់​នោះ។ កង​កម្លាំង​នគរ​បាល និង​កង​រាជ​អាវុធហត្ថ​ខេត្ត​ជា​ច្រើន​នាក់ តាម​រុករក​ក្រុម​ចោរ​ប្លន់​ទាំង​នោះ។ ប៉ុន្តែ​ក្រុម​ចោរ​នៅ​រត់​គេច​ខ្លួន​រួច​នៅ​ឡើយ។

ទាក់ទង​នឹង​បញ្ហា​នេះ អធិការ​ស្រុក​ភ្នំស្រួច លោក សាយ ប៊ុនថន ឱ្យ​ដឹង​បន្ថែម​នៅ​ថ្ងៃ​ទី​២១ ធ្នូ ថា កង​កម្លាំង​នគរបាល​បាន​ហ៊ុមព័ទ្ធ​ព្រៃ​សង្ស័យ​មួយ កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ប៉ុន្តែ​រក​មិន​ឃើញ​ចោរ​ទាំង​នោះ​ទេ។ លោក​ថា នគរបាល​កំពុង​ស៊ើបអង្កេត​បន្ត៖ «ឥឡូវ​ម៉ោង​នេះ យើង​មាន​វិធី​ស៊ើបអង្កេត​វិញ​ហើយ។ យើង​ព័ទ្ធ​ប៉ុន្មាន (កន្លែង) នេះ​ហើយ អត់​បាន​លទ្ធផល​អី»

មន្ត្រី​សមាគម​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ត​កំពង់ស្ពឺ លោក រ័ត្ន ថាវី កត់​សម្គាល់​ដែរ​ថា ការ​កើន​ឡើង​នៃ​ករណី​លួច​ប្លន់​ប្រដាប់​អាវុធ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ក្នុង​ឆ្នាំ​២០១៥ មាន​ច្រើន​ជាង​ឆ្នាំ​២០១៤ គឺ​ដោយសារ​តែ​ជនល្មើស​នៅ​រត់​គេច​ខ្លួន​បាន​នៅ​ឡើយ៖ «យើង​ឃើញ​អាជ្ញាធរ​យក​ចិត្ត​ទុក​ដាក់​ចាត់​វិធានការ​ដែរ ប៉ុន្តែ​យើង​មើល​ទៅ​ហាក់​ដូច​ជា​មិន​បាន​ជោគជ័យ​គ្រប់​រឿង​ទេ។ នេះ​បាន​ន័យ​ថា ជន​ល្មើស​បាញ់​សម្លាប់​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ពលរដ្ឋ​ហើយ វា​នៅ​ក្រៅ​សំណាញ់​ច្បាប់ អត់​ត្រូវ​បាន​ផ្ដន្ទាទោស​តាម​ច្បាប់។ អ៊ីចឹង​​បើ​សិន​សមត្ថកិច្ច​ចាត់​វិធានការ​បាន​គ្រប់​ករណី​ទាំង​អស់ ចំពោះ​ករណី​លួច​ប្លន់​យក​មក​កាត់​ទោស​តាម​ច្បាប់ ខ្ញុំ​គិត​ថា វា​មិន​មាន​កើត​ឡើង​ជា​បន្តបន្ទាប់​បែប​នេះ​ទេ»

ឆ្លើយ​តប​បញ្ហា និង​ការ​អំពាវនាវ​នេះ ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ លោក កែវ ពិសី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២១ ធ្នូ ថា ខាង​កម្លាំង​នគរបាល​ខេត្ត​របស់​លោក​កំពុង​បន្ត​តាម​រក​ក្រុម​ចោរប្លន់​នេះ៖ «គេ​កំពុង​តាម​រក​ហើយ ណ៎ា!»

ទាំង​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​ឱ្យ​ដឹង​ថា ​រំលង​បាន​មួយ​ថ្ងៃ គឺ​នៅ​ព្រលប់​ថ្ងៃ​ទី​២០ ធ្នូ មាន​ករណី​ចោរ​កាន់​កាំភ្លើង​អាកា​ពីរ​នាក់ បាន​ស្ទាក់​ប្លន់​យក​ម៉ូតូ​​មួយ​គ្រឿង​ពី​ប្រជាពលរដ្ឋ​ពីរ​នាក់​ដែល​ត្រឡប់​ពី​ពិធី​រៀបការ​មួយ នៅ​ភូមិ​មានជ័យ ឃុំ​ដំបូករូង ស្រុក​ភ្នំស្រួច ដដែល។ ម៉ូតូ​ដែល​ចោរ​ប្លន់​យក​ទៅ​នោះ គឺ​ម៉ាក​ហុងដា គុបជ្រុង សេ​៥០ (CUB 50)។ ក្រុម​ចោរ​ទាំង​នោះ​ក៏​អាជ្ញាធរ នៅ​មិន​ទាន់​បាន​ដែរ។

ករណី​ប្លន់​នេះ មិន​មែន​តែ​កើត​ឡើង​តែ​ក្នុង​ខែត្រ​កំពង់ស្ពឺ​ប៉ុណ្ណោះ​ទេ នៅ​ក្នុង​ខែ​ធ្នូ នេះ មាន​ករណី​ប្លន់​ជា​ច្រើន​កន្លែង​រួម​មាន​នៅ​រាជធានី​ភ្នំពេញ នៅ​ខែត្រ​បាត់ដំបង ពោធិ៍សាត់ និង​ខែត្រ​កណ្ដាល ជាដើម។ ករណី​ប្លន់​ទាំង​នេះ ទាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បញ្ជា​ឲ្យ​សមត្ថកិច្ច​រឹត​បន្តឹង​សន្តិសុខ​តាម​ចាប់​ក្រុម​ចោរ​ប្លន់​ទាំង​អស់​ឲ្យ​បាន ដើម្បី​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ និង​រក្សា​ស្ថិរភាព​ក្នុង​សង្គម។

ក្រៅ​ពី​នេះ​ទៀត លោក ស ខេង បាន​ព្រមាន​ដក​តួនាទី​ស្នងការ​នគរបាល​ខែត្រ​ចំនួន​បី​ទៀត​ផង​ដែរ គឺ​ស្នងការ​នគរបាល​ខែត្រ​បាត់ដំបង ស្នងការ​នគរបាល​ខែត្រ​ពោធិ៍សាត់ និង​ស្នងការ​ខែត្រ​កណ្ដាល។ តែ​រហូត​មក​ទល់​ពេល​នេះ ស្នងការ​នគរបាល​ទាំង​នោះ​មិន​ទាន់​តាម​ចាប់​ខ្លួន​ក្រុម​ចោរ​ប្រដាប់​អាវុធ​បាន​ទាំង​អស់​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

Suspect are not live in a jungle.Check in the house if you think,not jungle like Khmer Rouge.

Dec 22, 2015 11:02 AM

អ្នក​អាន​អនាមិក

>. ចោរលួច ចោរឆក់ ចោរប្លន់ នាយកមន្ត្រី មុខ អាដែលៗ !
« ចាប់បាន ចោរ ចេះតែ លែង ដោយអំពើពុករលួយ »

Dec 22, 2015 02:28 AM

គេហទំព័រ​ទាំងមូល