មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​​ពី​សុវត្ថិភាព​​ស្ពាន​សេកុង​ខេត្ត​ស្ទឹងត្រែង

ដោយ ម៉ែន សុធីរ
2015-06-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ពាន​មិត្តភាព​កម្ពុជា-​ចិន ឬ​ស្ពាន​សេកុង ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​១៩ មិថុនា ឆ្នាំ​២០១៥
ស្ពាន​មិត្តភាព​កម្ពុជា-​ចិន ឬ​ស្ពាន​សេកុង ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​១៩ មិថុនា ឆ្នាំ​២០១៥
RFA/Men Sothyr

មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ពី​សុវត្ថិភាព​នៃ​ការ​ធ្វើ​ដំណើរ​នៅ​លើ​ស្ពាន​សេកុង ខេត្ត​ស្ទឹងត្រែង ស្រប​ពេល​មាន​ស្នាម​ប្រេះ​ខ្លាំង​ចំនួន ៤​កន្លែង។ ការ​បារម្ភ​នេះ​គឺ​នៅ​បន្ទាប់​ពី​មន្ត្រី​សង្គម​ស៊ីវិល​រក​ឃើញ​ថា បញ្ហា​ដែល​មាន​ស្នាម​ប្រះ គឺ​បណ្ដាល​មក​ពី​រថយន្ត​ប្រភេទ​ធំ​ដឹក​ទំនិញ​លើស​ទម្ងន់ និង​ភាព​ធូរ​លុង​នៃ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​ពិត​មែន​ដែល​បណ្ដាល​ឲ្យ​ស្ពាន​នេះ​មាន​ស្នាម​ប្រេះ។

​​មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យ​មាន​ប្រសិទ្ធភាព។ ការ​អំពាវនាវ​ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​រក​ឃើញ​ថា ការ​បណ្ដោយ​ឲ្យ​រថយន្ត​ដឹក​ទំនិញ​លើស​ទម្ងន់​គឺ​ជា​បញ្ហា​ចម្បង​បណ្ដាល​ឲ្យ​ខូច​ផ្លូវ ពិសេស​គឺ​ស្ពាន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ជាតិ ការ​ធ្វើ​ចរាចរណ៍ និង​បាត់បង់​ថវិកា​រដ្ឋ​ជាដើម។

​ស្រដៀង​គ្នា​នេះ​ដែរ យុវជន​រស់​នៅ​ជិត​ស្ពាន​សេកុង កំពុង​អង្គុយ​លើ​ម៉ូតូ​ក្រោម​ស្ពាន គឺ​លោក សុ វ័ត្ន។ លោក​ថ្លែង​ថា នៅ​ពេល​លោក​អង្គុល​លេង​លើ​ស្ពាន​នេះ​ពេល​យប់ លោក​តែងតែ​ឃើញ​រថយន្ត​ប្រភេទ​ធំៗ បើក​លឿន​នៅ​លើ​ស្ពាន​នេះ ធ្វើ​ឲ្យ​ស្ពាន​នេះ​រង្គើ រញ្ជួយ​យ៉ាង​ខ្លាំង៖ «ញ័រ​ស្ពាន​ដូច​ដូច​ស្គរ​លាន់​អ៊ីចឹង ញ័រ​របៀប​ថា វា​មក​លឿន​ខ្លាំង»

​អ្នក​ភូមិ​អះអាង​ថា ស្ពាន​សេកុង មាន​ស្នាម​ប្រេះ ៤​កន្លែង  ហើយ​កន្លែង​ដែល​មាន​ស្នាម​ប្រះ​ធំ​ជាង​គេ​នៅ​ចំណុច​សរសេរ​ទី​៩ ត្រង់​កណ្ដាល​ទន្លេ។

ក្រុម​ប្រជាពលរដ្ឋ​រស់​នៅ​ក្បែរ​ស្ពាន​សេកុង ឋិត​នៅ​ភូមិ​ស្រែពោធិ៍ សង្កាត់​ស្រះឫស្សី ក្រុង​ស្ទឹងត្រែង ថ្លែង​ដូចៗ​គ្នា​ថា មូលហេតុ​បណ្ដាល​ឲ្យ​ស្ពាន​នេះ​មាន​ស្នាម​ប្រះ បណ្ដាល​មក​ពី​ដឹក​លើស​ទម្ងន់។ ពលរដ្ឋ​ដាក់​ការ​សង្ស័យ​ថា រថយន្ត​ដឹក​លើស​ទម្ងន់​ទំនង​ជា​រថយន្ត​ដឹក​ឈើ​ប្រណិត​ឆ្លង​កាត់​ស្ពាន។​

ទាក់ទិន​ករណី​នេះ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន លោក ស គឹមណាត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ថា សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង នឹង​ចាត់​ឲ្យ​ក្រុមហ៊ុន សៀងហៃ គ្រុប របស់​ចិន ធ្វើ​ការ​ថែទាំ រួម​ទាំង​មន្ត្រី​សាធារណការ​ចូល​រួម​ពិនិត្យ។ តែ​ទោះ​យ៉ាង​ណា លោក​មិន​ទាន់​ទទួល​សេចក្ដី​ជូន​ដំណឹង​ជាក់លាក់ ទាក់ទិន​ការ​ចុះ​ធ្វើ​ការ​ថែទាំ​ស្ពាន​នេះ​នៅ​ឡើយ​ទេ។

លោក​អះអាង​ថា ស្ពាន​នេះ​មិន​ទាន់​មាន​ការ​ប្រះ​ស្រាំ​ដែល​ឈាន​ដល់​ការ​ប្រកាស​អាសន្ន​ឡើយ មាន​ន័យ​ថា នៅ​តែ​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ធម្មតា៖ «ឯកឧត្ដម ស៊ុន នៀង គាត់​បាន​បកស្រាយ​ហើយ វា​មិន​អាច​ដល់​ថ្នាក់​ទៅ​វ៉ៃ​ស្ពាន​ចោល​ទេ វា​មិន​ប្រេះ​ទេ គ្រាន់​តែ​សម្បុក​ស្រមោច​»

​ដូចគ្នា​នេះ​ដែរ ទីប្រឹក្សា​ឯករាជ្យ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍ លោក អ៊ា ចរិយា មាន​ប្រសាសន៍​ថា ក្រសួង​ពាក់ព័ន្ធ​ត្រូវ​បញ្ជូន​អ្នក​ជំនាញ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្ដែង និង​សិក្សា​ពី​ទំហំ​នៃ​ការ​ខូចខាត​ឲ្យ​ច្បាស់លាស់ និង​ធ្វើការ​កែ​លម្អ​ជួសជុល​ឲ្យ​បាន​ឆាប់ៗ ចៀសវាង​ស្ពាន​នេះ​កាន់តែ​ខូច​ខាត់​ខ្លាំង។

លោក​ថា ភាព​ធូរ​លុង​នៃ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​គឺ​ជា​ដើមចម ដែល​បណ្ដាល​ឲ្យ​ស្ពាន​នេះ មាន​ស្នាម​ប្រេះ។ បន្ថែម​ពី​លើ​នេះ​ទៀត រាជរដ្ឋាភិបាល​ត្រូវ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ទាក់ទិន​ការ​ដឹក​ជញ្ជូន៖ «ស្ពាន​ថ្លឹង​ជញ្ជីង​មាន​កម្រិត​ដែរ សព្វថ្ងៃ​មានតែ ១០​ជញ្ជីង​ទេ ដែល​មាន​នៅ​លើ​ផ្លូវ​ជាតិ អ៊ីចឹង​យើង​ឃើញ​ថា ផ្លូវ​ជាតិ​យើង​ច្រើន ប្រវែង​វែងៗ​យើង​មិន​អាច​គ្រប់គ្រង​ដឹក​ទំនិញ​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ»

​អ្នក​សម្របសម្រួល​បណ្ដាញ​រួបរួម​ដើម្បី​គណនេយ្យភាព​សង្គម​នៅ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ប្រចាំ​​​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា បញ្ហា​ដែល​បណ្ដាល​ឲ្យ​ស្ពាន​ប្រេះស្រាំ​វា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល។ បន្ថែម​ពី​លើ​នេះ​ទៀត រដ្ឋាភិបាល​ត្រូវ​ទទួល​ខុស​ត្រូវ​ទាក់ទិន​ការ​អនុវត្ត​ការងារ​របស់​មន្ត្រី​ជំនាញ ដែល​បណ្ដោយ​ឲ្យ​រថយន្ត​ដឹក​ទំនិញ​លើស​ចំណុះ ព្រម​ទាំង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​អ្នក​រក​ស៊ី​ដឹក​ជញ្ជូន៖ «យើង​ចង់​ឃើញ​ទិដ្ឋភាព​មួយ​នៃ​តុល្យភាព រថយន្ត​តោន​ដែល​ត្រូវ​ឲ្យ​រថយន្ត​ឆ្លង​កាត់ សមត្ថកិច្ច​រំឭក​ខ្លួន​ឯង​ឡើង​វិញ​ក្នុង​ការ​ពិនិត្យ​មើល​ជា​ជាង​បាន​សំណូក​តិច​តូច ហើយ​ធ្វើ​ឲ្យ​ទ្រព្យសម្បត្តិ​រដ្ឋ ទ្រព្យសម្បត្តិ​សាធារណៈ ត្រូវ​បាន​ហិនហោច»

​ទោះ​យ៉ាង​ណា អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ផែង សុវិជ្ជានោ បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា ក្រសួង​បាន​បញ្ជូន​អ្នក​ជំនាញ​វាយ​តម្លៃ​ហើយ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នេះ និង​រក​ឃើញ​ថា ស្ពាន​នេះ​មាន​ស្នាម​ប្រេះ​រយៈពេល​យូរ​មក​ហើយ ដែល​បណ្ដាល​មក​ពី​ដឹក​លើស​ទម្ងន់៖ «មាន​ការ​អភិវឌ្ឍ​បន្ថែម​តិចតួច ដោយសារ​មាន​ការ​ដឹក​លើស​ទម្ងន់​អ៊ីចឹង»

​ស្ពាន​មិត្តភាព​កម្ពុជា ឬ​ចិន សេកុង ស្ទឹងត្រែង ត្រូវ​ចំណាយ​ថវិកា​អស់​ចំនួន​ជាង ២០​លាន​ដុល្លារ ក្រោម​កម្ចី​ឥណទាន​ពី​រដ្ឋាភិបាល​ចិន ទទួល​សិទ្ធិ​សាងសង់​ដោយ​ក្រុមហ៊ុន សៀងហៃ គ្រុប។ ស្ពាន​នេះ​ចាប់​ផ្ដើម​កសាង​នៅ​ខែ​មេសា ឆ្នាំ​២០០៤ និង​សម្ពោធ​ឲ្យ​ប្រើប្រាស់​នៅ​ខែ​មេសា ឆ្នាំ​២០០៨ ដែល​មាន​ប្រវែង ១.០៥៧​ម៉ែត្រ ទទឹង ១១​ម៉ែត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

កូនខ្មែរ

ពី ភព

មិនអីទេហ៊ុនសែនអាចខ្ចីលុយចិន២០លានដុល្លាទៀតមកសង់សាដើម
ឬជួសជុលជាថ្មីបានគ្រាន់តែឱ្យចិនយករ៉ែមាស,ដែក,ស្ពាន់និងត្បូងតែ
បួនដប់ឆ្នាំទៀតទៅបានហើយ។សូមរាស្រ្តខ្មែរជ្រាបថាសំណង់ដែល
សាងសង់ដោយចិនមានអាយុពី២-១០ឆ្នាំនោះជាសំណាងហើយបើជាប់យូរ
ជានេះហ៊ុនសែនរកស៊ីជាមួយចិនលែងបានហើយ។

Jun 20, 2015 04:46 PM

គេហទំព័រ​ទាំងមូល