កម្ពុជា​អះអាង​ថា បាន​បញ្ជូន​ជនជាតិ​ចិន​ជិត ៩០០​នាក់ ដែល​ផ្ទុយ​ពី​របាយការណ៍​ទូត​ចិន

ដោយ អូន ភាព
2019-10-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជនជាតិ​ចិន​៤​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ឃាត់​ខ្លួន​ករណី​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​អាជីវកម្ម​មាន​អាសអាភាស កាល​ពី​ថ្ងៃ​ទី២៤ ខែ​សីហា ឆ្នាំ​២០១៨។
ជនជាតិ​ចិន​៤​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ឃាត់​ខ្លួន​ករណី​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​អាជីវកម្ម​មាន​អាសអាភាស កាល​ពី​ថ្ងៃ​ទី២៤ ខែ​សីហា ឆ្នាំ​២០១៨។
រូបភាព​អគ្គស្នងការ​នគរបាល​ជាតិ

មន្ត្រី​រដ្ឋាភិបាល​ប្រាប់​ថា កម្ពុជា​បាន​បញ្ជូន​ជនជាតិ​ចិន​ចំនួន​ជិត ៩០០​នាក់ ទៅ​ប្រទេស​ចិន​វិញ​ក្នុង​រយ:ពេល ៩​ខែ​ដើម​ឆ្នាំនេះ ប៉ុន្តែ​ចំនួន​នេះ​ផ្ទុយ​ពី​របាយការណ៍​របស់​ស្ថានទូត​ចិន​ដែល​បាន​បង្ហាញ​ថា ជនជាតិ​ចិន​ដែល​ត្រូវ​បាន ទៅ​ប្រទេស​ចិន​វិញ​ក្នុង​រយ​:​ពេល​ដូចគ្នា​នេះ មាន​រហូតដល់​ជាង ១​ពាន់​នាក់ បន្ទាប់ពី​ជាប់​សង្ស័យ ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​នៅ​កម្ពុជា។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ លោក កែវ វាន់ថន បាន​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​អង្គារ ទី​២២ ខែ​តុលា ថា កម្ពុជា​បាន​បញ្ជូន​ជនជាតិ​ចិន​ចំនួន ៨៨៩ នាក់ ក្នុង​នោះ​មាន​ស្រី​១៧១​នាក់​ក្នុង​រយ​:​ពេល​៩​ខែ​ដើម​ឆ្នាំនេះ។

លោក កែវ វាន់ថន បន្ត​ថា ជនជាតិ​ចិន​ដែល​បាន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​នោះ មួយ​ចំនួន​មាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​សេដ្ឋកិច្ច​នៅ​ប្រទេស​ចិន ហើយ​បាន​មក​លាក់ខ្លួន​នៅ​ប្រទេស​កម្ពុជា និង​មួយ​ចំនួន​ទៀត​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ល្បែងភ្នាល់​គ្នា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ខុសច្បាប់ និង​មួយ​ចំនួន​ទៀត​ពាក់ព័ន្ធ​នឹង​បទ​ដែល​ក្លែងបន្លំ​ឆបោក​តាមរយ​:​ទូរគមនាគមន៍​នៅ​កម្ពុជា (VOIP) ។​

ទោះជា​យ៉ាងណា របាយការណ៍​ចុះផ្សាយ​ដោយ​ស្ថានទូត​ចិន កាលពី​ថ្ងៃ​ទី​១៧ ខែ​តុលា បាន​ឱ្យ​ដឹង​ថា ជនជាតិ​ចិន​ចំនួន​ជាង ១​ពាន់​នាក់ ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ក្នុង​ឆ្នាំ​២០១៩​នេះ ហើយ​ថា សមិទ្ធផល​នេះ​កើតឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​អនុវត្ត​ច្បាប់​យ៉ាង​ជិតស្និទ្ធ​រវាង​ចិន និង​កម្ពុជា៖ «យើង​មានការ​ឃាត់ខ្លួន​មួយ​ចំនួន ទី​មួយ​គាត់​មក​លាក់ខ្លួន​នៅ​កម្ពុជា ហើយ​យើង​ដាក់​ក្នុង Black List ប៉ុន្តែ​នៅ​ពេល​គាត់​ចេញ​ទៅ​យើង​ចាប់ ហើយ​មួយ​ចំនួន​ទៀត​គាត់​ស្នាក់​នៅ​ខុសច្បាប់ ដោយសារ​ថា យើង​រក​ទៅ​អត់​ឃើញ​មាន​លិខិតឆ្លងដែន ឬ​ក៏​ស្នាក់នៅ​លើស​ទិដ្ឋាការ»

លោក កែវ វាន់ថន ក៏​បាន​ប្រាប់​ឱ្យ​ដឹង​ផង​ដែរ​ថា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ២៧​នាក់ នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ ហើយ​បាន​នាំ​ខ្លួន​មក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដោយសារ​ពួកគាត់​មិន​មាន​លិខិតឆ្លងដែន ហើយ​គ្មាន​ប័ណ្ណ​ការងារ។

លោក​បន្ត​ថា ជនជាតិ​ចិន​មាន​ការ​ថយ​ចុះ ពីព្រោះ​ពួកគាត់​បាន​វិលត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ ដើម្បី​ទៅ​ជួបជុំ​បងប្អូន​ក្នុង​រដូវ​សែន​ព្រះ​ខែ ប៉ុន្តែ​លោក ថា ការ​បិទ​ល្បែង​ភ្នាល់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក៏​ជាហេតុ​ផល​មួយ​នៃ​ការ​វិលត្រឡប់​របស់​ជនជាតិ​ចិន​ផង​ដែរ។ ប៉ុន្តែ​លោក​ច្រានចោល​ព័ត៌មាន​ដែល​លើកឡើង​ថា ការ​ចាកចេញ​របស់​ជនជាតិ​ចិន គឺ​ដោយសារ​បារម្ភ​ពី​សុវត្ថិភាព​របស់​ខ្លួន​នៅ​ពេល​មន្ត្រី​គណបក្ស​ប្រឆាំង គ្រោង​ធ្វើដំណើរ​វិលត្រឡប់​ចូល​កម្ពុជា នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា នេះ​ទេ​៖ «តាមពិត​មាន​ទៅ​មួយ​ចំនួន​មែន ដោយសារ​ថា រដូវ​ហ្នឹង​គឺ​ដល់​រដូវ​សែន​ព្រះ​ខែ​ទៅ​ជួបជុំ​បងប្អូន»

លោក​បន្ត​ថា ការ​បិទ​ល្បែង​ភ្នាល់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក៏​ជាហេតុ​ផល​មួយ​ផង​ដែរ​ចំពោះ​ការ​ចាក​ចេញ​របស់​ជនជាតិ​ចិន​កន្លងមក ព្រោះ​ជនជាតិ​ចិន​ទាំងនេះ​បាន​បង្ក​អសន្តិសុខ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លាំង អ៊ីចឹង​ហើយ​ទើប​រដ្ឋាភិបាល​សម្រេច​បិទ​ល្បែង​នេះ ដើម្បី​រក្សា​សន្តិសុខ និង​កាត់បន្ថយ​បទល្មើស​ផ្សេងៗ​ដែល​បង្ក​ដោយ​ជនជាតិ​ចិន។

អតីត​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ធ្លាប់​បាន​ធ្វើ​របាយការណ៍​មួយ​ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង កាលពី​ខែ​មករា​កន្លង​ទៅ ដោយ​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ អំពី​ទិដ្ឋភាព អវិជ្ជមាន​នៃ​ការ​កើនឡើង នូវ​វត្តមាន​របស់​ជនជាតិ​ចិន នៅ​ក្នុង​តំបន់​នេះ។

លោក យន្ត មីន បាន​និយាយ​ថា ជន​ជាតិ​ចិន​មួយ​ចំនួន បាន​ចូលរួម​ក្នុង​សកម្មភាព​ឧក្រិដ្ឋកម្ម ហើយ​បាន​ចូលរួម​ក្នុង​ការ​ជំរិត​ទារ​ប្រាក់​ពី​វិនិយោគិន​ដទៃ​ទៀត ហើយ​ថា ពលករ​បរទេស​ដែល​ភាគច្រើន​ជា​ជន​ជាតិ​ចិន កំពុង​បង្កជម្លោះ​ជាមួយ​អ្នកស្រុក៖ «ជាទូទៅ វា​មាន​ផល​វិជ្ជមាន​និង​ផល​អវិជ្ជមាន តែ​យើង​យល់​ឃើញ​ថា ផល​អវិជ្ជមាន​ហ្នឹង​គឺ​ធម្មតា​តែ​មាន​ល្បែង អ្នក​ដែល​មកលេង​ល្បែង Online នេះ​ឆ្លៀត​ចាប់​ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត អ៊ីចឹង​ទៅ​វា​បង្ក​អសន្តិសុខ អ៊ីចឹង​បញ្ហា​អវិជ្ជមាន​ហ្នឹង​ហើយ​ដែល​យើង​ត្រូវតែ​បិទ online នេះ»

គេ​សង្កេតឃើញ​បទឧក្រិដ្ឋ​និង​បទល្មើស​ផ្សេងៗ​ដែល​បង្ក​ដោយ​ជនជាតិ​ចិន​តែង​កើតមានឡើង​នៅ​ខេត្ត​ព្រះសីហនុ ព្រោះ​ខេត្ត​នេះ​មាន​ប្រជាជន​ចិន​រស់នៅ​រហូតដល់​ជាង​១១​ម៉ឺន​នាក់​។​

អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) នៅ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ​ខេត្ត​ព្រះសីហនុ​មាន​កាស៊ីណូ​ច្រើន ហើយ​ថា ទីណា​មាន​ល្បែងស៊ីសង​មាន​បទល្មើស​កើតឡើង​ច្រើន ព្រោះ​អ្នកលេង​ល្បែង​មិន​ខ្លាច​ប្រព្រឹត្ត​បទល្មើស​ទេ នៅ​ពេល​ពួកគេ​ចាញ់​ល្បែង។

អ្នកស្រី​ថា កាល​ពី​មុន​ខេត្ត​ព្រះសីហនុ មិន​សូវ​មាន​ឃាតកម្ម ឬ​បទល្មើស​ដូច​សព្វថ្ងៃ​ទេ ប៉ុន្តែ​បន្ទាប់​ពី​មាន​អ្នក​វិនិយោគទុន​ជនជាតិ​ចិន​ចូល​មក​ច្រើន បទល្មើស និង​ឃាតកម្ម​ក៏​កើត​មាន​ច្រើន​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល