គ្រួសារ​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​អគារ​បាក់​រលំ ស្ដាយ​សាច់​ញាតិ​​ដែល​ស្លាប់ និង​បារម្ភ​ពី​ជីវភាព​ដុនដាប

ដោយ ហេង រស្មី
2019-06-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​លើក​សាកសព (ឆ្វេង) និង​អ្នក​នៅ​រស់ ដែល​រងគ្រោះ ដោយ​សំណង់​អគារ​បាក់​រលំ​សង្កត់ នៅ​ខេត្ត​ព្រះសីហនុ នៅ​ព្រលឹម​ថ្ងៃ​ទី២២ ខែ​មិថុនា ឆ្នាំ២០១៩។
ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​លើក​សាកសព (ឆ្វេង) និង​អ្នក​នៅ​រស់ ដែល​រងគ្រោះ ដោយ​សំណង់​អគារ​បាក់​រលំ​សង្កត់ នៅ​ខេត្ត​ព្រះសីហនុ នៅ​ព្រលឹម​ថ្ងៃ​ទី២២ ខែ​មិថុនា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister

មកដល់​ល្ងាច​ថ្ងៃ​ចន្ទ ទី២៤ មិថុនា ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ការ​រលំ​អគារ​សំណង់​នៅ​ក្នុង​ក្រុង​ព្រះសីហនុ បាន​កើន​ដល់ ២៨នាក់​ហើយ ចំណែក​អ្នក​របួស​កើន​ដល់ ២៦នាក់។ សមត្ថ​កិច្ច និង​ក្រុម​អ្នក​ជួយ​សង្គ្រោះ​នៅ​តែ​បន្ត​កាយ​គំនរ​សំណង់​បាក់​បែក​ចូល​ដល់​ថ្ងៃ​ទី៣ ហើយ ដែល​សង្ស័យ​ថា អាច​មាន​ជនរងគ្រោះ​កប់​នៅ​ក្រោម​គំនរ​សំណង់​ថែម​ទៀត។ ក្រុម​គ្រួសារ​ជនរងគ្រោះ​ខ្លះ​បាន​យក​សាកសព​ទៅ​ធ្វើ​បុណ្យ និង​ខ្លះ​ទៀត មិនទាន់​រក​ឃើញ​សាកសព​នៅ​ឡើយ។ពួកគេ​សុទ្ធតែ​ បង្ហាញ​អារម្មណ៍​សោក​សង្រេង និង​ទាមទារ​រក​យុត្តិធម៌​។

រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ប្រកាស​ថា​ នៅ​ល្ងាច​ថ្ងៃ​ទី២៤ ខែ​មិថុនា​ ក្រុម​ប្រតិបត្តិ​ការសង្គ្រោះ​បន្ត​រក​ឃើញ​ជន​រង​គ្រោះ ៤នាក់​បន្ថែម​ទៀត ប៉ុន្តែ​ស្លាប់ ២នាក់ និង​នៅ​មាន​ដង្ហើម ២នាក់។ ដូច្នេះ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ដល់ ២៨នាក់ ក្នុង​នោះ​មាន​ស្រី ៤នាក់ និង​អ្នក​របួស​បាន​កើន​ដល់ ២៦នាក់​ហើយ។សរុប​ជន​រង​គ្រោះ​ទាំង​ស្លាប់ និង​របួស​មាន​ចំនួន ៥៤នាក់។

ក្រុម​ប្រតិបត្តិ​ការសង្គ្រោះ​នៅ​តែ​បន្ត​កាយ​គំនរ​បាក់បែក​នៃ​អគារ​សំណង់ ដែល​ដួល​រលំ​នោះ ដើម្បី​ ស្វែង​រក​ជន​រងគ្រោះ​បន្ថែម​ទៀត។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​សាលាខេត្ត​ព្រះសីហនុ​លោក ឃាង ភារម្យ ឡើយ​ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ក្រុម​គ្រួសារ​ជន​រង​គ្រោះ​មួយ​ចំនួន​បាន​យក​សាកសព​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​រួច​ហើយ​ ប៉ុន្តែ​ ក្រុម​គ្រួសារ​មួយ​ចំនួន​ទៀត​មិន​ទាន់​ឃើញ​សាកសព​ជន​រង​គ្រោះ​នោះ​ទេ។

កម្មករ​សំណង់​ម្នាក់​លោក​ ឆុន​ វិមាន​ ប្រាប់​អាស៊ី​សេរី​ថា​លោក​បាន​ចំណាក​ស្រុក​ពី​ខេត្ត​កំពង់ឆ្នាំង​ទៅ​ធ្វើ​ការ​សំណង់​ក្នុង​ការដ្ឋាន​នោះ​ជាង ១ខែ​ហើយ​ ជាមួយ​ឪពុក ​និង​បង​ថ្លៃ​របស់​ខ្លួន ​ប៉ុន្តែ​នៅ​ថ្ងៃ​កើត​ ហេតុ​ គឺ​លោក​បាន​ត្រឡប់​ទៅ​លេង​ស្រុក។ លោក​អះអាង​ថា ឪពុក និង​បង​ថ្លៃ​របស់​លោក បាន​កប់​ក្នុង​គំនរ​សំណង់​បាក់​បែក​នោះ ហើយ​ទើប​តែ​រក​ឃើញ​សាកសព​បង​ថ្លៃ​នៅ​ថ្ងៃ​ទី២៤ ខែ​មិថុនា ចំណែក​ឪពុក​របស់​លោក​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ៖ «យើង​ស្មាន​អត់​ត្រូវ​មិន​ដឹង​ថា​ គាត់​នៅ​រស់​ឬ​ស្លាប់​ទេ​ ហើយ​នៅ​ពេល​កាយ​សព​កាយ​អី​ បាន​គេ​ឱ្យ​យើង​ទៅ​មើល​អ៊ីចឹង​ណា។ ខ្ញុំ​សោក​ស្ដាយ​ណាស់​ ព្រោះ​ប៉ះពាល់​ច្រើន​ដល់​គ្រួសារ​ខ្ញុំ​ដែល​ក្រីក្រ។ សូម​រដ្ឋាភិបាល និង​ថ្នាក់​លើ​ធំៗ ជួយ​ទទួល​ខុស​ត្រូវ​លើ​គ្រួសារ​ខ្ញុំ​ផង»

សាច់ញាតិ​ជនរងគ្រោះ​ម្នាក់ទៀត​គឺ​លោក អ៊ិន កុសល រៀបរាប់​ថា លោក​កំពុង​បាត់​ប្អូន​ថ្លៃ​ម្នាក់ ​ដែល​ធ្វើ​ការ​សំណង់​ក្នុង​ការដ្ឋាន​ដួល​រលំ​នោះ​ ហើយ​លោក​បារម្ភ​ខ្លាច​ប្អូន​ថ្លៃ​របស់​លោក​បាត់​បង់​ជីវិត​ ខណៈ​ប្រពន្ធ​ជន​រង​គ្រោះ​កំពុង​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ទៅ​ហើយ។ លោក​អះអាង​ថា ប្អូន​ស្រី​របស់​លោក​ដែល​ត្រូវ​ជា​ភរិយា​របស់​ជន​រង​គ្រោះ​ដេក​យំ​រហូត​សន្លប់​ជា​ញឹក​ញាប់ ពេល​រង់ចាំ​ដំណឹង​បី្ត៖ «ខ្ញុំ​ពិបាក​ខ្លាំង​ណាស់​ដែល​ទទួល​យក​អត់​បាន។ គាត់​ធ្លាប់​តែ​ជួយ​គ្រួសារ ហើយ​សន្សំ​លុយ​ធ្វើ​ផ្ទះ​ព្រោះ​រាល់​ថ្ងៃ​គាត់​រស់នៅ​លើ​ផ្ទះ​តូច។ គាត់​ក៏​ដើរ​ធ្វើ​ការ​រហូត ព្រោះ​ប្រពន្ធ​ជិត​ឆ្លង​ទន្លេ​អ៊ីចឹង»

ចំណែក​គ្រួសារ​ជនរងគ្រោះ​ម្នាក់ទៀត​នៅ​ខេត្ត​ព្រៃវែង គឺ​លោកស្រី ឃឹម សាខន រៀប​រាប់​ថា ប្ដី​របស់​ លោកស្រី និង​ក្មួយ​ប្រុស​ម្នាក់​បាន​ស្លាប់ ចំណែក​កូន​ប្រុស​ម្នាក់ និង​ក្មួយ​ប្រុស​ម្នាក់​ទៀត​រង​របួស។ លោកស្រី​រន្ធត់​ចិត្ត​ក្រៃលែង នៅ​ពេល​ឃើញ​គេ​ទាញ​យក​សាកសព​ប្ដី ដែល​កប់​នៅ​ក្រោម​គំនរ​សំណង់​បាក់​បែក​នោះ៖ «ខ្ញុំ​ពិបាក​ខ្លាំង​ណាស់ អាណិត​ប្ដី​ណាស់ ព្រោះ​បាត់បង់​គ្រួសារ​របស់​ខ្ញុំ​ដែល​ស្លាប់​ទៅ​ហើយ​កូនៗ កំព្រា បាត់បង់​ឪពុក»

លោកស្រី​ ឃឹម​ សា​ខន​ រៀបរាប់​ថា​ នៅ​ពេល​ប្ដី​ស្លាប់​ ហើយ​កូន​រង​របួស​ធ្ងន់​បែប​នេះ គឺ​ធ្វើ​ឱ្យ​លោកស្រី​អស់​សង្ឃឹម​យ៉ាង​ខ្លាំង​ក្នុង​ជីវិត​គ្រួសារ​ក្រីក្រ​របស់​ខ្លួន ព្រោះ​ពេល​នេះ​គ្មាន​បង្អែក​សម្រាប់​គ្រួសារ​ទៀត​ឡើយ។ លោកស្រី​បន្ថែម​ថា ប្ដី និង​កូន​បាន​ដើរ​ធ្វើ​សំណង់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​សង្ឃឹម​ថា ពួក​គាត់​ធ្វើ​សំណង់​នៅ​ខេត្ត​ព្រះសីហនុ ដែល​មាន​ជន​ជាតិ​ចិន​រស់​នៅ​ច្រើន​នោះ អាច​រក​ចំណូល​បាន​ច្រើន ដោយ​មិន​នឹក​ស្មាន​ថា មាន​រឿង​អាក្រក់​បែប​នេះ​កើត​ឡើង​ឡើយ៖ «បាត់​បង់​ប្ដី​អ៊ីចឹង​ទៅ គឺ​ដូច​ជា​បាត់​បង់​ដៃ​ម្ខាង ហើយ​នៅ​សល់​តែ​ម្ខាង ហើយ​ចំណូល​ពី​មុន​ដែល​មាន ១០ភាគ​រយ ឥឡូវ​នេះ​នៅ​សល់ ៥ភាគ​រយ ឬ ៣ភាគ​រយ​អ៊ីចឹង​ណា។ យើង​ពឹង​កូន​ក៏​មិន​ដូច​ប្ដី​ដែរ»

គ្រួសារ​ជនរងគ្រោះ​មួយទៀត​នៅ​ខេត្ត​ក្រចេះ គឺ​លោក ឈុំ ចិន្តា រៀបរាប់​ថា​ ឪពុក​ និង​ម្ដាយ​របស់​លោក​បាន​ស្លាប់។ ចំណែក​ប្អូន​ស្រី​របស់​លោក​របួស​ធ្ងន់​ ក្រោយ​ជាប់​ក្នុង​គំនរ​សំណង់​បាក់​បែង​ជាង ២០ម៉ោង។ យុវជន​រូប​នេះ​រៀបរាប់​ទាំង​ក្ដុកក្ដួល​ថា ​គ្រួសារ​របស់​លោក​ទើប​តែ​ចំណាក​ស្រុក​ពី​ស្រុក​សម្បូរ​ ខេត្ត​ក្រចេះ ​ដើម្បី​ធ្វើការ​សំណង់​ក្នុង​ខេត្ត​ព្រះសីហនុ​ កាល​ពី​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ព្រោះ​តែ​ជីវភាព​ក្រីក្រ ​និង​ជំពាក់​បំណុល​ធនាគារ។ ឪពុក​ម្ដាយ និង​ប្អូន​ស្រី​បាន​ធ្វើ​ការ​ជា​មួយ​គ្នា​ក្នុង​អាគារ​សំណង់ ​ដែល​ដួល​រលំ​នោះ​ ប៉ុន្តែ​លោក​ធ្វើ​សំណង់​នៅ​កន្លែង​ផ្សេង៖ «ខ្ញុំ​ធ្វើការ​ឆ្ងាយ​ពី​គ្នា​ប្រហែល​ជា ៣ ទៅ ៤គីឡូ​ ហើយ​ខ្ញុំ​មិន​នឹក​ស្មាន​ថា​ ជា​កន្លែង​ឪពុក​ម្ដាយ​ខ្ញុំ​ធ្វើការ​ទេ។ ប៉ុន្តែ​ខល​ទៅ​គាត់​អត់​ចូល​ហើយ​សង្ស័យ​ទើប​ខ្ញុំ​ទៅ​មើល​ទីនោះ។ ទៅ​ខ្ញុំ​ឃើញ​ប៉ា​ម៉ាក់​ខ្ញុំ​ស្លាប់​ស្ទើរ​គាំង​បេះដូង​ហើយ​ពេល​នោះ។ ខ្ញុំ​នៅ​តែ​ម្នាក់​ឯង​ គ្មាន​សាច់​ញាតិ​បង​ប្អូន​ទៀត។ រី​ឯ​ប្អូន​ស្រី​ខ្ញុំ​នៅ​ជាប់​គាំង​ទីនោះ​រហូត​ដល់​ម៉ោង ១១យប់ ទើប​គេ​កាយ​រក​ឃើញ។ ប្អូន​ខ្ញុំ​ពិបាក​ណាស់ ស្រែក​ឱ្យ​គេ​ជួយ​រហូត​តែ​អត់​មាន​អ្នក​ឮ​ទេ ហើយ​គាត់​បាន​កូកាកូឡា និង​ទឹក​ដែល​ទិញ​ទុក​ពី​យប់ ទុក​គ្រាន់​ផឹក»

យុវជន​រូប​នេះ​បន្ត​ថា​ នៅ​ពេល​បូជា​សព​ម្ដាយ​ឪពុក​របស់​លោក គឺ​ប្អូនស្រី​របស់​លោក​ទាំង​ពីរ​នាក់ មិន​បាន​ឃើញ​មុខ​ឪពុក​ម្ដាយ​ជា​លើក​ចុង​ក្រោយ​ឡើយ ព្រោះ​ប្អូន​ស្រី​ម្នាក់​រង​បួស​ត្រូវ​ព្យាបាល​នៅ​ឯ​ខេត្ត​ព្រះសីហនុ​ ចំណែក​កូន​ស្រី​ម្នាក់​ទៀត ​កំពុង​ដេក​សម្រាល​កូន​នៅ​មន្ទីរពេទ្យ​ដែរ។ លោក​ស្រណោះ​ដល់​សម្ដី​ម្ដាយ​របស់​លោក​មុន​ស្លាប់​ថា ពេល​បើក​ប្រាក់​ខែ​រួច​ នឹង​ត្រឡប់​ទៅ​លេង​ផ្ទះ ​ហើយ​ទិញ​ម៉ូតូ​ថ្មី​មួយ និង​សល់​លុយ​ខ្លះ​ជួសជុល​ផ្ទះ។ លោក​ឱ្យ​ដឹង​ដែរ​ថា រហូត​មក​ដល់​ពេល​នេះ លោក​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ខ្លះ​ពី​រដ្ឋាភិបាល និង​សប្បុរសជន​មួយ​ចំនួន ប៉ុន្តែ​ខាង​ធនាគារ​ដែល​គ្រួសារ​លោក​បាន​ជំពាក់​នោះ​បាន​ទាមទារ​ឱ្យ​លោក​យក​ប្រាក់​ទាំង​នោះ​ទៅ​បង់​ផ្ដាច់​ទាំង​ការ​ទាំង​ដើម ព្រោះ​បារម្ភ​ថា ខ្លាច​លោក​គ្មាន​លទ្ធភាព​បង់​ធនាគារ​ជំនួស​ឪពុក​ម្ដាយ​ត​ទៅ​ទៀត៖ «ប៉ា​ម៉ាក់​ខ្ញុំ​ គឺ​ជា​អ្នក​ក្រីក្រ។ សូម្បី​ធ្វើ​ផ្ទះ​ក៏​ខ្ចី​លុយ​ពី​ធនាគារ​ អេស៊ីលីដា​ (ACLEDA) ហើយ​ទិញ​ដី ​ក៏​ខ្ចី​ពី​អង្គការ​ដែរ។ ដល់​ពេល​ប៉ា​ម៉ាក់​ខ្ញុំ​ស្លាប់​អ៊ីចឹង​ទៅ ខាង​អង្គការ​ទាមទារ​ឱ្យ​ខ្ញុំ​សង​លុយ​ទាំង​អស់​ថែម​ទៀត»

ជន​រង​គ្រោះ​ម្នាក់​ដែល​នៅ​មាន​ជីវិត គឺ​លោក អ៊ុក សាវ៉ាត រៀបរាប់​ថា លោក​ទើប​តែ​ទៅ​ធ្វើការ​សំណង់​បាន ១០ថ្ងៃ​ប៉ុណ្ណោះ ហើយ​មិន​ទាន់​បាន​បើក​ប្រាក់​ខែ​ម្តង​នោះ​ទេ។ លោក​បញ្ជាក់​ថា​ នៅ​ពេល​កើត​ហេតុ កម្មករ​សំណង់​សុទ្ធ​តែ​កំពុង​ដេក​លង់​លក់​ទាំង​អស់ ព្រោះ​នៅ​ម៉ោង​ប្រមាណ ៤ទៀប ភ្លឺ​ស្រាប់​តែ​អាគារ​នោះ​រលំ​គ្រាំង​សង្កត់​លើ​តែ​ម្ដង។ ប៉ុន្តែ​ជា​សំណាង​ល្អ ដែល​លោក​អាច​លូន​ចេញ​ក្រៅ​បាន៖ «កំពុង​ដេកៗ ស្រាប់​លាន់​ឮ​ប្រ៉ាវៗ តែ​ម្ដង ហើយ​ខ្ញុំ​ងើប​ឡើង គឺ​ឃើញ​ដួល​អស់​រលីង​តែ​ម្ដង។ ខ្ញុំ​បាន​ដែក​ជួយ​ទប់ ប៉ុន្តែ​មាន​ថ្ម​ពី​ផ្ទាំង​សង្កត់​ពី​លើ​ដែរ ប៉ុន្តែ​ខ្ញុំ​អាច​រើ​លូន​ចេញ​បាន។ ខ្ញុំ​ភ័យ​ណាស់ ព្រោះ​មិន​ដែល​ជួប​រឿង​បែប​នេះ»

ក្រោយ​ហេតុការណ៍​បាក់​រលំ​អាគារ​នេះ​មេ​ដឹក​នា​របប​ក្រុងភ្នំពេញ​បាន​ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​កន្លែង​កើត​ហេតុ​កាល​ពី​យប់​ថ្ងៃ​ទី២៣ ខែ​មិថុនា​ និង​បាន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​កម្មករ​សំណង់ ដែល​រង​បួស​ផង​ដែរ។ លោក​បាន​ប្រកាស​បញ្ចេញ​ថវិកា​ជាតិ​ជួយ​ដល់​ក្រុម​គ្រួសារ​អ្នក​ស្លាប់​ក្នុង​មួយ​នាក់ ៤០លាន​រៀល​ ឬ​ស្មើ ១ម៉ឺន​ដុល្លារ​ ហើយ​សម្រាប់​អ្នក​ត្រូវ​របួស​ទាំង​អស់​ត្រូវ​ទទួល​បាន​ការ​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​ និង​ទទួល​បាន​ជំនួយ​ក្នុង​មួយ​នាក់​ចំនួន ៥លាន​រៀល។

អគ្គលេខាធិការ​សហព័ន្ធ​សហជីពកម្មករ​សំណង់​ និង​ព្រៃ​ឈើ (BWTUC) លោក យ៉ាន់ ធី ដែល​ចុះ​ ទៅ​ឃ្លាំមើល​ព្រឹត្តិ​ការណ៍​នេះ​លើក​ឡើង​ថា​ គំនរ​សំណង់​ដែល​បាក់​បែក​នោះ ​នៅ​សល់​ប្រហែល​ជាង ២៥ភាគ​រយ​ទៀត​ ដែល​មិន​ទាន់​កាយ​ចេញ។ លោក​សន្និដ្ឋាន​ថា នៅ​មាន​ជន​រង​គ្រោះ​ជា​ច្រើន​ទៀត​ដែល​កប់​នៅ​ក្នុង​នោះ​ ព្រោះ​គ្រួសារ​មួយ​ចំនួន​ទៀត​ មិន​ទាន់​រក​ឃើញ​សាច់​ញាតិ​អស់​នៅ​ឡើយ​ទេ។ ទោះ​យ៉ាង​ណា​ក្តី​ លោក​សង្កេត​ឃើញ​ថា ​ប្រតិបត្តិ​ការណ៍​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ហាក់​យឺតយ៉ាវ​ និង​មិន​សូវ​មាន​បច្ចេកទេស​ ព្រម​ទាំង​ខ្វះខាត​សម្ភារៈ។ ម្យ៉ាង​ទៀត នៅ​ថ្ងៃ​ទី៣ នេះ​ លោក​អះអាង​ថា​កម្លាំង​សមត្ថកិច្ច និង​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ហាក់​ដូច​ជា​ធ្លាក់​ដៃ​ មិន​សូវ​ដូច​ថ្ងៃ​ដំបូងៗ នោះ​ទេ តែ​បាន​ប្រើ​គ្រឿងចក្រ​ឡើង​ទៅ​កាយ​គំនរ​សំណង់​នោះ​ម្ដង។ លោក​ស្នើសុំ​ឱ្យ​អាជ្ញាធរ​គិត​ពី​សុវត្ថិភាព​ជា​ចម្បង ព្រោះ​អាច​មាន​ជន​រង​គ្រោះ​នៅ​មាន​ដង្ហើម ហើយ​ជាក់​ស្ដែង​នៅ​ល្ងាច​ថ្ងៃ​ទី៣ នេះ គឺ​​ក្រុម​អ្នក​សង្គ្រោះ ទើប​តែ​រក​ឃើញ​ជន​រង​គ្រោះ​ពីរ​នាក់​នៅ​មានជីវិត៖ «រយៈពេល​ចុងក្រោយ​នេះ​អាជ្ញាធរ​ហាក់​ដូច​ជា​ទម្លាក់​ដៃ​ មិនសូវ​មាន​អ្នក​ប្រើ​ដៃ​ទៅ​រុះរើ​ទៀត​ទេ​ គឺ​ប្រើ​អាអេច (Excavator) ឡើង​ទៅ​កាយ​តែ​ម្ដង ​ដែល​យើង​បារម្ភ​ដែរ​ថា បើ​មាន​អ្នក​នៅ​រស់​អាច​ពិបាក​ដែរ»

លោក​បន្ត​ថា​ នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​កម្មករ​សំណង់​រង​របួស​ពិការ និង​រហូត​បាត់​បង់​ជីវិត​ជា​ច្រើន​នាក់​ ដោយសារ​តែ​អាជ្ញាធរ​ជំនាញ​បណ្ដោយ​ឱ្យ​ជន​ជាតិ​ចិន​សង់​សំណង់​អាគារ​ខុស​ច្បាប់ និង​ខុស​បច្ចេកទេស​នេះ។ លោក​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ក្រៅ​ពី​ជួយ​ផ្ដល់​ថវិកា​ជាតិ​មួយ​ចំនួន​ជួយ​គ្រួសារ​ជន​រង​គ្រោះ​សម្រាប់​សម្រាល​បន្ទុក​ក្នុង​រយៈ​ពេល​ខ្លះ​នោះ គឺ​រដ្ឋាភិបាល​ត្រូវ​ជួយ​សម្រួល​ឱ្យ​ជន​រង​គ្រោះ​ទទួល​បាន​សេវា​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (..) និង​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ពង្រឹង​វិធានការ​អនុវត្ត​ច្បាប់​លើក​ក្រោយ​ឱ្យ​មាន​ប្រសិទ្ធភាព៖ «ផល​ប៉ះពាល់​វា គឺ​ខ្ញុំ​គិត​ថា ពួក​គាត់​ជា​កម្មករ​ ជា​ជាង គឺ​ជា​អ្នក​ធ្វើការ​នៅ​កន្លែង​នោះ។ ដូច្នេះ ពួក​គាត់​គឺ​ជា​អ្នក​រក​ចំណូល​សម្រាប់​គ្រួសារ​របស់​ពួក​គាត់។ពេល​នេះ ប្រសិន​បើ​ពួក​គាត់​បាត់​បង់​អាយុ​ជីវិត​ទៅ​ហើយ ថា​តើ​ចំណូល​ក្នុង​គ្រួសារ​របស់​ពួក​គាត់​អ្នក​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ ដូច​ជា​ករណី​ប្ដី​ប្រពន្ធ ដែល​ស្លាប់​នៅ​ខេត្ត​កំពត​នោះ គឺ​មាន​កូន​ស្រី​តូចៗ ពី​នាក់​ទៀត តើ​ពួក​គាត់​រស់​ទី​ពឹង​អី»

ក្រុម​គ្រួសារ​ជន​រង​គ្រោះ​អះអាង​ថា​ ពួក​គាត់​មិន​ទាន់​សម្រេច​គ្នា​ថា ​នឹង​ទាមទារ​អ្វី​ខ្លះ​នោះ​ទេ ​ព្រោះ​ ពួក​គាត់​កំពុង​រវល់​ធ្វើ​ពិធី​បុណ្យ​សព​ និង​ព្យាបាល​របួស។ ប៉ុន្តែ ​អ្វី​ដែល​សំខាន់​នោះ ពួក​គាត់​ចង់​បាន​ សំណង និង​ស្នើសុំ​ឱ្យ​ផ្ដន្ទាទោស​ជន​ជន​ជាតិ​ចិន ក៏​ដូច​ជា​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​តាម​ច្បាប់៕

ក្រុម​អ្នក​ជួយ​សង្គ្រោះ​​ជន​រង​គ្រោះ នៅ​បន្ត​កាយ​គំនរ​បាក់បែក​ចុង​ក្រោយ នៃ​អគារ ៧​ជាន់ ដែល​​រលំបាក់ នៅ​ខេត្ត​ព្រះ​សីហនុ ថ្ងៃ​ទី២២ ខែ​មិថុនា ឆ្នាំ២០១៩។​ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

HS's comrade Yun Mean quit his job because he wants to keep HS stay in power...later days Mr.Mean will promote to high job level

lawless man said his popularity is shooting up to 99.99% after EBA/GPS sanctions+deadly building collapsed in recent day could lead him to 100% and he gonna look up to 7 terms pm...who's say 'm old bastard?i can run,walk...i can drink beers,wines,use drug,or smoke V whatever i want.

Jun 24, 2019 02:52 PM

គេហទំព័រ​ទាំងមូល